លោក ជា ចាន់ថា សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃចន្ទនេះ ក្រោយអនុវត្តទោសចប់រយៈពេល១ឆ្នាំកន្លះ ឬ ១៨ខែ ដែលការណ៍នេះ អ្នកឃ្លាំមើលថា ជារឿងអយុត្តិធម៌សម្រាប់សកម្មជនសង្គមរូបនេះ ដែលចាំបាច់ត្រូវស្តារមុខមាត់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋឡើងវិញ។
លោក ជា ចាន់ថា ត្រូវបានចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលលោកចុះជួយផ្សព្វផ្សាយព័ត៌មាន អំពីការចុះឈ្មោះទទួលបានអត្ថប្រយោជន៍ ពីបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) និងត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ និងផ្តន្ទាទោសពីបទ «ឆបោក និងបទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួន ១៨ខែ យោងតាមមាត្រា៣៧៧ ៣៧៨ និង៦១០ នៃក្រមព្រហ្មទណ្ឌ។
នាយកគ្រប់គ្រងទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត និយាយនៅថ្ងៃទី១៩ខែមករានេះថា លោក ជា ចាន់ថា មិនគួរមានការចាប់ខ្លួនតាំងពីដំបូង ដោយលោកសំអាងថា ការផ្សព្វផ្សាយ ឱ្យពលរដ្ឋយល់ដឹងពីការប្រើប្រាស់សេវាគាំពារសង្គម(ប.ស.ស) មិនមែនជាទង្វើខុសច្បាប់ទេ។
លោកគូសបញ្ជាក់ថា ក្នុងនាមសង្គមស៊ីវិល លោកចង់ឃើញកម្ពុជាមានការកែប្រែប្រព័ន្ធតុលាការ និងច្បាប់ ប្រកបដោយភាពឯករាជ្យពិតប្រាកដ។
លោកថា៖ «ការឃុំខ្លួនការចោទប្រកាន់កន្លងមកនេះ វាហាក់ដូចជាមានភាពអយុត្តិធម៌ លោក ជា ចាន់ថា ដែលសកម្មភាពរបស់គាត់អត់មានអ្វីដែលខុសច្បាប់ ដែលត្រូវចោទប្រកាន់ទាក់ទងនឹងបទល្មើសណាមួយ ប៉ុន្តែគាត់ត្រូវបានតុលាការចោទប្រកាន់ ត្រូវបានកាត់ទោសឃុំខ្លួនរហូតមកដល់១៨ខែនេះ»។
ជាមួយគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងថា ប្រព័ន្ធតុលាការនៅកម្ពុជា នៅតែជាបញ្ហាចាក់ឬសជ្រៅ ការអនុវត្តគឺមានស្តង់ដារពីរ ដោយភាពអយុត្តិធម៌សង្គម កាន់តែមានការកើនឡើង ។
លោកថា៖ «វិស័យយុត្តិធម៌នៅកម្ពុជានៅតែមានបញ្ហា ទោះបីជាប្រឹងប្រែងធ្វើកំណែទម្រង់ខ្លះពីមុនមកក្តី ប៉ុន្តែនៅតែជាបញ្ហាចឹង នៅតែមានការយឺតយ៉ាវ នៅតែមានការអូសបន្លាយ ហើយក្នុងករណី ប៉ុន្មានករណីចុងក្រោយនេះ ទម្រាំតែដល់ពេលកាត់ក្ដីករណីហ្នឹង ការអនុវត្តទោសវាគ្រប់បាត់ហើយ បានមានការដោះលែងអីជាដើមអ៊ីចឹង ដូច្នេះរឿងបែបនេះសុទ្ធតែជារឿងអយុត្តិធម៌»។
បន្ថែមពីលោកថា៖ «មើលទៅហាក់ដូចជានៅតែមានស្តង់ដារខុសគ្នា រវាងអ្នកដែលមាននិន្នាការខុសគ្នាមានអំណាចមានលុយកាក់ ហើយបើប្រៀបធៀបទៅនឹងអ្នកដែលទន់ខ្សោយអីជាដើមអ៊ីចឹង ខ្ញុំគិតថា ត្រូវតែមានការកែប្រែជាចាំបាច់ មិនអ៊ីចឹងទេសង្គមហ្នឹងនៅតែមានភាពទន់ខ្សោយ អ៊ីចឹងហើយការបង្រួបបង្រួមជាតិក្ដី ឯកភាពជាតិក្តី នៅតែមានការពិបាក»។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា និយាយថា តាមការសង្កេតជារួម លោកមើលឃើញថា ការប្ដេជ្ញាចិត្តរបស់ក្រសួងយុត្តិធម៌កន្លងមក ហាក់បរាជ័យ តាមរយៈការអូសបន្លាយ ឬពន្យាពេលសវនាការ ជំនុំជំម្រះសំណុំរឿងរបស់សកម្មជនសង្គម បរិស្ថាន និងសកម្មជននយោបាយជាដើម គឺតែងតែមានភាពយឺតយ៉ាវ ។
ដើម្បីឆ្លុះបញ្ចាំងពីយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ ឬជនដែលដែលរងនូវការចោទប្រកាន់ តុលាការត្រូវតែកាត់បន្ថយការពន្យាពេលជំនុំជម្រះសំណុំរឿង ដោយពន្លឿនសវនាការទើបជាការប្រសើរ។
លោកថា៖ «ភាពអយុត្តិធម៌សម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ហាក់បីដូចជានៅតែមានបញ្ហាពាក់ព័ន្ធទៅនឹងការចាត់ការតាមផ្លូវតុលាការ មួយវិញទៀតអ្នកដែលធ្វើការងារ ពាក់ព័ន្ធទៅនឹងបញ្ហាសង្គម ដែលត្រូវបានចោទប្រកាន់តាមប្រព័ន្ធតុលាការហ្នឹង នៅតែមានការអូសបន្លាយសំណុំរឿងរបស់ពួកគាត់ ហើយបញ្ហាទាំងអស់នេះ វាបង្ហាញអំពីភាពបរាជ័យនៃការអនុវត្តការកែទម្រង់នៃប្រព័ន្ធតុលាការ ព្រោះវាអត់បានឆ្លើយតបទៅនឹងអ្វីដែលជាគោលការណ៍នីតិរដ្ឋ ដែលជាការពង្រឹងនូវប្រព័ន្ធច្បាប់មួយ ដែលធានាទៅដល់គ្រប់ស្រទាប់នៃប្រជាជន ធានាផ្តល់ភាពយុត្តិធម៌សម្រាប់សង្គម ក៏ដូចជាប្រជាជនទូទៅ»។
ប្រហាក់ប្រហែលគ្នានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ (KOD) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ប្រព័ន្ធតុលាការកម្ពុជាបច្ចុប្បន្ន កំពុងតែអនុវត្តផ្ទុយពីច្បាប់ គ្មានតម្លាភាព រីឯភាពយុត្តិធម៌ពិតប្រាកដកំពុងត្រូវបានកប់ចោល ក្រោមអំណាចបុគ្គល បក្ខពួកនិយម ខណៈក្រុមឧកញ៉ាឆបោកតែងតែរួចខ្លួនពីសំណាញ់ច្បាប់។ ហេតុដូច្នេះ កម្ពុជាគួរតែកែលម្អ និងត្រួតពិនិត្យប្រព័ន្ធច្បាប់ដែលកំពុងអនុវត្តឡើងវិញ ដើម្បីឱ្យពលរដ្ឋអាចជឿជាក់បានថា ប្រព័ន្ធច្បាប់នៅកម្ពុជាមិនបានអនុវត្តច្បាប់ស្តង់ដាពីរ។
លោកថា៖ «អ្វីដែលយើងគួរពិនិត្យមើលផងដែរ គឺយើងឃើញហើយនៅក្នុងប្រព័ន្ធដែលអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ឃើញថា បក្ខពួករបស់មេដឹកនាំ បក្ខពួករបស់ជនដែលមានអំណាច ឧទាហរណ៍ដូចជាឧកញ៉ា ឡេង ណាវ៉ាត្រា លោក ហ៊ី គឹមហុង ឬក៏ឧកញ៉ាផ្សេងៗជាច្រើនទៀត យើងឃើញថា នៅក្រៅសំណាញ់ច្បាប់ ទោះបីមានការប្ដឹងផ្ដល់ពីប្រជាពលរដ្ឋ ទោះបីមានសម្រែកស្រែកទាមទាររកយុត្តិធម៌ពីប្រជាពលរដ្ឋក៏ដោយ ក៏អ្នកទាំងអស់នោះ នៅតែមិនទទួលខុសត្រូវទៅលើអ្វីដែលខ្លួនបានប្រព្រឹត្តនោះឡើយ អ៊ីចឹងការអនុវត្តទាំងអស់នេះ វាបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាយើងគ្មានការអនុវត្តច្បាប់អ្វីឲ្យច្បាស់លាស់ និងផ្តល់នូវភាពយុត្តិធម៌ដល់ជនរងគ្រោះនោះទេ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅថ្ងៃទី១៩ខែមករានេះ។
ជុំវិញការដោះលែងនេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតែងតែតាមដានសវនាការ បានសម្ដែងនូវការសាទរ ជុំវិញការដោះលែងលោក ជា ចាន់ថា ឱ្យមានសេរីភាពជាថ្មីទៀតនេះ ។
ប៉ុន្តែជាមួយគ្នានេះ លោកក៏បានបង្ហាញការសោកស្ដាយផងដែរ ដែល១៨ខែមកនេះ លោក ចាន់ថា ត្រូវឃុំខ្លួនក្នុងពន្ធនាគារទាំងអយុត្តិធម៌ ខណៈដែលលោកមិនបានប្រព្រឹត្តខុសដូចអ្វីដែលតុលាការចោទប្រកាន់។
លោកថា៖ «យើងក៏មានការសោកស្តាយផងដែរ ដែលលោក ជា ចាន់ថា ដែលមិនបានប្រព្រឹត្តអ្វីដែលដូចការចោទប្រកាន់ ព្រោះគាត់ធ្វើនេះ គឺស្របទៅតាមគោលការណ៍ដែលជាការជួយទៅរដ្ឋាភិបាល ស្របតាមគោលការណ៍នៃការផ្សព្វផ្សាយ ដើម្បីឲ្យកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះបញ្ជី(បសស) ក៏ដូចជាការបំពេញមុខងារជាសហជីពជាសមាគម ដើម្បីជួបសមាជិក ឬក៏ទៅចុះឈ្មោះកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការសួរសុខទុក្ខ ក៏ដូចជាការចុះចងក្រង ស្របទៅតាមគោលការណ៍ច្បាប់ដែលរដ្ឋាភិបាល ក៏បានផ្តល់សច្ចាប័នជូននូវអនុសញ្ញារបស់លោក ស្ដីពីសេរីភាពសមាគមហ្នឹងឯង តុលាការគួរតែពិនិត្យពិចារណាកុំឲ្យមានរឿងបែបនេះលើកទីពីរទៀត»។
ការធ្វើសកម្មភាពរបស់ក្រុមអង្កការសមាគមន៍ ត្រូវបានការពារដោយច្បាប់។ ដោយឡែក សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ត្រូវបានធានាក្រោមមាត្រា១៩ នៃកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩២ និងមាត្រាដូចគ្នានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
មាត្រា១៩នោះ ចែងថា «មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ដែលសិទ្ធិនេះ រួមទាំង សេរីភាពស្វែងរក ទទួល និងចែករំលែកព័ត៌មាន និងគំនិតគ្រប់ប្រភេទដោយមិនគិតពីព្រំដែន ទាំងផ្ទាល់មាត់ ជាលាយលក្ខណ៍អក្សរ ឬបោះពុម្ភ ជាទម្រង់សិល្បៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតតាមជម្រើសរបស់ខ្លួន»។
ប៉ុន្តែផ្ទុយទៅវិញការផ្តទោស ហាក់បានក្លាយជាគោលដៅផ្តោលើសកម្មជនសង្គម តួយ៉ាង សំណុំរឿង ចោទ លោក នី ណាក់ ក៏ដូចជាសកម្មជនសង្គម សកម្មជននយោបាយ និងសកម្មជនបរិស្ថាន ត្រូវបានអ្នកឃ្លាំមើល សង្កេតឃើញថា វិធានរបស់តុលាការ ឬប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បានអនុវត្តស្តង់ដាពីរ។
ស្តង់ដាពីរ នៅត្រង់ថា សកម្មជនដែលហ៊ានរិះគន់ដើម្បីស្ថាបនា ឬសកម្មជនដែលប្រើប្រាស់សិទ្ធិបញ្ចេញមតិ ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធនាគារ និងមិនងាយនឹងឱ្យពួកគេនៅក្រៅឃុំជាបណ្តោះអាសន្ននោះទេ ប៉ុន្តែជនឧក្រិដ្ឋឆបោកប្រជាពលរដ្ឋរាប់រយគ្រួសារ ដូចករណីអតីតឧកញ៉ា ហ៊ី គឹមហុង តុលាការបានអនុញ្ញាតឱ្យនៅក្រៅឃុំកាលពីឆ្នាំ២០២៣ ក្រោយឃុំខ្លួនត្រឹមរយៈពេល៤ខែ ខណៈសំណុំរឿងឆបោកនេះ ប្រជាពលរដ្ឋរងគ្រោះនៅបន្តការតវ៉ាទាមទាររកដំណោះស្រាយដល់សព្វថ្ងៃ។
ករណីអតីតប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ហ៊ុន ហេង ដែលបើកបរក្នុងស្ថានភាពស្រវឹងបុករះ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួស៣នាក់ នៅលើមហាវិថីព្រះនរោត្តម ក្បែរក្រសួងមហាផ្ទៃ កាលពីខែឧសភា ឆ្នាំ២០២៥ ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ តែអនុវត្តទោសត្រឹម ១ឆ្នាំ។ ការព្យួរទោសនោះ ត្រូវបានតុលាការសម្អាងថា ជនជាប់ចោទមានវ័យចាស់ និងទទួលស្គាល់កំហុស ព្រមទាំងមានជំងឺទឹកនោមផ្អែម លើសឈាម។
ចំណែក ករណីអតីតឧកញ៉ា ថោង សារ៉ាត់ និងបក្សពួកក៏ដូចគ្នា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំ កាលពីឆ្នាំ២០១៩ ក្រោយជាប់ពន្ធនាគារប្រមាណ ៥ឆ្នាំ បើទោះជាសាលក្រមតុលាការសម្រេចឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មបាញ់សម្លាប់ឧញ៉ា អ៊ឹង ម៉េងជឺ កាលពីអំឡុងឆ្នាំ២០១៤។
ករណី ឧកញ៉ា គិត ធាង ដែលជាបងប្រុសរបស់ឧកញ៉ា គិត ម៉េង ក៏ដូចគ្នា ត្រូវតុលាការកាត់ទោសឱ្យជាប់គុក៤ឆ្នាំ ពាក់ព័ន្ធគ្រឿងញៀន៥០គីឡូក្រាម ប៉ុន្តែជាប់ឃុំនៅមន្ទីរពេទ្យរុស្ស៊ីប្រហែល២ឆ្នាំ ក៏ត្រូវតុលាការដោះលែងដែរ។
ទាំងនេះ ជំរុញឱ្យសហគមន៍ជាតិ និងអន្តរជាតិជារឿយៗ វាយតម្លៃថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាឧបករណ៍របស់របស់គណបក្សគាន់អំណាចច្រើនទសវត្សរ៍មកនេះ បានពង្រីកអយុត្តិធម៌សង្គម ទាំងវិស័យនយោបាយ សេដ្ឋសេដ្ឋ រួមទាំងអំពើឆបោក លក់ផ្ទះគ្មានផ្ទះឱ្យ លក់ដី គ្មានដីឱ្យ បង្កឱ្យមានជនរងគ្រោះរាប់ម៉ឺននាក់ រស់ក្នុងវិបត្តិបំណុល និងការឈឺចាប់ ទុករហូតបច្ចុប្បន្ន ។
ដែលការណ៍នេះ អ្នកឃ្លាំមើលព្រមានថា ចលាចលសង្គម វានឹងផ្ទុះឡើងនៅថ្ងៃណាមួយ នៅពេលដែលជនរងគ្រោះអស់ការអត់ធ្មត់ ហើយចុះតាមដងផ្លូវ ដើម្បីប្តូរយកយុត្តិធម៌ បើរដ្ឋាភិបាលមិនប្រញាប់ដោះលែងប្រព័ន្ធយុត្តិធម៌ ឱ្យងាកមកបម្រើប្រយោជន៍សាធារណៈ និងធានាយុត្តិធម៌អង្គមទាន់ពេលទេនោះ៕









