ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន អាចជួយជំរុញវឌ្ឍនភាពសកល ប៉ុន្តែមានតែក្នុងករណីដែលមហាអំណាចទាំងពីរ អនុវត្តការអត់ធ្មត់ក្នុងវិស័យរសើបៗ ដូចជា បច្ចេកវិទ្យានុយក្លេអ៊ែរ និងបញ្ញាសិប្បនិម្មិតប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរី។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស កាលពីថ្ងៃទី២១ខែមករា លោក Tharman បានលើកឡើងថា ការប្រជែងគ្នារវាងមហាអំណាចទាំងពីរ អាចផ្តល់ផលប្រយោជន៍យ៉ាងទូលំទូលាយ ប្រសិនបើការច្នៃប្រឌិតថ្មីៗ ត្រូវបានចែករំលែកជាទូទៅ ហើយមិនត្រូវបានអនុញ្ញាតឱ្យបំផ្លាញស្ថិរភាពសកល។
លោកបានបន្តថា ការច្នៃប្រឌិតដែលកើតចេញពីការប្រកួតប្រជែងអាចនាំឱ្យមាន “ការរីកចម្រើនយ៉ាងខ្លាំងក្លា” ប្រសិនបើសមិទ្ធផលទាំងនោះ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។ “ពួកគេនឹងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងលើបច្ចេកវិទ្យាថ្មីៗ និងដើម្បីឧត្តមភាពសេដ្ឋកិច្ច ដែលវានឹងមិនមែនគ្មានផលប្រយោជន៍សម្រាប់ពិភពលោកនោះទេ”។
លោកបានបន្ថែមថា មហាអំណាចទាំងពីរត្រូវទទួលស្គាល់ថា ការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពបត់បែន នឹងបម្រើដល់ផលប្រយោជន៍ជាតិរបស់ភាគីទាំងសងខាង។
លោក Tharman បានព្រមានប្រឆាំងនឹងការទទួលយកដោយស្ងៀមស្ងាត់នូវការធ្លាក់ចុះនៃបទដ្ឋាន និងទំនុកចិត្តលើស្ថាប័នពហុភាគី ដូចជា អង្គការសហប្រជាជាតិ ដោយកត់សម្គាល់ថា ពិភពលោកបច្ចុប្បន្នគឺជាពិភពលោកដែលមានប៉ូលច្រើន។
លោកមានប្រសាសន៍ថា៖ «វាជាការទាក់ទាញក្នុងការគិតថា អ្វីៗត្រូវតែអាក្រក់ទៅៗ មុនពេលវាអាចល្អប្រសើរឡើងវិញ ឬមុនពេលយើងអាចចាប់ផ្តើមជាថ្មី។ ប៉ុន្តែជាអកុសល គ្រោះថ្នាក់គឺថា អ្វីៗមិនមែនត្រឹមតែអាក្រក់ទៅៗនោះទេ ប៉ុន្តែអ្នកអាចនឹងជួបប្រទះនូវការធ្លាក់ចុះនៃសណ្តាប់ធ្នាប់ដែលកាន់តែអាក្រក់ទៅៗដោយខ្លួនឯង»។
លោកបានជំរុញឱ្យបណ្តាប្រទេសនានាប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានដែលត្រូវបានបង្កើតឡើងដោយស្ថាប័ននានា ដូចជា អង្គការសហប្រជាជាតិជាដើម។ សំណួរអំពីអនាគតរបស់អង្គការនេះបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នករៀបចំដ៏សំខាន់ និងជាអ្នករួមចំណែកហិរញ្ញវត្ថុធំបំផុត បានងាកខ្នងដាក់វា។
លោក Tharman បានទទួលស្គាល់ថា អង្គការសហប្រជាជាតិ កំពុងត្រូវបានគេមើលរំលងក្នុងរយៈពេលខ្លី ប៉ុន្តែលោកបានកត់សម្គាល់ថា ប្រទេសភាគច្រើននៅតែជឿជាក់លើច្បាប់អន្តរជាតិ។
លោកបានជំរុញឱ្យបណ្តាប្រទេសនានាកសាងពហុភាគីនិយម (Plurilateralism) និងរួបរួមគ្នាក្នុងផលប្រយោជន៍រួមលើវិស័យនានា ដូចជា បញ្ញាសិប្បនិម្មិត ពាណិជ្ជកម្ម និងការវិនិយោគ និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងស្ថាប័នទាំងនេះ។
ប៉ុន្តែលោកបានទទួលស្គាល់ថា នេះនឹងក្លាយជាការតស៊ូដ៏លំបាកមួយ ដោយសារច្បាប់ និងស្តង់ដារអន្តរជាតិក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ចឌីជីថល នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំចង់និយាយថា យើងត្រូវតែធ្វើរឿងនេះដោយមានជំនឿចិត្ត… វាមិនមែនគ្រាន់តែដោយសារយើងស្ថិតក្នុងស្ថានភាពទាល់ច្រកនោះទេ ប៉ុន្តែយើងពិតជាកំពុងព្យាយាមកសាងអ្វីមួយដែលចាំបាច់ និងមិនទាន់មាននៅឡើយ»។
លោក Chuck Robbins នាយកប្រតិបត្តិនៃក្រុមហ៊ុន Cisco ដែលជាសមាជិកម្នាក់ក្នុងក្រុមពិភាក្សាដែរនោះ បាននិយាយថា តម្លាភាពគឺជារឿងចាំបាច់ក្នុងការកសាងទំនុកចិត្តពហុភាគីឡើងវិញ ជាពិសេសនៅពេលដែលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស។
លោក Robbins បាននិយាយថា បណ្តាប្រទេសនានាត្រូវឈរលើ “គោលការណ៍សីលធម៌ខ្ពស់” និងមានភាពបើកចំហនៅពេលធ្វើទំនាក់ទំនងជាមួយរដ្ឋដទៃទៀត៕









