ក្រុមឆបោកដែលធ្វើការចេញពីមជ្ឈមណ្ឌលនានានៅទូទាំងអាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានអ្នកខ្លះធ្វើដោយស្ម័គ្រចិត្ត និងខ្លះទៀតជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស បានអូសទាញអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកឱ្យធ្លាក់ក្នុងអន្ទាក់ស្នេហាក្លែងក្លាយ និងការវិនិយោគរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ដោយរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ជនបរទេសមួយចំនួន បានចាកចេញពីទីតាំងដែលសង្ស័យថា ជាកន្លែងឆបោកនៅទូទាំងប្រទេសកម្ពុជា នៅខែនេះ ខណៈដែលរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញា “លុបបំបាត់” បញ្ហាដែលពាក់ព័ន្ធនឹងជំនួញឆបោកតាមអ៊ីនធឺណិត ដែលអង្គការសហប្រជាជាតិបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ១០០ ០០០ នាក់ កំពុងធ្វើការក្នុងវិស័យនេះ តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមថា វិធានការអនុវត្តច្បាប់នាពេលថ្មីៗនេះរបស់កម្ពុជា បានបណ្តាលឱ្យ “ក្រុមឆបោកតាមអ៊ីនធឺណិតជាច្រើន បណ្តោយឱ្យកម្មកររបស់ពួកគេចាកចេញ”។
យោងតាមការបង្ហោះលើ Instagram បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមករា ជនជាតិឥណ្ឌូនេស៊ីចំនួន ៤៤០នាក់ បានមកកាន់ស្ថានទូតក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីពួកគេត្រូវបាន “ដោះលែងដោយក្រុមឆបោកតាមអ៊ីនធឺណិត” ហើយមនុស្សជាច្រើនកំពុងស្វែងរកការត្រឡប់ទៅផ្ទះវិញ។
លោក Santo បានបន្តថា៖ «ដោយសារការបង្ក្រាបរបស់កម្ពុជានឹងបន្តទៅមុខទៀត ស្ថានទូតរំពឹងថា នឹងមានមនុស្សជាច្រើនទៀតមកពីតាមបណ្តាខេត្ត»។
លោកបានបន្ថែមថា ជនជាតិឥណ្ឌូនេស៊ីដែលបានទៅដល់ស្ថានទូត គឺធ្លាប់ “ពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត” ក្នុងរយៈពេលចាប់ពីពីរបីខែ រហូតដល់ច្រើនឆ្នាំ ហើយអ្នកខ្លះត្រូវបានគេដកហូតលិខិតឆ្លងដែនថែមទៀតផង។
លោក Santo បានបញ្ជាក់ថា ស្ថានទូតនឹងពន្លឿនការបញ្ជូនត្រឡប់ទៅវិញ ប៉ុន្តែជនជាតិឥណ្ឌូនេស៊ីទាំងអស់ ត្រូវបាន “ណែនាំឱ្យត្រឡប់ទៅផ្ទះវិញដោយខ្លួនឯង”។
មនុស្សរាប់សិបនាក់ ដែលខ្លះកាន់វ៉ាលី បានឈរតម្រង់ជួរនៅខាងក្រៅស្ថានទូតឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៩ខែមករា។
យុវជនអាយុ ១៨ឆ្នាំម្នាក់ មកពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា រូបគេបានរត់គេចពីទីតាំងមួយក្នុងក្រុងបាវិត ក្បែរព្រំដែនកម្ពុជា-វៀតណាម ជាកន្លែងដែលគេបង្ខំឱ្យឆបោកមនុស្សតាមអ៊ីនធឺណិត អស់រយៈពេល ៨ ខែ ដោយមិនទទួលបានប្រាក់ឈ្នួល បើទោះបីជាមានការសន្យាថានឹងផ្តល់ប្រាក់ខែ ៦០០ដុល្លារក្នុង១ខែក៏ដោយ។
យុវជនរូបនេះ បានប្រាប់ថា ខ្លួនបានមកដល់ភ្នំពេញកាលពីថ្ងៃទី១៨ខែមករា ហើយបានមកស្ថានទូត ដើម្បីសុំលិខិតឆ្លងដែនថ្មី ព្រោះលិខិតឆ្លងដែនចាស់គឺ “នៅជាមួយមេការជនជាតិចិន”។
កាលពីថ្ងៃទី១៩ខែមករា មនុស្សប្រហែល ១០០ នាក់ ក៏បានតម្រង់ជួរនៅខាងក្រៅស្ថានទូតចិនក្នុងទីក្រុងភ្នំពេញផងដែរ ប៉ុន្តែអ្នកដែលភ្នាក់ងារសារព័ត៌មាន AFP ចូលទៅសាកសួរ បានបដិសេធមិននិយាយអ្វីឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា ទីក្រុងប៉េកាំង “ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋចិននៅក្រៅប្រទេស” នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មានអំពីការឈរតម្រង់ជួរនៅខាងក្រៅស្ថានទូតក្នុងប្រទេសកម្ពុជា។
ក្នុងខែនេះ កម្ពុជាបានចាប់ខ្លួន និងនិរទេសមហាសេដ្ឋីដើមកំណើតចិន លោក ចេន ហ្ស៊ី (Chen Zhi) ដែលត្រូវបានចោទប្រកាន់ពីបទដំណើរការប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ។ លោក ចេន ដែលជាអតីតទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ត្រូវបានអាជ្ញាធរសហរដ្ឋអាមេរិកចោទប្រកាន់កាលពីខែតុលា៕









