ឪពុកលោក ​ស៊ន តារា បន្ត​ច្រានចោល​បទ​​ចោទ​ខណៈ​​​អគ្គ​​​ព្រះ​រាជ​អាជ្ញា​​​​​ស្នើ​​​​​ពិន័យ​​បន្ថែម

សាច់ញាតិ​របស់​លោក សុខ ស៊ុន​ណារ៉េត ស្នើសាលាឧទ្ធរណ៍ភ្នំពេញ​​​​ពិចារណា​ក្នុងកា​រទម្លាក់បទ​​ចោទ ដោយ​​លោក​​នៅ​តែ​​បញ្ជាក់​ថា មិ​ន​​បាន​ប្រព្រឹត្ត​កំហុស​​ដូច​​ការ​​ចោទ​​ប្រកាន់ ខណៈ​​អគ្គ​​ព្រះ​រាជ​​អាជ្ញា​​សាលា​ឧទ្ធរណ៍​​ភ្នំពេញ​ បាន​ស្នើ​ទៅ​តុលាការ​ដាក់ពិន័យ​​លើ​​លោក ណារ៉េត បន្ថែម​​​​​លើ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​​ដែល​ធ្វើ​​ឡើង​​ដោយ​សាលា​ដំបូង​​ខេត្ត​កំពង់​​ស្ពឺ។

កា​រស្នើនេះ ធ្វើឡើង​នៅ​ក្នុង​សវនាការ​នៅ​សាលា​ឧទ្ធណ៍​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា​ ឆ្នាំ​២០២៦នេះ ក្រោយ​លោក​ សុខ ស៊ុនណារ៉េត និង​មេធាវី​របស់​លោក ប្តឹង​ជំទាស់នឹង​ការ​សម្រេច​​​របស់​​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ដែលផ្តន្ទា​ទោស​រូប​លោក​ដាក់ពន្ធ​នាគារ​រយៈពេល ៤ឆ្នាំ ក្រោម​កា​រ​ចោទ​​ពីបទ​រក្សា​​ទុក​​​ដោយ​ខុស​ច្បា​ប់​នូវ​​សារ​ធា​តុ​​ញៀន។

លោក សុខ ស៊ុនណារ៉េត ដែលជា​ឪពុក​របស់​លោក ស៊ន តារា អ្នកអត្ថាធិប្បាយ​នយោបាយ​ ​ត្រូវ​​​បាន​​សមត្ថ​កិច្ច​​​ខេត្ត​​​កំពង់​​ស្ពឺ ចាប់​​ខ្លួន កាល​​​ពី​​ថ្ងៃ​​ទី​​១៣ ខែ​​​វិច្ឆិកា ឆ្នាំ​២០២៤ អំឡុង​​​ពេល​​​មេ​​បញ្ជា​ការ​​​​ភូមិ​​​ភាគ​​៣ បា​ន​​​ហៅ​​លោក​​ឱ្យ​​ទៅ​​ជួប ហើយ​​​លោក​​​​ត្រូវ​​បាន​​តុលាការ​​​​ខេត្ត​​កំពង់​​ស្ពឺ ចោទ​ប្រកាន់ និង​​​បញ្ជូន​​​​ទៅ​​​​ឃុំ​​ខ្លួន​​​នៅ​​ពន្ធនា​គារ​​​បណ្តោះ​​អា​សន្នតែ​ម្តង។

លោក ស៊ន សារ៉ាត់ កូន​ប្រុស​របស់​លោក សុខ ស៊ុនណារ៉េត បានថ្លែង​ប្រាប់អ្នកសារព័ត៌មាន​​ថា ក្នុ​ង​សវនាការ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ឪពុករបស់​លោក​នៅ​តែ​រក្សា​ជំហរដូច​នៅ​សាលា​ដំបូង​ដែរ​ គឺ​មិនទទួលស្គាល់នូវ​ការ​ចោទ​ប្រកាន់​​នោះ​ទេ ហើយ​​គាត់​បាន​ស្នើ​​សុំ​​សាលា​​ឧទ្ធរណ៍ រក​យុត្តិ​ធម៌ ​និង​​​ដោះលែង​រក​គាត់​ឱ្យ​មាន​សេរីភាព​​វិញ។

លោក​ឱ្យ​ដឹង​ដែរថា ​អំឡុងពេល​ជិត​បញ្ចប់សវនាការ​ អគ្គ​ព្រះរាជ​អាជ្ញា បានស្នើសុំ​ដល់​​ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​ ធ្វើ​ការ​​​ពិន័យ​​​បន្ថែមលើការ​ដាក់ទោស​ទណ្ឌ​ទៅលើ​ឪពុក​របស់​លោក​ ដោយ​​សារ​​នៅដំណាក់កាល​សាលា​ដំបូង តុលាការ​មិនបានពិន័យជា​ប្រាក់ ដែលការណ៍​នេះ លោក​​ថាជា​រឿង​គួរ​ឱ្យ​សោកស្តាយ ឪពុករបស់​​លោក​ជាប់ពន្ធនាគារ​ទាំង​អយុត្តិធម៌​​ហើយ បែ​រ​ជាអគ្គព្រះរាជអាជ្ញាស្នើ​បន្ថែម​ពិន័យ​ទៀត។​

លោក សារ៉ាត និយាយ​​ថា៖ «វាគួរ​ឱ្យ​សោកស្តាយ មិន​ត្រឹម​តែ​បណ្តឹង​របស់គាត់​ ដែលគាត់​ច្រាន​​ចោល ដែល​គាត់​​​ស្នើ​សុំឱ្យ​មាន​ការ​ទម្លាក់​ទេ បែរ​ជា​ព្រះរាជ​អាជ្ញាសាលា​ឧទ្ធរណ៍​ ស្នើ​បន្ថែមឱ្យ​មានការ​ពិន័យ​​​​ថែម​ទៀត គេ​អត់បញ្ជាក់​[ថា​ចំនួន​ប៉ុន្មាន​]ទេ ស្នើ​សុំ​​ប្តឹង​ឱ្យ​មាការ​ដាក់​ពិន័យ​ថែមទៀត[…]​ជា​ថ្មី​ម្តង​ទៀត ជា​​​សំណូម​ពរ​​​ដដែលជា​ដដែល​ទេ គឺ​សំណូម​ពរ​​ដល់​​ប្រមុខ​​រដ្ឋាភិបាល សម្តេចទាំង​ពីរ​ មេត្តា​យោ​គ​យល់និង​អនុ​គ្រោះដល់​ឪពុក​របស់​ខ្ញុំដែល​មាន​វ័យ​ជរា​ ​​​​​​អនុគ្រោះនិង​យោគ​យល់ដល់​គាត់​ដែល​​បម្រើ​ជាតិ​ជាង​៣០ឆ្នាំ​មក​នេះ​ សុំឱ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ជួប​ជុំ​​​គ្រួសារ»។​

លោក សុខ ស៊ុនណារ៉េត កន្លង​មក ក៏​ធ្លាប់​​​បា​ន​​​​ប្រាប់​​តុលាការ​​ថា លោក​​​ជា​​​​មនុស្ស​​ស្អាត​ស្អំ ដោយ​​​​​​​​​មិន​​​​បាន​​​រក្សា​ទុក​​សារធាតុ​ញៀន​ក្នុង​រថយន្ត​ដែល​លោក​បាន​ប្រើប្រាស់​​​នោះ​ទេ ស្រប​ពេល​លោក​ជា​អតីត​យោធិន ចូល​បម្រើ​ការ​ងារ​ជូន​ជាតិ​ដោយ​ភក្ដីភាព ស្ទើរ​ពេញ​មួយ​ជីវិត ដោយ​បន្សល់​ទុក​នូវ​​​ស្នាមរបួស និង​ជំងឺ​រ៉ាំរ៉ៃ​មក​ទល់​សព្វថ្ងៃ។

មន្ត្រីអង្កេត​ជាន់ខ្ពស់នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក គឹម ពិសិដ្ឋ ដែល​តាមដាន​​​​សំណុំរឿ​ង​នេះ ចាប់​​អារម្មណ៍​​ទៅលើ​អង្គ​ហេតុមួយ​ចំនួន ពាក់ព័ន្ធ​នឹង​ដំណើរការ​ចាប់​ខ្លួន លោក សុខ ស៊ុនណារ៉េត។ លោកថា លោក ណារ៉េត ត្រូវ​​​​បាន​​ថ្នាក់​​លើ​​​របស់​គាត់​​​ហៅ​​ទៅ​អង្គភាព​​ ហើយ​ពេលគាត់​​ធ្វើដំណើរ​បាន​ពាក់​កណ្តាល​ផ្លូវ​ ​ក៏ស្រាប់​តែ​មាន​កម្លាំង​កង​​​រាជអាវុធ​ហត្ថ​ នាំ​​ខ្លួន​គាត់​​​ទៅ​ឆែក​ឆេរ និង​សួរ​នាំ ហើយ​ក្នុ​ងអំឡុង​ពេល​​នោះ​​​កូន​​ប្រុស​​គាត់​ គឺ​​លោក ស៊ន តារា ដែល​រស់​នៅ​ក្រៅ​ប្រទេស​ កំពុងតែ​សកម្ម​ក្នុ​ង​ការ​បញ្ចេញមតិអំពី​បញ្ហា​សង្គម និង​នយោ​បាយ​​នៅ​កម្ពុជា​។

លោក​យល់ថា៖ «អញ្ចឹង​​ថា ​នេះជាការធ្វើការ​​​រឹតត្បិត​ ជា​ការ​រំខានទៅ​ដល់​ក្រុមគ្រួសារ ឬ​ក៏​​បុគ្គល​​ដែល​ហ៊ានបញ្ចេញ​មតិ​​សម្រាប់​រិះ​គន់​ផង​​ដែរ»។​

បើតាម លោក គឹម ពិសិដ្ឋ សាលា​ឧទ្ធរណ៍ភ្នំពេញ នឹង​ប្រកាស​សាល​ក្រម​លើ​សំណុំរឿង លោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ ខាង​មុខ​នេះ។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាង​ម៉េង បាន​ទេ​​នៅ​ថ្ងៃ​ចន្ទ​នេះ។

ជុំវិញករណីនេះ ​​​អ្នក​​​នយោ​​​បាយ​​​​​​​នៅ​​​​​ក្រៅប្រទេស មាន​​​ប្រតិ​កម្ម​ជា​​ហូរ​ហែ​ថា ការ​​ចាប់​​​ខ្លួន​​លោក សុខ ស៊ុន​​ណារ៉េត ជា​​​យុទ្ធ​​សាស្ត្រ​​ថ្មី​​​របស់​​​គ្រួសារ​​​ត្រកូល​​ហ៊ុន ដែល​ចង់​​​បំបិទ​​​​​មាត់​​​​សំឡេង​​​​​រិះ​​​គន់ ស្របពេល​​ដែលកូន​របស់​លោក ណារ៉េត គឺ​​​លោក ស៊ន តារា ជា​អ្នក​អធិប្បាយ​​​នយោបាយ​ដ៏​លេច​ធ្លោ​​មួយរូប​​នៅ​លើ​​បណ្តាញ​សង្គម ​​តែង​រិះ​គន់​មិន​សំចៃពី​សកម្ម​​​ភាព​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង​រស់​នៅ​ក្រៅ​ប្រទេស យល់​​ថា ការ​ចាប់​ខ្លួន​លោក សុខ ស៊ុន​ណារ៉េត គឺ​​ជា​រឿង​នយោ​បាយ​សុទ្ធ​សាទ។ ក៏​ប៉ុន្តែ​បក្ស​កាន់​អំណាច បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​​​ដោយ​ផ្អែក​លើបទ​ល្មើស​ជាក់​ស្តែង ដែល​នៅ​​​ក្នុង​​​នោះ លោក សុខ ស៊ុន​ណារ៉េត ត្រូវ​បាន​រក​​ឃើញ​​ថា មាន​រក្សា​ទុក​​ដោយខុស​ច្បាប់នូវ​សារធាតុ​ញៀន។

ចំណែក ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ហៅ​កាត់​ថា CAT បាន​ចេញសេច​ក្តី​ថ្លែង​ការណ៍​មួយ កាលពីចុង​​​​ខែវិច្ឆិកា ឆ្នាំ​២០២៤​ ដោយ​ចាត់​ទុក​សកម្មភាព​របស់​រដ្ឋាភិ​បាល និង​ប្រធាន​រដ្ឋ​សភា​ ទៅលើ​ឪ​ពុក​លោក​ ស៊ន តារា ថា​​ជា​ការ​បំបិត​​​​សំឡេង​អ្នក​ដែល​ហ៊ាន​​រិះ​គន់​ចំពោះ​ការ់​ដឹក​នាំ​របស់​ខ្លួន។ ករណី​នេះ ក្រុម​អ្នក​តស៊ូ​​មតិ​​កម្ពុជា បាន​​អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​ឪពុក​លោក ស៊ន តារា ឱ្យ​មាន​សេរីភាព​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ