របត់សេដ្ឋកិច្ចកម្ពុជាពីការពឹងផ្អែកលើថៃមក​ជាកា​រ​ពឹង​ផ្អែក​លើ​ចិន​និង​វៀត​ណាម​ក្រោយ​ថៃ​ឈ្លាន​ពាន

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍ ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត-ខ្លង​លឹក បាន​ដើរ​តួ​ជា​សរសៃ​ឈាម​សេដ្ឋ​កិច្ច​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា ដោយ​វាជា​​ច្រក​នាំ​ចូល​ប្រេង​ឥន្ធនៈ​ជិត ៩០% និង​ទំនិញ​ប្រើ​ប្រាស់​ចាំបាច់​ស្ទើរ​តែ​ទាំង​អស់​​ពី​​ថៃ។

ទោះជាយ៉ាងណាក៏ដោយ ការផ្ទុះអាវុធយ៉ាងខ្លាំងក្លានៅខែ​កក្កដា ឆ្នាំ​២០២៥ ដែល​បង្ក​ឡើង​ដោយ​សារ​តែ​ថៃចិ​ញ្ចឹម​ចិត្ត​លេប​ទឹ​កដី​ខ្មែ​រ ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្រ​បី បាន​ក្លាយ​ជា​ចំណុច​រប​ត់​យុទ្ធ​សាស្ត្រ ដែល​ផ្លាស់​ប្តូរ​ទម្រង់​សេដ្ឋ​កិច្ច​កម្ពុជា​ទាំង​ស្រុង។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្នុងខែ​សីហា ឆ្នាំ​២០២៥ ការ​បិទ​ច្រក​ព្រំដែន​ដីគោ​ក​ទាំង​១៨ និង​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់​ទំនង​ការ​ទូត បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ចរន្ត​ពាណិជ្ជ​កម្ម​ដែល​មាន​តម្លៃ​ប្រមាណ ៤,៧ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ឈាន​មកដល់ដើមឆ្នាំ២០២៦ កម្ពុជាបានងើបចេញពីវិបត្តិនេះ ដោយ​ផ្លាស់​ប្តូរ​ពី​ការ​ពឹង​ផ្អែក​លើ​ថៃ មក​ជា​ការ​ពឹង​ផ្អែក​ទ្វេ​ដង​លើទុ​ន​វិនិយោគ​ពី​ចិន និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ពី​វៀត​ណាម​វិញ។ ការ​ផ្លាស់​ប្តូរ​យុទ្ធ​សាស្ត្រ​នេះ ទោះ​បីជា​ជួយ​ឱ្យសេ​ដ្ឋកិ​ច្ច​រស់​រាន​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​វា​បាន​លាត​ត្រដាង​នូវ​ភាព​ផុយ​ស្រួយ​នៃ​រចនា​សម្ព័ន្ធ​អភិវឌ្ឍន៍​ក្នុង​ស្រុក ដែល​​ធ្វើ​​ឱ្យក​ម្ពុជា​ហាក់​ដូច​ជា​គ្រាន់​តែ​ប្តូរ​បង្អែក​ពី​មួយ ទៅ​ជា​ពីរ​ផ្សេង​ទៀត​ក្នុង​ពេល​ដំណាល​គ្នា​ប៉ុណ្ណោះ។

ជម្លោះក្នុងខែកក្កដា ឆ្នាំ២០២៥ មិនត្រឹមតែជាការប៉ះទង្គិចយោធាប៉ុណ្ណោះ​ទេ ប៉ុន្តែវាគឺជា​ការកាត់​ផ្ដាច់ដង្ហើម​សេដ្ឋកិច្ច​​របស់​កម្ពុជា ខណៈ​ដែល​មុន​វិបត្តិ ថៃ​គឺជា​អ្ន​កផ្គ​ត់ផ្គ​ង់​ដ៏សំ​ខាន់​បំផុត​សម្រាប់​ប្រេង​ឥន្ធនៈ​ និង​វត្ថុ​ធាតុ​ដើម​​ឧស្សាហ​កម្ម ដូច​ដែល​បាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​ស្រា​វ​ជ្រាវ​របស់​ធនាគារ Krungsri របស់​ថៃ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៥។

នៅពេលព្រំដែនត្រូវបានបិទភ្លាមៗ ការផ្ដាច់ចរន្តពាណិជ្ជកម្មឆ្លង​ដែនបានបង្ខំ​ឱ្យរោ​ង​ចក្រ​នានា​ត្រូវ​បង្វែរ​ទិស​ដៅ​ដឹ​ក​​ជញ្ជូន​​តាម​រយៈ​វៀត​ណាម និង​ឡាវ​វិញ ដែល​​ធ្វើឱ្យថ្លៃដឹកជញ្ជូនហក់ឡើងខ្ពស់ពី ២៥% ទៅ ៤០% នេះបើយោងតាម​ការចុះផ្សាយរបស់ Nation Thailand ក្នុងខែធ្នូ ឆ្នាំ២០២៥។

វិបត្តិភស្តុភារកម្ម(ប្រព័ន្ធដឹកជញ្ញូនទំនិញដែលជាសរសៃឈាមសេដ្ឋកិច្ច)នេះ បានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម និងសំណង់ ហើយយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារពិភពលោក ការរំខាន​នៅតាមព្រំដែន រួមផ្សំនឹងការធ្លាក់ចុះនៃទីផ្សារ​អចលនទ្រព្យ បានធ្វើឱ្យ​កំណើន GDP របស់កម្ពុជាថយ​ចុះមក​ត្រឹម ៤,៨% ក្នុងឆ្នាំ​២០២៥ បើធៀប​នឹង ៦% ក្នុងឆ្នាំ២០២៤។

ជាងនេះទៅទៀត វិបត្តិនេះបានប៉ះពាល់ដល់ពលករជាង ២៥ម៉ឺន​នាក់ (២៥០ ០០០នាក់​) ដែល​នាំ​ឱ្យ​បាត់​បង់​ចំណូល​ប្រាក់​បញ្ញើ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ជា​ចំណូល​បង្អែក​របស់​គ្រួសារ​រស់​នៅតា​ម​ជន​បទ ហើយ​កង្វះ​ខាត​ទំនិញ និង​ទុន​នេះ​ហើយ​ដែល​បង្ខំ​ឱ្យ​កម្ពុជា​ត្រូវ​ងាក​ទៅ​រក​ទិស​ខាង​កើត​ជាបន្ទាន់​បំផុត ដើម្បី​រក្សា​ស្ថិរភាព​សង្គម និង​សេដ្ឋ​កិច្ច។

នៅពេលដែលប្រេងឥន្ធនៈ ពីថៃត្រូវបានកាត់ផ្តាច់ វៀតណាមបានក្លាយជាខ្សែជីវិតសេដ្ឋកិច្ចកម្ពុជាភ្លាមៗ។ យោងតាមរបាយការណ៍ពីឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Minh Vu ក្នុងខែមករា ឆ្នាំ២០២៦ ពាណិជ្ជ​កម្មទ្វេភាគីរវាងប្រទេសទាំងពីរ ​បានហក់ឡើងដល់កម្រិតខ្ពស់គឺ ១១,៣៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ​តុល្យភាពពាណិជ្ជកម្មមាន​ភាពល្អប្រសើរ ដោយការនាំចេញរបស់កម្ពុជាទៅ​វៀត​ណាម ដែលភាគច្រើនជាគ្រាប់ស្វាយចន្ទី កៅស៊ូ និងដំឡូងមី បានកើនឡើង ១៨,៤% ដល់ ៥,៦៦ ពាន់​លានដុល្លារ ខណៈ​ការនាំចូលមានចំនួន ៥,៦៧ ពាន់លានដុល្លារ។

ខ្សែជីវិតវៀតណាមនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈជំនួបកម្រិតខ្ពស់កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ ដែល​រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យដល់ ២០ ពាន់លានដុល្លារ ប៉ុន្តែទោះបីជាការនាំចូលប្រេង និងជីពីវៀតណាមជួយរក្សាស្ថិរភាពកសិកម្មក៏ដោយ ក៏វាក៏បង្ហាញពីចំណុចខ្សោយថា កម្ពុជានៅ​តែ​ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមឱ្យគេកែច្នៃ ហើយសន្តិសុខថាមពលកម្ពុជាឥឡូវនេះ ស្ថិតក្នុងដៃរបស់ទីក្រុង​​ហាណូយ​យ៉ាង​រឹងមាំ ដែល​បញ្ហានេះ​តម្រូវ​ឱ្យក​ម្ពុជា​ត្រូវ​គិត​គូរ​ឡើង​វិញ ពីឯ​ករាជ្យភា​ព​នៃធ​ន​ធាន​ថាម​ពល​ផ្ទាល់​ខ្លួន។

ខណៈវៀតណាមជួយផ្នែកភស្តុភារកម្ម ចិនបានក្លាយជាអ្នកសាងសង់គ្រឹះថ្មី នៃសេដ្ឋកិច្ចកម្ពុជា។ យោង​តាម​​ទិន្ន​ន័យ​​​​​ពី​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ពាណិជ្ជកម្ម​ជាមួយ​ចិន​បាន​ឈាន​ដល់ ១៩,៧៣ ពាន់​​លាន​​ដុល្លារ​ក្នុង​ឆ្នាំ​​២០២៥ ដែល​កើន​ឡើងជិត ៣០%។

ទោះជាយ៉ាងណា ទំនាក់ទំនងនេះមានភាពលម្អៀងខ្លាំង ដោយសារការនាំចូលពីចិនបានហក់ឡើងដល់ ជាង​១៨​ពាន់​​លាន​​ដុល្លារ(១៨,០៤ពាន់លានដុល្លារ) ហើយក្នុងពេលជាមួយគ្នា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បង្ហាញ​ថា ទុន​វិនិ​យោគ​ចិន​មានចំណែកជាងពាក់កណ្តាលនៃទុនសរុប ១០ ពាន់លានដុល្លារ។

គម្រោងដែលលេចធ្លោជាងគេ គឺ​ព្រែកជីកហ្វូណន​​តេជោ ដែលត្រូវបានពន្លឿនក្រោមជំនួយបច្ចេកទេស និង​ហិរញ្ញវត្ថុ​ពីក្រុមហ៊ុនរដ្ឋចិន ដើម្បីកាត់​បន្ថយការពឹងផ្អែកលើផ្លូវទឹក​របស់ប្រទេសជិតខាង ប៉ុន្តែអ្នកវិភាគព្រមាន​ថា វានឹងបង្កើនឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនមកលើកម្ពុជាកាន់តែខ្លាំង និងបង្កើនបន្ទុកបំណុលរយៈពេល​វែងដែលមិនអាចចៀសផុតបានឡើយ។

ការផ្លាស់ប្តូរយ៉ាងលឿនក្នុងឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញនូវភាពទន់ខ្សោយនៃវិស័យឧស្សាហកម្មកម្ពុជា ដែលហាក់បីដូចជាគ្រាន់តែប្តូរអ្នកផ្គត់ផ្គង់ ប៉ុន្តែមិនទាន់អាចក្លាយជាម្ចាស់ការលើខ្លួនឯងបានឡើយ ស្រប​​តាមការវិភាគរបស់​វិទ្យាស្ថាន Lowy ដែលថាភូមិសាស្ត្រសេដ្ឋកិច្ចកម្ពុជា​នៅតែងាយរងគ្រោះ ដោយ​សារ​​​ការ​ពឹងផ្អែកខ្លាំងពេក​លើ​ទុន​​វិនិយោគ​​ចិន។

ការនាំចូលពីចិនភាគច្រើនជាវត្ថុធាតុដើមសម្រាប់រោងចក្រកាត់ដេរ ដែលនេះមានន័យថា ប្រសិនបើសេដ្ឋកិច្ច​ចិនមានបញ្ហា រោងចក្រនៅកម្ពុជានឹងត្រូវគាំងតាមភ្លាមៗ ព្រោះយើងមិនទាន់អាចផលិតវត្ថុធាតុដើមដោយ​ខ្លួនឯងបាន ហើយសូម្បីតែសន្តិសុខថាមពល ក៏នៅតែពឹងផ្អែកនឹងវារីអគ្គិសនីដែលចិនសាងសង់ និង​បណ្តាញអគ្គិសនីវៀត​ណាមដដែល។

ជាមួយនឹងបំណុលសាធារណៈជិត ២៧% នៃ GDP ឯករាជ្យភាពនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗ គឺកំពុងត្រូវបានសាង​សង់ឡើង ដោយប្រើប្រាស់ប្រាក់កម្ចី ដែលនេះជាសញ្ញានៃការចុះខ្សោយនៃស្វ័យភាពយុទ្ធសាស្ត្ររបស់​ជាតិ និងការប្រឈមមុខនឹងហានិភ័យនៃអន្ទាក់បំណុល ប្រសិនបើការគ្រប់គ្រងមិនមានប្រសិទ្ធភាព។​

កម្ពុជានៅឆ្នាំ២០២៦ បានរៀនសូត្រនូវមេរៀនដ៏ជូរចត់ថា ភាពជិតស្និទ្ធខាងភូមិសាស្ត្រមិនមែនជាការធានា​នូវសន្តិសុខសេដ្ឋកិច្ចនោះទេ ហើយជម្លោះព្រំដែនឆ្នាំ២០២៥ បានបង្ខំឱ្យកម្ពុជាត្រូវវិវត្តខ្លួនយ៉ាងឆាប់រហ័សឆ្ពោះទៅរកទិសខាងកើតដែលជាកន្លែងមានទំនាញសេដ្ឋកិច្ចថ្មីក្នុងតំបន់។

សព្វថ្ងៃ កម្ពុជាស្ថិតនៅចំកណ្តាលនៃ «របៀងសេដ្ឋកិច្ច ជើង-ត្បូង ថ្មី» ដោយមានទំនាញសេដ្ឋកិច្ចងាកចេញពីថៃ ប៉ុន្តែហានិភ័យសម្រាប់ការរស់រាននេះ គឺការរួមតូចនៃជម្រើសយុទ្ធសាស្ត្ររបស់ខ្លួននៅចំពោះមុខមហាអំណាចតំបន់។

កម្ពុជាបានរួចផុតពីវិបត្តិដោយជោគជ័យមែន ប៉ុន្តែវាគឺជាជោគជ័យដែលបានមកពីការយកអធិបតេយ្យភាពសេដ្ឋ​កិច្ច​ទៅដាក់បញ្ចាំជាមួយដៃគូដទៃ ហើយការត្រៀមលក្ខណៈពិតប្រាកដសម្រាប់អនាគត គឺស្ថិតលើការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំដោយខ្លួនឯង ចៀសវាងការរស់រានបានតែដោយសារ «ការដកដង្ហើមតាមច្រមុះអ្នកដទៃ» រហូតដល់បាត់បង់ម្ចាស់ការលើវាសនាខ្លួនឯងទាំងស្រុង។

ការផ្លាស់ប្តូរយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់កម្ពុជាដោយងាកចេញពីថៃ ហើយមកបង្កើនការពឹងផ្អែកលើចិន និង​វៀត​ណាម​យ៉ាង​គំហុគបន្ទាប់ពីវិបត្តិឆ្នាំ២០២៥ នឹងនាំមកនូវផលប៉ះពាល់យ៉ាងជ្រាលជ្រៅ និងចម្រុះសម្រាប់​រយៈពេលវែងខាងមុខ។

ក្នុងទិដ្ឋភាពវិជ្ជមានការបង្កើនភាពជិតស្និទ្ធជាមួយវៀតណាម តាមរយៈរបៀងសេដ្ឋកិច្ចខាងកើតបានជួយឱ្យ​​កម្ពុជា​មាន​ជម្រើសភស្តុភារកម្មចម្រុះ ដែលកាត់បន្ថយហានិភ័យនៃប្រតិបត្តិការតាម​​ច្រកព្រំដែនដីគោក​។

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងការសម្របសម្រួលពាណិជ្ជកម្មឌីជីថលជាមួយ​វៀត​ណាម នឹងជួយឱ្យកម្ពុជាអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែប្រសើរ។ ទន្ទឹម​នឹង​នេះ គម្រោង​​​ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សក្រោមទុនវិនិយោគពីចិន ដូចជាព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ នឹងផ្តល់ឱ្យកម្ពុជានូវឯករាជ្យភាពផ្លូវទឹក ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញធ្វើឡើងដោយ​ផ្ទាល់ មិនចាំបាច់ឆ្លងកាត់ដែនទឹកប្រទេសជិតខាងឡើយ ដែលនេះគឺជាជ័យជម្នះផ្នែកយុទ្ធសាស្ត្រក្នុងការការ​ពារ​សន្តិសុខ​សេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមរយៈពេលវែងដ៏គួរឱ្យព្រួយបារម្ភបំផុត គឺការកើនឡើងនៃឱនភាពជញ្ជីង​ពាណិជ្ជកម្មដ៏ធំសម្បើម និងការបាត់បង់តុល្យភាពនៃអំណាចចរចា។

ការពឹងផ្អែកលើចិនសម្រាប់រាល់ធាតុចូលឧស្សាហកម្មបានធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាព«សេដ្ឋកិច្ចដង្ហើមចិន» ដែលមានន័យថា រាល់ការប្រែប្រួលនៃគោលនយោបាយនៅទីក្រុងប៉េកាំងនឹងជះឥទ្ធិពលផ្ទាល់មកលើស្ថិរភាពផលិតកម្មក្នុងស្រុក។

ចំណែកឯទំនាក់ទំនងជាមួយវៀតណាមវិញ ទោះបីជាមានភាពល្អប្រសើរក្នុងផ្នែកដឹកជញ្ជូន ប៉ុន្តែកម្ពុជានៅតែជាប់អន្ទាក់​ក្នុងតួនាទីជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម តម្លៃថោក​ឱ្យទៅរោងចក្រកែច្នៃរបស់វៀតណាម ដែល​​ធ្វើឱ្យកម្ពុជាបាត់បង់ឱកាសក្នុងការបង្កើតតម្លៃបន្ថែមផ្ទាល់ខ្លួន។

លើសពីនេះ បន្ទុកបំណុលសាធារណៈដែលកើតចេញពីការខ្ចីបុលដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញទាំងនេះ អាចនឹងក្លាយជាសម្ពាធថវិកាជាតិយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សជំនាន់ក្រោយ ប្រសិនបើកំណើន​សេដ្ឋកិច្ចដែលទទួលបានមកវិញ មិនមានសមាមាត្រស្មើនឹងការកើនឡើងនៃបំណុលនោះទេ។

ក្នុងរយៈពេលវែង កម្ពុជាអាចនឹងប្រឈមមុខនឹងហានិភ័យនៃការរួមតូចនៃស្វ័យភាពយុទ្ធសាស្ត្រ ដែលមានន័យថា រាល់ការសម្រេចចិត្តគោលនយោបាយធំៗ ចាំបាច់ត្រូវតែពិគ្រោះ ឬយល់ស្របតាមផលប្រយោជន៍របស់ម្ចាស់បំណុល និងម្ចាស់ទុនធំៗទាំងពីរនេះ។

 ការណ៍នេះអាចជាឧបសគ្គដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច(ពង្រីក​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​បាន​កាន់តែ​សម្បូរបែប)​ឆ្ពោះទៅរកដៃគូផ្សេងទៀត ប្រសិនបើមានជម្លោះផលប្រយោជន៍កើតឡើង។ ដើម្បីបញ្ចៀសហានិភ័យទាំងនេះ កម្ពុជា​ចាំបាច់ត្រូវតែប្រើប្រាស់ពេលវេលានៃការគាំទ្រពីចិន និងវៀតណាម ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជាបន្ទាន់ តាមរយៈការវិនិយោគលើការអប់រំបច្ចេកទេសដល់យុវជន ការជំរុញសហគ្រាសក្នុងស្រុកឱ្យមានលទ្ធភាពផលិតវត្ថុធាតុដើមជំនួសការនាំចូល និងការបង្កើតបរិយាកាសវិនិយោគដែលទាក់ទាញទុនវិនិយោគពីបណ្តាប្រទេសចម្រុះផ្សេងទៀត។

 ប្រសិនបើកម្ពុជាមិនអាចកសាងភាពរឹងមាំពីខាងក្នុងក្នុងអំឡុងពេលនេះទេ នោះរបត់សេដ្ឋកិច្ចឆ្នាំ២០២៥ នឹងគ្រាន់តែជាការផ្លាស់ប្តូរទ្រុងពីម្ខាងទៅម្ខាងទៀតប៉ុណ្ណោះ ហើយឯករាជ្យភាពសេដ្ឋកិច្ចពិតប្រាកដនឹងនៅតែជាក្តីស្រមៃដែលមិនអាចឈានទៅដល់បាន។

ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ និងធានាបាននូវឯករាជ្យភាពយុទ្ធសាស្ត្រក្នុងរយៈពេលវែង កម្ពុជាគួរ​តែ​ផ្តោត​ការ​យកចិត្តទុកដាក់ខ្ពស់លើការជំរុញពិពិធកម្មឧស្សាហកម្មផ្ទៃក្នុង ដោយងាកចេញពីគំរូសេដ្ឋកិច្ចបែបសាមញ្ញ មកជាការបង្កើតខ្សែសង្វាក់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់នៅក្នុងស្រុក។

 កិច្ចការនេះតម្រូវឱ្យមានការផ្តល់ការលើកទឹកចិត្តជាពិសេសដល់វិនិយោគិនដែលបង្កើតរោងចក្រផលិតវត្ថុធាតុដើម និងគ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ដល់វិស័យកាត់ដេរ និងអេឡិចត្រូនិក ដែលវានឹងជួយកាត់បន្ថយឱនភាពជញ្ជីង​ពាណិជ្ជកម្មដ៏ធំជាមួយចិន និងការពារផលិតកម្មក្នុងស្រុកពីការប្រែប្រួលនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ទន្ទឹមនឹងនេះ ការពង្រឹងអធិបតេយ្យភាពថាមពលគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដោយរដ្ឋាភិបាលគួ​រតែពន្លឿនការអភិវឌ្ឍប្រភពថាមពលកកើឡើងវិញនិងប្រព័ន្ធរក្សាទុកថាមពលឱ្យបានទូលំទូលាយ ដើ​ម្បី​​ធានាថាការផ្គត់ផ្គង់អគ្គិសនីដល់វិស័យឧស្សាហកម្មមានស្ថិរភាព និងមិនពឹងផ្អែកខ្លាំងលើការទិញពីប្រទេស​ជិតខាង ដែលអាចងាយរងគ្រោះនៅពេលមានវិបត្តិភូមិសាស្ត្រនយោបាយ។

នៅក្នុងវិស័យកសិកម្ម រដ្ឋាភិបាលចាំបាច់ត្រូវបំប្លែងតួនាទីរបស់កម្ពុជាពីអ្នកនាំចេញវត្ថុធាតុដើមឱ្យគេកែច្នៃ មក​ជាមជ្ឈមណ្ឌលកែច្នៃ កសិ-ឧស្សាហកម្ម ដោយខ្លួនឯង តាមរយៈការវិនិយោគលើបច្ចេកវិទ្យាសម្ងួត ឃ្លាំ​ងត្រជាក់ និង​ស្តង់​ដារវេចខ្ចប់អន្តរជាតិ។

ការធ្វើបែបនេះនឹងអនុញ្ញាតឱ្យកសិករខ្មែរអាចលក់ផលិតផល​សម្រេច ទៅកាន់ទីផ្សារពិភពលោកបានដោយ​​ផ្ទាល់ និង​ទទួលបានតម្លៃខ្ពស់ ជំនួសឱ្យការបន្តពឹងផ្អែកលើការលក់ក្នុងតម្លៃ​ថោកឱ្យឈ្មួញកណ្តាល​ពី​ប្រទេសជិតខាង។

បន្ថែមលើនេះ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវតែធ្វើឡើងដោយភាពម៉ឺងម៉ាត់ និងតម្លាភាពបំផុត ជាពិសេស​លើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សនានា ដើម្បីធានាថាបន្ទុកបំណុលស្ថិតក្នុងកម្រិតមួយដែលសេដ្ឋ​កិច្ចជាតិអាច​ទ្រាំទ្របាន ហើយរដ្ឋាភិបាលគួរតែបន្តស្វែងរកដៃគូហិរញ្ញប្បទានចម្រុះមកពីបណ្តាប្រ​ទេស និងស្ថាប័នអន្តរ​ជាតិ​​​ផ្សេងៗគ្នា ដើម្បីរក្សាតុល្យភាពនៃអំណាចចរចា និងបញ្ចៀសការធ្លាក់ចូលក្នុងអន្ទាក់នៃការពឹងផ្អែកលើប្រភព​ទុន​វិនិយោគតែមួយ។

ជាចុងក្រោយ ការវិនិយោគលើធនធានមនុស្សគឺជាគ្រឹះដ៏សំខាន់បំផុត ដោយរដ្ឋាភិបាលត្រូវតែពង្រឹងការអប់រំបច្ចេក​ទេស និងជំនាញឌីជីថលដល់យុវជនឱ្យទាន់ទៅនឹងការវិវត្តនៃបច្ចេកវិទ្យាសកល។ នៅពេលដែល​កម្ពុជាមានកម្លាំង​ពលកម្មជំនាញពិតប្រាកដ វានឹងក្លាយជាការទាក់ទាញវិនិយោគិនឱ្យនាំយកមកនូវការផ្ទេរបច្ចេកវិទ្យាកម្រិត​ខ្ពស់ ដែលជួយឱ្យសេដ្ឋកិច្ចជាតិអាចប្រែក្លាយពីការផលិតបែបអាំងតង់ស៊ីតេពលកម្ម ទៅជាសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង និងនវានុវត្តន៍។

តាមរយៈការអនុវត្តអនុសាសន៍ទាំងនេះ កម្ពុជានឹងអាចបង្វែរវិបត្តិដែលកើតចេញពីការផ្លាស់ប្តូរតំបន់ពាណិជ្ជ​កម្ម ឱ្យទៅជាឱកាសមាសសម្រាប់ការកសាងសេដ្ឋកិច្ចជាតិដែលមានភាពរឹងមាំ ម្ចាស់ការ និងមានកិត្យានុភាពនៅ​លើ​ឆាក​​អន្តរជាតិដោយមិនចាំបាច់ផ្អែកលើដង្ហើមរបស់អ្នកដទៃទាំងស្រុងនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ