តំបន់អភិរក្សព្រៃឡង់ ដែលសម្បូរដោយព្រៃស្រោង និងពាក់កណ្តាលស្រោងជាជម្រកសត្វព្រៃរស់នៅ ក្នុងចំណុចភ្នំគ្រាល ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ រហូតដល់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានក្លាយជាកន្លែងកាប់ឈើយ៉ាងពេញទំហឹង ក្នុងរយៈពេលជាង ២ខែកន្លងទៅនេះ ធ្វើឱ្យដើមឈើធំៗបន្សល់ចុងក្រោយ ត្រូវគេកាប់ផ្ដួលធ្វើអាជីវកម្ម។
ឯតំបន់ខ្លះទៀត ត្រូវគេឈូសទន្ទ្រានឱ្យក្លាយជាវាល ដើម្បីយកដីធ្វើចម្ការអស់ជាច្រើនហិកតា ពុំឃើញមានមន្ត្រីបរិស្ថានចុះទប់ស្កាត់នោះឡើយរហូតមកទល់ពេលនេះ។
សកម្មជនការពារបរិស្ថាន ដែលចុះអង្កេតករណីនេះ លោក អ៊ុក ម៉ៅ ប្រាប់វីអូឌីនៅថ្ងៃទី២១ ខែមករាថា ពួកលោកប្រទះឃើញបទល្មើសព្រៃឈើ លោកបានផ្តល់ដំណឹងនេះ ទៅមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលប្រចាំការក្នុងតំបន់នោះ ឱ្យចុះទប់ស្កាត់ ក៏ប៉ុន្តែគ្មានបានផលឡើយ ព្រោះមន្ត្រីទាំងនោះបានរុញដាក់គ្នាទៅវិញទៅមក។
លោកថា ស្ទើរជារៀងរាល់ថ្ងៃ មានគោយន្តជាច្រើនគ្រឿង កំពុងមមាញឹកដឹកឈើប្រភេទគ្រឿងផ្ទះ និងគ្រឿងសង្ហារឹមចេញពីតំបន់នោះ ដោយគ្មានការអនុវត្តច្បាប់ដដែលៗ។
លោក អ៊ុក ម៉ៅ និយាយថា៖ «គាត់កាប់ឈើឈើល្អៗគាត់អារយកទៅលក់ទៅ ដល់ពេលអស់ឈើល្អ ចេញទៅជាចម្ការដុតចម្ការ ដាំដំឡូងជាពិសេសចេញជាចម្ការ។ គាត់ការពារព្រៃត្រូវហើយ តែដល់ពេលបទល្មើសអារឈើរលំឈើគាត់អត់ទប់ស្កាត់ផង គាត់ការពារព្រៃអស់ព្រៃ។ យើងឃើញកន្លែងណា ដូចកន្លែងណា ឱ្យតែមានបរិស្ថានព្រៃឈើរឹលទាំងអស់ហ្នឹង»។
កាលពីខែធ្នូ ឆ្នាំ២០២៥ សហគមន៍មួយក្រុម និងសកម្មជនការពារបរិស្ថានជិត១០នាក់ បានចុះល្បាតព្រៃ ប្រទះឃើញសកម្មភាពកាប់ផ្តួលដើមឈើតូចធំ ឱ្យក្លាយជាវាល និងកាប់ឈើមានតម្លៃប្រភេទសុក្រំ ផ្តៀក និងឈើទាល ឋិតក្នុងចំណុចភ្នំគ្រាល ភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពួកគេបានថតរូបភាព និងវីដេអូ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីឱ្យមហាជនចូលរួមតាមដាន ដោយជំរុញឱ្យមន្ត្រីបរិស្ថានទទួលខុសត្រូវករណីនេះ។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺជុំវិញរឿងនេះ ពីប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ និងខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ក៏មិនទាន់អាចសុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ថ្លែងជាសាធារណៈកាលពីដើមខែមករាថា ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ ក្រសួងបានដាក់ចេញគោលការណ៍អនុវត្តច្បាប់១០០ភាគរយ ដើម្បីបង្កើនប្រសិទ្ធភាពរហ័ស ច្បាស់លាស់ និងអន្តរាគមន៍ចំគោលដៅ បង្ក្រាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ។
លោកថា ក្នុងឆ្នាំ២០២៥ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ជាង ២ពាន់ករណី (២ ១៥២ករណី) មានជាអាទិ៍ បទល្មើសព្រៃឈើ ៧៥១ករណី, បទល្មើសសត្វព្រៃ ៧៣៧ករណី, បទល្មើសកាប់រុករានទន្ទ្រានដីរដ្ឋ ៣៣៤ករណី, បទល្មើសនេសាទ ៣២២ករណី និងបទល្មើសធនធានរ៉ែ ១៥ករណី។
ជាមួយគ្នានេះ មន្រ្តីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថាន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៣៣ករណី និងបញ្ជូនជនសង្ស័យទៅតុលាការ ចំនួន ៩៥នាក់។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកធនធានធម្មជាតិ និងជាអតីតមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា បទល្មើសឧក្រិដ្ឋព្រៃឈើបន្តកើតមានឡើងដដែលៗ ដោយសារមន្ត្រីមិនអនុវត្តច្បាប់ ហើយអំពើពុករលួយនៅតែកើតមានច្រើនដដែលៗ គ្មានវិធានការលុបបំបាត់។
លោកថា រដ្ឋាភិបាលត្រូវហ៊ានវះកាត់មន្ត្រីធំៗ និងឧកញ៉ាមួយចំនួន មានពាក់ព័ន្ធបទល្មើសឧក្រិដ្ឋព្រៃឈើ មកផ្តន្ទាទោសតាមច្បាប់ ទើបអាចការពារព្រៃដែលនៅសេសសល់គង់វង្ស។
លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងថា៖ «សូម្បីតំបន់ព្រៃឡង់ ជាកន្លែងមួយឈើប្រណិតអស់ វាចាប់ផ្តើមបំផ្លាញព្រៃឈើយកដី ចំពោះមន្ត្រីទុច្ចរិតមិនខ្វល់ពីប្រទេសជាតិមហន្តរាយគេមិនខ្វល់ ធ្វើម៉េចបានលុយ ហើយលុយហ្នឹងកខ្វក់ទៀត ហើយយកមកលាងសម្អាតទៀត បង្កើតបានជាវិបត្តិ»។
យោងតាមរបាយការណ៍សហគមន៍ព្រៃឡង់ ឆ្នាំ២០១៧ បានឱ្យដឹងថា ព្រៃឡង់ដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ ប្រមាណជាង ២សែននាក់ ភាគច្រើនជាជនជាតិដើមភាគតិចកួយ។ កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យដាក់តំបន់ព្រៃឡង់ ជាដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានផ្ទៃដីទំហំជាង ៤៣ ម៉ឺនហិកតា ស្ថិតក្នុងខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះ និងព្រះវិហារ។
ប៉ុន្តែ ជាច្រើនឆ្នាំមកនេះ ព្រៃឡង់រងការកាប់ឈើធ្វើអាជីវកម្ម និងការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិឯកជន ដោយក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចយ៉ាងអនាធិបតេយ្យ។
ស៊ីគ្នាទៅនឹងការបាយការណ៍នេះ អង្គការ Global Forest Watch និងស្ថាប័នរុករក និងវិភាគទិន្នន័យដីសកលរបស់សាកលវិទ្យាល័យ Maryland ធ្លាប់រកឃើញថា សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងឆ្នាំ២០២២ មានខ្លាំងជាងឆ្នាំ២០២១។
ប្រភពនោះថា ក្នុងតំបន់ព្រៃការពារចំនួន៤ ក្នុងប្រទេសកម្ពុជា ដូចជា ឧទ្យានជាតិបូទុមសាគរ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃបឹងពែរ។
តំបន់ព្រៃការពារព្រៃឡង់ ដែលមានផ្ទៃដីធំជាងគេនៅកម្ពុជា រហូតដល់ជាង ៤៣ម៉ឺនហិកតានោះ(៤៣០ ០០០) ក៏មានការបាត់បង់ដីព្រៃរបស់ខ្លួនប្រហែល ៨ ៣០០ហិកតាដែរក្នុងឆ្នាំ២០២២។
ដោយឡែក អំឡុងឆ្នាំ២០១៦ អង្គការឃ្លាំមើលពិភពលោក (Global Witness) ធ្លាប់បង្ហាញរបាយការណ៍ស៊ើបអង្កេតដោយរកឃើញថា ឈ្មួញរកស៊ីឈើខុសច្បាប់ខ្នាតធំ ក៏មានលោកឧកញ៉ា ទ្រី ភាព ផងដែរ ដែលគាត់បានកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ទំហំជិត ៣ម៉ឺនហិកតា (២៩.៥៨៩)។
ប៉ុន្តែច្រើនឆ្នាំមកនេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនបានផ្តន្ទាទោសឧក្រិដ្ឋជនព្រៃឈើរូបនេះទេ តែផ្ទុយទៅវិញ បច្ចុប្បន្ន ឧកញ៉ាមានឈ្មោះអាស្រូវបំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជារូបនេះ ត្រូវបានតែងតាំងជាលោកអ្នកឧកញ៉ា ដែលជាឧកញ៉ាលំដាប់ខ្ពស់ និងជាទីប្រឹក្សាមេដឹកនាំកំពូលក្នុងជួររដ្ឋាភិបាលរបស់បក្សប្រជាជនកម្ពុជាទៀតផង៕









