ប្រទេសអឺរ៉ុបចំនួន៨ ពិចារណាលើការសងសឹកក្នុងទំហំទឹកប្រាក់ ១០៨ ពាន់លានដុល្លារអាមេរិក និងការប្រើប្រាស់ឧបករណ៍ «ប្រឆាំងនឹងការបង្ខិតបង្ខំ» បន្ទាប់ពីលោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្តេជ្ញាដាក់ពន្ធគយលើអឺរ៉ុបជុំវិញបញ្ហាកោះនៅតំបន់អាកទិក។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសម្រេចនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទយ៉ាងទូលំទូលាយ កាលពីថ្ងៃទី១៨ខែមករា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កុំឱ្យដាក់ពន្ធគយលើសម្ព័ន្ធមិត្តអឺរ៉ុប ខណៈពួកគេក៏កំពុងរៀបចំវិធានការសងសឹកផងដែរ ប្រសិនបើពន្ធគយទាំងនោះ នៅតែត្រូវបានអនុវត្ត។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកការទូតសហភាពអឺរ៉ុប។
លោក ត្រាំ កាលពីថ្ងៃទី១៧ខែមករា បានប្តេជ្ញាអនុវត្តរលកនៃពន្ធគយដែលនឹងកើនឡើងចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើសមាជិកសហភាពអឺរ៉ុប រួមមាន ដាណឺម៉ាក ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ និងហ្វាំងឡង់ ព្រមទាំងចក្រភពអង់គ្លេស និងន័រវែស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែន (Greenland) ដែលជាវិធានការមួយដែលបណ្តាប្រទេសធំៗក្នុងសហភាពអឺរ៉ុបបានថ្កោលទោសថាជាការគំរាមទារប្រាក់។
មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងពិភាក្សាអំពីជម្រើសនានានៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយ នៅទីក្រុងព្រុចសែលនាថ្ងៃទី២២ខែមករា។ ជម្រើសមួយ គឺកញ្ចប់ពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក ដែលមានតម្លៃ ៩៣ ពាន់លានអឺរ៉ូ (១០៨ ពាន់លានដុល្លារអាមេរិក) ដែលអាចនឹងចាប់ផ្តើមអនុវត្តដោយស្វ័យប្រវត្តិនៅថ្ងៃទី៦ខែកុម្ភៈ បន្ទាប់ពីការផ្អាកអស់រយៈពេល ៦ខែ។
ជម្រើសមួយទៀត គឺ “ឧបករណ៍ប្រឆាំងនឹងការបង្ខិតបង្ខំ” (ACI) ដែលមិនធ្លាប់ត្រូវបានប្រើប្រាស់ពីមុនមក ដែលអាចដាក់កម្រិតលើការចូលរួមដេញថ្លៃជាសាធារណៈ ការវិនិយោគ ឬសកម្មភាពធនាគារ ឬរឹតបន្តឹងពាណិជ្ជកម្មលើសេវាកម្ម ដែលក្នុងនោះសហរដ្ឋអាមេរិកមានអតិរេកជាមួយប្លុកនេះ រួមទាំងសេវាកម្មឌីជីថលផងដែរ។
យោងតាមប្រភពពីសហភាពអឺរ៉ុប កញ្ចប់ពន្ធគយហាក់ដូចជាទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ក្នុងនាមជាការឆ្លើយតបដំបូង ជាងវិធានការប្រឆាំងនឹងការបង្ខិតបង្ខំ ដែលនៅទីនោះស្ថានភាពបច្ចុប្បន្ន គឺ “មានការលាយឡំគ្នាខ្លាំង”។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ដែលជាអ្នកដឹកនាំកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប បានលើកឡើងក្នុងសំណេរលើបណ្ដាញសង្គមថា ការពិគ្រោះយោបល់របស់លោកជាមួយសមាជិកសហភាពអឺរ៉ុប បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេ ក្នុងការគាំទ្រប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីការពារប្រឆាំងនឹងរាល់ទម្រង់នៃការបង្ខិតបង្ខំ។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen ក្នុងឱកាសមកបំពេញទស្សនកិច្ចជួបសមភាគីន័រវែសនៅទីក្រុងអូស្លូ បានមានប្រសាសន៍ថា ប្រទេសដាណឺម៉ាក នឹងបន្តផ្ដោតលើការទូត ដោយយោងទៅលើកិច្ចព្រមព្រៀងដែលដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក បានធ្វើឡើងកាលពីថ្ងៃទី១៤ខែមករា ដើម្បីបង្កើតក្រុមការងារមួយ។
លោកបានបន្ថែមថា៖ «សហរដ្ឋអាមេរិកក៏មានអ្វីៗលើសពីប្រធានាធិបតីអាមេរិកទៅទៀត។ ខ្ញុំទើបតែបានទៅទីនោះ។ ក៏មានប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពអំណាច នៅក្នុងសង្គមអាមេរិកផងដែរ»។
កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបក្នុងការសន្ទនា ទំនងជានឹងក្លាយជាប្រធានបទសំខាន់នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស (Davos) ដែលនៅទីនោះ លោក ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថាគន្លឹះនៅថ្ងៃទី២១ ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់លោកនៅក្នុងព្រឹត្តិការណ៍នេះក្នុងរយៈពេលប្រាំមួយឆ្នាំ៕









