អ្នកឃ្លាំមើល​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​បង្កើន​​ការ​​​​យក​​ចិត្ត​​​ទុ​កដាក់​​​​លើ​​ជីវភាព​​កង​ទ័ព​ដែល​​កំពុង​​ជួប​ការ​លំបាក​

បន្ទាប់​ពី​សង្គ្រាម​ឈ្លានពា​ន​​យ៉ាង​កំរោល​​​របស់​​ថៃ​​ចំនួន​​២លើក​​មក​នេះ ​បាន​​លាត​ត្រដាង​​ឱ្យ​​ ​ឃើញ​​​ច្បាស់​ថា កង​ទ័ព​ជួរ​​មុខ​កម្ពុជា​​ និង​គ្រួសារ​របស់​​ពួក​​គាត់ ​​ពិត​ជា​​មាន​​ការ​​ខ្វះ​​ខាត​​និង​​មាន​​ជីវភាព​ក្រលំ​បាក​​ខ្លាំង​ណាស់។

តាម​រយៈ​បណ្តាញ​សង្គមមិ​ន​​​ថាគ្រួ​សារ​​កង​ទ័ព​​ដែល​​ពលី និង​​កង​​ទ័ព​​​ដែល​​កំពុង​​សម្រាក​​ព្យា​បាល​មុខ​របួស​​​​​នៅ​​តាម​​មន្ទីរ​ពេទ្យ​​នានា​​នោះ​ទេ សូម្បី​​កង​​ទ័ព​ដែល​​កំពុង​​ឈរ​​ជើង​នៅជួ​រ​​មុខ​ ក៏​​ឃើញ​​​តែ​បង្ហោះ​​សារ​​ព្រោង​​ព្រាត​​ជាមួយ​​រូប​ថត និង​វីដេអូ​​លើក​ដៃ​​សំពះ​​សុំ​​ជំនួយ​ពីសប្បុរស​​ជនដើម្បី​​បាន​​ជា​ស្បៀង​​អាហារ​​ជា​​​ប្រាក់​ព្យា​បាល​​​របួស ​​និង​​ស្រោច​​ស្រង់​​​ជីវភាព​​ដែល​​កំពុង​​ខ្វះ​​ខាត​យ៉ាង​ខ្លាំង ខណៈ​​​រដ្ឋា​ភិបាល​​ហាក់​ដូច​​នៅ​​ស្ងៀម​​មិន​​ឃើញ​​បញ្ចេញ​កញ្ចប់​​ថវិកា​​ជាតិ ​ជួយ​​​ដល់​កង​ទ័ព​​និង​គ្រួសារ​​កង​ទ័ព​​ដែល​​ខ្វះ​ខាត​ទាំងនោះ​ឡើយ​។ ​

បើតាម​មន្ត្រីកងទ័ព​ជើងគោក​ម្នាក់ និង​ទាហាន​ជួរមុខ​មួយ​ចំនួន ​​ដែល​​បដិ​សេធ​ប្រាប់​ឈ្មោះ​​អះ​អាង​​​ថា ​បច្ចុប្បន្ន​​​ពល​ទាហាន​ម្នាក់​​​ទទួល​បាន​​ប្រាក់​ខែ​តែ​​ត្រឹម​​​ពី ​១​លាន​​​៣សែន​​រៀល​​ឡើង ​ខណៈ​​​ប្រពន្ធ​​​ទាហាន​​ទទួល​​បាន ​១ម៉ឺន​រៀល ​និង​កូនម្នាក់​​ទទួលបាន ​១៥ ០០០​​រៀល​។

ប្រភពទាំង​នេះ ​អះអាង​​ថា ចំណែក​​របប​អាហារ​សម្រាប់​កងទ័ពជួរមុខ ​​កាល​ពីពេល​កន្លង​​មក​ក្នុង​​១​ថ្ងៃ​​កងទ័ពម្នាក់​​​​​​ទទួល​បាន​តែ​៤ពាន់​​រៀល​ ​ដល់​​ពេល​ថៃ​​បើក​ការ​ឈ្លាន​​​ពានកម្ពុជា ​កាល​ពី​ខែ​​កក្កដា ​​ឆ្នាំ​២០២៥ ​ទើប​​​លោក​នាយក​រដ្ឋមន្ត្រី​​បាន​​បន្ថែម​ឱ្យ​​៣​ពាន់​រៀល​​ទៀត​​។

បើតាម​ប្រភពដដែល​​ កង​ទ័ព​សុទ្ធ​តែ​យក​អាយុ​ជីវិត​យកសាច់ស្រស់​​ឈាមស្រស់ ​​ទៅការ​ពារ​ជាតិ​​ការ​ពារ​ទឹក​ដី មិន​អាច​​ឆ្លៀត​ទៅ​ប្រកប​មុខរបរអ្វី​ផ្សេង ឬទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង​ ដើម្បី​​រក​ប្រាក់​​ចំណូល​​បន្ថែម​​បាន​​ឡើយ​ ខណៈ​​ប្រាក់​​ខែ​មាន​​ចំនួន​​តិច ​ទើប​កង​​ទ័ព​​និង​​​គ្រួសារ​​កង​​ទ័ព​​​សុទ្ធ​​តែ​​រស់​នៅ​​ក្នុង​​ជីវភាពក្រីក្រ​តោកយ៉ាក​យ៉ាង​លំបាក​បំផុត​។ ពួក​គេ​​បាន​​អំពាវ​នា​វ​​​ឱ្យ​​ក្រសួង​​ការ​ពារ​​ជាតិ ​ក៏ដូច​ជារដ្ឋាភិបាល​​យក​ចិត្តទុកដាក់​​គិតគូបង្កើន​ប្រាក់​ខែ​​ដល់កងទ័ព​ ឱ្យ​បាន​​ប្រសើរ​​​ជាង​​នេះ ​ទើ​បពួកគេអាចមាន​ជីវភាព​ប្រសើ​រ​ឡើង​ជាងបច្ចុប្បន្ន។

ជុំ​វិញ​បញ្ហា​នេះ ​លោក ​ម៉ែន ណាត ​ប្រធានក្រុមប្រឹក្សា​ឃ្លាំមើល​​កម្ពុជា​ ​ថ្លែងថា បើ​​និយាយ​ពី​ស្ថាន​ភាព​​របស់​​ទាហាន​​ជួរ​​មុខ ​កម្ពុជា​​​វាពិត​ជារឿង​ដែល​គួរ​ឱ្យ​សង្វេគខ្លាំង​ណាស់ ដូច​ដែល​យើង​​បាន​​មើល​ឃើញ​​ទាំង​អស់គ្នា​ ​តាម​រយៈ​ការ​ផូស​សុំ​​ជំនួយ​របស់​ពួកគាត់ ពីសប្បុរសជន ​​សុំ​តាំងពីគ្រឿង​​ហូប​ចុក ​និង​សម្ភារ​ប្រើ​ប្រាស់​ជាដើម។ ចំពោះ​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​​របស់​​កង​ទ័ព​រហូត​​ដល់​ពួកគាត់​ដាច់​ចិត្ត​លើក​ដៃ​សុំ​​ជំនួយ​​ពីសប្បុរសជន​នេះ​​ វាហាក់​ដូច​ជា​បង្ហាញ​​ថា ក្រសួង​​​​ការ​ពារ​​ជាតិ ​និង​​រដ្ឋាភិបាល ​មិន​សូវ​បាន​យក​ចិត្ត​ទុកដាក់​ឱ្យ​​បាន​​​ដិត​ដល់​ ​លើ​ការរស់​នៅ​ និង​​សុខ​ទុក្ខ​​របស់​​កង​ទ័ព​ជួរ​មុខ​ នោះទេ។

លោកថា៖ «បញ្ហា​ទាហាន​ជួរមុខគាត់​ខ្វះខាត ដូច​យើង​រៀប​រាប់​ ​វាពាក់​ព័ន្ធ​ទី​១ រដ្ឋាភិបាល​កម្ពុជា​​​របស់​ ​លោក ​ហ៊ុន សែន ​រហូត​​ដល់​​លោក ​ហ៊ុន ម៉ាណែត ​ហ្នឹង​​៣០-៤០​​ឆ្នាំ​​មក​​​នេះ គឺ​​អត់​​បាន​​យក​​ចិត្ត​​ទុក​ដាក់​​ពង្រឹង​ទាំង​សមត្ថ​ភាព​​ក​ង​ទ័ព ​ហើយ​​អ​ត់​បាន​យក​ចិត្តទុកដាក់​ទាំង​ពង្រឹង​សម្ភារ​យោធា ​ឬក៏ធ្វើ​ទំនើបកម្ម​សម្ភារយោធា​​ឱ្យ​ពិត​ប្រាកដទេ ​អាហ្នឹង​ទី​១។ ទី២​មាន​ការ​ប្រព្រឹត្ត​​អំពើ​​ពុក​​រលួយ​ជាប្រព័ន្ធ ​នៅក្នុង​ជួរយោធា​ ហើយ​អត់​ទាន់​ឃើញមាន​ការ​ដាក់​​ទោស​​ទណ្ឌ​​ដល់​មន្ត្រី​យោធា​ណា ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹងអំពើ​ពុក​រលួយ​ ​គប់គិត​សូក​ប៉ាន់​នឹង​​ឱ្យ​ជាក់​​លាក់​ច្បាស់​លាស់​នៅឡើយ​ទេ»​។

ចំណែក​ចំណុច​​ទី៣ លោក ​ម៉ែន ណាត ​បាន​អះអាងថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ការ​តែងតាំង​​ ឬការរើសទាហានបញ្ជូនទាហាន​​ទៅ​ច្បាំងកន្លងទៅ ​គឺកើតមាន​​​អំពើ​ពុក​​រលួយ​ឧទាហរណ៍​​ដូច​ជា អង្គភាពខ្លះ​ ​ទាហាន​​មាន​ឈ្មោះ​​ក្នុង​​បញ្ជី​​បើក​ប្រាក់​ខែ ​៥០​០​នាក់ ​ដល់​​ពេល​ប្រមូល​​​ទាហាន​ទៅ​ច្បាំង​​ពិតប្រាក​ដ ​បាន​តែ​ជាង​២០០ ​ឬ៣០០​នាក់​​ទេ ​គឺ​បាត់​ជិត​ពាក់​កណ្តាល​។ លោក​បន្តថា រដ្ឋាភិបាល​គួរ​លុប​បំបាត់​ទាហានខ្មោច ​ហើយ​យក​​ប្រាក់​​ខែ​​ដែល​​បើក​​ឱ្យ​ទាហាន​​ខ្មោច​ទាំង​​នោះ​ ​​ទៅ​បន្ថែម​ឱ្យ​កង​ទ័ពពិតប្រាកដ​ដែល​យក​អាយុជីវិត​ទៅ​ច្បាំងការពារ​ទឹកដី​។

លោក​បន្តថា បើ​ក្រឡេកមក​មើលក្រុមគ្រួសារ​កងទ័ព​​​នៅ​ខាងក្រោយ​វិញ ​​ខ្វះ​​មុខ​​ខ្វះ​ក្រោ​យ​មាន​​តាំង​ពីជំ​ពាក់​​បំណុល​​​ធនាគារ​ មាន​តាំងពីពួកក្រុម​ឧកញ៉ា​ឆបោក​​រឹបអូសទ្រព្យ​​សម្បត្តិ ​ឬក៏​ទិញ​​ផ្ទះ​​​ហើយ​​មិន​ត្រូវ​បាន​​ឧកញ៉ា​​សង់​​ផ្ទះ​ឱ្យ ដូច​​​មាន​ឧទាហរណ៍​ថ្មីៗ​នេះ​។ នៅ​​មុន​ពេលមាន​​សង្គ្រាម​​នៅ​ម្តុំ​​ព្រះ​វិហារ ​ម្តុំ​ឧត្តរមានជ័យ និង​​បន្ទាយ​មាន​ជ័យ គឺ​មានករណី​ពួក​ឧកញ៉ា​​ពួក​​អ្នក​មាន​​ទ្រព្យ​​ទៅ​ឆក់​​ប្លន់​ដីធ្លី​រឹប​​អូសផ្ទះសំបែង​​របស់​​គ្រួសារ​ទាហាន​ទៅ​ទៀត​។

លោកថា«ដល់​ពេល​មាន​សង្គ្រាម​រាំងជល់​កើតឡើង​ គឺឱ្យ​ពួកគាត់​ហ្នឹង​ទៅ​តស៊ូ​ប្រឆាំង​ច្បាំងជាមួយ​សៀម​ទាំងក្រីទាំងក្រ​ទាំ​ខ្វះខាត។ ខ្វះខាត​ហើយ​ប្រាក់ខែ​របស់​គាត់​ត្រូវបាន​គេកាត់​ចូលនេះចូនោះ ​១០-២០-៣០ភាគរយពីលើប្រាក់​ខែរបស់គាត់​បាន​មែន​ទែន ​តែ៦ទៅ ៧០​ភាគ​រយទេ។ ២០-៣០​ភាគ​រយ ​ត្រូវគេកាត់​ចូលណបក្ស​ប្រជាជនទៅ​គេកាត់​ចូល​ថវិកាកងទ័ព​ផ្តេស​​ផ្តាស​ចឹងទៅ​ ធ្វើឱ្យ​ជីវភាព​ពួកគាត់​កំពុងតែខ្វះខាផង​ ហើយ​គេកាត់នេះកាត់នោះទៀត ​អាហ្នឹង​ជារឿង​ប្រឈម​ខណៈ​រដ្ឋាភិបាល​ច្រើតែនិយាយចោល​អត់​ធ្វើ»។

លោក ​មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់​ថ្មី​​ដែល​ជាអតី​ត​ទាហាន​​ប៉ារ៉ា​របស់​​លោក​តា សឺន សាន ដែល​​​តែង​តែធ្វើដំណើរ​ទៅ​ជួប​កងទ័ព​​ជួរមុខ​ញឹកញាប់​ ​កាលពី​​មិនទាន់​​ផ្ទុះ​​សង្គ្រាម​ មិន​​ចង់​និយាយ​​ស៊ីជម្រៅ​​ទាក់​ទង​ទៅ​​នឹង​ស្ថាន​ភាព​​​​របស់​​កងទ័ព​កម្ពុជា​នោះ​ទេ ដោយ​​លោក​ថា ​វា​​ទាក់​​ទង​​​ទៅ​នឹងការ​សម្ងាត់​​របស់​​កង​ទ័ព​។

ប៉ុន្តែ​ទោះ​​យ៉ាង​ណា​ លោក​​​លើកឡើង​​ថា​ ឆ្លងកាត់​​សង្គ្រាម​លើក​​ទី​​​១​​​រយៈ​ពេល​​៥​ថ្ងៃ កាល​ពី​ខែ​កក្កដា ​និង​​សង្គ្រាម​​រយៈ​​ពេល​​២១​ថ្ងៃ ​កាលពីខែ​ធ្នូ ​ឆ្នាំ​​២០២៥ ​អ្វីដែ​ល​​លោក​​បាន​​មើល​​ឃើញ​ជាក់​​ស្តែង​ ​គឺ​​​វា​មាន​​ភាព​ចាំ​បាច់​​​ណាស់​​ដែល​​រដ្ឋាភិ​បា​ល​​កម្ពុជា​ ត្រូវ​​ធ្វើ​​ទំនើប​កម្ម​​វិស័យ​​ការ​ពារ​ជាតិ។ ធ្វើទំ​នើប​កម្ម​​ដើម្បី​​​ឱ្យក​ងទ័​ព​​​កម្ពុជា​​​ខ្លាំង​​​​ រឹង​មាំ ឯក​រាជ្យ​ ​ជាក​ងទ័​ព​​របស់​ជាតិ មាន​​ជំនាញ​ឆ្លង​កាត់​ការ​រៀន​​សូត្រ​ហ្វឹក​ហ្វឺន​​​ពីសា​លា​​​​​មាន​វិន័យ មាន​សេចក្តីថ្លៃថ្នូរ មាន​សមត្ថភាព​ អាច​​ការពារ​ជាតិ ​ការពារអធិបតេយ្យភាព​​បូរណ​ភាព​​​ទឹក​ដី​​បាន​​គង់វង្ស។

បន្ថែមពីនេះ ​លោក​ថា កងទ័ព​ត្រូវ​តែ​រស់នៅ​ក្នុង​កម្រិត​ជីវភាព​សមរម្យ​​ ទទួល​​បាន​​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ មាន​​ជីវ​ជាតិ​​នៅ​​​តាម​​អង្គ​ភាព​​របស់​​ពួក​គេ​ មាន​​ឯក​សណ្ឋាន​​​​មាន​សព្វា​​វុធ​ទំនើប​ប្រើ​ប្រាស់​​គ្រប់​​គ្រាន់​​​​ទៅ​​តាម​​ស្តង់​ដាក​ង​ទ័​ព​​​ជួរ​​​មុខ​។

ជាងនេះទៅ​ទៀត លោក ​សុវណ្ណារ៉ា ថា ​កង​ទ័ព​ត្រូវមាន​ប្រាក់​ខែ​សមរម្យ ដើម្បី​​អាច​​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​​ឱ្យ​​បាន​​ល្អ​​ប្រសើរ។​​ បន្ថែម​ពី​នេះ​ ក្រសួង​​អប់រំ ត្រូវ​​រ៉ាប់​រងទាំ​ង​​ស្រុង​​លើ​​ការ​សិក្សា​​រៀន​​សូត្រ​​ប្រកប​​ដោយ​​គុណ​ភាព​ ដល់​​កូន​ៗរ​បស់​​​វីរកង​ទ័ព ហើយ​​ក្រសួង​​សុខាភិបាល​ ​​ក៏ត្រូ​វ​រ៉ាប់​​រង​ទាំង​​ស្រុង ​ក្នុង​ការ​​ព្យា​បាល​​ដល់​កងទ័ពនិង​កូន​ប្រពន្ធ​កង​ទ័ព ​ដោយ​​មិន​​គិតថ្លៃផងដែរ។

លោកថា៖ «អាហ្នឹង​​ហើយ​​ដែល​​ធ្វើ​ឱ្យ​​​កង​ទ័ព​​មិន​​មាន​​បញ្ហា​សតិ​អារម្មរណ៍ ហើយ​កត្តា​ជីវភាព​ល្អ​ប្រសើរ​ទៅ​​មាន​​សេច​ក្តី​​ថ្លៃថ្នូ​រ​ ​យើង​​អត់​​ចង់​​ឃើញ​​កង​ទ័ព​​ជាក​ងទ័​ព​​ដែល​​មើល​​ឃើញ​​ថា ចង់​​បាន​​ទាន​​ចង់​​បាន​​ជំនួយ​​ពីសប្បុរសជនទេ ក៏ប៉ុន្តែ​យើង​ក៏​អត់​ឃាត់​សប្បុរសជន​​ផ្នែកមនុស្ស​ធម៌​ទៅ​​ជួយ​​កង​ទ័ព​​បាន​​ដែរ។ ប៉ុន្តែ​យើង​​មាន​ជាអង្គភាព​​​ជាស្ថាប័ន​ ហើយ​​មាន​​តម្លា​ភាព​គណនេយ្យ​ភាព​ ក្នុង​ការ​​ដែល​គេមាន​ជំនឿជឿជាក់​​​ជួយ​ទៅ​ដល់​កង​ទ័ព តាម​​រយៈ​សេនា​ធិការ​ក្រសួង​​ការ​ពារ​​ជាតិ​ ឬក៏​តាម​​​​អង្គភាព​នៅ​សមរភូមិមុខ។ ប៉ុន្តែ​កុំ​ឱ្យមាន​អំពើ​ពុក​រលួយ​ត្រូវ​ចាត់​តាំង​​ឱ្យមាន​តម្លាភាព​ គណ​នេយ្យភាព ​អាហ្នឹង​ជាការរឹងមាំលើកទឹកចិត្តកងទ័ព​»

វីអូឌី​ មិន​អាច​ទាក់​ទង​អ្នកស្រី ម៉ាលី សុជាតា ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថា​ធិ​​ប្បាយ​​លើ​​​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃទី​២១ខែ​មករា​នេះ។

ប៉ុន្តែនៅ​ក្នុ​ង​​សារ​​របស់​​លោក​​នាយក​​រដ្ឋ​​មន្ត្រី ​ហ៊ុន ម៉ាណែត​ កាល​​ពី​ថ្ងៃ​ទី​​១៣ខែម​ករា​ បាន​​បញ្ជាក់​​ថា​ នៅ​​ចំពោះមុខ​ស្ថា​ន​ភា​ព​​ដ៏​លំបាក​​ក្នុង​​ពេល​បច្ចុប្បន្ន​​នេះ ប្រជាជាតិ​ខ្មែរ​មានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយ​នឹង​ការប្តេជ្ញាចិត្ត​រួម​​របស់ជាតិ ដើម្បីពង្រឹងសក្តានុ​​ពលជាតិ​លើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្ម​ទាំង​ឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យ​ជាតិ​ចុះ​ខ្សោយ។

ដើម្បីឱ្យ​កម្ពុជា​មាន​ធនធាន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​ការ​ពារ​ជាតិ ​​លោក ឱក សេរី​សោភ័គ​អ្នក​​ជំនាញ​​ផ្នែក​​​អភិបាល​​​កិច្ច ​បាន​ថ្លែងនៅក្នុង​កិច្ច​ពិភា​ក្សា​​មួយ​កាលពីពេល​ថ្មីៗ ​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ធ្វើ​កំណែទម្រង់ស៊ី​ជម្រៅ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ខ្លាំង។ លោក​លើកឡើង​ថា នៅ​​ពេល​ដែល​​ថៃ​បាន​ធ្វើ​ការ​វាយ​​ប្រហារ​​មក​លើ​​កម្ពុជា​​ជាបន្តបន្ទាប់ ​វាគឺ​​​ជាសារ​ដែល​​ប្រាប់​​មក​កម្ពុជា​ថា ​មិន​​អាច​​នៅ​ខ្សោយ​ដូច្នេះ​​តទៅ​ទៀត​បានទេ​។ កម្ពុជា​​មិន​អាច​មាន​ត្រឹម​​គ្រាន់​​តែ​ការ​​​អភិ​វឌ្ឍ​​ធម្មតា​​​ ហើយ​​មិន​អភិវឌ្ឍន៍​លើ​​មធ្យោបា​យ​​ដើម្បី​ការ​​ពារ​ខ្លួន​នោះទេ​។

លោក​ សេរី​សុភ័គ ​​បញ្ជាក់​​ថា ជាកា​រ​​ពិត​​កម្ពុជា​មិន​​ចង់​​ទៅ​​​វ៉ៃ​អ្នក​ណា​ ដើម្បី​​ពង្រីក​​ទឹក​ដីនោះ​ទេ​ ក៏​​ប៉ុន្តែ​​ទោះ​​យ៉ាង​ណា​ កម្ពុជា​ត្រូវការមធ្យោបាយ ​​ត្រូវការ​ធនធានមនុស្ស ​ត្រូវ​ការ​អាវុធ​យុទ្ធ​ភណ្ឌ​​ទំនើប ​ដើម្បី​​ទុក​​ការ​ពារ​​បូរណ​ភាព​​ទឹក​ដី​​របស់​​ខ្លួន ​​ហើយ​​ទាំង​​អស់​​នេះ ​សុទ្ធ​​តែ​​ត្រូវ​ការ​លុយ​​ ហេតុ​​ដូច្នេះ​​កម្ពុជា​មាន​​ភាព​​ចាំបាច់​​ត្រូវ​​ធ្វើ​​កំណែ​ទម្រង់ស៊ី​ជម្រៅ​​ពិត​​ប្រាកដ​។

លោកថា៖ «ធ្វើសង្គ្រាមនៅថៃនឹង​​ធ្វើឱ្យ​យើង​​បើក​ភ្នែក​​ថា យើង​លែងអាចនៅ​​ទន់ខ្សោយ​​បាន​ហើយ ​បើសិន​ជាយើង​ចង់ការពារខ្លួន​។ ការឱ្យ​យើង​រឹងប៉ឹងបាន​ ទាល់​តែយើងមាន​​មធ្យោបាយ​ មាន​​មធ្យោ​បាយ​​​​​​បាន ​ទាល់​តែយើង​ធ្វើកំណែ​ទម្រង់​ស៊ីជម្រៅ​ បាន​វាបាន​លុយ​នឹងម៉ោ យើង​កាត់​​អ្វីៗ​ដែល​​ជា​​អត់​​ប្រយោជន៍​។ មិនគ្រាន់​​​តែ​អត់​​ប្រយោជន៍​ទេ ​ខ្ជះ​ខ្ជាយ​​ទៅ​​​ទៀត​ ហើយ​​អា​មន្ត្រី​​ច្រើន​​មន្ត្រី​​ប៉ោង​​ក្រសួង​ ​ច្រើន​ក្រសួង​​ដែល​​អត់​បាន​ការ​ ហើយ​​យក​​​តែលុយព​ន្ធ​​របស់​​ប្រជា​ពល​រដ្ឋ​ ​អាហ្នឹង​​ហើយ​​ដែល​​ត្រូវ​​កាត់។ ដូច្នេះ​សង្គ្រាម​ធ្វើ​​​ឱ្យ​​យើង​​​ភ្លឺ​​ភ្នែក​ថាកំ​ណែ​ទម្រង់​ហ្នឹង​​ចាំបាច់​​មិន​​អាច​​ប្រកែក​បាន​​ទេ»។

សម្រាប់​លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យនិងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្ត​នយោ​បាយបាន​​សរសេរ​​នៅ​លើ​​​បណ្តាញ​​​សង្គម​​របស់​​លោក កាល​​ពី​​​ថ្ងៃ​ទី​១៧ខែ​មករា ដោយ​ធ្វើ​​ការ​ប្រៀប​​ធៀប​​ថា ​​នៅក្នុ​ងហ្វូ​ងស​ត្វ​ខ្លា​ មិន​ហ៊ាន​ស៊ីស​ត្វ​ចចក​​ទេ តែ​ខ្លាហ៊ា​ន​ស៊ីដ​ល់​ដំរី ដោយ​សារ​ដំរី​ខ្សោយ។ ​ចំណែក​​​នៅក្នុ​ងស​ង្គម​មនុស្ស បើ​អ្នក​មិន​ខ្លាំង​ត្រូវ​គេជា​ន់​ហើយ សូម​​កុំ​​ធ្វើ​ជាអ្ន​ក​កំសត់​សុំក្តី​មេត្តា។ នៅ​ក្នុង​នយោបាយ​បើ​រដ្ឋ​មួយ​មិន​ខ្លាំង រ​ដ្ឋនោះ​ក៏​គ្មាន​មិត្ត​ល្អដែ​រ បើ​រដ្ឋមួ​យ​មិន​ខ្លាំង រដ្ឋ​នោះ​ក៏ត្រូ​វ​គេយ​ក​ទឹក​ដី​​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ