មាតា​ធម្មជាតិ​រកឃើញ​ថា​​កូន​ លោក ទ្រី ភាព ជីក​រ៉ែ​មាស​​បំ​ពុល​​​ទឹក​​​ទន្លេ​​យាយី​​​សហគមន៍​​​ខេត្ត​​រតន​គិរី

ស្រប​​ពេល​​ដែល​​ពលរដ្ឋ​ខ្មែរ​​កំពុង​​ផ្តោត​​អារម្មណ៍​​រឿង​ថៃ​​ឈ្លាន​ពាន​​ទឹក​ដី​​ខ្មែរ​​តាម​​បណ្តោយ​​ព្រំដែន ​ក្រុម​​ចលនា​មាតា​​ធម្មជាតិ​​បាន​​បង្ហោះ​សារ​​តាម​បណ្តាញ​សង្គម (Facebook) នៅ​​ថ្ងៃ​​ទី​១៧ ខែ​មករា លាត​​ត្រដាង​​​ពី​​​ក្រុម​ហ៊ុន​​ដែល​​កាន់​កាប់​​ដោយ​កូនៗ​​របស់​ ​លោក ទ្រី ភាព កំពុង​​ធ្វើ​​សកម្ម​ភាព​​ជីក​​យក​​រ៉ែ​មាស​​ នៅ​​ក្នុង​​ឧទ្យាន​ជាតិ​​ដ៏​ចំណាស់​​មួយ បំពុល​​​ប្រភព​​ទឹក​​សំខាន់​ និង​​គំរាម​​កំហែង​ដល់​ជីវិត​​សហគមន៍​​ជន​ជាតិដើ​មភា​គ​តិច​ព្រៅ​​ រស់​​នៅ​​ក្នុង​​ភូមិ​​តាបូក ឃុំ​តាវែង​លើ ស្រុក​តាវែង ខេត្ត​រតនគិរី។

ពួកគេ​អះអាង​ថា ផល​ប៉ះពាល់នេះ​​មាន​រយៈ​ពេល​វែង នឹង​បង្ក​គ្រោះថ្នាក់​ដល់​សហគមន៍​ផ្សេងៗ​ទៀត​ ដែល​រស់​នៅ​តាម​​បណ្ដោយ​ទន្លេ​សេសាន និងទន្លេមេគង្គ ផងដែរ។

ក្រុម​ចលនា​មាតា​ធម្មជាតិ ​បន្ថែម​ថា នៅគ្រា​ដែល​កាសែត​បរទេស Mongabay បង្ហាញ​​ការពិត​អំពី​ការ​បំពុល​​ប្រភព​​ទឹក​តាម​បណ្ដោយ​អូរតាបូក រដ្ឋ​មន្រ្តីក្រសួងរ៉ែ លោក កែវ រតនៈ បាន​​បក​ស្រាយ​​​ត្រឹម​​តែ​​ពាក្យ «ព័ត៌​មាន​ក្លែង​ក្លាយ» ហើយ​​បដិសេធ​​ភ្លាមៗ។

កាល​ពីថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥  Mongabay បាន​ចុះផ្សាយ​ពី​ការ​បំពុល​ទឹក​ក្នុង​​អូរតាបូក​​នេះ​ ឋិត​​ក្នុង​ឃុំតាវែង​​លើ​ ស្រុកតា​វែង ខេត្ត​រតនគិរី គឺ​​មា​ន​​ពាក់​ព័ន្ធ​​នឹង​​សកម្ម​ភាព​​ជីក​​យក​​រ៉ែ​មាស​​របស់​​ក្រុមហ៊ុន Global Green (Cambodia) Energy development របស់​​​អ្នក​ឧកញ៉ា ទ្រី ភាព ដែល​​​ចាប់​ផ្តើម​ដោយ​​ខុសច្បាប់​​កាល​ពី​​ឆ្នាំ២០២៣ ក្នុង​​តំបន់​ដីសម្បទាន​សេដ្ឋកិច្ចទំហំ​ ៤០០០​ ហិកតា។

Mongabay រក​ឃើញ​ថា ក្រុមហ៊ុន​នេះ ​មាន​អាជ្ញាប័ណ្ណ​ត្រឹម​តែ​សិក្សា​រុករក​រ៉ែមាស​​តែ​ប៉ុណ្ណោះ​ ក៏ប៉ុន្តែ​​ក្រុមហ៊ុន​​បែរ​ជា​​ប្រតិបត្តិការ​រុក​រក​រ៉ែមាស​​ទៅ​វិញ​​។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្រៅ​​ខេត្ត​រតនគិរី លោក  ឆាន់ ឆាំ ប្រាប់​វីអូឌី​នៅថ្ងៃទី​១៩ ខែ​មករា​​ថា ពលរដ្ឋ​​រស់​​នៅ​​ក្នុង​​ភូមិ​​តាបូក​​ជិត ២០០គ្រួសារ និង​ពលរដ្ឋ​ជា​ច្រើន​ភូមិទៀត​ រស់​នៅ​តាម​បណ្តោយ​ទន្លេ​សេសាន ​ជួប​ការ​លំបាក​​មិន​អាច​ប្រើប្រាស់​ទឹក​​អូរកាបូក បាន​ដោយ​សារ​ល្អក់​ និង​រមាស់​ស្បែក។

លោក​ថា ផល​ប៉ះពាល់​នេះ​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២៥ មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​​នៅ​ឡើយ​​ទេ ធ្វើ​​ឱ្យ​​ពលរដ្ឋ​​ជួប​ការ​​លំបាក ក្នុងការ​ប្រើប្រាស់​ទឹក​​ប្រចាំថ្ងៃ។

លោក ឆាន់ ឆាំ និយាយ​ថា៖ «វា​ល្អក់​ប៉ុន្មាន​ខែ​មុន ពលរដ្ឋ​​ងូត​​ក៏​​​អត់​​បាន ​ប្រើ​​ប្រាស់​​ក៏​​អត់​​កើត​ អត់​​មាន​​ទឹក​​​ប្រើប្រាស់ ដោយ​សារ​ភាគច្រើន​ប្រើ​ទឹក​ទន្លេ​ហ្នឹង​ជា​ប្រចាំ។ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង​ ពួកគាត់​(មន្ត្រីខេត្ត) គ្រាន់​មក​បក​ស្រាយ​​ថា​ ទឹក​ល្អក់​មក​ពី​ធ្វើ​ផ្លូវ​ តែ​ដល់​ពេល​រក​ដំណោះស្រាយ​សង​សំណង​អត់​ឃើញ​ទេ»

​​លោក ឆាន់ ឆាំ បន្ថែម​ថា ការ​បំពុល​ទឹក​អូរ និង​ទន្លេ​នេះ ដោយសារ​មាន​អាជីវកម្ម​រុករក​​រ៉ែមាស​ តែ​លោក​មិន​ដឹង​ថា ក្រុម​ហ៊ុន​​ឈ្មោះ​អ្វី និង​មាន​អាជ្ញាបណ្ណ​ឬ​អត់​ទេ។ ចំណែក​ឯ​ត្រី​សាច់​ ដែល​អ្នកភូមិ​ធ្លាប់​នេសាទ​ចិញ្ចឹម​ជីវិត​ក៏​ថយ​ចុះ​​ច្រើន​​ដែរ។

អូរ​តាបូក គឺ​ជា​ដៃ​នៃ​ទន្លេ​សេសាន ដែល​ក្រុម​ចលនាមាតាធម្មជាតិ បង្ហាញ​​រូបភាព​ទីតាំង​អណ្ដូង​រ៉ែមាស​​ក្នុង​តំបន់​នោះ ដែល​​មាន​បណ្ដាញ​​ទឹក​ភ្ជាប់​ទន្លេ​​សេសាន និង​ទន្លេ​មេគង្គ។

កន្លងទៅ Mongabay បាន​ទាញ​យក​រូបភាព​ផ្កាយ​រណប​​មជ្ឈមណ្ឌល Stimson បង្ហាញ​ថា ​មាន​ទីតាំង​រុក​រក​រ៉ែ​​ជាង ២៤០០​កន្លែង​ នៅ​ទូទាំង​អាង​ទន្លេ​មេគង្គ រង​ផល​ប៉ះពាល់​ពី​ការ​​បំពុល​ទឹក​ ដែល​ដំណើរការ​ចន្លោះពី​ឆ្នាំ​២០១៤ ដល់ឆ្នាំ​២០២៥​​​។ 

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និង​​ថាម​​ពល លោក កែវ រតន: និង​អភិបាល​​​ខេត្តរតនគិរី លោក ញ៉ែម សំអឿន បាន​នៅ​ឡើយ​ទេ​ ​គិតត្រឹមម៉ោងផ្សាយនេះ​។

រីឯ​តំណាង​ក្រុមហ៊ុន Global Green (Cambodia) Energy development របស់​​​អ្នកឧកញ៉ា ទ្រី ភាព ក៏​មិន​ទាន់​​អាច​ទាក់ទង​​បាន​​ដែរ។

ជុំវិញ​រឿង​នេះ មន្ត្រី​ផ្នែក​គោល​នយោបាយ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជាដៃ​គូ​ដើម្បី​បរិស្ថាន​ និង​ការ​អភិវឌ្ឍ ហៅកាត់​ថា PED កញ្ញា លឹម គឹមសួរ យល់​​ថា ក្រសួង​ពាក់ព័ន្ធ​​​គួរតែ​ចុះ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ និង​​ចាត់​​វិធានការ​​លើ​ក្រុមហ៊ុន​ទាំង​​ឡាយ​ណា ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ ប៉ះ​ពាល់​​បរិស្ថាន​ទន្លេ និង​ជីវភាព​សហគមន៍។

កញ្ញា លឹម គឹមសួរ និយាយ​ថា៖ «អាជ្ញាធរ​ទៀត​សោត ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ហ្នឹង​ គួរតែ​ចុះ​​ទៅ​ស្រាវជ្រាវ តើ​កន្លែង​​ជីក​រ៉ែ​មួយ​​ណា ធ្វើ​​ខុស​​ច្បាប់ ឬ​បង្ហួរ​ចូល​ទន្លេ​ដែល​គ្មាន​ការ​អនុញ្ញាត​ខុសច្បាប់​ គួរ​ចាត់​វិធានការ​សកម្មភាព ធ្វើ​ឱ្យ​​ខូចខាត​ដល់​បរិស្ថាន»

ក្រុម​ចលនា​មាតា​ធម្មជាតិ ​បន្ថែម​ថា មក​ដល់​ពេល​នេះ មន្រ្តី​មូលដ្ឋាន​ខេត្ត​រតនគិរី និង​ក្រសួង​ពាក់ព័ន្ធ បន្ត​ស្ងៀមស្ងាត់ ខណៈ​​ទឹក​ដែល​ជា​ប្រភព​សំខាន់​​នៃ​ជីវិត​របស់​ពលរដ្ឋ​ក្នុង​​តំបន់​​នោះ​ កំពុង​ទទួលរង​ការ​បំពុល​ដោយ​ក្រុមហ៊ុន​របស់​​កូន​ៗ​​ឧកញ៉ា ​ទ្រី ភាព។

ពួកគេ​សង្កត់ធ្ងន់​ថា នៅ​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ លោក កែវ រតន: បដិសេធ​​ការ​ផ្សាយ​​របស់ Mongabay ភ្លាមៗ​ យ៉ាង​​​ងាយ​ស្រួល​ ​ដោយ​មិន​បាន​ចុះ​ពិនិត្យ និង​​ស្រាវជ្រាវ ថា​​​តើ​​ឲ្យ​​ពលរដ្ឋ​​រង​​គ្រោះ រំពឹង​​រក​​យុត្តិធម៌​​ដោយ​​របៀប​ណា?៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ