ជនភៀសសឹកនៅបឹងត្រកួន​​ឱ្យ​រដ្ឋ​ដោះ​​ស្រាយ​​បញ្ហា​​ផ្ទះ​​សម្បែង​​​និង​​មុខ​របរ​ដោយ​ថា​កំពុង​ជួប​​វិបត្តិ​ជីវភាព

ជន​ភៀស​សឹក​តំបន់​បឹង​ត្រកួន ខេត្ត​បន្ទាយ​មាន​ជ័យ បាន​និយាយ​នៅ​ថ្ងៃពុ​ធ​នេះ​ថា ការ​ស្នាក់​នៅ​​ក្នុង​ជំរំ​ជិត​​ពីរ​​ខែ​មក​នេះ ពួក​​​គេ​ប្រឈម​ធ្ងន់​ធ្ង​រ​ទៅ​​នឹង​​បញ្ហា​ជីវភាព និង​ផ្លូវ​ចិត្ត ក្រោយ​រង​កា​​រគំរាម​កំហែ​​ង​ពី​ការ​ឈ្លា​ន​​ពាន​​របស់​​យោ​​ធា​​ថៃ។

ការណ៍នេះ ពួកគេ​ទាមទា​រឱ្យ​រ​ដ្ឋាភិបាល​ពន្លឿន​យន្ត​ការ​ដោះ​ស្រាយ​ផ្ដល់​ជា​ដី ផ្ទះ​ស​​ម្បែង និង​​មុខ​​​របរ​ ដើម្បី​​ឱ្យពួ​​ក​គេ​អា​ច​​រើ​​ខ្លួន​​ពី​វិបត្តិ​ធ្ងន់​ធ្ងរ​មិន​ធ្លាប់​កើត​មាន ចាប់​ពី​ដឹង​ក្តី​មក​នេះ។

​ការទាមទារជាថ្មីទៀតពីសំណាក់ជនភៀស​សឹកនេះ បន្ទាប់​ពី​មាន​ការ​អះ​អាង​ពី​ពលរដ្ឋ​​តំបន់​​បឹង​​ត្រកួន​​​ថាយោថៃ​បាន​​ព័ទ្ធ​​យក​​ផ្ទះ​​​ពលរដ្ឋ​​ខ្មែរ​​ចំនួន​​​៤​​ភូមិ រួម​​​មាន​ ​ភូមិ​បន្ទាយ​​មាន​​​ឫទ្ធិ​ ភូមិ​ផ្លូវ​​​បំបែក ភូមិ​​ត្រពាំង​សំរោង និង​​ភូមិ​​សាមគ្គី  ក្នុង​​ឃុំ​​គោក​​រមៀត ស្រុក​ថ្មពួក ខេត្ត​​បន្ទាយ​​​មាន​​​ជ័យ​ ក្រោម​សង្គ្រាម​ឈ្លាន​ពាន​ពី​រដ្ឋាភិ​បាល និង​យោធា​ថៃ ២១​ថ្ងៃ​រហូត​មាន​បទ​ឈប់​បាញ់ ។

ដោយឡែក ​ភូមិ​​ព្រៃចាន់ និង​​ភូ​មិ​​ជោគ​ជ័យ​​ ដែល​​មាន​​ផ្ទះ​​ពលរដ្ឋ​​ខ្មែរ​ជិត ១ពាន់​​ខ្នង​ ស្ថិត​​​​ក្នុង​​ឃុំ​​​អូរ​បី​ជាន់ ស្រុក​​អូរជ្រៅ​ ខេត្ត​​បន្ទា​យ​មាន​ជ័យ ក៏ត្រូវបាន​យោធា​ថៃ​​​ព័ទ្ធ​​យក​ទាំង​មូល​ដែរ ដោយ​បាន​ពង្រាយ​ទូកុងតឺន័រ ​រាំង​​​ខ្ទប់​ផ្លូវ​ និង​​រាយ​បន្លា​លួស ​​​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរចេញ-​ចូល​ឡើយ។

ជុំវិញរឿងនេះ​ កញ្ញា ល សុខប៉ាវ ជាជនភៀសសឹកនៅតំបន់បឹង​ត្រកួន នៅថ្ងៃ​ទី​២១ ខែ​មករា​នេះ បាន​​លើក​ឡើងពី​ក្ដី​បា​រម្ភ​ផង​ដែរ​ថា បច្ចុប្បន្ន​កញ្ញា​និង​ពលរដ្ឋភៀសសឹ​ក​ដទៃ​ទៀត​ នៅ​មិន​ទាន់​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ ហើយ​​កញ្ញា​ក៏​បាន​ព្យាយាម​ស្វែង​រក​ការ​ងារ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ក្រែង​អាច​ជួយ​សម្រួល​បន្ទុក​គ្រួសារ និង​បំណុល​​​បាន​ខ្លះ តែ​នៅមិ​នទា​ន់​រក​បាន​នៅ​ឡើយ។

កញ្ញាថា៖ «ចង់ថាយើងបែរតែខ្លួនមកយើងធ្វើបាយធ្វើទឹកនៅហ្នឹង គេង​ក៏​នៅហ្នឹ​ង ហើយ​សុខ​ភាព​ចាប់​ផ្ដើម​លែង​សូវ​ល្អដូ​ច​មុន​ហើយ​បង ព្រោះ​ត​ង់ដែល​គេ​ឱ្យ​ហ្នឹង គេ​ឲ្យ​ជា​ក្ដារ​កុង​ប្លា​គេ​យក​មក​ដល់​ដាក់​លើដី​ហើយ ពួក​ខ្ញុំ​ក្រាល​កន្ទេល​ពី​លើ ហើយ​គេង អ៊ីចឹង​បើ​សិន​ជាមេ​ឃ​ភ្លៀង​អាច​នឹង​សើម​ទឹក​ភ្លៀង ឬ​ក៏​ទឹក​ភ្លៀង​ហូរ​កាត់​ហ្នឹង»។

កញ្ញា​បន្ត​ថា ប្រសិន​បើ​បញ្ហានេះ​នៅបន្តអូសបន្លាយ ដោយគ្មាន​ដំណោះ​ស្រាយ​​សមរម្យ​ណា​​មួយ​ដល់​ពលរដ្ឋ​បា​ន​ទេ​ នោះ​ពលរដ្ឋ​ចំនួន​ ៤ភូមិ ​ម​ក​ពី​​តំបន់​​បឹង​​ត្រកួន​ប្រមាណ​ជា​​ងមួយ​ពាន់​​គ្រួសារ​​នេះ នឹ​ង​ប្រ​​ឈម​​ខ្លាំ​​ង​នូវ​​បញ្ហា​​វិបត្តិ​ផ្លូវ​ចិត្ត និង​វិបត្តិ​ជីវភាព​ធ្ងន់​ធ្ងរ។

កញ្ញាថា៖ «ខ្ញុំនឹងប្រជាពលរដ្ឋនៅតំបន់បឹងត្រកួន​ទាំង​អស់ សូម​សំណូម​ព​រដ​ល់​រដ្ឋាភិ​បាល​ឲ្យ​គាត់​ជួយ​ដោះ​ស្រាយ​ពួក​ខ្ញុំ​ឲ្យ​លឿន​បន្តិច​មក ព្រោះ​រយៈ​ពេល​យូរ​ដែរ​ហើយ។ សូម​រដ្ឋាភិ​បាល​កុំទុ​ក​ពួក​ខ្ញុំ​ចោល​ ពួក​ខ្ញុំ​នៅ​តំបន់​បឹង​ត្រកួន​​នេះ ចង់​ឆាប់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ទោះ​បី​ជា​ផ្ទះ​ហ្នឹង​ត្រូវ​យោធា​ថៃ​បាន​ដុត​កម្ទេច​ក៏ដោ​យ ក៏​ពួក​ខ្ញុំ​ចង់​ទៅ​មើល​​ឱ្យ​​​ឃើញ​ផ្ទាល់​ភ្នែក ច​ង់ទៅ​ជា​ន់​លើ​ដី​ខ្លួន​ឯង​ម្ដង​ទៀត»។

មិនខុសអ្វីពីកញ្ញា សុខប៉ាវ អ្នក​ស្រី​ ឡេ តួនអ៊ី ពលរដ្ឋ​ភៀសសឹ​ក​មក​ពីភូមិ​ត្រពាំង​សំរោង បច្ចុប្បន្ន​កំពុ​​ង​បន្ត​​ស្នា​​ក់​​នៅ​​ជំរំ​ភៀស​សឹក បាន​រៀប​រាប់​ប្រាប់​VOD​ថា ពួក​គាត់​ជាង​មួយ​ពាន់​គ្រួសារ ដែល​កំពុ​ង​ស្នា​ក់​នៅ​ជំរំ​ភៀ​ស​សឹក កំពុង​​ជួប​ការ​លំបាក​ខ្លាំង ដោយ​កង្វះ​ស្បៀង​អាហារ ទឹក​សម្រា​​ប់​ប្រើ​ប្រា​ស់ បញ្ហា​អនា​ម័យ ជំងឺ​ឆ្លង ពិសេ​​សវិ​បត្តិ​បំណុល ខណៈ​មិន​ទាន់​អាច​ស្វែ​​ងរកកា​រ​ងារ​បា​​នធ្វើ ឯផ្ទះ​និ​ង​ដី​ត្រូ​វ​បាន​​យោធា​ថៃ​រំ​លោភ​យក​ទាំង​ស្រុង។

អ្នកស្រីបន្តទៀតថា សព្វថ្ងៃនេះ ពួកគាត់រស់ទាំងវេទនាក្រោម​តង់​តូច​ចង្អៀត តតាំង​នឹង​វិបត្តិ​ផ្លូវ​ចិត្ត ដោយ​​មាន​ផ្ទះ មាន​ដី តែ​មិន​អាច​វិល​ត្រលប់​ដូច​កាល​មុន ឯ​ប្រាក់​ចំណូល​ក៏​គ្មាន​។

អ្នក​ស្រីថា៖ «ហ្នឹងហើយ​បង​ដូច​ការ​ប្រើ​ប្រាស់​បន្ទប់​ទឹក ទឹក​ហូប រៀង​ពិបាក​ប្រើមិ​ន​សូវ​គ្រប់ ការ​ហូប​ចុក​អី យើង​របៀប​ថាកា​រ​ចាយ​វាយ​ហ្នឹង វា​អត់​មាន​ចំណូល​ចឹង​ពិបាក ដល់​ពេល​អ៊ីចឹង​ទៅ​ម្នាក់ៗ​ពិបាក​ចិត្ត​ចង់​សតិ​អារម្មណ៍ អ្នក​​​​នៅ​នេះ សុទ្ធ​តែ​អត់​ចំណូល​ទាំង​អស់​បង អ៊ីចឹង​គឺ​ពិបាក​មែន​ទែន ការ​រស់​នៅ​ក៏​ពិបាក​ នេះអ​ត់​ទាន់​ភ្លៀង​ ចុះ​បើ​សិន​ជា​ខែ​ភ្លៀង​មិន​ដឹង​ពួក​ខ្ញុំ​នៅ​ម៉េច​ទេ មិន​ដឹង​ពួក​ខ្ញុំ​នៅ​ម៉េច​ទេ អ៊ីចឹង​ទៅ​ចង់​ឲ្យគាត់​រក​ដំណោះ​ស្រាយ​អ្វី​ឲ្យ​ល្អ​ជាង​នេះ»។

បន្ថែមពីនេះ អ្នកស្រីស្នើឲ្យនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ជួយពន្លឿន​​ការដោះស្រាយ​ច្បាស់​លាស់​កុំឲ្យ​ពួក​គា​ត់​​រង​ចាំ​ទាំង​ស្រពិច​ស្រពិល ដោយ​មិន​ដឹង​ថាមាន​​ដំណោះ​ស្រាយ​​បែប​ណា ​រួម​ផ្ដល់​​ជា​​ជំនួយ​​ថវិ​​កា​​ខ្លះៗ​ដល់​ពួក​គាត់​ផង ដើម្បី​សម្រួល​លើ​ការ​ចំណាយ​ផ្សេងៗ។

យ៉ាងណា បើតាម​អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា និយាយ​នៅថ្ងៃ​ទី​២​១ ខែ​ម​ក​រា​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា​​នៅ​តែ​តវ៉ា​យ៉ាង​ខ្លាំង ប្រឆាំង​នឹង​សកម្ម​ភាព​ជាប​ន្ដ​បន្ទាប់ បង្ក​ឡើង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អធិប​តេយ្យ​ភាព បូរណ​ភាព​ទឹក​ដី​កម្ពុជា ហើយ​ជា​សកម្ម​ភាព​មិន​ស្រប​ទៅនឹ​ង​វិធាន​ការ​កាត់​​បន្ថយ​​ភាព​​តាន​​តឹង។

លោកបានលើកឡើង​ពី​សកម្មភាព​បង្ក​ហេតុ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃថ្មី​ៗ​នេះ ដែល​មាន​ដូច​ជា ការ​តម្កល់​រូប​សំណាក​ព្រះពុ​ទ្ធ​នៅ​លើទី​តាំង​តម្កល់​រូប​សំណាក​ព្រះ​វិស្ណុ ដែល​ពួក​គេបា​ន​បំផ្លាញ ការ​ដាក់​រាយ​ទូកុងតឺន័រ​នៅ​តំបន់​បឹង​​ត្រកួន​​ជាដើម។

យ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ថា ដីភូមិនិងផ្ទះសម្បែងពលរដ្ឋខ្មែរ ដែល​កង​ទ័ព​ថៃ​ដណ្តើម​គ្រប់​គ្រង និង​ទាម​ទារ​បាន ឬមិ​ន​បាន​នៅ​ពេល​​ណា​ទេ ហើយ​ក៏​មិន​បាន​និយាយ​ពី​ដំណោះ​ស្រាយ​ជាក់​លាក់ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​​ជន​​ភៀស​សឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះស​ម្បែង​វិញ​ដែរ។

លោកថា៖ «សកម្មភាពបង្កហេតុរបស់កងកម្លាំងប្រដាប់​អាវុធ​ថៃ​ បាន​កើត​នៅ​ថ្ងៃ​ទី​១៩​ ខែ​មករា ឆ្នាំ​២០២៦ មាន​ដូច​​ជា​​ការ​តម្កល់​រូប​សំណាក​ព្រះពុ​ទ្ធប​ដិមា​នៅ​លើ​ទីតាំង​រូប​សំណាក​បដិ​មា​ព្រះ​វិស្ណុ​ ដែល​ត្រូវ​បំផ្លាញ​ដោយ​ជន​ជាតិ​ថៃ​នៅ​តំបន់​អាន​សេះ​ ខេត្ត​ព្រះ​វិ​ហារ ទីពី​រកា​រ​ដាក់​រាយ​ទូកុង​តឺន័រ​ ដើម្បី​រារាំង​ផ្លូវ​នៅ​តំបន់​បឹង​ត្រកួន​ ខេត្ត​បន្ទាយ​មាន​​ជ័យ ទីបី​ការ​កសាង​មូល​ដ្ឋាន​ដោយ​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​នៅ​តំបន់​បឹង​ត្រកួន»។

សម្រាប់អ្នក​នាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់​ថា ការ​បន្ត​អូស​បន្លាយ​ ដោយ​មិន​​មាន​ចំណាត់​ការ​ច្បាស់​លាស់​ជូន​ពួក​គាត់ ខណៈ​ពួក​គាត់​រួម​រិត​ដោយ​វិបត្តិ​បំណុល គ្មាន​ប្រាក់​ចំ​ណូ​​ល​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពួក​គា​​ត់កាន់​តែ​ប្រឈម​នឹង​បញ្ហា​​សុខ​ភាព រួម​ទាំង​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ង​រ​ទៅ​ពេល​​ខាង​មុខ។

ហេតុនេះ លោកគិតថា ​រដ្ឋាភិបាលគួរគិតគូរផ្ដល់ដំណោះ​ស្រាយ និង​ចម្លើយ​ច្បាស់​លាស់​ពី​បច្ចុប្បន្ន​ភាព​ដី និង​ផ្ទះ ឱ្យ​ឆាប់​រហ័ស​ដល់​ពួក​គាត់ រួម​ទាំង​សម្រួល​លើ​បញ្ហា​បំណុល និង​ការ​ងារ មុខ​របរ​ជូន​​ពួ​ក​​គាត់​ក្នុង​គ្រា​​ដ៏​លំបាក​នេះ។

លោកថា៖ «ដំណោះស្រាយអ្វីដែលសំខាន់នោះ គឺ​ការ​បង្កើត​មុខ​របរ​គាត់​មាន​នៅ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ហើយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចំណាយ​ ដូច​ជា ការ​សង​ត្រឡប់​ទៅ​វិញ​ទៅ​លើគ្រឹះ​​ស្ថាន​ហិរញ្ញ​វត្ថុ ឬ​ក៏ផ្ដ​ល់​បណ្ដា​ធនាគារ​ផ្សេងៗ អ៊ីចឹង​បញ្ហា​ទាំង​អស់​នេះ ជា​បញ្ហា​ដែល​ដោះ​ស្រាយ​ដ៏​ធំ​មួយ​​សម្រាប់​ផ្លូវ​ចិត្ត​អស់​ពួក​គាត់ ពីព្រោះ​យើង​ដឹង​ថា​បញ្ហា​នៅ​ពេល​ដែល​មាន​ការ​ជម្លៀស ឬ​ក៏​នៅ​ក្នុង​ជំរំ​តែ​មួយ ដូច្នេះ​វា​ធ្វើ​ឲ្យ បច្ចុប្បន្ន​កាន់​តែ​ស្រស់​កាន់​តែ​មាន​បញ្ហា​ពាក់​ព័ន្ធ​ទៅ​​នឹង​​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ពិសេស​អនាគត​កូនៗ​​របស់​គាត់ ដែល​កំពុង​តែ​មិន​មាន​ភាព​ច្បាស់​លាស់ និង​ការ​សិក្សា​​រៀន​សូត្រ​ ក៏​ដូច​ជា​បញ្ហា​សុខ​ភាព​ ក៏ដូច​ជាលំ​នៅឋា​ន​របស់​គាត់ រដ្ឋាភិបាល​ក៏​ដូចជា​អ្ន​ក​ពាក់​ព័ន្ធ​ដែល​ធ្វើ​ការ​ងារ​​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ពួក​គាត់​គួរ​តែ​ផ្តោត​ពិសេស គឺកា​រ​បញ្ជូន​ព័ត៌​មាន​ទៅ​ឲ្យពួ​ក​គាត់​នឹង​កាន់​តែ​ច្បាស់​ កាន់​តែ​យល់​អំពី​ការ​ងារ​របស់​រដ្ឋាភិបា​ល​ជាមួយ​នឹង​ភាគី​ថៃ»។

យ៉ាងណាមិញ លោកគូសបញ្ជាក់បន្ថែមថា ការពន្លឿនផ្នែកការទូត ប្រព័ន្ធ​តុលាការ​ពី​សហគម​ន៍​អន្តរ​ជាតិ​ ជា​គន្លឹះ​សំខាន់​បំផុត​សម្រាប់​កម្ពុជា ដែលអាចដាក់សម្ពាធលើភាគីថៃបាន។

ដោយឡែក នាយកគ្រប់គ្រងទូ​ទៅនៃ​អង្គការការពារសិទ្ធិមនុស្សលី​កាដូ លោក អំ សំអាត ថ្លែង​ថា ក្នុង​ស្ថាន​​ភា​ព​​​ដែល​​ផ្ទះ​​សម្បែង ដី ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​យូរ​ឆ្នាំ​មក ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​បែប​នេះ ​ច្បាស់​​ណា​ស់​មិ​ន​មាន​អ្នក​ទទួល​យក​បាន​ឡើយ ដែ​លវា​​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ខ្លាំង។ ការណ៍​នេះ លោក​យល់​ថា​ ដើម្បី​ជួយ​សម្រួល​ពួក​គាត់ ថ្នាក់​ដឹក​នាំ​ត្រួវ​ពិនិត្យ​លើប​ញ្ហា​ទាំង​នេះ ហើយ​ពន្លឿន​ដោះ​ស្រាយ​ជូន​គាត់។

លោកថា៖ «អ្វីដែលសំខាន់ គឺបំណុល​របស់​ពួក​គាត់ ក្រោយ​ពី​បាត់​បង់​មុខ​របរ​ហ្នឹង ត្រូវ​តែ​មាន​ការ​អនុ​គ្រោះ​ពី​គ្រឹះ​ស្ថាន​​មីក្រូ​​ហិរញ្ញ​វត្ថុ​ ឬ​ក៏ធ​នាគារ​ ដើម្បី​ឲ្យ​គាត់​ហ្នឹង​មាន​លទ្ធ​ភាព​នៅ​ក្នុង​ការ​រង់​ចាំ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ ត្រូវ​មាន​ដំណើរ​ការ​ដោះ​ស្រាយ ​យន្ត​ការ​ដោះ​ស្រាយ​ស្រប​គ្នា​ទាំង​អស់ ទន្ទឹមនឹង​ការ​រង់​ចាំ​នេះ យើង​ឃើញ​ថា ពួក​គាត់​ត្រូវ​តែ​ធានា​បាន​នូវ​ការ​រស់​នៅដោ​យ​សមរម្យ​ដែរ ពី​អាជ្ញាធរ​ដោយ​សមរម្យ ហើយ​ត្រូវ​មាន​កា​រ​ដោះ​ស្រាយ​ជា​ដំណាក់ៗ ឬ​ក៏​ជា​បន្ត​បន្ទាប់​សម្រាប់​ពួក​គាត់»។

ទន្ទឹមនឹងនេះ កន្លងទៅ លោក​ ស៊ឹង សែន​​​ករុណា ប្រធាន​​​​អង្គ​ការ​ប្រជា​ធិប​​តេយ្យ​​​ខ្មែរ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបា​ល​គួ​រ​តែ​រៀប​​ចំទី​តាំ​​ង​​​ថ្មី​ជូ​ន​ពលរដ្ឋ​​តំបន់​បឹង​ត្រកួន​ទាំង ៤ភូមិ រួម​ទាំង ភូ​មិ​ព្រៃចាន់ និងភូមិ​ជោគ​ជ័យ​ ដើម្បី​​​​ឱ្យ​​ពួក​​គេមាន​​​​ភាព​​​កក់​​ក្តៅឡើ​ង​​​វិញ។

លោកបារម្ភថា ការរស់នៅដោយគ្មានលំនៅ​ឋាន​ច្បាស់លាស់បែបនេះ នឹង​បង្ក​ផល​ប៉ះ​​ពាល់​ច្រើន​​ដល់​​ពលរដ្ឋ​​ភៀស​​​​សឹក​ ជាពិសេស​បញ្ហាបំ​​ណុល សេដ្ឋ​​កិច្ច កូនៗ​​បាត់​​បង់​ការ​​សិក្សា ចាំបាច់រដ្ឋាភិបាល​ត្រូវ​ដោះ​​ស្រាយ​​ជា​បន្ទាន់​។

លោកថា៖ «ថ្នាក់ដឹកនាំឬក៏ទៅខាងស្ថាប័នទទួលខុសត្រូវ ពាក់​ព័ន្ធ​នឹង​រក​ទីតាំង​ណាមួ​យ​ ដើម្បី​ឲ្យក្លា​យ​ទៅ​​ជា​ជម្រក​​សុវត្ថិ​ភាព​បណ្តោះ​​អាសន្ន ក្នុង​កាលៈ​ទេសៈ​នេះ មិន​អាច​ឲ្យ​ពួក​គាត់​រសាត់​អណ្តែត​រង​ចាំ​ដោយ​​មិន​ទាន់​ដឹង​ពេល​វេលា​ច្បាស់​លាស់ ណាមួ​យ​នោះ​ទេ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់ខា​ត​ពេល​វេលា អំពី​ការ​រីក​លូត​លាស់​របស់​កុមារ​ទាំង​ចំណេះ​ដឹង ទាំង​អាហារ​រូប​ត្ថម្ភ ឬ​ក៏​សុខភាព​ផ្សេងៗ អ៊ីចឹង​ចំណុច​ទាំង​អស់​នេះ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ ជាពិសេស​​ជំរុ​ញ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ក្រោម​បង្គាប់​របស់​ខ្លួន ឲ្យ​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​ជាប​ន្ទាន់ មិន​អាច​​​បណ្ដែត​បណ្ដោយ​ឲ្យ​​រង់ចាំ​រហូត​ដល់​មាន​ដំណោះ​ស្រាយ​ទទួល​បាន​ដីធ្លី​មក​ពី​ខាង​ភាគី​ថៃនោះ​​ទេ»។

ការ​​​ឈ្លានពាន​របស់​យោធា​ថៃ​ រយៈពេល២១​ថ្ងៃ ចាប់ពីថ្ងៃ​ទី៧ ខែធ្នូ រហូត​ដល់​​មាន​បទ​​ឈប់​បាញ់​នៅ​​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​​២០២៥ បាន​ធ្វើ​ឱ្យ​​​ពលរដ្ឋ​​ស្លូ​ត​ត្រង់​​កម្ពុជា​បាត់ប​ង់ជី​វិត ៣៣​​នាក់ និង​​រង​របួស​ជិត១០០​នាក់។ រីឯជនស៊ីវិលដែល​ភៀស​សឹកជិត ៧០​​ម៉ឺន​នាក់ ព្រមទាំង​​បាន​​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​​​ជាច្រើន មាន​ផ្ទះ វត្តអារាម សាលារៀន ស្ពាន​​ថ្នល់ និង​ប្រាសាទ​​បុរាណ ជាដើម។

ប៉ុន្តែបើគិតត្រឹមថ្ងៃទី១៩​ខែមករា​នេះ ក្រសួង​មហាផ្ទៃ ឱ្យដឹងថា នៅមានជនភៀសសឹកជាង​១២ម៉ឺន​នាក់ទៀត បន្ត​ស្នាក់​នៅ​ក្នុងជំរំភៀសឹក​នៅឡើយ ក្រោយថៃឈ្លានពានដណ្តើមកាន់កាប់ដីខ្មែរតាមបន្ទាត់ព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ