សហជីព​សេរីកម្មករ​រំឭក​​រដ្ឋាភិបាល​ពី​យុត្តិ​ធម៌​លោក ជា វិជ្ជា ទោះឃា​តកម្ម​កន្លង​មក​២២​ឆ្នាំ

សហជីព​សេរី​កម្មករ​នៃ​ព្រះរា​ជាណា​​ចក្រ​​កម្ពុជា (FTUWKC) ស្នើអ​គ្គស្ន​ង​កា​​រន​គរ​បាល​ជាតិ ដែល​ជា​សេ​​នាធិការរ​បស់​រដ្ឋាភិ​បាល ជំរុញ​​ការ​​ស្រា​​វ​​ជ្រា​វ​ ស៊ើបអង្កេត និង​កំណត់​អត្ត​សញ្ញាណ​ឃាតក ដែល​បាញ់​សម្លាប់​​មេដឹក​​នាំ​​សហ​ជីព លោក ជា វិជ្ជា ខណៈ​សំណុំ​រឿង​​ឃាត​កម្ម​​នេះ ​មាន​​រយៈ​ពេល​២២​ឆ្នាំ​ ដែល​គ្រួ​សារ​ជន​​រង​គ្រោះ​ ​​មិន​​ទាន់ទ​ទួល​បាន​យុត្តិ​ធម៌​នៅ​ឡើយ​។

ក្នុ​ងលិខិត​របស់​អ្នកស្រី ទូច សើ ប្រធាន​​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដាក់ជូន​អគ្គ​ស្នងការ​​នគ​រ​បាល​ជាតិ ចុះ​ថ្ងៃទី​១៩ ខែ​​មករា ឆ្នាំ​២០២៦ និង​ត្រូវ​បានផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​លើកឡើង​​ថា តំណា​ង​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤ បាន​​ចេញ​លិខិត​​​ផ្លូវ​​ការ​​ឱ្យ​​អគ្គ​ស្នងការ​ដ្ឋាន​នគ​របាល​ជាតិ ស្នើ​ធ្វើ​ការ​​ស្រាវ​​ជ្រាវ​ ស៊ើប​​អង្កេត កំណត់អត្ត​សញ្ញាណ​​ជន​ប្រព្រឹត្ត​បទ​ល្មើស​ និងប្រមូល​ភស្តុ​តាង​បញ្ជូន​ទៅ​អយ្យ​ការ​ ដ៊ើម្បីចាត់ការ​តាមនីតិវិធី​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាត​កម្ម​លើ​លោក ជា វិជ្ជា ។

ប៉ុន្តែ​គិត​ម​ក​ដល់​បច្ចុប្បន្ន​នេះ អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ នៅ​មិនទាន់​បាន​បង្ហាញ​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ ស៊ើបអង្កេត និង​កំណត់​អត្ត​សញ្ញាណឃាត​ក ដែល​បាញ់​សម្លាប់​លោក​ ជា វិជ្ជា យ៉ាង​ព្រៃ​ផ្សៃ​នោះ​នៅឡើយ​ទេ ដែល​ធ្វើ​ឱ្យ​សហជីព ព្រមទាំង​ក្រុមគ្រួសារ សាច់​ញាតិ និងមិត្ត​ភ័ក្ត​លោក ជា​ វិជ្ជា ជា​ដើមនោះ នៅបន្ត​រង​ចាំពន្លឺ​យុត្តិធម៌​យ៉ាង​អន្ទះសា។

ការណ៍នេះ ប្រធានសហជីព​រូបនេះ បាន​ស្នើ​ដល់​អគ្គ​ស្នងការ​នគរបាលជាតិ ពន្លឿន​នី​តិវិធី​ក្នុងកា​រស្រាវ​ជ្រាវ និង​​​ចាប់​ឃាតកយក​​​មកផ្តន្ទា​ទោស​​ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ក្រុមគ្រួសារ សាច់​ញាតិ​ជន​រង​គ្រោះ ព្រមទាំង​ឈាន​ទៅរក​ការ​កាត់​បន្ថយ​ និង​លុប​បំបាត់​នូវ​វប្បធម៌​និទណ្ឌ​ភាព​ ពង្រឹង​នីតិ​រដ្ឋ និង​យុត្តិធម៌​សង្គមពិត​ប្រាកដ​​​នៅ​កម្ពុជា។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យ​អគ្គស្នងកា​រដ្ឋាន​នគ​របាលជាតិ​ លោក ឆាយ គឹម​ខឿន បាននៅឡើយ​ទេ នៅថ្ងៃ​អង្គារ​នេះ។​

ស្របពេលនៃ​កា​រប្រារព្ធខួប ២២ឆ្នាំ​នៃ​ការ​ស្លាប់​របស់​មេដឹក​នាំ​សហជី​ព​ដ៏ល្បីល្បាញ លោក ជា វិជ្ជា​ ដែលប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦​​នេះដែរ សហជីពសេរី​កម្មករនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ក៏​​បាន​ដាក់លិខិត​ជូន​ដំណឹង​​ទៅ​រដ្ឋបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី​០៥ខែ​មករា ស្តីពី​ការ​ជួប​ជុំ​មនុស្ស​ ៧៥នាក់ ដាក់កម្រ​ងផ្កា​គោរពវិញ្ញាណ​ក្ខន្ធ​ លោក ជា វិជ្ជា ផង​ដែរ។

ក្រោយមក នៅថ្ងៃទី​១៦ ខែមករា អាជ្ញាធរ​ក្រុង​ភ្នំពេញ អនុញ្ញាត​ឱ្យ​សហជីពសេរីកម្មករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា រៀបចំ​ការ​ជួប​ជុំ​នេះ នៅទីតាំង​រូប​សំណាក​លោក ជា វិជ្ជា ស្ថិត​​នៅ​​​សួន​ច្បារ​ខាង​លិច​​វិមាន​ឯករាជ្យ​​ ដោយ​មានភ្ជាប់លក្ខខណ្ឌ​មួយចំនួន។ នេះ​បើតាមលិខិត​របស់​រដ្ឋាភិបាល​រាជធានីភ្នំពេញ។​

លិខិ​តនោះ​ បន្តថា ​​ដើម្បី​ធានា​បាននូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀប​រៀប​រយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បានណែនាំ​សហជីព អនុវត្តនូវ​លក្ខខណ្ឌ​មួយ​ចំនួន ក្នុងនោះ កំណត់​​​អត្ត​សញ្ញាណ​អ្នក​ចូលរួម​ឱ្យ​ច្បាស់​លាស់​​ដោយ​​មិន​​អនុញ្ញាតឱ្យ​ជន​បរទេស​ចូលរួម ក្នុងករណីបើ​មាន​​ជន​បរទេស​ចូលរួម​ត្រូវ​ស្រប​តាមច្បាប់របស់កម្ពុជា។ ត្រូវ​ផ្ស​ព្វផ្សា​យក្រុមសីលធម៌​ដល់​អ្នក​ចូលរួម ដោយ​មិនត្រូវ​យកវេទិកា​នេះ​ធ្វើសកម្មភាព​នយោបាយ​ ហើយ​ការ​ថ្លែង​សារ​របស់​សាច់​ញាតិ​ ក៏​មិន​ត្រូវ​ពាក់ព័ន្ធនឹង​សារនយោ​បាយ។

រដ្ឋបាល​រាជធានីភ្នំពេញ ក៏បាន​ណែនាំ​ដល់​សហជីពសេរី​កម្មករ​​​ ត្រូវ​ទទួលខុស​ត្រូវ​លើការងារ​ការ​ពារ​សន្តិសុខ សុវត្ថិ​ភាព និងសណ្តាប់ធ្នាប់ខាង​ក្នុង ហើយ​សមត្ថកិច្ច​ទទួលខុស​ត្រូវ​កា​រពារ​ពី​ខាងក្រៅ រៀប​ចំ​ចំណតសម្រាប់អ្នកចូលរួមពិធី ឬគួរប្រើប្រាស់មធ្យោបាយ​រួមសម្រាប់​អ្នកចូលរួម​ ព្រមទាំង​សម្អាត​អនាម័យ​នៅ​កន្លែង​រៀបចំពិធីផងដែរ។

លោក ​ជា វិជ្ជា ជា​​អតីត​ប្រធាន​​​សហជីព​សេរី​កម្មករ​​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា ​ត្រូវ​​បាន​​គេ​បាញ់​​​ចំ​សៀត​​ផ្កា និង​​ដើមទ្រូង​ ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ នា​ព្រឹក​​ថ្ងៃ​ទី​​​២២ ខែ​​មករា​ ឆ្នាំ​២០០៤ ​ខណៈ​​លោក​កំពុង​ឈរ​នៅ​ក្នុង​តូប​កាសែត​មួយ ​ខាងលិច​វត្ត​លង្កា​ ក្នុង​ទី​ក្រុង​ភ្នំពេញ។​

ការ​បាញ់​សម្លាប់​​លោក​ ជា វិជ្ជា​ កើត​​មាន​​ឡើង​ បន្ទាប់​​​ពី​លោក​​បាន​​ទទួល​​រង​​ការ​​ព្រមាន​​សម្លាប់ ​និង​​ការ​​គំរាម​កំហែង​​ពី​ជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​​ទាម​ទារ​អត្ថប្រយោជន៍​​ដល់​កម្មករ​រួមមាន​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ។

បន្ទាប់ពី​​កើត​ហេតុនេះ មនុស្ស​២នាក់ ត្រូ​វ​​បានចាប់ខ្លួន ដោយចោទប្រកាន់​ថា ជាឃាតករ​បាញ់​សម្លាប់ ប្រធាន​​សហជីព​ដ៏​ល្បី​ល្បាញ​រូបនេះ។ ក្រោ​យជាប់ឃុំ​អស់​ជា​​​ច្រើន​ឆ្នាំ និងរកមិនឃើញពីអំពើល្មើស ទាំងលោក សុខ សំអឿន និងលោក​ ប៊ន សំ​ណា​ង ត្រូ​វ​បាន​គេដោះ​​លែ​ង​​វិញ។

គិ​តពីថ្ងៃផ្តល់​សេរីភាព​ឱ្យពួកគេទាំង​ពីរនាក់​ មិនទទួលបាន​សំណ​ង​​នៃ​​ជំ​ងឺ​​​ចិត្ត និ​​ង​ប៉ះ​​ប៉ូវ​​កា​រ​ខូច​ខា​ត​កិត្តិ​​យស​អ្វីទាំងអស់រហូតមកដល់ពេលនេះ ហើយឃាតក​ពិត និង​អ្នក​បញ្ជា​​នៅ​​ក្នុ​ង​សំ​ណុំ​​​​រឿ​ង​​​នៃ​​​ប​​ទ​ឧ​ក្រិ​ដ្ឋ​នេះ​​ នៅ​តែមិន​ទាន់ស្វែងរកចាប់ខ្លួន ដើម្បី​យក​មក​អនុវត្ត​ទោស​បាន​នៅ​ឡើ​យ​​​​ទេ។

ករណី​លោក​ ជា វិជ្ជា ក៏​ត្រូវ​បាន​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​មើល​ឃើញ​ថា ស្ថិត​​​ក្នុង​ចំណោម​សំណុំ​​​រឿង​​​ដែល​មិន​​ទាន់​​ដោះ​​ស្រាយ​​បាន​ចប់​សព្វ​គ្រប់ផ្សេង​​ទៀត​ ដូចយ៉ាង​ករណី​ឃាតកម្ម​លើ​​​អ្នកនាង​​ ​ពិសិដ្ឋ ពិលិការ នៅ​ឆ្នាំ​១៩៩៩ និង​ព្រះ​តេជព្រះគុណ ​សំ ប៊ុន​ធឿន នៅ​ឆ្នាំ​២០០៣​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ