រឿងអាស្រូវពុករលួយ​ផ្តល់​សញ្ជាតិ​ឱ្យ​មេ​ឧក្រិដ្ឋ​ជន​ត្រូវ​​​គេ​ស្តី​​បន្ទោស​ថា​មក​ពី​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម

រឿងអាស្រូវពុករលួយ ជុំវិញ​ការ​ផ្តល់​សញ្ជាតិ​ឱ្យ​មេឧ​ក្រិដ្ឋ​ឆបោក​លំដាប់​អន្តរ​ជាតិ ដែល​ស្និទ្ធ​នឹង​មេដឹក​នាំ​ ត្រូវ​បាន​អ្នក​​ឃ្លាំ​​មើល​ដែល​មិន​​ចំណុះ​ឱ្យ​រដ្ឋាភិ​បាល បន្ត​លាត​ត្រដាង ក្រោយ​ពី​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ថ្មីៗ​នេះ បាន​បក​ស្រាយ​ថា លោក ចេន ហ្ស៊ី ទទួល​បាន​សញ្ជាតិ​ខ្មែរ​មិន​ស្រប​ច្បាប់។

ការណ៍​នេះ ពួក​គេ​ជំរុញ​ឱ្យ​ប្រព័ន្ធ​ច្បាប់​នៅក​ម្ពុជា ត្រូវ​វែក​មុខ​រក​អ្នក​គប់​គិត​គ្នា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ​នេះ​មក​ផ្តន្ទា​ទោស ទោះក្នុ​ង​តម្លៃ​ណា​ក៏​ដោយ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា និង​ស្តារ​កិត្តិយ​ស​ពល​រដ្ឋ​ខ្មែរទូទាំង​ប្រទេស ដែល​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ។

មន្រ្តីរដ្ឋាភិបាលដែលហ៊ាន​គប់គិតគ្នាផ្តល់សញ្ជាតិ​ខ្មែរ និង​លិខិត​ឆ្លង​ដែន​ខ្មែរ​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​ ដូច​ជា លោក បេន ស្មីត និង​លោក ចេន ហ្ស៊ី ដែល​អន្តរ​ជាតិ​ចាត់​ទុក​ថា ជា​មេក្លោង​ឧក្រិដ្ឋ​កម្ម​ឆបោក។

ជ្រុង​មួយ​នៃរឿងអាស្រូវនេះ នាយក​កម្ម​វិធី​តស៊ូ​មតិ​​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​​ខ្មែរ​​​​​​​​​​​នៅ​​​​​អូស្ត្រាលី លោក សេង វណ្ណ​លី ប្រាប់​​VOD​​ថ្ងៃ​ទី​២១ ខែ​មករា​នេះ​ថា ការ​បន្ត​លាង​ត្រដាង​រឿង​លោក បេន ស្មីត ដោយ​ថា​លោកចង់​ការ​ពារ​កិត្តិយស​ជាតិ មិន​អាច​អង្គុយ​មើល​ពួក​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​ទាំង​នោះ កាន់​សញ្ជាតិ​ខ្មែរ ឬ​លិខិត​​ឆ្លង​​ដែន​​ខ្មែរ ដើរ​ធ្វើ​ព្យុះ​ភ្លៀ​ង​​បំផ្លាញ​កេរ្តិ៍​ឈ្មោះខ្មែ​រ​លើ​ឆាក​អន្តរ​ជាតិ​ទេ។

បន្ថែម​ពីនេះ​ លោក​ទាម​ទារ​ឱ្យរ​ដ្ឋាភិបាល​កម្ពុជា​ ត្រូវ​បង្ហាញ​តម្លា​ភាព និង​ភាព​ស្មោះ​ត្រង់ ហេតុ​អ្វី​ផ្តល់​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន​ខ្មែរ​ឱ្យ​ទៅ​លោក បេន ស្មី​ន និង​លោក ចេន ហ្ស៊ី ដែល​មេក្លោង​ឧក្រិដ្ឋ​កម្ម​ឆបោក​ទៅ​​វិញ។

ក្រៅពីនេះ​ទៀត លោក​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​លក់​ដូរ​អធិប​​តេយ្យ​ភាព​ជាតិ និង​កិត្តិ​យស​​ កេរ្តិ៍​ឈ្មោះ​ជាតិ​​ខ្មែរ ឱ្យ​ទៅ​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក ដែល​សហគមន៍​អន្តរ​ជាតិ ស្អប់​ខ្ពើម និង​ចោទ​ថា​ជា​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក។

លោកថា៖ «មូលហេតុដែលខ្ញុំបន្តទម្លាយរឿង លោក បេន ស្មីត គឺ​ដោយ​សារ​តែ​ករណី​នេះ​ធ្ងន់​ធ្ងរ​ជាង​ករណី​លោក ចេន ហ្ស៊ី។ គោល​បំណង​របស់​ខ្ញុំ​មាន​បី​សំខាន់ៗ ទី១ ការ​ពារ​កិតិ្តយ​ស​ជាតិ​ ខ្ញុំ​មិន​អាច​អង្គុយ​មើល​ឧក្រិដ្ឋជន​លាង​លុយ​ដែល​អាមេរិក កំពុង​តាម​រក​បែរ​ជា​មក​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​ធ្វើ​ជាទី​ប្រឹក្សា​របស់​ថ្នាក់​ដឹក​នាំ​កំពូល ដើម្បី​ធ្វើ​ព្យុះ​ភ្លៀង​ពេញ​ពិភព​លោក​នោះ​ទេ​ នេះ​គឺ​ជា​កា​រ​ប្រមាថ​ដល់​អធិប​តេយ្យភា​ព​ជាតិ​របស់​កម្ពុជា ទី២​ទាម​ទារ​តម្លា​ភាព​ខ្ញុំច​ង់​ឲ្យរ​ដ្ឋាភិបាល​បញ្ឈប់​វប្បធម៌​លាក់​បាំង បើ​រដ្ឋាភិ​បាល​ថា​ ខ្លួន​មិន​ពាក់​ព័ន្ធ ត្រូ​វតែ​ហ៊ាន​ស៊ើប​អង្កេត​ថា​តើ​នរណា​ជា​អ្នក​ចុះ​ហត្ថ​លេខា​ តែង​តាំង​មេឧក្រិដ្ឋ​ជន​រូប​នេះ​ជា​ទីប្រឹក្សា»។

យ៉ាងណា សម្រាប់លោក វណ្ណលី នៅតែជំរុញឱ្យរដ្ឋាភិបាល​ត្រូវ​បង្ហាញ​តម្លា​ភាព និង​បង្ហាញ​ឆន្ទៈ​នយោ​បាយ​ពិត​ប្រាកដ​ ក្នុង​ការ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោក ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មន្រ្តី​របស់​ខ្លួន។

លោកសង្កត់​ធ្ងន់​ថា ដើម្បីបញ្ជាក់ថា ខ្លួនមិនជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆបោក រដ្ឋាភិ​បាល​ចាំបាច់​ណាស់​ត្រូវ​ហ៊ាន​អារ​សាច់​ស្អុយ ដែល​សហគមន៍​អន្តរ​ជាតិ​បាន​បង្អុល​បង្ហាញ និង​រក​ឃើញ​ជា​ដើម​។

លោក​ថា៖ «ដើម្បីលុបបំបាត់ឧក្រិដ្ឋជនឆបោក និង​ការ​លាង​លុយ​ឲ្យមា​ន​ប្រសិទ្ធ​ភាព​ រដ្ឋាភិ​បាល​ត្រូវ​តែ​មាន​ឆន្ទៈ​នយោបា​យ​ពិត​ប្រាកដ​ តាម​រយៈ​វិធាន​ការ​យ៉ាង​ហោច​៤យ៉ាង។ ទី១​បោស​សម្អាត​ផ្ទៃ​ក្នុង​ត្រូវ​ស៊ើប​អង្កេត និង​ដាក់​ទោស​​មន្ត្រី​ជាន់​ខ្ពស់​ណា ដែល​នៅ​ពីក្រោយ​ខ្នង ឬ​ផ្តល់​ការ​ការ​ពារ​ដល់​មេខ្លោង​ឆបោក​ទាំង​នោះ បើ​មិន​ហ៊ាន​ប៉ះ​មន្រ្តី​ខ្លួ​ន​ឯង គឺ​មិ​នអាច​លុប​បំបាត់​បទ​ល្មើស​បាន​ទេ​ អត់​ទេ! ទី២ ត្រួត​ពិនិត្យ​សញ្ជាតិ​ដែល​លិខិត​ឆ្លង​ដែន​ការទូត​ឡើង​វិញ ត្រូវ​ដក​ហូត​សញ្ជាតិ​នូវ​លិខិត​ឆ្លង​ដែន​ការ​ទូត​ពី​ជន​បរទេស​ទាំង​ឡាយ​ណា​ ដែល​មាន​ប្រវត្តិ​មិន​ស្អាត​ស្អំ​ភ្លាមៗ​តែ​ម្តង»។

លើសពីនេះ លោក វណ្ណលី បង្ហោះ​សារ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​​នេះ និយាយ​ថា ការ​បក​ស្រាយ​របស់​លោក​ ប្រាក់ សុខុន ក្នុងក​រណី ចេន ហ្ស៊ី គ្រាន់​តែ​ជាកា​រ​ចាប់​ផ្តើម​នៃ​ភាព​អាម៉ាស់​របស់​រដ្ឋាភិ​បាល​ប៉ុណ្ណោះ។

លោកថា​ សំណួរ​ធំមួយ​ទៀត ដែល​រដ្ឋាភិបាលភ្នំពេញត្រូវឆ្លើយប​ន្ត​នោះ គឺ​តើ​ពួក​គេ​នឹង​ដោះ​សា​រ​យ៉ាង​ណា ចំពោះ​ករណី Ben Smith ដែល​អាជ្ញាធរ​សហរដ្ឋ​អាមេរិក តាម​រយៈ​ក្រសួង​យុត្តិ​ធម៌ និង​របាយ​ការណ៍​ស៊ើប​អង្កេត​អន្តរ​ជាតិ បាន​រក​ឃើញ​ថា ជា​មេឧក្រិដ្ឋ​ជន​លាង​លុយ​កខ្វក់​កម្រិត​ពិភព​លោក។

លោកបន្តថា អ្វីដែលគួរឱ្យរន្ធត់បំផុតនោះ គឺ​បុគ្គលដែលអាមេរិកកំណត់​មុខ​សញ្ញា​ថា ជា​មេខ្លោង​នៃ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ហិរញ្ញ​វត្ថុ​ដ៏​ស្មុគ​ស្មាញ​រូប​នេះ បែរ​ជាមា​ន​សំណាង​ទទួល​បាន​ទាំង​សញ្ជាតិ​ខ្មែរ និង​ថែម​ទាំង​កាន់​កាប់ លិខិត​ឆ្លង​ដែន​ការ​ទូត​ក​ម្ពុជា យ៉ាង​ពេញ​សិទ្ធិ​ទៀត​ផង។

សម្រាប់លោក វណ្ណលី បើរដ្ឋាភិបាលនិយាយថា រឿងលោក ចេន ហ្ស៊ី ជា​ភាព​មិន​ប្រក្រតី​នៃ​សញ្ជាតិ តើរឿង​លោក Ben Smith ដែល​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត ជា​អ្វី​វិញ។

លោកបន្តថា លិខិតឆ្លងដែនការទូត មិនមែនឱ្យតែមានសញ្ជាតិ គឺ​អាច​កាន់​បាន​នោះ​ទេ វា​ទាម​ទារ​ឱ្យ​មាន​មុខ​តំណែង​ផ្លូវ​ការ​ក្នុង​រដ្ឋាភិ​បាល ឬ​តួនាទី​តំណាង​ឱ្យ​រដ្ឋ។ ការ​ដែល​ឧក្រិដ្ឋ​ជន​លាង​លុយ​កម្រិត​អន្តរ​ជាតិ​ អាច​កាន់​លិខិត​​ឆ្លង​ដែន​ប្រភេទ​នេះ​បាន វា​បាន​បង្ហា​ញ​ថា កម្ពុជា​មិន​ត្រឹម​តែ​ផ្ដល់​ជម្រក​ដល់​ឧក្រិដ្ឋ​ជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្ដល់ «អភ័យ​ឯកសិទ្ធិ​ការ​ទូត» ដើមី្ប​ឱ្យ​ពួក​គេ​ប្រើ​ប្រាស់​សម្រាប់​សម្រួល​ដល់​សកម្ម​ភាព​ឧក្រិដ្ឋ​កម្ម និង​លាង​លុយ​កខ្វក់​នៅ​ទូទាំង​ពិភព​លោក​ទៀត​ផង។

លោកយល់ថា នេះគឺជាចំណុចស្លាប់ដែលរដ្ឋាភិបាលមិនអាចដោះ​សារ​ថា «មិន​ដឹង» ឬ «ជា​កំហុស​អចេតនា» បាន​ឡើយ ព្រោះវា​បា​ន​ពាក់​ព័ន្ធ​ផ្ទាល់​ដល់​ក្រសួង​ការ​បរទេស និង​ការ​សម្រេច​ចិត្ត​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​កំពូល។ ការ​ដែល​រង់​ចាំ​ទាល់​តែ​អាមេរិក​លាត​ត្រដាង ទើប​ចេញ​មក​បក​ស្រាយ​តាម​ក្រោយ​ បង្ហាញ​យ៉ាង​ច្បាស់​នូវ​វប្បធម៌ «អញ​មិន​ចេះ​ខុស»។

សម្រាប់លោក សេង វណ្ណលី និយាយថា យើងទាមទារឱ្យរដ្ឋាភិបាលបកស្រាយ​ឱ្យច្បាស់​ថា តើ​មាន​ឧក្រិដ្ឋ​ជន​អន្តរ​ជាតិ​ប៉ុន្មាន​នាក់​ទៀត ដែល​កំពុង​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត​ខ្មែរ ដើមី្ប​ដើរ​លាង​លុយ​ជុំ​វិញ​ពិភព​លោក។

លោក​បន្តថា បើរដ្ឋាភិបាលនៅតែបន្តដោះសារ និងមិនមានការស៊ើបអង្កេត​ផ្ទៃ​ក្នុង​ដោយ​តម្លា​ភាព​ទេ​ នោះ​មុខ​មាត់​​អធិប​តេយ្យ​ភាព​របស់​កម្ពុជា នឹង​ត្រូវ​ដុត​បំផ្លាញ​ចោល​ដោយ​សារ​តែ​ការ​លក់​ដូរ​សញ្ជាតិ និង​លិខិត​ឆ្លង​ដែន​ឱ្យ​មេឧក្រិដ្ឋ​ជន​ទាំង​នេះ ជា​មិន​ខាន​។

ចំណែក តំណាងរាស្រ្តបក្សប្រឆាំងលោក សួន សូរីដា និយាយថា ការផ្តល់សញ្ជាតិខ្មែរឱ្យក្រុ​ម​ឧក្រិដ្ឋ​ជន​ឆបោក ដូច​ជា លោក ចេន ហ្ស៊ី និង បេន ស្មីត វា​ជា​ហានិភ័យ​សម្រាប់​សង្គម​ជាតិ និងប្រជារាស្រ្តខ្មែរ។

ហានិភ័យនៅ​ត្រ​ង់ថា​ សហគមន៍​អន្តរជាតិ បន្ត​ចាត់​ទុក​ប្រទេស​កម្ពុ​ជា​ជា​ជម្រក​ឧក្រិដ្ឋ​កម្ម​ឆបោក គេមិ​ន​ហ៊ាន​មក​វិនិយោគ​ទុន​ជាដើម ហើយ​ថៃ​ក៏​យក​លេស​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ឆបោក ឈ្លាន​ពាន​កម្ពុជា​ទៀត។

ដែល​ការណ៍នេះ លោក សូរីដា យល់​ថា ជម្រើស​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​លុប​បំបាត់​អំពើ​ពុក​រលួយ​ បក្ខ​ពួក​និយម ស្តារ​ប្រជា​ធិប​តេយ្យ និង​បើក​ការ​ស៊ើប​​​អង្កេត​ស្វែង​​រ​ក​​បុគ្គល​​ពាក់​​ព័ន្ធ​​ផ្សេង​​ទៀត។

លោកថា៖ «ខ្ញុំគិតថា ការ​បោស​សំអាត ឬ​ក៏​កម្ចាត់​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​មនុស្ស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​រដ្ឋាភិ​​បាល ជាពិ​សេស​ លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ជា​អាទិ​ភាព គឺ​ជារឿ​ង​ដែល​ត្រឹម​ត្រូវ​ហើយ​ខ្ញុំ​គាំទ្រ​​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង ពីព្រោះ​ក្នុង​អំពើ​ឧក្រិដ្ឋ​កម្ម​ជួញ​ដូរ​ឆបោក​មនុស្ស​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺ​វា​ជះឥ​ទ្ធិពល​អាក្រក់​ខ្លាំង​មែន​ទែន មក​ដល់​កម្ពុជា ទាំង​មុខ​មាត់​កិត្តិ​យស​កេរ្តិ៍​ឈ្មោះរ​បស់​ប្រទេស​កម្ពុជា លើ​ឆាក​​អន្តរ​ជាតិ​ រួម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​វិស័យ​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ផង​ដែរ»។

ជុំវិញបញ្ហនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ សុំ​មិន​ធ្វើកា​រ​ឆ្លើយ​តប​ចំពោះ​សំណួរ វីអូឌី ទេ ដោយ​លោក​ជំរុញ​ឱ្យ​ទៅសួ​រ​អ្នក​នាំពា​ក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា ដែល​វីអូឌី​មិន​អាច​ទាក់​ទង​បាន​គិត​ត្រឹម​ម៉ោង​​ផ្សាយ​នេះ ។

ដោយ​ឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា គាំទ្រ​វិធាន​ការ​ចាប់​ខ្លួន​បុគ្គល​ពាក់​ព័ន្ធ​ដែល​គិត​គប់​គ្នា​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ឧក្រិដ្ឋ​ជន​​ឆបោក​ ដែល​អន្តរ​ជាតិ​កំពុង​តាម​ប្រមាញ់​ចាប់​ខ្លួន។

លោក​បន្ត​ថា វាល្មមដល់ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បង្រ្កាប លុប​បំបាត់ ឬ​បោស​ស្អាត​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​ហើយ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ឡើង​វិញ។

លោកថា៖ «ដើម្បីជម្រះរឿងហ្នឹងកុំឲ្យមានមន្ទិលសង្ស័យ យើងថាគួរតែ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លា​ភាព​កុំ​ឲ្យ​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​អំពើ​ពុក​រលួយ កុំ​ឲ្យ​មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​រឿង​បក្ខ​ពួក​និយម​ ហើយ​យក​ច្បាប់​មក​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ឲ្យ​បាន​ខ្ជាប់​ខ្ចួន​​ហើយ បើសិ​នជា​​យើង​រក​ឃើញ​យើង​ត្រូវ​តែ​រក​ឫស​គល់ ត្រូវ​តែ​មាន​វិធាន​ការ​ឲ្យ​ដល់​ឫស​គល់​​នេះ មាន​ន័យ​ថា ដល់​ឫស​គល់​ ខ្ញុំ​ចង់​និយាយ​ថា អ្នក​ដែល​ជាប់​មាន​ការ​ពាក់​ព័ន្ធ​ទោះ​បី​អ្នក​​នោះមា​ន​ខ្សែ​មាន​អំណាច​​មាន​អី​ប៉ុណ្ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ប្រឈម​ទៅ​នឹង​ការ​ទទួល​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​និង​​អាច​ធ្វើការ​ស៊ើប​អង្កេត​​ទៅ​លើ​អ្វី​ដែល​គេ​បាន​ចង្អុល​បង្ហាញ​កន្លង​មក​មួយ​ចំនួន​នោះ បាន​តម្លា​ភាព​បំផុត ដើម្បី​ធ្វើ​ឲ្យ​មា​ន​ជំនឿ​ទុក​ចិត្ត​ពី​បណ្ដា​ប្រទេស​ជា​ដៃ​គូ​ផង​ដែរ»។

កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥ សារព័ត៌មាន Thai PBS និង The Nation ចុះ​ផ្សាយ​​ថា តុលាការ​​​ថៃ​​បាន​​សហការ​​ជា​មួយ​​​ការិ​​យា​​ល័យ​​ប្រឆាំង​​​ការ​​លាង​​លុយ​​កខ្វក់ ចេញ​​ដីកា​​ចាប់​​ខ្លួន​ ឈ្មោះ យឹម លក្ខណ៍ និង​ភរិយា​​ជា​​ជន​​ជាតិ​​ថៃ បាន​​គប់​​គិត​​ជាមួយ​ លោក បេន ស្មីត រ​ក​​ស៊ី​​ឆបោក និង​​លាង​​លុយ​​កខ្វក់ ប្រតិ​បត្តិ​​ការ​​ឆ្លង​​ដែន​​ក្នុង​​ប្រទេស​​ថៃ។

ប្រភពនិយាយ​ថា លោក បេន ស្មីត កាន់​លិខិត​ឆ្លង​​ដែន​​ការ​​ទូត​​កម្ពុជា រ​ក​​​ស៊ី​​ឆបោក ដែល​សហរដ្ឋ​អាមេ​រិក​តាម​ប្រមាញ់​​ចាប់​​ខ្លួន ឥឡូវ​​បាន​គប់​គិត​ជាមួយ​ លោក យឹម លក្ខណ៍ ជា​ប្រធាន​​ក្រុម​ហ៊ុន B.I.C និង​​ជា​​ទីប្រឹក្សា​​លោក ហ៊ុន​ សែន កំពុង​ធ្វើអា​ជីវកម្ម​រក​ស៊ីឆ​បោក និង​លាង​លុយ​កខ្វក់។

ប្រភពបញ្ជាក់ថា លោក បេន ស្មីត គឺជាមេខ្លោងឧក្រិដ្ឋ​កម្ម​ឆបោក បាន​​បង្កើត​​មជ្ឈ​​មណ្ឌល​ ​Call Centre (ឆបោក​​តាម​​អន​​ឡាញ) ដែល​​មាន​​សញ្ជាតិ​​ខ្មែរ អាហ្វ្រីក​​ខាង​​ត្បូង បាន​​ប្រព្រឹត្តិ​​បទ​​ល្មើស​​ឆបោក និង​​លាង​​លុយ បង្ក​​ផល​​ប៉ះ​​ពាល់​​ដល់​​សន្តិសុខ​​ក្នុង​​តំបន់ និ​ង​ពិ​ភព​​លោក​​ផង​​ដែរ។

កាលពីថ្ងៃទី៣០ ខែ​មេសា ឆ្នាំ​២០២៤ ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះ​រាជ​​ក្រឹត្យ​​ត្រាស់​​បង្គាប់​ តែង​​តាំង​​ លោក យឹម លក្ខណ៍ និង​​លោក បេន ស្មីត ជាទី​ប្រឹក្សា​​ផ្ទាល់​​លោក ហ៊ុន សែន ប្រធាន​​ព្រឹទ្ធ​​សភា​​កម្ពុជា ខណៈ​លោក បេន ស្មីត បាន​កាន់​លិខិត​ឆ្លងដែន​ប្រភេទ​ការទូត​របស់​​កម្ពុជាថែមទៀត។

បើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ព្រះមហាក្សត្រខ្មែរ បាន​ត្រាស់​បង្គាប់​ផ្តល់​សញ្ជាតិ​ខ្មែរ តាម​សញ្ជា​តូប​នីយ​ក​ម្ម​ដល់​លោក ចេន ហ្ស៊ី (Chen Zhi) ជាជ​នជា​តិ​ចិន សញ្ជាតិ​ចិន កើត​ថ្ងៃ​ទី​១៦ខែធ្នូ ឆ្នាំ​១៩៨៧ នៅ​ខេត្ត​ហ្វចៀន សាធារណរដ្ឋ​ប្រជាមានិត​ចិន។

បន្ទាប់មក លោក ចេន ហ្ស៊ី បាន​ទទួល​គោរមងារ​ជា ឧកញ៉ា កាល​​ពី​ថ្ងៃ​ទី​១១ ខែ​​កុម្ភៈ ឆ្នាំ​២០១៦ មុន​នឹង​ត្រូវ​​បាន​ដំឡើង​​គោរម​ងារ​​ជា​​អ្នក​​ឧកញ៉ា នៅ​ឆ្នាំ​២០២០។

បន្ទាប់​ពី​ទទួលបានយសខ្ពស់លំដាប់ទី២ នៅក្នុងគោរមងារ​ឧកញ៉ា​ហើយ​នោះ លោក ចេន ហ្ស៊ី ត្រូវ​បាន​ព្រះ​មហា​ក្សត្រ ត្រាស់​បង្គាប់​តែង​តាំង ជា​ទីប្រឹក្សា មេដឹកនាំកំពូលនៅកម្ពុជា នៅ​ឆ្នាំ​២០១៩ ជា​ទី​ប្រឹក្សារបស់​អតីត​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន និង​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០២០ តាម​សំណើរ​របស់​លោក ហ៊ុន សែន។

យ៉ាងណា នៅថ្ងៃទី១៤ ខែ​តុលា ឆ្នាំ២០២៥ រដ្ឋាភិបាល​ចក្រ​ភព​អង់​គ្លេស បាន​ប្រកាស​ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ​​របស់​មហា​សេដ្ឋី លោក ចេន ហ្ស៊ី ពាក់​ព័ន្ធ​នឹង​ការ​បើក​ទីតាំង​ឆបោក​អន​ឡាញ​ជា​ច្រើន​កន្លែង​ នៅ​ក្នុង​ប្រទេស​​កម្ពុជា ហើយ​បាន​លួច​លុយ​ពី​ពលរដ្ឋ​ស្លូត​ត្រង់​ចក្រ​ភព​អង់​គ្លេស និង​ជាប់​ពាក់​ព័ន្ធ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ធ្វើ​ទារុណ​កម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ