បទវិភាគ៖ តើ​ពលរដ្ឋ​ជឿរ​ដ្ឋាភិ​បាល​ទេ​បើ​ដី​ខ្មែរ​ដែល​ថៃ​ឈ្លាន​ពាន​មិន​បាន​ត្រឡប់​មក​វិញ?

ពាក្យ​«អរគុណ​សន្តិភាព» ហាក់​​ដូ​ច​​សាប​រលាប ​ចាប់​​តាំង​​ពី​ក​ង​ទ័ព​​​​ថៃ​បើក​​ការ​​​ឈ្លាន​ពាន​យ៉ាង​​កំរោល​​ចូល​​មក​បំផ្លាញ​​​​ផ្ទះ​​ពល​រដ្ឋ ​វត្ត​អារាម​ខ្មែរ ​ដណ្តើម​​កាន់​កាប់​​ទឹក​ដី​ខ្មែរ ​តាម​អំពើ​​ចិត្ត​​​​​ធ្វើ​ឱ្យ​ពល​រដ្ឋ​​ខ្មែរ​​​រាប់​​សិប​ម៉ឺន​នាក់​​​​​​រត់​​ភៀស​សឹក។

ជាមួយគ្នា​នេះ​ បើ​ទោះ​បីជាគ្រប់គ្នា​សុទ្ធ​តែអាចមើ​ល​ឃើញ​​យ៉ាងច្បាស់​នៅ​នឹង​ភ្នែក​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​​​ដឹកនាំ​ដោយគណ​​បក្ស​ប្រជាជន ​​​ធ្វើឱ្យប្រទេសកើតមាន​​វិបត្តិ​ចាក់​ស្រែស និង​​ធ្វើឱ្យ​កង​​ទ័ព​​​មាន​​ភាព​ទន់​​ខ្សោ​យ​​​រយីក​​រយាក​​​​យ៉ាង​​ខ្លាំង ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​អាច​រំលោភឈ្លាន​ពាន​ដណ្តើម​កាន់​កាប់​​ទឹកដី​កម្ពុ​ជា ​​​បាន​តាម​អំពើ​​ចិត្ត​ក្តី ​​ក៏​មន្ត្រី​រដ្ឋាភិបាល​និង​ឃោសនិក​របស់​​គណបក្ស​ប្រជាជន​​កម្ពុជា​ នៅ​តែផ្ញើ​សារ​សូម​​ឱ្យ​​​ប្រជាពល​រដ្ឋ​ខ្មែរ​ បន្ត​ជឿ​​ទុក​ចិត្ត​​​លើក​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​​ទៀតដែរ​។

នៅ​ក្រោយ​សង្គ្រាម​លើក​ទី​ពីរ​២១ថ្ងៃ ដែល​យន្តហោះថៃអាចហោះមកទម្លាក់​គ្រាប់​ ​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុ​ជា​​​​​តាម​អំពើ​ចិត្ត​រហូត​ដល់​​ជិត ​១០០​គីឡូម៉ែត្រ​ ​ក្រសួង​ការបរទេសកម្ពុជា ​​ប្រកាស​​​ថា កង​​ទ័ព​ថៃ​​បាន​ដណ្តើម​​កាន់​​កាប់​​ទឹក​ដី​កម្ពុជា​​ដោយ​​ខុស​ច្បាប់​​ចំនួន​​ ១៤​ទីតាំង ប៉ុន្តែ​​លោក ​អ៊ុំ សំអាន ​ប្រធាន​​​ស្ថាប័ន​​កិច្ច​ការ​​ព្រំដែន​​និង​​​អន្តោ​​ប្រវេសន៍​​របស់​​​រដ្ឋាភិ​បាល​​២៣​​តុលា​​ក្រៅ​​ប្រទេស​​ថា មាន​​រហូត​​ដល់​​៤១​​ទីតាំង​ឯណោះ​​ត្រូវ​​​​ថៃ​​​ដណ្តើ​​​មកាន់​​កាប់​។

យ៉ាងណាក្តី​​ លោក ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ​នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌​មាន ​និង​​ឃោស​​និក​​​របស់​​​គណបក្ស​​ប្រជា​ជន​​កម្ពុជា​​​ដទៃ​ទៀត ​តែង​​តែ​​ផ្ញើ​​សារ​​​​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​បន្ត​ជឿ​ជាក់​​លើ​​រដ្ឋាភិ​បាល​​ដែល​​ដឹក​នាំ​​ដោយ ​លោក ​ហ៊ុន សែន ​ប្រធាន​​ព្រឹទ្ធ​​សភា ​និ​ង​លោក​ ​ហ៊ុន ម៉ាណែត ​នាយក​​រដ្ឋ​មន្ត្រី។

សម្រាប់​ លោក ​ប៉ែន បូណា ​បាន​​និយាយ​​ជា​ញឹ​ក​ញាប់​ ​សូ​ម​​ឱ្យ​​​ប្រជាព​ល​​រ​ដ្ឋ​​ខ្មែរ​ជឿ​​ជាក់​​ ជឿទុ​ក​​ចិត្ត​​​លើ​​ការ​​ដឹក​នាំ​​របស់​​​រដ្ឋាភិ​បាល​​ដែល​​មាន​​ លោក ​ហ៊ុន សែន ​និង​​លោក ​ហ៊ុន ម៉ាណែត ​​ជា​ប្រមុខ។

លោកថា៖«សូម​បងប្អូន​យើង​ជឿជាក់​ទៅលើ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេ​មហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយក​​រដ្ឋមន្ត្រី​ និងមាន​ថ្នាក់​ដឹកនាំស្ថាប័នកំពូលៗ​របស់​ជាតិ ​ជាពិសេស​សម្តេច​តេជោ ​ហ៊ុន សែន ​ប្រធា​នព្រឹទ្ធស​ភា ​ទាំងថ្នាក់​ដឹកនាំគ្រប់​លំដាប់ថ្នាក់ ដោយ​មាន​វីរកងទ័ព​វីរក​កម្លាំប្រដាប់​អាវុធ​ដ៏អង់អាចក្លាហា​ន​របស់​យើង ​ក្នុង​ការ​ចាត់​ចែង​ការងារ​គ្រប់​យ៉ាង ដើម្បី​រក្សា​សុខសន្តិភាព​ការពារ​បូរណភាពទឹកដី​ឱ្យ​បាន​គង់វង្សដោយ​សន្តិវិធី ​នៅ​ក្នុងក្របខណ្ឌច្បាប់​អន្តរ​ជាតិ និងក្នុងស្មារតីពហុភាគី​និយម»។

ទោះ​បី​ក្នុង​​រយៈ​ពេល​ចុងក្រោយ ​​​​​​​​​​​​​​បន្ទាប់​​ពីសង្គ្រាម​២១​ថ្ងៃ​ ថៃ​បាន​ដណ្តើម​កាន់​កាប់​ទឹក​ដី​កម្ពុជា​ ​អាច​មាន​ទំហំ​​រហូត​​ដល់​​រាប់​​រយ​រាប់​​ពាន់​គីឡូម៉ែត្រ​ការ៉េ ​និង​​បាន​ឈូស​បំផ្លាញ​ផ្ទះ​ពល​រដ្ឋ​​ខ្មែរ​​រាប់ពាន់​ខ្នង​យ៉ាង​ណា​ក្តី​ តែ​​​ក្រុ​ម​​​ឃោ​សនិក​​របស់​​គណ​បក្ស​​ប្រជាជន​កម្ពុជា នៅ​តែបន្ត​​ផ្ញើ​សារ​ប្រាប់​ប្រជា​ពល​រដ្ឋ​​​ឱ្យ​ជឿ​​ជាក់​​លើ​ការ​ដឹក​នាំ​​​ដោះ​​​​ស្រាយ​​របស់​​រដ្ឋាភិ​បាល ​ដោយ​​ថា​​ដី​នោះ​​នឹង​មិន​​បាត់​​ទៅ​ថៃ​រហូត​​នោះ​ទេ បើ​ទោះ​បី​ជា​មក​​ដល់​​ពេល​នេះ រដ្ឋា​ភិបា​ល​​កម្ពុជា​នៅ​តែមិន​ ​ប្តឹង​ថៃទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJនិង​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​ICC​​​ក្តី។

នៅក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេឃើញ​ប្រជាពល​រដ្ឋ​ខ្មែរ​​ជាច្រើន ​ជាពិសេស​ប្រជា​ពល​រដ្ឋ​មួយ​​ចំនួន ​ដែល​​ផ្ទះ​​និង​​ដី​​របស់​​ពួក​គាត់​ ​ត្រូវ​កងទ័ពសៀម​ឈូស​បំផ្លាញ ​និង​វាទ​លួស​បន្លា​​យក​បាន​​ប្រើប្រាស់​បណ្តាញ​សង្គម​​ប​ញ្ចេញ​​មតិ​ថា ពួក​គេ​គ្មាន​​ជំនឿលើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​​​នៃបក្ស​ប្រជាជន​​ទៀត​​ទេ​ ខណៈ​​ដី​ផ្ទះ​ដែល​​ជា​ទ្រ​​ព្យ​សម្បត្តិ ​ដែល​ពួកគេ​ខំ​រក​​ស្ទើ​រ​​ពេញ​​មួយ​​ជីវិត​មក​ហើយ ​ត្រូវកង​ទ័ពថៃ​ចូល​មក​បាញ់​កម្ទេច​ឈូស​​បំផ្លា​ញ​​​ចោ​​ល​វាទ​យក​តាមអំពើ​ចិត្ត ដោយ​រដ្ឋាភិបាល​គ្មាន​​សមត្ថភាព​​ការពារឡើយ ​តើឱ្យ​ជឿ​ទុកចិត្ត​យ៉ាង​ដូ​ចម្តេ​ច។

បន្ថែម​ពីនេះ​ មានការ​លើកឡើង​ថា ក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃគ្រួសារ​ហ៊ុនជិត​​ ៥០​​ឆ្នាំ​​មក​នេះ ក្រៅ​​ពី​​វិស័​​យ​​ការ​ពារជា​តិ​​មាន​​ភាព​ទន់​ខ្សោយ​​យ៉ា​ង​ខ្លាំង ​ក​ងទ័​ព​​រស់​នៅក្នុ​ង​​ជីវភា​ព​​ខ្វះ​​ខាត​គួរ​ឱ្យ​សង្វេគ ​កម្ពុជា​​​កើត​​មាន​​វិបត្តិ​​ស្ទើរ​​គ្រប់​​វិស័យ អំពើ​ពុក​រលួយបក្ខពួក​និយម​​កើត​ឡើង​​ជាប្រព័ន្ធ​​ចាក់​ស្រែស ​​អំពើ​​អយុត្តិ​ធម៌​សង្គម​ អំពើ​​ឆបោក​​ធ្វើ​ឱ្យ​​ប្រជាពល​រដ្ឋ​​រាប់​ម៉ឺន​​គ្រួសារ​​រង​​គ្រោះ ការរីករាល​ដាល​នៃគ្រឿង​​ញៀន​​នៅ​ពេ​ញ​ប្រ​ទេស ជាពិសេស​ការបើកឱ្យ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ​ចូល​មក​បើក​អាជីវកម្ម​​អន​ឡាញ​​​ចាប់​ជម្រិត​​ដែល​ធ្វើ​ឱ្យ​​​​កម្ពុជា​​ស្អុយ​​ឈ្មោះ​​ពេញ​​ពិភព​​លោក ​រួម​​ទាំង​​ការ​​​​រំលា​យ​​ប្រព័ន្ធ​​ដឹក​នាំ​​រដ្ឋ​​តាម​​បែប​​ប្រជាធិបតេយ្យ​​ជាដើ​ម​អា​ច​​នឹង​ធ្វើឱ្យ​អ្នក​ដែល​ធ្លាប់​គាំទ្រគណបក្ស​ប្រជាជន អស់ជំនឿ​ដក​សេចក្តីទុកចិត្ត​ពីគណបក្ស​ប្រជាជន។

តើពលរដ្ឋជឿរដ្ឋាភិបាលទេបើដីខ្មែរដែលថៃឈ្លានពានមិនបានត្រឡប់មកវិញ?

លោក ​ស៊ឹង សែន​ករុណា ប្រធាន​អង្គកា​រប្រ​ជា​ធិប​តេយ្យ​​ខ្មែរ​​ប្រចាំ​នៅ​​ប្រទេស​​អូស្ត្រាលី​ បាន​​ប្រាប់​​វីអូឌី​​កាល​​ពី​ថ្ងៃ​​​ទី​​១៩​ខែ​​មករា​​ថា នៅ​ក្នុង​​ស្ថាន​​ភាព​បច្ចុប្បន្ន​​នេះ​ ប្រជា​ពល​រ​ដ្ឋ​​ខ្មែរ​​​មិន​​អាច​​ចេះតែ​​​ជឿទៅ​​លើ​​ពាក្យ​​សម្តី​​​ឃោ​ស​នា​​​រ​បស់​អ្នក​​នាំ​ពាក្យ​​រដ្ឋាភិ​បាល​ ឬ​ឃោសនិក​របស់​​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ​ពីព្រោះ​​ប្រជា​ពល​រដ្ឋ​​​​ភាគ​​ច្រើ​ន​ ​បាន​យល់​​អំពី​​ស្ថានភាព​របស់​​ប្រទេស​កម្ពុជា​ ​បើ​ទោះ​បីជារដ្ឋាភិបាល​​បាន​ព្យាយាម​បិទ​ព័​ត៌​មា​ន​​ពិត​​ដែល​​​បាន​​កើត​ឡើ​ង​​ក៏ដោយ។​ លោក​​បន្តថា ប្រជាពល​រដ្ឋ​ត្រូវ​ជឿ​ទុកចិត្ត​លើ​​រដ្ឋាភិបាល​​យ៉ាង​ដូច​ម្តេច​ បើ​ស្ថានភាព​សេដ្ឋកិច្ចមានការ​​ធ្លាក់​ចុះ​​ជី​វភាព​​រស់​នៅ​​របស់​​ប្រជា​​​ពលរដ្ឋ ​កាន់​​តែ​ជួបកា​រលំ​បាក​​កា​ន់​​តែ​​ខ្លាំង។ លើសពីនេះ ការផ្គត់​ផ្គង់​លើ​វិស័យ​យោធា​ក៏ទន់​ខ្សោយ ​មិន​អាចការពារ​ប្រទេសការពារ​ទឹកដី​ភូមិ​ដ្ឋាន​របស់​​ប្រជាពល​រដ្ឋ​ខ្មែរ​​នៅ​តាម​ព្រំដែន​​បាន​ផង​​។​

លោកថា៖ «នេះគឺជារូបភាពដែល​ពួកគាត់​មើល​ឃើញ​ផ្ទាល់។ ខ្ញុំយល់​​ថា ពល​រដ្ឋ​មិន​មានការជឿជាក់​លើ​រដ្ឋា​ភិបា​ល ដូចដែល​ការព្យា​យាម​​ផ្ញើសារ​នោះទេ។ ​អ្វីៗ​ទាំង​អស់​នោះ ​ប្រជាពល​រដ្ឋ​​បាន​​មើល​​ឃើញ​​​ជាក់​ស្តែង​​នឹ​​ង​​ភ្នែក​​រួចបា​ត់ទៅ​ហើ​យ ហើយ​​​ខ្ញុំ​​យល់​​ថា មាន​​តែ​ការ​​ដឹក​នាំតា​ម​​បែបផ្លូ​វត្រូ​វ​​ទេ ​តាម​បែបសិ​ទ្ធិម​នុស្ស​​និង​​ការ​គោ​រ​ព​ទៅ​​តាម​​គោល​ការណ៍​​ប្រកួត​​ប្រជែង ​តាម​​បែប​​ប្រជា​ធិប​​​តេយ្យ​ ​ដើម្បី​​ផ្តល់​​ឱកាស​​​ឱ្យ​​គ្រប់​​ភាគី​ពាក់​ព័ន្ធ​​បាន​​ចូល​​រួម​​ចំណែក​ ​ជួយ​រួមគ្នា​កសាង​ស្តារនូវ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ឱ្យ​បាន​​ត្រឹមត្រូវ ​ទៅ​តាម​បែបស្តង់ដាអន្តរជាតិ​នោះ​​ទេ ​​ដែល​ជារឿង​ចាំបាច់​​ដែល​ធ្វើឱ្យ​ស្ថានភាព​​ដែល​កំពុង​រង​ការ​​រិះ​គន់​​ជុំ​ទិស​​ពីសហគមន៍​​អន្តរ​ជាតិ​​ទាំង​អស់នេះ​ អាចស្តារមក​វិញបាន»។

​បើតាម លោក​ ករុណា ​បើ​សិន​ជារដ្ឋាភិបាល​នៃបក្សប្រជាជន ​​នៅ​តែបន្ត​ដឹកនាំ​​​ប្រទេស​ទៅ​ពាក់​​ព័ន្ធ​​ជាមួ​យ​ក្រុ​ម​​ឧក្រិដ្ឋ​ជន ​​ធ្វើឱ្យ​ស្អុយ​អាសោច​ឈ្មោះ​របស់​ប្រទេស​​នោះ ​គឺគ្មាន​អ្វី​ដែល​ជារឿង​​រីក​ចម្រើន​ទេ ​ហើយ​ប្រជា​​ព​ល​រដ្ឋ​​ក៏​គ្មាន​​ការ​​ជឿ​ជាក់​​ទៅ​លើ​​​រដ្ឋាភិបាល​​​អ្វី​ទៀត​​ដែរ ខណៈ​​បច្ចុប្បន្ន​​​មនុស្ស​ភាគ​ច្រើន គឺ​រង់​ចាំ​តែ​មាន​ការ​​ផ្លាស់​​​​ប្តូរ ​ដើម្បី​​ឱ្យ​មាន​កា​រ​​ដឹក​នាំ​​ប្រទេស​​មួយ​​ ដែល​មាន​ប្រព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹកនាំប្រទេស​​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​​បាន​ដោយ​​គ្មាន​កា​រប្រព្រឹត្ត​​នូវអំពើ​ពុក​​រលួយ ​គ្មាន​អំពើ​អយុត្តិ​ធម៌​​សង្គម ​គ្មាន​អំពើ​ឆបោក ​​​មានការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជឿន​​លឿន​​ មាន​ការ​​គាំទ្រ​ជួយ​​ជ្រោម​​​ជ្រែង​​​ពីសហគមន៍​​អន្តរជាតិ​។

លោក ​អ៊ូ ច័ន្ទ​​រ័ត្ន ​សហស្ថាបនិក​គណបក្ស​​កែ​ទម្រង់​កម្ពុជា​ បាន​ថ្លែង​ថា បញ្ហា​​ដែល​​ត្រូវ​ប្រឈម​​​នៅ​​ចំពោះ​​មុខ​​ពេល​​នេះ គ្រាន់​តែ​ការ​ផ្ញើសារ​ឱ្យប្រជា​ពលរដ្ឋ​​បន្តជឿទុកចិត្ត​​លើ​រដ្ឋាភិបាល​ក្តី​ គណបក្ស​កាន់​អំណាច​ក្តី ​គឺ​​មិន​គ្រប់​​គ្រាន់​​ទេ ​រដ្ឋាភិបាល​​ត្រូវ​​តែ​​រ​ក​​ដំណោះ​​ស្រាយ​​ ហើយ​ត្រូវ​​តែ​​​​ទា​ម​​ទារទឹ​កដី​​​ដែល​​​ថៃ​​បាន​​ដណ្តើម​កាន់​កាប់​​នោះ​​ត្រឡប់​​មក​វិញ ​ទើប​​ប្រជាពល​រ​ដ្ឋ​​មាន​​ជឿទុ​ក​​ចិត្ត​​​​លើ​​រដ្ឋាភិបាល ​និង​គណបក្ស​កាន់​អំណាច។

លោក​ថា ​អ្វីដែល​កម្ពុជា​ត្រូវធ្វើជាបន្តបន្ទាប់​ទៅ​ទៀត ​គឺមាន​៣ចំណុច ​ទី​១​គឺត្រូវសម្អាត​​ខ្លួន​​ សម្អាត​​កេរ្តិ៍​ឈ្មោះ​ សម្អាត​​​អំ​​ពើ​​​ពុ​​​ក​​រលួយ​ ​ល្បែង​ឆបោក​​អនឡាញ Scam​អន​​ឡាញ​ លាង​​លុយ​​កខ្វក់​​គ្រឿង​​ញៀន​​ដែល​​សុទ្ធ​​តែ​​​ជា​​​រឿង​​ដែល​​ល្បី​​​ពេញពិ​ភព​លោក​ ខណៈ​​ពិភព​លោក​​គេ​ប្រា​ប់​​យើង​ពីមុ​ន​​ម​ក ​គេដា​ស់​តឿន​​យើង​​ច្រើន​​ហើយ ​ប៉ុន្តែ​​យើង​​​នៅ​​តែ​បដិ​សេធ។

លោកថា៖ «រឿងទាំង​អស់នេះ​ជារឿងចាំបាច់​។ អំពើ​អយុត្តិធម៌​ ​ជិះជាន់ អ្នក​មានអំណាច ​​អ្នក​ខ្សត់​ខ្សោយ​ត្រូវ​​​រងគ្រោះ​​​​អីជាដើម​នឹង​ត្រូវតែ​សម្អាត​។ សម្អាតកេរ្តិ៍​ឈ្មោះ​ ​រឿងបក្ខពួក​និយម ​រឿងស្អីៗ​​ហ្នឹង​​ច្រើន​ណាស់​​អស់​​នឹ​​ងត្រូ​វ​តែ​សម្អាត។ រឿងទី​​២​​​ត្រូវ​ធ្វើកំ​ណែទ​ម្រង់​​​​ដាច់​​ខាត ​ពីព្រោះ​​សង្គ្រាម​​មួយ​​ប្រាវ​នេះ​​ វា​ជាមេ​រៀន​ដែល​​បង្ហាញ​​ថា យើង​​នៅ​មាន​​​ចំណុច​​ខ្វះខា​ត ទន់​​ខ្សោយ​​ច្រើន​ណាស់​ ដូច្នេះបើ​​​សិន​​ជា​ច​ង់​​ឱ្យ​​ប្រទេស​ជាតិ​​យើង​​រីក​​​ចម្រើន​ ​រឹងមាំ គឺ​​ត្រូវ​តែធ្វើកំណែ​ទម្រង់លើ​វិស័យ​អាទិភាព​សំខាន់ៗ​»។

លោក​បញ្ជាក់ថា ប្រព័ន្ធ​យុត្តិធម៌​ចាំបាច់ណាស់​ត្រូវ​​ធ្វើ​កំណែទម្រង់ ​ដើម្បី​កុំ​ឱ្យ​​មានស្តង់ដាពីរ​​ ​ដូច​ដែល​​អង្គ​ការ​​សង្គម​​ស៊ីវិល ​និង​​សហគមន៍​​អន្តរ​ជាតិ​​បាន​​លើក​ឡើង។ ​ជាមួ​យ​គ្នា​​នេះ​​ ​វិស័យ​​អប់រំ វិស័យ​សុខាភិបាល​ វិស័យ​សង្គមកិច្ច ​​ជាពិសេសគឺ​វិស័យ​យោធា ​គឺ​សុទ្ធ​តែមាន​តម្រូវ​ការ​ចាំបាច់​​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឱ្យ​ខ្លាំង​មាន​​ប្រសិទ្ធ​ភាព​ ​​​ទើប​ប្រជា​​ពល​រដ្ឋ​​មាន​ការ​​ជឿ​ទុក​ចិត្ត​​លើ​​​រដ្ឋាភិ​បាល​​ជាប​ន្ត​ទៅ​ទៀត​។

លោកថា​៖ «ទី៣​ ​ជារឿ​ងសំ​ខាន់​​មួយ​​ទៀត ​ត្រូវ​តែកែ​ល​ម្អប្រ​ព័ន្ធ​​ប្រជា​ធិប​តេយ្យ​​​នៅ​​កម្ពុជា ​ព្រោះ​​មិន​​អាច​​ទុក​​ឱ្យ​​​មាន​​ភាព​​​រយីក​​រយាក​​បែប​នេះ​ទេ។ ប្រព័ន្ធ​​ប្រជាធិ​បតេ​យ្យ​​មាន​​សារ​សំខាន់​​ណាស់ វាអា​ច​​ជា​​មាគ៌ា​មួយ​​សម្រា​​ប់​​មនុស្ស​​នៅក្នុង​សង្គម​ហ្នឹង ​​​ធ្វើ​ឱ្យម​នុស្ស​​មាន​​ឯកភាព​ជាតិ ​ហើយ​​នឹង​ការ​​គោរ​ព​​សិទ្ធិ​មនុស្ស​​ពង្រឹង​​នីតិ​រដ្ឋ​​​រឿង​ចាំបាច់​​មែន​ទែន​ ចំណុចទី៣។ ដូច្នេះ​អ្វី​ដែល​​សំខាន់​​មាន​​៣​ចំណុច​​ហ្នឹង ​ដែល​​កម្ពុជា​​ត្រូវ​តែ​ផ្តោត​​ ហើ​​​​យ​ខ្ញុំមិ​ន​អះអា​ង​ថា​ វា​​ត្រឹម​​ត្រូវ​១០០​ភាគ​រយ​ទេ ប៉ុន្តែ​​អ្វី​​​ដែល​​កើត​ឡើង​​នៅ​ពេល​​នេះ យើង​​ឃើញ​ហើយ​​បញ្ហា​ចាំបាច់​​ត្រូវ​ដោះ​​ស្រាយ ​គឺ​​៣​​រឿង​​ហ្នឹង ​ទី​​១​សម្អាត​​ខ្លួន​ សម្អាត​កេរ្តិ៍​​ឈ្មោះ​ និង​​ទី​២​ធ្វើ​កំណែ​ទម្រង់​លើ​​វិស័យ​​សំខាន់ៗ។ ទី៣​​ត្រូ​វ​កែល​ម្អ​​ប្រជា​ធិប​តេយ្យ​​ ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ»។

ជាមួយគ្នា​នេះ​ លោកបណ្ឌិត ឥន សុផល សាស្រ្តា​ចារ្យ​ និង​ជាអ្ន​កជំ​នាញ​ផ្នែក​វិទ្យា​សាស្រ្ត​នយោ​បាយ បាន​សរ​សេរ​​​នៅ​លើ​​បណ្តាញ​​សង្គម​​របស់​​លោក​ ​នៅ​ថ្ងៃទី​​១៨ខែ​មករា ​ដោយ​​ចោទ​​សួរ​ថា តើហេ​តុ​អ្វី​បាន​ជា​នៅក្នុង​​សង្គម​មួយ​មាន​បញ្ហា​​មិន​ចេះ​ចប់? នោះ​​​គឺ​មក​ពីប្រ​ភព​នៃ​​បញ្ហា​មិន​ត្រូវ​បាន​កម្ចាត់។

លោក​ចោទសួរ​ទៀតថា តើនរណាជាប្រភពនៃបញ្ហានៅក្នុងសង្គម? ត្រង់​​ចំណុច​​នេះ លោក​​បណ្ឌិត​​បាន​​ចង្អុល​​បង្ហាញ​ថា គឺ​ឈ្មួញ​ទុច្ច​រិត និង​មន្ត្រី​ពុក​រលួយ​ដោយ​​ទាំង​ពីរ​ក្រុម​នេះ បាន​រួម​ដៃ​​គ្នា​យ៉ា​ង​សកម្ម​ ក្នុង​ការ​បំផ្លិច​បំផ្លាញ​សង្គម​ជាតិ​ដល់​ឫស​គល់ ហើយ​​បើ​ក្រុម​ទាំង​​ពី​រ​​​នេះ​នៅ​រស់​សង្គម​ជាតិ មិនអា​ច​អភិវឌ្ឍន៍​បាន​លឿន​ទេ។

លោកសា​ស្ត្រាចារ្យ ​លើ​កជា​សំណួរថា តើនៅ​​ពេល​​​នេះ​​មេ​ខ្លោង ដែល​ជាប្រ​ភព​​បង្កើតបញ្ហានេះ​ ត្រូវ​បាន​បង្ក្រាប​ហើយ​ឬ​នៅ?។

លោកវន ចាន់​ឡូត អ្នក​​សិក្សាផ្នែក​ច្បាប់ ក៏បាន​សរសេរលើ​បណ្តាញ​សង្គម​​ដែរថា គេ​​ដៀលថា ចោលម្សៀតមិន​ខុស​ទេ បើជុំវិញអ្នកកាន់អំណាចសុទ្ធ​តែឧក្រិដ្ឋជន ហើយ​មានតែឧក្រិដ្ឋជន និង​ពួកទទួលប្រយោជន៍​ពីឧក្រិដ្ឋ​ជនទេ ទើប​ហៅ​​មេ​ពួកគេថា រដ្ឋបុរស។ ឧក្រិដ្ឋជនមិននៅឯណាឆ្ងាយទេ គឺ​នៅក្បែរៗក្លៀកនាយករដ្ឋមន្ដ្រី ពេលខ្លះ​ច្រឡំនាយក​រដ្ឋ​​មន្ដ្រី និង​ឧក្រិដ្ឋជន​តែមួយ​។ ចូល​បោស​សម្អាត​វាភ្លា​ម ដើម្បី​កម្ពុជា​ស្អាត។

បន្ថែមពីនេះ ​អ្នក​សិក្សា​ផ្នែក​ច្បាប់​រូបនេះ​ ក៏បាន​ផ្ញើសារ​ឱ្យ​ប្រជា​ពល​រដ្ឋ​​ឈប់​បោះឆ្នោតនិង​ឈប់​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​ ព្រោះគណបក្សនេះ ​មិនអាចការ​ពា​រទ្រព្យសម្បត្តិ និងយុត្តិធម៌ឲ្យប្រជា​ពល​រដ្ឋ​បាន​ទេ​។

ចំណែក​ លោក សេង វណ្ណលី អ្នក​​​​តា​ម​​ដាន​​ភូមិ​សាស្ត្រ​​នយោបាយ​​ប្រចាំ​តំបន់​​អាស៊ី ​និ​ង​​ប៉ាស៊ី​ហ្វិក​ ​លើក​ឡើង​​ថា សម្ពាធ​​ពី​ស​ហគមន៍​​អន្តរ​ជាតិ​ពាក់​ព័ន្ធ​នឹង​ឧស្សាហ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា បាន​បង្ខំ​ឱ្យ​រដ្ឋាភិ​​​បា​ល​​​របស់ លោក ហ៊ុន ម៉ាណែត បើក​យុទ្ធនា​ការ «សម្អាត​ផ្ទះ» ជាបន្ត​បន្ទាប់ រហូត​មាន​ការ​ចាប់​បញ្ជូនមេខ្លោង​ឧក្រិដ្ឋ​ជនធំៗ ដូចជា លោក ចេន ហ្ស៊ី​ ជាដើម។

សម្រាប់ លោក​ សេង វណ្ណលី​ ប្រសិនបើរដ្ឋាភិបាល​ ​លោក ហ៊ុន ម៉ាណែត នៅតែបន្តការពារបុគ្គលពុក​រលួយក្នុង​ជួរ​អំណាច និងមិនបង្ហាញភាពក្លាហានក្នុងការអនុវត្តច្បាប់ដោយស្មើភាពទេនោះ កម្ពុជានឹងបន្តស្ថិតក្នុង​សម្ពាធ​ការ​ទូត និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ថែមទាំង​នឹង​រង​ការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុកាន់តែទូលំទូលាយ ដែលវានឹងក្លាយ​​ជា​ឧបសគ្គដ៏ធំធេងសម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ​នាពេលអនាគត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ