អ្នកតាមដានទាមទារឱ្យចាប់ខ្លួនអ្នកពាក់ព័ន្ធផ្តល់​សញ្ជាតិ​​ខ្មែរ​​​ក្លែង​ក្លាយ​​ឱ្យ​​លោក ចេន ហ្ស៊ី

ក្រុមអ្នក​តាម​ដាន ទាម​ទារ​ឱ្យ​ចាប់​ខ្លួន​អ្នក​គប់​គិត​គ្នា ផ្តល់​សញ្ជាតិ​ខ្មែរ​ក្លែង​ក្លាយ​ឱ្យ​មេឧក្រិដ្ឋ​ជន​ឆបោក​ខ្នាត​អន្តរ​ជាតិ ចេន ហ្ស៊ី បើ​ដូច​រដ្ឋ​មន្ត្រី​ការប​រទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​អះ​អាង​ពិត​មែន​ ដោយ​ថា ការ​ផ្តល់​សញ្ជាតិ​​ខ្មែរ​ឱ្យ​បរទេស​ឱ្យម​ក​បំផ្លាញ​ខ្មែរ ត្រូ​វ​មាន​ទោស​រហូត ១០​ឆ្នាំ ដោយ​មិន​គិត​ចូល​ពី​បទ​ប្រមាថ​ដល់​ស្ថាប័ន​ព្រះម​ហា​ក្សត្រ។

ការលើក​ឡើងនេះ ក្រោយ​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម បាន​បង្ហោះ​សារ រដ្ឋម​ន្រ្តី​​ការ​បរទេស​​កម្ពុជា ​លោក ប្រាក់ សុខន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា​នេះ​ថា រដ្ឋមន្រ្តីកា​រប​រទេស​កម្ពុជា លោក ប្រាក់ សុខន បាន​និយាយ​ជាមួ​យ​កាសែត​អន្តរ​ជាតិ Reuter ថា៖ «លោក Chen Zhi មាន​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​នៅពេ​ល​ដែល​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​ទាំង​នោះ ហើយ​បាន​រក​ឃើញ​ថា សញ្ជាតិ​របស់​គាត់​មិន​ត្រូវ​បាន​ទទួល​ដោយ​ស្រប​ច្បាប់ យើង​បាន​សម្រេច​ចិត្ត​ធ្វើ​បត្យា​ប័ន​គាត់​ទៅ ​​ប្រទេស​ចិន»

VOD មិន​អាចទាក់ទង​​អ្នក​​​នាំពា​ក្យ​​ក្រសួង​​ការ​​បរទេស ​លោក ​ជុំ សន្ទរី ដើម្បី​សុំ​ការ​ឆ្លើយ​តបជុំ​វិ​ញ​ការ​លើក​ឡើង​នេះ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ដោយឡែក តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ​និយាយ​ថា បើដូច​ការលើក​ឡើង​របស់​លោកប្រាក់ សុខុន មែន ឆ្លុះ​បញ្ចាំង​ថា ប្រព័ន្ធ​ដឹក​នាំ​បច្ចុប្បន្ន​គ្មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះមុ​ខ​ជោគ​វាសនា​ជាតិ និង​មាន​អំពើពុ​ក​រលួយ​ប្រទាក់​ក្រឡា​គ្នា​ជា​ប្រព័ន្ធ បង្គ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ជាតិ ។

ត្រង់ន័យនេះ លោកពន្យល់ថា បើគ្មានការគប់គិតជាប្រព័ន្ធរបស់មន្រ្តីរដ្ឋាភិបាលគ្រួសារហ៊ុន បញ្ជូនឯកសារ​ក្លែង​ក្លាយ​​ថ្វាយ​​​​ព្រះ​​មហា​ក្សត្រ​ឡាយ​​ព្រះ​ហត្ថលេខាទេ​ លោក​​ ចេន ហ្ស៊ី មិន​អាច​ទទួល​សញ្ជាតិ​ខ្មែរបាន​ទេ។

លោ​ក​ថា ការបន្លំឯកសារ ឬរត់ការផ្តល់សញ្ជាតិខ្មែរឱ្យមេឧក្រិដ្ឋជនឆបោក ចេន ហ្ស៊ី ជា​ការ​ប្រមាថ​ស្ថាប័ន​ព្រះ​មហា​ក្សត្រ មាន​ទោស​ពី ៥-១​០​ឆ្នាំ ព្រោះធ្វើ​ឯ​កសារ​ក្លែង​ក្លាយ​ឱ្យ​ព្រះ​អង្គ​ឡាយ​ព្រះហ​ត្ថ​លេខា។

សម្រាប់ លោក សំអាន ទាមទារឱ្យបើកការស៊ើបអង្កេតស្វែងរកមុខអ្នក​ពាក់​ព័ន្ធ ដែល​ហ៊ាន​ធ្វើ​ឯកសារ​ក្លែង​ក្លាយថ្វាយ​​​ឱ្យ​ព្រះ​មហាក្សត្រផ្ត​ល់​សញ្ជាត​មេឧក្រិដ្ឋជន​ឆបោក ចេន ហ្ស៊ី នេះ មក​ផ្តន្ទាទោស​តាម​ច្បាប់​។

លោកថា៖ ««ការដែលលោក ប្រាក់ សុខុន ថា​លោក​ចេន ហ្ស៊ី ទទួល​បាន​សញ្ជាតិ​ខ្មែរ​ខុស​ច្បាប់​ហ្នឹង ខ្ញុំយល់​ថា អ៊ីចឹង​មាន​ន័យ​ថា ប្រព័ន្ធ​ដឹក​នាំ​នៅ​ស្រុក​ខ្មែរ​ហ្នឹង ពោរ​ពេញ​ទៅ​ដោយ​អំពើ​ពុក​រលួយ​ ទោះ​បី​ជា​ចូល​សញ្ជាតិ​ខុស​ច្បាប់​ ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សញ្ជាតិ​ដែរ ហើ​យព្រះ​ម​ហាក្សត្រ​ដែល​ឡាយ​ព្រហស្ត​លេខា​ទៅលើ​ព្រះ​រា​ជក្រឹ​ត្យ ដើម្បីផ្ដ​ល់​សញ្ជាតិ​​ឱ្យ​លោក ចេន ហ្ស៊ី​ ហ្នឹង មាន​ន័យ​ថា ព្រះ​អង្គ​ឡាយ​ព្រះហស្ត​​លេខា​​ហ្នឹង ដោយ​មិន​ដឹង​ថាកា​រ​ផ្តល់​សញ្ជាតិ​ហ្នឹង​គឺ​ខុស​ច្បាប់ អ៊ីចឹង​មាន​ន័យ​ថា ជា​ការ​ប្រមាថ​ដល់​អង្គ​ព្រះ​មហាក្សត្រ​ផង​ដែរ»។

សកម្មជនបក្សប្រឆាំង​រស់នៅសហរដ្ឋអាមេរិក លោក ផន ផាន់ណា បាន​បង្ហោះ​សាររិះគន់​ថា បើ​សញ្ជាតិ ​​Chen Zhi មិនស្រប​ច្បាប់ តើ​ព្រះ​មហាក្សត្រ​ចាំបាច់​ទ្រង់ឡាយ​ព្រះហស្ថដកសញ្ជាតិធ្វើអី!។

ត្រង់ន័យនេះ លោក ផាន់ណា និយាយថា«នេះ ប្រាក់ សុខុន កំពុងប្រមាថព្រះមហាក្សត្រហើយ»។

ពលរដ្ឋខ្មែរម្នាក់ទៀត អាខោនហ្វេសប៊ុក​ឈ្មោះ​​ថា វិជ្ជា ធន់ បានសរសេរ​ថា រដ្ឋមន្រ្តី​​ការបរទេសកម្ពុជាលោក ប្រាក់ សុខុន គួរតែមានទោស ដោយលោកបាននិយាយបំភ្លើសការពិត និងប្រមាថដល់អង្គព្រះមហាក្សត្រ ព្រោះព្រះ​មហា​ក្សត្រ​ព្រះអង្គ​ទ្រង់​ជា​អ្នក​ត្រាស់បង្គាប់ ទទួលស្គាល់ការផ្តល់សញ្ជាតិខ្មែរឲ្យទៅលោក Chen Zhi ដែលមានដើមកំណើតជាជនជាតិចិនដោយផ្ទាល់ដៃទ្រង់។ ប៉ុន្តែលោកប្រាក់ សុខុន បែរ​​ជានិយាយថា​​​ការផ្តល់​សញ្ជាតិខ្មែរឲ្យ​ទៅ លោក ចេន ហ្ស៊ី ជា​​រឿងមិន​ស្រប​ច្បាប់ ឬខុសច្បាប់។

នាយក​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​​​នៅ​​​​អូស្ត្រាលី លោក សេង វណ្ណលី និយាយ​ថា បើមន្រ្តីរដ្ឋាភិ​បាល​ចាត់ទុកថា ការផ្តល់សញ្ជាតិខ្មែរឱ្យ ចេន ហ្ស៊ី ជារឿងខុសច្បាប់ មានន័យថា រដ្ឋាភិបាលកម្ពុជា ជាអ្នកដាក់ព័ត៌មាន ឬឯកសារ​​មិនពិត-ក្លែងក្លាយ ថ្វាយព្រះមហាក្សត្រ ឱ្យឡាញព្រះហត្ថលេខា។

ដែលទង្វើបែបនេះ លោកចាត់ទុកថា រដ្ឋាភិបាលកម្ពុជា បានប្រមាថមើលងាយដល់ស្ថាប័នព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ត្រូវចេញមុខសុំទោស ទទួលខុសត្រូវទាំងស្រុងចំពោះទង្វើនេះ។

លោកថា៖ ««ព្រះមហាក្សត្រទ្រង់​ឡាយ​ព្រះហស្ថ​លើ​សញ្ជាតិ​ផ្អែក​លើ​សេច​ក្ដី​ក្រាប​បង្គំ​ទូល​របស់​នាយក​រដ្ឋ​មន្ត្រី បើ​រដ្ឋាភិ​បាល​ថា​ខុស​ច្បាប់​វា​មាន​ន័យ​ថា រដ្ឋាភិបាល​បាន​ដាក់​ព័ត៌​មាន​មិន​ពិត​ថ្វាយ​ព្រះអ​ង្គ​នេះ គឺ​ជា​ការ​ខ្វះកា​រ​គោរព​​ចំពោះ​ស្ថាប័ន​កំពូល​របស់​ជាតិ ដែល​ការ​ពារ​ដោយ​រដ្ឋ​ធម្ម​នុញ្ញ រដ្ឋាភិបាល​ត្រូវតែ​ចេញ​មុខ​មក​ដោះស្រា​យ និង​សុំទោស​ចំពោះ​កំហុស​ឆ្គង​រដ្ឋ​បាល​ដ៏​ធ្ងន់​ធ្ងរ​នេះ ព្រោះវា​មិ​នត្រឹ​មតែ​ជា​កំ​ហុសប​ច្ចេ​កទេស​ទេ ប៉ុ​ន្តែ​វាគឺ​ជា​កា​រប្រ​មាថ​ព្រះម​ហា​ក្សត្រ​ដែល​ជាតំ​ណាង​អធិប​តេយ្យ​ជាតិ​ទាំង​មូល ករណី​នេះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ វិនិយោ​គិន​ស្មោះ​ត្រ​ង់​គេនឹ​ង​ត្រូវ​ការ​ភាព​ច្បាស់​លាស់​នៃ​ច្បាប់​ ប្រសិ​ន​ជា​កម្ពុជា​ត្រូវ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន​ ហើយ​គេ​មើល​ឃើ​ញថា​​ជា​កន្លែង​ដែល​អ្នក​មាន​ ប្រភ​ព​ទុន​មិន​ច្បាស់​លាស់ អាច​មក​ទិញ​សញ្ជាតិ ឬ​ក៏​ប្រើ​ប្រា​ស់ជា​ខែ​លបិ​ទ​បាំង​ទង្វើ​ខុស​ច្បាប់ ​នោះ​វានឹង​​​ធ្វើឲ្យ​វិ​និយោគិន​ល្អៗ​រត់​ចេញ»។

សម្រាប់លោក វណ្ណលី ដើម្បីបង្ហាញតម្លាភាព ឬភាពស្អាតស្អំចំពោះរឿងនេះ រដ្ឋាភិបាលត្រូវតែបើកការស៊ើប​​អង្កេតស្វែង​រក​បុគ្គល​ពាក់​ព័ន្ធ​ផ្សេង​ទៀត ជុំវិញការរត់ឯកសារផ្តល់សញ្ជាតិខ្មែរឱ្យ ចេន ហ្ស៊ី នេះ។

លោកអះអាងថា ការផ្តល់សញ្ជាតិខ្មែរឱ្យជនបរទេស ដែលមេឧក្រិដ្ឋជនឆបោកបែប​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ពិត​ជា​មាន​ការ​គប់គិ​ត​គ្នា​ជា​ប្រព័ន្ធ​ណាមួ​យ ទើបរឿងនេះអាចដំណើរយ៉ាងរលូនបែបនេះ។

«លោក​ថា៖ «នីតិវិធីនៃការផ្តល់សញ្ជាតិខ្មែរ មាន​ភាព​តឹង​រ៉ឹង​ខ្លាំង​ណាស់ បើ​លោក ប្រាក់ សុខុន ថា​ខុស​ច្បាប់​មាន​ន័យ​​ថា​មាន​ការ​រំលង​ភារៈ​កិច្ច​របស់​មន្ត្រី​ជំនាញ ឬ​អាច​មាន​ការ​គប់គិត​​គ្នា​ជា​ប្រព័ន្ធ ខ្ញុំ​គិ​ត​ថា រដ្ឋាភិបាល​​គួ​រ​​តែ​​បង្ហា​ញភា​ព​ស្មោះត្រ​ង់​ តាម​រយៈ​ការ​ស៊ើប​អង្កេត​ផ្ទៃក្នុ​ង​ថា​តើ​មន្ត្រី​រូប​ណា​ខ្លះ​ ដែល​បាន​ផ្ទៀង​ផ្ទាត់​ និង​ផ្តល់​អនុសាសន៍​​ឲ្យ​សម្រេច​ផ្តល់​សញ្ជាតិ​ឱ្យ​បុគ្គល​នេះ ការ​ដាក់​ទោស​ទណ្ឌ​លើ​មន្ត្រី​ខិល​ខូច​តែ​ម្នាក់​អស់​ហើយ ដោះ​លែង​មន្ត្រី​ដែល​ពាក់​ព័ន្ធ​នៅ​ពីក្រោ​យ ជាពិសេស​បុគ្គល​ដែល​មាន​អំណាច​ធំបំផុត​ដែល​ផ្តល់​សញ្ជាតិ​ឱ្យ​លោក ចេន ហ្ស៊ី ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត ព្រោះ​វា​គឺជា​ចំណុច​សំខាន់ ដើម្បី​ស្តារ​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​រដ្ឋ​បាល​ឡើង​វិញ»។

ប្រធាន​​​អង្គការ​​​ប្រជាធិបតេយ្យ​​​ខ្មែរ​​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា យល់ថា បើ​មិន​មាន​ការ​បើក​ដៃ​ពី​អ្នក​មាន​អំណាច​ទេ មេ​ឧក្រិដ្ឋ​ជន​ឆបោក ចេន ហ្ស៊ី ក៏មិ​នអាចទទួលសញ្ញាតិខ្មែរបានដែរ។

ត្រង់ន័យនេះ លោកពន្យល់ថា មកពីប្រព័ន្ធដឹកនាំរដ្ឋខ្សោយ ​និតី​​រដ្ឋទាប ពោរ​ពេញ​ដោយ​អំពើ​ពុក​រលួយ​ បក្ខ​ពួក​និយម ជា​កត្តា​ជំរុញ​ឱ្យ​ក្រុម​អ្នក​មាន​អំណាច ហ៊ាន​ធ្វើ​អ្វី​សម្រេច​តែ​ទំនើង​ចិត្ត គ្មានខ្លាចច្បាប់ទេ។

លោកថា៖ «តាមការសង្កេតរបស់ខ្ញុំក្នុងរឿង ចេន ហ្ស៊ី នេះ​ហើយ​រដ្ឋ​មន្ត្រី​ ប្រាក់ សុខុន លើ​កបែ​ប​ហ្នឹង​វា​​ជា​​ការ​បង្ហាញ​​នូវ​ភាព​កម្សោយ​របស់​ស្ថាប័ន​ពាក់​ព័ន្ធ ក្នុង​ការ​ដឹក​នាំ​រដ្ឋ អ៊ីចឹង​បើ​យើង​មើល​អំពី​កម្រិត​នៃ​តួនាទីនិ​ង​មុខ​របរ​របស់ លោក ចេន ហ្ស៊ី នេះ​មិន​មែន​តូច​ទេ ហើយ​រឿង​នេះមិ​ន​មែន​ទើប​តែ​ចាប់​ផ្តើម​ពេល​នេះ​ឯណា បើយើង​ពិនិត្យ​អំពី​របាយ​​ការណ៍ និង​ព័ត៌​មាន​អន្ត​រជាតិ​ជាច្រើ​ន​ គេបា​ន​ចេញ​ជាប​ន្តប​ន្ទាប់​ ហេតុ​អី​ពេល​ហ្នឹង​មិន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​បុគ្គល​ហ្នឹង ហើយ​បុគ្គល​ហ្នឹង​បើ​សិន​ជា​មិន​មាន​សញ្ជាតិ​ខ្មែរ​ មិន​មាន​អី​ជាជា​តិ​ខុស​ច្បាប់​អីហ្នឹង​ម៉េច​ ក៏មិ​ន​មាន​វិធាន​ការ​ពីពេ​ល​នោះ​មក»។

គួររំឭកថា កាលពីថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ ២០១៤អ្នកជំនួញជនជាតិចិន​ឈ្មោះ ចេន ហ្ស៊ី ត្រូវ​បានព្រះមហា​ក្សត្រ​ផ្តល់សញ្ជាតិកម្ពុជាឱ្យគាត់ និងក្រោយមក នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ២០១៦ គាត់ក៏ទទួល​បាន​គោរមងារ «ឧកញ៉ា» និងទទួល​បាន​គោរមងារ «អ្នកឧកញ៉ា» ​​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០២០។

រយៈពេលប្រមាណឆ្នាំក្រោយមកទៀត លោក ចេន ហ្ស៊ី ក៏ទទួលបានការតែងតាំងជាទីប្រឹក្សារដ្ឋាភិបាលអាណត្តិលោក ហ៊ុន សែន ជាទីប្រឹក្សាលោក​ ហេង សំរិន ប្រធានរដ្ឋសភា និងជាទីប្រក្សាក្រសួងមហាផ្ទៃ លោក ស ខេង ​ជាដើម។

បើតាមច្បាប់សញ្ជាតិ មន្ត្រីភ្នាក់ងាររាជការ ឬជនដែលសមគំនិត ជួយលាក់បាំងឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្តន្ទាទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិ​តឆ្លងដែ​នខុស ច្បាប់ ដូចមានចែងនៅក្នុងមាត្រាទី២០ និងមាត្រាទី២១។

ដែលមាត្រា ២០ និងមាត្រា ២១ ចែងថា ជនណាដែលក្លែងឬលុប អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លង​ដែននៃព្រះរាជា​ណា​ចក្រ​កម្ពុជា ឬ​ប្រើប្រាស់​ឯកសារ​ទាំង​នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។

ប៉ុន្តែកាលពីថ្ងៃទី​៧ ខែ​មករា លោក ចេន ហ្ស៊ី ត្រូវក្រសួងមហាផ្ទៃ​អះអាងថា សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​ចិនចាប់​ខ្លួន ការចាប់ខ្លួននេះក្រោយពីសហគមន៍អន្តរ​ជាតិ រួមទាំង ​អាមេរិកនិង​អង់គ្លេសរឹបអូសទ្រព្យសម្បត្តិ និង​​ចោទ​​ប្រកាន់​ថា លោក ចេន ហ្ស៊ី ជា​មេខ្លោងឧក្រិដ្ឋកម្មឆបោកដ៏ធំជុំវិញពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ