ប្រធានពន្ធនាគារនៅខេត្តព្រះវិហារ និងព្រះរាជ​អាជ្ញារងម្នា​ក់រ​ងកា​រ​ចោទ​ថា ឃុំខ្លួ​ន​មនុស្ស​ខុស​ច្បាប់

យុវជន​​ជ​នជា​តិ​​ដើម​​ភាគ​​តិច​​កួយ រស់​​នៅ​​ខេត្ត​​ស្ទឹង​ត្រែង គឺ​លោក ម៉ៅ  វាសនា វ័យ ១៨​​ឆ្នាំ  ត្រូវ​​ជា​​កូន​​ប្រុស​​បង្កើត​​សកម្ម​ជន​​ការ​ពារ​​​ព្រៃ​ឈើ លោក អ៊ុក ម៉ៅ ទាម​ទារ​​រ​ក​​យុត្តិ​ធម៌ ក្រោយ​​ពី​​​ប្រធាន​​ពន្ធនា​គារ​​នៅ​​ខេត្ត​​ព្រះ​វិហារ លោក យន់ ម៉ានី​ និង​​ព្រះ​រាជ​​អាជ្ញា​​រង​​ខេត្ត​​នេះ លោក ស្រេង វុទ្ធា បន្ត​​ឃុំ​​ខ្លួន​រូប​​លោក លើស​​ពេល​​កំណត់ ផ្ទុយ​​​ពី​​ខ្លឹម​សារ​សាល​ដីកា​​សាលា​​ឧទ្ធរណ៍​​ត្បូង​​ឃ្មុំ ចុះ​ថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ​២០២៥។

យុវជន​ជន​ជាតិ​ដើម​ភាគ​តិច​កួយ លោក ម៉ៅ វាសនា ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២០ ខែ​មករា​​ថា​ ការ​​រស់​នៅ​​ក្នុង​​ពន្ធនា​គារ​លំបាក​​វេទនា​​ចង្អៀត​​ណែន ហើយ​​លោក​​ដេក​​បន់​​ឱ្យ​តែ​​ដល់​ថ្ងៃ​ចេញ​​ពី​​ទី​នោះ ក៏​ប៉ុន្តែ​​ដល់​​ថ្ងៃ​ចេញ​​ពី​​ពន្ធនាគារ បែរ​ជា​​គេ​​មិន​​ដោះលែ​ង ហើយ​​ត្រូវ​​ពន្យារ​​ពេល​​ឃុំ​​ខ្លួន​​លោក ​លើស​៤ថ្ងៃ​ទៀត។

លោក​​ថា ទង្វើ​នេះ​ជា​រឿង​អយុត្តិធម៌​ប៉ះពាល់​សិទ្ធិ​សេរីភាព និង​​បញ្ហា​ផ្លូវ​ចិត្ត​របស់​លោក។

លោក ម៉ៅ វាសនា និយា​យថា៖ «ការ​​ជា​ប់​​ដំបូងៗ អត់​​​សូ​​វ​​គិត​​​​​អី​​​ប៉ុន្មាន​​ទេ​ ដល់​​​ពេល​​កាត់​​​​ទោស​​​រួច​​​ចាប់​​​ផ្តើម​​​គិត សប្បាយ​​​​ចិត្ត យើង​​​ដឹង​​ថ្ងៃ​​យើង​​ចេញ។ តែ​​​ដល់​​ពេល​​​ថ្ងៃ​​ចេញ គេ​​អត់​​​ឱ្យ​​ចេញ។ បរិយា​កាស​​មិន​​ល្អ​ ស្អុយ​​ដេក​​ប៉ះ​គ្នា​​មិន​​បាន ដេក​​ប៉ះ​​​គ្នា វាយ​​គ្នា​​ផ្អើល​​ពេញ​​ហ្នឹង​​ទៅ»។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​​មករា ឆ្នាំ​២០២៦ លោក ម៉ៅ វាសនា បាន​​ផ្តិ​ត​​មេដៃ ប្តឹង​​ប្រធាន​​ពន្ធនាគារ​នៅ​ខេត្ត​​ព្រះវិ​ហារ លោក យន់ ម៉ានី ​និង​ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​នេះ លោក ស្រេង វុទ្ធា ទៅ​កាន់​ព្រះរាជ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពី​បទ ប៉ះពាល់​​​ដល់​សេរីភាព​​បុគ្គល បទ​មិន​ព្រម​ដោះលែង​បុគ្គល​​ដែល​ត្រូវ​បាន​ឃុំ​ដោយ​ខុស​ច្បាប់ និង​បទ​អូស​បន្លាយ​ការ​ឃុំ​​ខ្លួន​​ដោយ​​ខុស​ច្បាប់។

ចំណែក​សកម្មជន​ការពារ​ព្រៃឈើ នៅ​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ទាម​ទារ​​ឱ្យ​​ប្រធាន​​ពន្ធនា​គារ​​ខេត្ត​​ព្រះវិ​ហារ និង​​ព្រះរា​ជ​​អាជ្ញារ​ង​​កែ​​តម្រូវ​​កំហុស​​ឆ្គង​​របស់​​ខ្លួន​​ដោយ​​ត្រូវ​​ទទួល​​ពិន័យ​​រដ្ឋបាល និងផ្ត​ល់​​សំណង​​ជំងឺ​​ចិត្ត​​ដល់​​ជន​​រង​គ្រោះ​ ចៀសវាង​កុំ​ឱ្យ​ករណី​​នេះ​កើត​មាន​ ចំពោះ​អ្នក​ផ្សេង​ទៀត​។

លោក អ៊ុក ម៉ៅ និយាយថា៖ «តុលាការ​និង​ប្រធាន​គុក​ហ្នឹង គាត់​អត់​គោរព​ច្បាប់ គាត់​​​ធ្វើ​​ខុស​ ខ្ញុំច​ង់​​ឱ្យ​​គាត់​​កែ​សម្រួល​​ត្រង់​ថា បើ​ច្បាប់​អនុវត្ត​អី ឱ្យ​គាត់​អនុវត្ត​ហ្នឹង កុំ​ឱ្យ​គាត់​ខុស​ទៀត។ ខ្ញុំចង់​ឱ្យ​មន្ត្រី​កែ​តម្រូវ​អ្វី​ដែល​ខុសត្រូវ.»

វីអូឌី មិន​ទាន់​អាច​ទាក់ទង​សុំការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​ប្រធាន​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ លោក យន់ ម៉ានី និង​ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​នេះ លោក ស្រេង វុទ្ធា បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

តែ​យ៉ាង​ណា ពន្ធនាគារ​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្តី​បំភ្លឺ នៅ​ថ្ងៃ​ទី​១៧ ខែ​មករា​ ឆ្លើយ​តប​​តាម​​បណ្តាញ​​សង្គម​​ហ្វេស​​ប៊ុក រប​ស់​​គណនី​​ហ្វេស​ប៊ុក​ផេក ឈោ្មះ Em Soksovann ប្រធាន​​គណបក្ស​​ដើម្បី​​កម្ពុជា​ ដោយ​​បក​​ស្រាយ​ថា ពន្ធនាគា​រ​​ពិត​​ជា​​បាន​​ដោះលែ​ង​​ទណ្ឌិត​​ឈ្មោះ ម៉ៅ វាសនា នៅ​​ថ្ងៃ​​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៥ គឺ​​ផ្អែក​តាម​ដីកា​​បង្គាប់​​ឱ្យ​​ដោះ​លែ​ង​​​របស់​​អយ្យ​ការ​​អម​​សាលា​​ដំបូ​ង​​ខេត្ត​​ព្រះ​វិហារ​ ចុះ​ថ្ងៃ​ទី​១៦ ខែ​​កញ្ញា ឆ្នាំ​២០២៥។ លើស​​ពី​​នេះ​អង្គភាព​ពន្ធនា​គារ​ខេត្ត​ព្រះវិហារ​ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​តាម​បណ្ដឹង​របស់​បុគ្គល​ឈ្មោះ ម៉ៅ វាសនា ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​  គណនី​ហ្វេសប៊ុក​​ផេក​​ឈ្មោះ Em Soksovann ប្រធាន​​គណបក្ស​​ដើម្បី​​កម្ពុជា។

ឆ្លើយតប​រឿងនេះ​ ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា លោក ឯម សុខសុវណ្ណ យល់​ថា សំណុំ​រឿងនេះ​មិនមែន​សម្រាប់​តែយុវជនជនជាតិដើមកួយ លោក ម៉ៅ វាសនា ​ម្នាក់​ប៉ុណ្ណោះទេ គឺ​សំដៅ​ដល់​ពលរដ្ឋ​ទូទៅ​ ត្រូវ​ទទួល​បាន​យុត្តិធម៌ ព្រោះ​រឿង​នេះ​កើត​មាន​ច្រើន​តែ​កម្រ​មាន​អ្នកណាហ៊ាន​ប្ដឹងផ្តល់។

លោក​ថា ទង្វើ​របស់​ប្រធាន​ពន្ធនាគារ និង​ព្រះរាជ​អាជ្ញា​រង​រូប​នេះ ផ្ទុយ​ពី​ច្បាប់​ពី​ពន្ធនាគារ​ ប៉ះពាល់​ដល់​សេរីភាព​មនុស្ស​ដែល​ទាមទារ​ឱ្យ​ទទួលខុស​ត្រូវ​តាម​ច្បាប់។

លោក ឯម សុខសុវណ្ណ ថ្លែង​ថា៖ «កាល​​ជាប់​គុក​ហ្នឹង គ្នា​អត់​គ្រ​ប់​​អាយុ ១៨​ណា​​បង​ គ្នា​​ប្រើ​​សិទ្ធិ​​គ្នា​​តាម​​ច្បាប់ ហេតុ​​អី​​​ក៏​​អ្នក​ឯង អ្នក​​ចេះ​​អនុវត្ត​​ច្បាប់​​ហើយ ម៉េច​​ក៏​​អ្នក​​ឯង​​នៅ​តែ​បំពាន​​គ្នា​​ទៀត? គ្នា​​ទទួលស្គាល់​​អស់​​ហើយ​​កំហុស​​គ្នា។ លុយ​​ប៉ុន្មាន ៥ម៉ឺន​រៀល។ គ្នា​​ជា​​​ជន​​រង​គ្រោះ​ គ្នា​ជា​អនីតិជន​ទៅ​ហើយ ព្រាត់ប្រាស​ក្រុម​គ្រួសារ គ្នា​ពិបាក​ទៅ​ហើយ​ដោយសារ​សង្គម​ហ្នឹង។ មេគុក​ជា​អ្នក​គ្រប់គ្រង​ពន្ធនាគារ ច្បាប់​ស្តី​ពី​ពន្ធនាគារ​ចែង​ច្បាស់​ណាស់ មិនមែន​តែ​តុលាការ​ទេ​ អ្នក​មើល​ការ​ខុស​ត្រូវ»

ខ្លឹមសារ​ពាក្យ​បណ្តឹង​របស់​លោក ម៉ៅ វាសនា គឺ​ប្តឹង​ព្រះរាជ​អាជ្ញារង លោក ស្រេង វុទ្ធា និង ប្រធាន​ពន្ធនាគារ​លោក ​យន់ ម៉ានី ពី​បទឃុំ​ខ្លួន​លោក លើស​ការ​កំណត់​រយៈ​ពេល ៤ថ្ងៃ​ ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​លោក ដែល​មាន​ចែង​ក្នុង​​ច្បាប់​។ លោក​ថា ទោះ​បី​លោក​ជា​ទណ្ឌិត​​ដែល​ផ្ដន្ទាទោស​ដោយ​​តុលាការ​  ហើយ​​លោក​ព្រម​ទទួល​​ស្គាល់​កំហុស​​​​ហើយ​ ក៏ប៉ុន្តែ​សូម​មេត្តា​តុលាការ និង​ប្រធាន​ពន្ធនាគារ ​កុំ​ប្រើ​ប្រាស់​អំណាច​ឃុំឃាំង​លោក​​តាម​តែ​អំពើ​ចិត្ត​បែប​​នេះ។

លោក​ស្នើ​ឱ្យ​ព្រះ​រាជអាជ្ញា​​ខេត្ត​​ព្រះ​វិហារ​ និង​​ក្រសួង​​មហា​ផ្ទៃ ផ្ដន្ទាទោ​ស​​លោក យន់ ម៉ានី និង​​លោក ស្រេង វុទ្ធា តាម​​ច្បាប់​ និង​​សំណង​​ជំងឺ​​ចិត្ត​​ម្ភៃ​ម៉ឺ​ន​​ដុល្លា​​រ​អាមេរិក៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ