សង្គមស៊ីវិល បន្តស្នើតុលាការក្រុងភ្នំពេញ ពន្លឿននីតិវិធីក្នុងសំណុំរឿងសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស៊្រុន ស្រ៊ន និងសកម្មជនផ្សេងទៀត ដោយសារពួកគេត្រូវបានឃុំខ្លួន ១៨ខែមកហើយ ក្នុងចំណោមស្ថានទម្ងន់ទោសដែលកំពុងចោទទៅលើពួកគេ មាន២ឆ្នាំឬ២៤ខែ ដែលការណ៍នេះបង្កើតជាក្តីបារម្ភថានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការឃុំខ្លួនរបស់ជនជាប់ចោទ។
នៅព្រឹកថ្ងៃទី២១ ខែមករានេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការលើសំណុំរឿងសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ដែលរងការចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក គឹម ពិសិដ្ឋ បានឱ្យដឹងថា ក្នុងសវនាការនៅព្រឹកថ្ងៃពុធនេះ មានការបង្ហាញពីវីដេអូភស្តុតាង ឯកសារដែលសមត្ថកិច្ចបានស្រាវជ្រាវ និងមានការសួរដេញដោលទៅលើសាក្សីដោះបន្ទុករបស់លោកស្រ៊ុន ស្រ៊ន ដោយមិនទាន់មានការសន្និដ្ឋាន ការកត់សម្គាល់ និងការសំណូមពរនៅឡើយ។
ការណ៍នេះ លោកបង្ហាញក្តីបារម្ភពីផលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនជាប់ចោទ ដោយសារតែសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងក្រុងប៉ារីស បានជាប់ឃុំក្នុងពន្ធនាគារ១៨ខែមកហើយ ខណៈស្ថានទម្ងន់ទោសដែលកំពុងចោទលើពួកគេ មានរយៈពេល២៤ខែ។
លោក គឹម ពិសិដ្ឋ ថ្លែងថា៖ «តុលាការគួរតែពន្លឿននីតិវិធីឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ពីព្រោះយើងឃើញថា ស្ថានទោសនៃបទល្មើសដែលកំពុងតែជាប់ចោទទៅលើគាត់ មានតែ២ឆ្នាំទេ ឬ២៤ខែ ប៉ុន្តែជនជាប់ចោទនោះគឺគាត់បានស្ថិតនៅក្នុងឃុំហ្នឹងបាន ១៨ខែហើយ ចឹងយ៉ាងណាគួរតែពន្លឿន ដើម្បីឱ្យនីតិវិធីចប់សព្វគ្រប់ ដើម្បីបានយុត្តិធម៌ទៅដល់ជនជាប់ចោទដែលកំពុងនៅក្នុងឃុំផងដែរ[…] យើងក៏ពិចារណាទៅលើថាតើការជំនុំជម្រះរបស់គាត់ហ្នឹង ពិតទទួលបានយុត្តិធម៌សម្រាប់គាត់មែនអត់ ពីព្រោះ១៨ខែ និង២៤ខែ គឺវាកៀកគ្នាមែនទែន»។
សកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា លោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់កម្ពុជា ទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV)។
ព្រះតេជគុណ រ៉ុន ជីវ៉ា គង់នៅវត្តមួយក្នុងរាជធានីភ្នំពេញ ដែលបានតាមដានសវនាការនេះ មានសង្ឃដីកាថា សកម្មភាពរបស់សកម្មជន២៣តុលា នាពេលកន្លងមក គ្រាន់តែជាការចុះផ្សព្វផ្សាយច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងប៉ុណ្ណោះ ដែលមិនគួរមានការចោទប្រកាន់ និងចាប់ឃុំខ្លួនពួកគេនោះទេ។ ពាក់ព័ន្ធនឹងនីតិវិធីរបស់តុលាការទៀតសោត ព្រះតេជគុណក៏សង្កេតឃើញថា មានភាពយឺតយ៉ាវខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ការទទួលបានយុត្តិធម៌របស់ពួកគេផងដែរ។
ករណីនេះ ព្រះតេជគុណ រ៉ុន ជីវ៉ា ក៏បានស្នើដល់តុលាការពន្លឿននីតិវិធី និងទម្លាក់បទចោទទៅលើសកម្មជន២៣តុលា ដើម្បីឱ្យពួកគេមានសេរីភាព និងបន្តសកម្មភាពផ្សព្វផ្សាយ អប់រំផ្នែកច្បាប់ទៅដល់ប្រជាពលរដ្ឋ។
ព្រះតេជគុណមានសង្ឃដីកា៖ «គាត់[សកម្មជន២៣តុលា]មិនបានធ្វើខុសនឹងច្បាប់ទេ គាត់ធ្វើតាមតែនីតិវិធីច្បាប់ គាត់និយាយទាក់ទងអំពីកិច្ចព្រមព្រៀងជាដើម ចឹងគាត់មិនមានទោសពៃរ៍អីទេទាក់ទងរឿងហ្នឹង[…]ជនជាប់នៅ[ជាប់ឃុំ]យូរពេក ពន្យាពេលយូរពេក ធ្វើឱ្យលក្ខណៈថាសំណុំរឿងហ្នឹងវាធ្វើឱ្យយូរ ចឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តច្បាប់នៅមានការយឺតយ៉ាវនៅឡើយ។ អត្មាសូមសំណូមពរដល់ចៅក្រមជាដើម សុំឱ្យគាត់កាត់ក្តីឱ្យមានល្បឿនលឿន កុំឱ្យយឺតយ៉ាវ ឱ្យបងសាន សិទ្ធ អ្នកគ្រូ ភឹង សោភា លោកគ្រូ ស៊្រុន ស្រ៊ន ឱ្យមានការដោះលែងគាត់ជាដើម»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ។
កាលពីចុងខែសីហា ឆ្នាំ២០២៥ លោក សឺន ជុំជួន មេធាវីការពារក្តីឱ្យសកម្មជន២៣តុលា ក៏ធ្លាប់បានស្នើទៅកាន់តុលាការ ឱ្យពិចារណាលើនីតិវិធីសុំឱ្យកូនក្តីរបស់លោកនៅក្រៅឃុំជាបណ្តោះអាសន្ននេះផងដែរ ដោយសារតែកូនក្តីរបស់លោកជាប់ឃុំជាង ១ឆ្នាំមកហើយ ហើយសំណុំរឿងនេះតុលាការបានបំបែកទៅជា ៥សំណុំរឿងទៀត ដែលធ្វើឱ្យដំណើរការនីតិវិធីកាន់តែអូសបន្លាយ អាចនឹងប៉ះពាល់ដល់សិទ្ធិនៃការឃុំខ្លួនកូនក្តីរបស់លោក។
កាលពីពេលថ្មីៗនេះ អ្នកឃ្លាំមើល ក៏ធ្លាប់បានរិះគន់វិធានរបស់ប្រព័ន្ធតុលាការថា អនុវត្តច្បាប់ស្តង់ដាពីរ និងមានភាពយឺតយ៉ាវខ្លាំង ក្នុងការជំនុំជម្រះក្តី សម្រាប់សកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គម ដែលត្រូវបានចាប់ខ្លួនដោយការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ដោយសំណុំរឿងខ្លះ តុលាការពន្យាពេលនីតិវិធី រហូតដល់ជនជាប់ចោទអនុវត្តទោសជិតចប់ ទើបមានការប្រកាសសាលដីកា ប៉ុន្តែសម្រាប់ជនជាប់ចោទជាឧក្រិដ្ឋជនមួយចំនួន ដែលឆបោកពលរដ្ឋរាប់រយគ្រួសារ បែរជាមានការដោះលែងឱ្យនៅក្រៅឃុំទៅវិញ។
ពាក់ព័ន្ធនឹងរឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA វិញ គឺមានមនុស្សប្រហែល ១០០នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៤ ហើយជាមួយគ្នានោះ មានជាង ៦០នាក់ ដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារ សម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផែនការប្រមូលផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ក្នុងនោះមានទាំងសកម្មជនផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលានេះផងដែរ។
ដីការបស់តុលាការ បានលើកឡើងថា ជនជាប់ចោទបានបង្កើតព័ត៌មាន«បំភ្លៃ»និង«ប្រឌិត» ដោយមានចេតនាទុច្ចរិត ញុះញង់ឱ្យមានការខឹងសម្បារប្រឆាំងនឹងថ្នាក់ដឹកនាំ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
តែយ៉ាងណា ក្រោយមករដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការតវ៉ា និងការរិះគន់តាមបណ្តាញសង្គម៕









