អង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា ការឈូសបំផ្លាញផ្ទះពលរដ្ឋខ្មែរជាច្រើន ក្នុងភូមិដែលកងទ័ពថៃគ្រប់គ្រងក្រោយបទឈប់បាញ់ ជាការរំលោភលើបទដ្ឋានគតិយុត្តអន្តរជាតិធ្ងន់ធ្ងរ ដែលថៃត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីបង្ហាញការទទួលខុសត្រូវ ។
ការណ៍នេះ លីកាដូ សំអាងថា ផ្ទះសម្បែងពលរដ្ឋខ្មែរដែលយោធាថៃបានបំផ្លាញចោលជាច្រើននោះ គឺ ពលរដ្ឋខ្មែរបានរស់នៅទីនោះ រាប់ទសវត្សរ៍មកហើយ។
លីកាដូ និយាយលើគេហទំព័ររបស់ខ្លួន នៅថ្ងៃទី២០ខែមករានេះថា «ការឈូសបំផ្លាញផ្ទះពលរដ្ឋកម្ពុជាជាច្រើន ក្នុងភូមិដែលកងទ័ពថៃគ្រប់គ្រងក្រោយបទឈប់បាញ់ ជាការរំលោភលើបទដ្ឋានគតិយុត្តអន្តរជាតិ»។
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយនេះ បានបញ្ជាក់ថា រូបភាព និងកម្រងវីដេអូជាច្រើន ដែលទទួលបានពីផ្កាយរណប បានបង្ហាញឱ្យឃើញនូវចំនួនផ្ទះសម្បែងជាច្រើន នៅក្នុងភូមិជោគជ័យ និងតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ ត្រូវបានឈូសឆាយ និងបំផ្លិចបំផ្លាញដោយកងកម្លាំងប្រដាប់អាវុធថៃ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រោយពេលមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
ការបំផ្លិចបំផ្លាញផ្ទះសម្បែង របស់ប្រជាជនស៊ីវិល នៅក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ គឺជាសកម្មភាពរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដោយមិនគិតថាលំនៅឋានទាំងនោះ ស្ថិតនៅក្នុងដែនដីរបស់ភាគីខាងណានោះទេ ។
លីកាដូ គូសបញ្ជាក់ថា រូបភាពពីផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប (European Space Agency’s Sentinel-2) រូបភាព និងវីដេអូខ្លីមួយចំនួន ដែលបានផ្សព្វផ្សាយដោយសារព័ត៌មានមួយចំនួន បានបង្ហាញថា ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានវាយកម្ទេចចោល នៅក្នុងតំបន់ចំនួនពីរ ដែលភាគីថៃកំពុងគ្រប់គ្រង ។
សម្រាប់អង្គការលីកាដូ ការវាយកម្ទេចផ្ទះសម្បែង ជាទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិល ដោយអាជ្ញាធររដ្ឋដែលគ្រប់គ្រងនៅទីនោះ (លើកលែងតែករណីចាំបាច់បំផុតផ្នែកយោធា) គឺត្រូវបានហាមឃាត់ ដោយយោងតាមបញ្ញត្តិមាត្រា ៥៣ នៃអនុសញ្ញាទីក្រុងហ្សឺណែវ ទី៤ ។
ច្បាប់សិទ្ធិមនុស្សអន្តរជាតិ បានការពារសិទ្ធិមានលំនៅឋានសមរម្យ និងហាមឃាត់រាល់ការបំផ្លិចបំផ្លាញផ្ទះប្រជាជនស៊ីវិលតាមទំនើងចិត្ត និងការបណ្តេញដោយបង្ខំ ទោះបីជាដីនោះជាកម្មសិទិ្ធរបស់ជនណា ឬប្រទេសណាក៏ដោយ ។
ភូមិជោគជ័យ ត្រូវបានតាំងទីលំនៅ រស់នៅ និងកាន់កាប់ដោយអ្នកភូមិដែលជាប្រជាពលរដ្ឋខ្មែរ អស់ជាច្រើនទសវត្សរ៍មកហើយ។ រូបភាពជាច្រើនពីផ្កាយរណប និងត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានបង្ហាញថា ទីតាំងនោះ ត្រូវបានកាន់កាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ហើយអ្នកភូមិជាច្រើន បានលើកឡើងថា បានចាប់ផ្តើមរស់នៅទីតាំងនោះ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ។ ទាំងភាគីកម្ពុជា និងថៃ សុទ្ធតែបានបង្ហាញផែនទីជាច្រើន ដែលបញ្ជាក់ពីការអះអាងរបស់ខ្លួនរៀងៗខ្លួន ។
យោងតាមទិន្នន័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៩ ភូមិជោគជ័យ មានប្រជាពលរដ្ឋរស់នៅចំនួន ជាង ២ពាន់៥រយនាក់ (២ ៥៨៦នាក់) ស្មើនឹង ៦៣១គ្រួសារ។ ក្រោយពីជម្លោះព្រំដែនក្នុងខែធ្នូ ឆ្នាំ២០២៥ និងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានជាច្រើន បានបង្ហោះរូបភាពទូរកុងតៃន័រជាច្រើន ត្រូវបានដាក់តម្រៀបដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងភូមិជោគជ័យ ។
រូបភាពជាច្រើនពីផ្កាយរណប បានបង្ហាញថា ផ្ទះសម្បែងភាគច្រើនក្នុងភូមិជោគជ័យ ដែលរួមមានសាលាបឋមសិក្សានៅក្នុងភូមិ កំពុងស្ថិតក្នុងតំបន់ដែលកងកម្លាំងប្រដាប់អាវុធថៃ បានដាក់ទូរកុងតៃន័រហ៊ុមព័ទ្ធ ។
ចំណែកតំបន់បឹងត្រកួន គឺជាតំបន់ដ៏ធំមួយ ដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើន ក្នុងខេត្តបន្ទាយមានជ័យ។ដីមួយភាគធំលើសលុបនៃតំបន់នេះ ត្រូវបានទទួលស្គាល់ដោយទាំងភាគីថៃ និងភាគីកម្ពុជា ថា ជាទឹកដីរបស់ប្រទេសកម្ពុជា ហើយមានដីតែមួយផ្នែកតូចប៉ុណ្ណោះនៃតំបន់នេះ ត្រូវបានអះអាងថាជាទឹកដីរបស់ភាគីម្ខាងៗ។ វីដេអូឃ្លីប ដែលត្រូវបានថតដោយអ្នកសារព័ត៌មានមួយចំនួន ក្រោយពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា ភាគីថៃបានរាយបន្លាលួស និងបានតម្រៀបទូរកុងតៃន័រ នៅក្នុងតំបន់បឹងត្រកួន ត្រង់ចំណុចដែលមិនមានជម្លោះ និងត្រូវបានភាគីទាំងពីរទទួលស្គាល់ថាជាទឹកដីនៃប្រទេសកម្ពុជា ប្រមាណជា ៩០០ ម៉ែត្រ ខាងកើត ពីខ្សែព្រំដែនដែលភាគីថៃបានអះអាង ។
រូបភាពនេះ បង្ហាញឱ្យឃើញថា មានផ្ទះសម្បែងជាច្រើនរយខ្នង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលរួមមាន មណ្ឌលសុខភាព គឺស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ។
រូបភាពពីផ្កាយរណប បង្ហាញឱ្យឃើញថា មានការឈូសឆាយ និងបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនគួរឱ្យកត់សម្គាល់ នៅក្នុងតំបន់ដែលភាគីថៃបានកាន់កាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។
បើតាមលីកាដូ តំបន់ផ្សេងទៀតដែលស្ថិតក្នុងការព្រួយបារម្ភ។ ភូមិព្រៃចាន់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ គឺជាតំបន់មួយទៀត ដែលមួយផ្នែកនៃភូមិនេះ ត្រូវបានអះអាងដោយទាំងភាគីថៃ និងភាគីកម្ពុជា ថាសិ្ថតនៅក្នុងទឹកដីរបស់ខ្លួន។ ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្នុងភូមិនោះ បានលើកឡើងថាអ្នកទាំងនោះ ពុំអាចចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ។ ការណ៍នេះ បានក្លាយជាការព្រួយបារម្ភយ៉ាងខ្លាំង អំពីសិទ្ធិមានលំនៅឋានសមរម្យរបស់អ្នកទាំងនោះ៕









