អ្នកចូលរួមរំឭក​​ខួប២២​ឆ្នាំ ​លោក ​ជា វិជ្ជា បន្ត​ទាម​ទារ​ឱ្យ​​​រដ្ឋាភិបាល​​វែក​មុខ​ឃាតករ​ពិត​មក​ផ្តន្ទា​ទោស

នៅ​ថ្ងៃ​​ខួប​​២២​ឆ្នាំ​​នៃ​ករណី​ឃាត​កម្ម​​លើ​​លោក ជា វិជ្ជា ក្រុម​អង្គការ​សង្គមស៊ីវិល បក្សនយោ​បាយ និង​តំណាង​​សហជីព បន្ត​រំលឹក​​ពីវិរៈភាព​​របស់​​មេដឹកនាំសហជីព​សេរី​កម្មករ​រូបនេះ ​ដែលបាន​លះប​ង់​​កម្លាំង​កាយ​​ចិត្ត​ និង​​​ជីវិត ក្នុងបុ​ព្វហេ​តុ​​កា​រពារ​​​សិទ្ធិ និង​​​សេ​រី​ភា​​ព​​​សហជីព ក្នុង​នោះ​ពួក​គេ​​ក៏​បន្ត​ទាម​ទារ​ឱ្យ​​រដ្ឋាភិ​បាល ពន្លឿន​​ការ​​ស៊ើប​អង្កេត​​ចាប់​​ឃាតករពិត យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​​​ ដើម្បីផ្តល់​យុត្តិធម៌​ដល់លោក ជា វិជ្ជា និង​ក្រុមគ្រួសារ ព្រមទាំង​បញ្ចប់វប្បធម៌និទណ្ឌ​ភាព​នៅកម្ពុជា។​

ការ​ទាមទារនេះ បានធ្វើឡើង​នៅក្នុងពិធីដាក់កម្រ​ងផ្កាគោរពវិញ្ញាក្ខន្ធ​សពលោក ជា​ វិជ្ជា នៅថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៦ ដែលមានអ្នក​ចូលរួម​ប្រមាណ ៧០នាក់ ជា​​​សកម្មជន​សិទ្ធិ​ការងារ​ ​យុវជន​ ​ក្រុម​​សង្គម​​ស៊ីវិល​ ​សកម្មជន​ ​និង​អ្នកនយោបាយ​។

លោក ​ជា វិជ្ជា ជា​​អតីត​ប្រធាន​​​សហជីព​សេរី​កម្មករ​​នៃ​​ព្រះរាជា​ណាចក្រ​​កម្ពុជា ​ត្រូវ​​បាន​​ឃាត​ករ​​​បាញ់​​​​​ចំ​សៀត​​​​ផ្កា និង​​​ដើមទ្រូង​ ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ នា​ព្រឹក​​ថ្ងៃ​ទី​​​២២ ខែ​​មករា​ ឆ្នាំ​២០០៤ ​ខណៈ​​លោក​កំពុង​ឈរ​​នៅ​ក្នុង​តូប​កាសែត​មួយ ​ខាងលិច​វត្ត​លង្កា​ ក្នុង​ទី​ក្រុង​ភ្នំពេញ។​

ការ​បាញ់​សម្លាប់​​លោក​ ជា វិជ្ជា​ កើត​​មាន​​ឡើង​ បន្ទាប់​​​ពី​លោក​​បាន​​ទទួល​​រង​​ការ​​ព្រមាន​​សម្លាប់ ​និង​​ការ​​គំរាម​កំហែង​​ពី​ជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​​ទាម​ទារ​អត្ថប្រយោជន៍​​ដល់​កម្មករ​រួមមាន​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ។

ក្នុង​ពិធីរំលឹក​ខួប​២២ឆ្នាំនៃការ​បាញ់សម្លាប់លោក ជា វិជ្ជា នោះ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​​សហជីព​កម្ពុជា (CATU) បាន​ថ្លែង​ថា រយៈពេល​២២ឆ្នាំ​ហើយ ដែល​លោក ជា វិជ្ជា និង​​ក្រុមគ្រួសារ នៅ​មិនទាន់ទទួលបាន​យុត្តិធម៌​​ពិតប្រាក​ដ​នៅឡើយ​ទេ។ បើតាម​កា​រ​សង្កេត​​របស់​​អ្នក​ស្រី បើសិន​ជា​អ្នកដែល​ត្រូវ​គេ​បាញ់​សម្លាប់នោះ ជាក្រុម​​ថៅ​កែ ឬ​ជា​​អ្នក​មានលុយ​មាន​អំណាច នោះ​​សមត្ថកិច្ច​​ច្បាស់​ជា​កំណត់អត្តសញ្ញាណ​ជនដៃ​ដល់​បាន​​យ៉ាង​លឿន​ ប៉ុន្តែ​បើ​អ្នក​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ជា​សកម្មជន​សហជីព និង​សកម្មជន​ផ្សេង​ៗ គឺសមត្ថកិច្ច​​មិនងាយ​នឹង​រក​ឃើញ​​ឃាត​ករ​​ពិតនោះ​ទេ។

ទោះជាយ៉ាងណា អ្នកស្រី​នៅតែ​អំពាវ​នាវ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល ​ពន្លឿន​នីតិវិធី​ក្នុងកា​រស្វែង​រក​ឃាតករ​ពិត យក​មក​​ផ្តន្ទា​ទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​លោក ជា វិជ្ជា​ និងគ្រួសារ។​

អ្នកស្រីថា៖ «បើសិនណា​ប្រទេស​យើងពិត​​​ជា​ប្រទេស​ដែល​មាន​សន្តិ​ភាព​ពិតប្រាកដ ប្រកាន់​ភ្ជាប់នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ពិតប្រាកដ​ អីចឹង​ត្រូវ​តែ​ស្វែង​រក​យុត្តិធម៌»។

លោក​ អាត់ ធន់ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិ​ប​តេយ្យ​កម្មក​រ​កាត់​ដេរ​កម្ពុជា​ បាន​លើកឡើង​ថា លោក ជា​ វិជ្ជា ជា​និមិត្ត​រូប​​​មុន​គេ ក្នុង​ចំណោម​ថ្នាក់ដឹក​នាំ​​សហជីព​ផ្សេង​ទៀត ​ដែលបាន​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ ក្នុង​ការ​​​ទាម​ទារ​ឱ្យ​​មាន​ការ​ដំឡើងប្រាក់ឈ្នួល​​ និង​​អត្ថប្រយោជន៍​​ផ្សេង​​ៗស​ម្រាប់​​កម្មករ​​និយោជិត ព្រម​ទាំង​​សិទ្ធិ​​​សេរីភា​ព​​សហជីព។

លោក​បន្តថា រយៈពេលជាង២០ឆ្នាំ​មក​ហើយ ដែល​លោក ជា វិជ្ជា ត្រូវ​បានឃាត​ករ​បាញ់​សម្លាប់ ហើយ​ឃាតករពិត​នៅក្រៅសំណាញ់​ច្បាប់នៅឡើយ ដោយ​គេ​​ឃើញតែ​ឃាត​ករ​សិប្បនិម្មិត លោក ប៊ន សំណាង និង​លោក​ សុខ សំអឿន ដែល​ត្រូវបានចាប់ខ្លួន​និង​ផ្តន្ទាទោស ហើយ​នឹង​​ត្រូវបានដោះលែង​រួច​ហើយដែរ​។​

ការណ៍​នេះ លោកថា៖ «យើង​នៅ​តែ​​បន្ត​ជំរុញឱ្យ​មានយុត្តិ​ធម៌​សម្រាប់​គាត់​ សម្រាប់​កម្មករ​ដែរ​​ ព្រោះបើ​អំពើ​​ហិង្សា​ ការ​សម្លាប់​ ឬក៏​យាយី​បំពារ​បំពាន​បែបនេះទៅ​លើ​សហជីព​ តើ​អ្នកណា​ចង់ធ្វើ​សហជីព អ្នកណាចង់ធ្វើ​​សកម្ម​ជន អ្នកណា​ចង់​ការ​ពារ​​​កម្មករទៀត ចឹង​​គឺ​រដ្ឋ​​មាន​តែ​លើក​​​ទឹក​​ចិត្ត និង​​​​​ជំរុញ​ឱ្យ​​កម្មករ​ ក៏ដូចជា​​​អ្នក​ដែល​ធ្វើការ​សង្គម​ហ្នឹង ​ប្រឹង​ដើម្បី​ជួយ​គ្នា ទើ​បអាចដោះស្រាយ​បញ្ហា​អយុតិ្ត​ធម៌ហ្នឹង​បាន»

ជាមួយគ្នានេះ លោក អាត់ ធន់ ក៏បាន​លើក​ឡើងពីស្ថានភាព​សហជីព​បច្ចុប្បន្ន​ផង​ដែរ ដែល​នៅ​បន្ត​រង​ការ​យាយី​​មួយ​ចំនួន ការ​ជ្រៀតជ្រែក​កិច្ចកា​រ​ផ្ទៃ​ក្នុង ឬការ​បំពារ​បំពាន​ទៅលើ​សហជីពឯក​រាជ្យ ដែល​ការណ៍នេះ រដ្ឋាភិបាល​គួរ​តែ​ពង្រឹង និង​លើក​កម្ពស់​សិទ្ធិសេរីភាព​សហជីព​​នៅ​កម្ពុជា​ឡើង​វិញ បើពុំនោះទេ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរី​ភាព និង​អត្ថប្រយោជន៍​របស់​កម្មករ​និយោជិត។​

ចំណែកខាង​គណបក្ស​នយោបាយ​វិញ លោក រ៉ុង ឈុន​ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ មាន​ប្រសាសន៍​ក្នុង​ពិធី​នោះថា រយៈពេលជាង​២០ឆ្នាំ​មក​ហើយ ដែល​ពន្លឺ​យុត្តិធម៌​នៅ​មិន​ទាន់​មាន​នៅឡើយ​សម្រាប់លោក​ ជា វិជ្ជា និង​សាច់ញាតិ។ ​​ករ​ណី​នេះ លោក​ចោទ​ជា​សំណួរ​ថាតើ​​វា​បណ្តាល​​​មក​​ពី​​​ភាព​អសមត្ថ​ភាព​​របស់​សមត្ថកិច្ច ឬក៏​​មិន​ចង់​វែកមុខ​ឃាតករ​ពិត និងអ្នកនៅ​ពី​ក្រោយ​​ខ្នង​ឃាត​ករ ខណៈលោក​យល់ថា សមត្ថភាព​របស់សមត្ថកិច្ច​ក្នុងការ​ស្វែង​រក​ឃាត​ករ ឬអ្នក​នៅ​ពីក្រោយ​ខ្នង ហាក់មិនពិបាកឡើយ​ បើសិនជា​មានឆន្ទៈក្នុងការស្វែងរក​។​​

លោកថា៖​ «តើឃាតករ​ដែលបាន​បាញ់សម្លាប់​លោក ជា វិជ្ជា​ នៅឯណា? សំណួរមួយ​ទៀតសួរ​ថាតើ​យុត្តិ​ធម៌​សម្រាប់​លោក ជា វិជ្ជា ក៏ដូចជា​សាច់​ញាតិ មិត្ត​ភ័ក្ក នៅឯណា? អស់​​រយៈ​ពេល​២២​ឆ្នាំ​​ហើយ ម្នាក់​​ៗ​​តែង​​ទន្ទឹង​​រង​ចាំ​យុត្តិធម៌​​សម្រាប់​​លោក ជា​ វិជ្ជា ក៏​ដូច​ជា​​សាច់​ញាតិ ដែល​​ក្តី​រំពឹងអស់រយៈពេល​២២ឆ្នាំ​​ មិនទាន់​ឃើញ​ពន្លឺ​នៅ​ឡើយ នេះ​​បង្ហាញ​​​ថា អាជ្ញាធរ​​អសមត្ថ​ភាព​ ឬ​ក៏​​មិន​ចង់​​វែក​​មុខ​​រកឃា​តករ​ពិត និង​​អ្នកនៅ​ពីក្រោយ​ខ្នង​ឃាតករ»។​

ក្នុង​ពិធី​ដាក់កម្រ​ងផ្កា​នោះដែរ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ក៏បានជំរុញដូចគ្នា​​ឱ្យរដ្ឋាភិបាល​បន្តវេន​នៃ​បក្សកាន់​អំណាច​ បញ្ចប់បញ្ហា​​វប្បធម៌និទណ្ឌ​ភាពនៅកម្ពុជា​​​ ដោយ​​​ស្វែង​​រក​ឃាត​ករ​​ពិត​ដែលសម្លាប់លោក ជា វិជ្ជា មិនមែន​ឃាតករ​ក្លែង​ក្លាយឬសិប្ប​និមិត្ត ឬចាប់បង្ខំ​ដើម្បីបង្កើត​ព្រឹត្ត​ការណ៍​បំផ្លាញ​​ខ្មែរ​គ្នា​ឯង​នោះទេ។​

លោកថា៖ «យុត្តិធម៌​ត្រូវ​តែ​មាន ​​សម្រាប់​លោក ជា វិជ្ជា និង​ក្រុមគ្រួសារ ហើយសង្ឃឹមថា ខ្មែរ​មិន​​យក​ជីវិត​មនុស្ស ទៅ​​បាញ់​ប្រហារ ឬក៏​ចាប់​ដាក់គុក​ដូច​សត្វ​ធាតុទេ ត្រឹម​តែ​ការ​​និយាយ​ស្តី​ការ​បញ្ចេញ​មតិ​ ព្រោះ​បើ​យើងធ្វើ​ ​កាន់​តែ​​​បំផ្លាញ​ខ្មែរ​គ្នា គឺកុំ​បន្ទោស​សត្រូវ​បរទេស ប្រទេសជិត​ខាង​ គឺ​​គេ​មើលងា​យ​ គេ​វៃ​ឡុក​យើ​ងហើយ»

ក្រៅពី​ការ​ទាមទារយុត្តិធម៌​ដល់​សពលោក​ ជា វិជ្ជា អ្នក​ចូលរួម​ក៏បាន​ទាមទារឱ្យ​សមត្ថកិច្ច​​ពន្លឿន​ការ​ស៊ើប​អង្កេតនិង​ចាប់​ឃាត​ករ​ ដែល​​សម្លាប់​មេដឹកនាំ​សហជីពផ្សេង​ទៀត​ផងដែរ ដូចជា​ លោក រស់ សុវណ្ណារ៉េត ដែលត្រូវបានបាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០០៤ និង លោក ហ៊ី វុទ្ធី ត្រូវ​បានឃាតករ​​បាញ់សម្លាប់កាលពីថ្ងៃទី​​២៤ ខែ​​កុម្ភៈ ឆ្នាំ​​២០០៧។

នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅនៃអង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកា​ដូ លោក អំ សំអាត មាន​ប្រសាសន៍ថា​ រយៈពេលជាង២ទស្សវត្សរ៍ហើយ ដែលពន្លឺ​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា នៅមិនទាន់មាននៅឡើយ ហើយ​ក្រៅពីនោះ​ក្នុងសំណុំ​រឿង​​នេះ ក៏មាន​ភាពអយុត្តិធម៌សម្រាប់​មនុស្ស​២នាក់​ផ្សេង​ទៀត គឺ​លោក សុខ សំអឿន និង​លោក ប៊ន សំណាង ដែល​មិនដឹង​អ្វីសោះ បែរ​ត្រូវ​គេ​ចោទ​ថា​ជា​ឃាតករ​ និង​ចាប់ឃុំ​ខ្លួន​អស់​រយៈពេល​ជិត ៥ឆ្នាំ។

លោកថា៖ «ចឹង​នេះវា​ឆ្លុះបញ្ចាំ​ងពី​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់កម្ពុជាយើង ថា​អ្នក​ដែល​ទទួល​រង​គ្រោះ​ ប៉ុន្តែ​យុត្តិធម៌​នៅ​តែ​មិន​ទាន់ទទួល​បាន​រយៈពេល​ជាង ២០​ឆ្នាំ​ទៅហើយ​ហ្នឹង ចឹង​ហើយ​​​​បានទាមទារ​ធ្វើ​ម៉េច​ឱ្យ​ប្រព័ន្ធ​​​យុត្តិធម៌​របស់​យើងហ្នឹង​​ មានការ​កែ បានន័យថា ធ្វើ​ម៉េច​គឺ​​​កែ​ប្រែ​​ប្រព័ន្ធ​យុត្តិធម៌របស់​យើង ទៅជា​ប្រព័ន្ធ​មួយ​​មានតុលាការ​ឯករាជ្យ​ពិតប្រាកដ ហើយ​ជា​ជំនឿ​ទុក​ចិត្ត​សម្រាប់​បងប្អូន​ប្រជា​ពលរដ្ឋឡើង​វិញ​​ ពីព្រោះ​យើង​ឃើញ​ហើយ​ថា ឥឡូវ​ហ្នឹង​​រាជរដ្ឋាភិបាល​កំពុង​ធ្វើការ​កំណែទម្រ់ងលើ​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​ ក៏ប៉ុន្តែ​​នៅតែ​មានការ​រិះគន់ជាបន្ត​បន្ទាប់នៅឡើយ […] ហើយចំណោះ​ករណី លោក ជា​ វិជ្ជា នេះ​​សង្គម​ស៊ីវិល​នៅ​តែ​ទាម​ទារ​​ឱ្យ​មានការ​​​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់ ដោយ​តម្លា​ភាព​ ដើម្បី​ស្វែង​​រក​​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា និងក្រុមគ្រួសារ ក៏ដូចជា​​ អ្នកដែល​ត្រូវ​បានគេ​បាញ់សម្លាប់​ អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់ ហើយ​មិនទាន់​ទទួលបាន​យុត្តិធម៌នោះ​»។

វីអូឌី មិន​អាចសុំការ​អត្ថាធិប្បាយ​ជុំវិញករណីនេះ ពីអ្នកនាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹម​ខឿន និង​អ្នកនាំពាក្យក្រសួង​យុត្តិធម៌ លោក សេង ឌីណា បានទេ នៅ​ថ្ងៃ​ទី​២២ ខែ​មករានេះ។​

ករណី​លោក​ ជា វិជ្ជា ត្រូវ​បាន​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​មើល​ឃើញ​ថា ស្ថិត​​​ក្នុង​ចំណោម​សំណុំ​​​​រឿង​​​ដែល​មិន​​ទាន់​​ដោះ​​ស្រាយ​​​បាន​ចប់​សព្វ​គ្រប់ផ្សេង​​ទៀត​ ដូចយ៉ាង​ករណី​ឃាតកម្ម​លើ​​​អ្នកនាង​​ ​ពិសិដ្ឋ ពិលិការ នៅ​ឆ្នាំ​១៩៩៩ និង​ព្រះ​តេជព្រះគុណ ​សំ ប៊ុន​ធឿន នៅ​ឆ្នាំ​២០០៣​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ