ការចេញលិខិតតវ៉ាថៃរងការរិះគន់ថាជាការរំលត់កំហឹង​មហាជន​ដើម្បី​បិទ​បាំងក​ម្សោយ​ការ​ពារ​ទឹក​ដី

ការដែល​រដ្ឋាភិបាល​ទម្លាយ​ឱ្យ​ដឹង​ពីកា​រ​ចេញ​លិខិត​តវ៉ា​ទៅ​ថៃ ដែល​បាន​ស​ម្រុក​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ដី​ខ្មែរ ដែល​ថៃ​ឈ្លាន​ពាន​បាន​ក្រោយ​សង្គ្រាម​២១​ថ្ងៃ​នោះ ត្រូវ​គេមើ​ល​ឃើញ​ថា ជា​យុទ្ធ​សាស្ត្រ​រំលត់​កំហឹង​មហា​ជន ដើម្បី​បិទ​បាំង​កម្សោយ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ប៉ុណ្ណោះ មិន​មែន​ជា​ឆន្ទៈ​ទាម​ទារ​ដី​ខ្មែរ​យក​ត្រឡប់​មក​វិញ​​នោះ​ទេ​ ដរា​ប​​ណា កម្ពុជា​​មិន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ។

កាល​ពីថ្ងៃ​ទី២​១ ខែ​មករា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ បាន​ចេញ​លិខិត​តវ៉ា​ផ្លូវ​ការ​ជាថ្មី​ម្ដង​ទៀត​ ប្រឆាំ​ង​ចំពោះស​កម្ម​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ថៃ​ក្នុង​តំបន់​ដែល​បាន​កាន់​កាប់។

ប្រភពបន្តថា សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹង​វិធាន​ការ​កាត់​បន្ថយ​ភាព​តាន​តឹង ដែល​​មាន​ចែង​ក្នុង​ចំណុច​ទី១ នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ច​ប្រជុំ​ពិសេស​លើ​ក​​​ទី៣ របស់​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

ក្រសួងនិយាយថា សកម្មភាពទាំងនេះ បានប៉ះពាល់ធ្ងន់ធ្ងរដល់អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា បង្ក​ឡើង​នៅថ្ងៃ​ទី​១​៩ ខែ​មករា ឆ្នាំ​២០២៦ រួម​មាន​ដូច​ជាការ​តម្កល់​រូប​សំណាក​ព្រះពុ​ទ្ធ​បដិមា នៅ​លើទី​តាំង​រូប​សំណាក​បដិមា​ព្រះ​វិស្ណុ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​មន្ត្រីយោ​ធា​ថៃ នៅ​តំបន់​អាន​សេះ ខេត្ត​ព្រះ​វិហារ។ ការ​ដាក់​រាយ​កុង​តឺន័រ ដើម្បី​រាំង​ផ្លូវ នៅ​តំបន់​បឹង​ត្រកួន ខេត្ត​បន្ទាយ​មាន​ជ័យ និង​ការ​សាង​សង់​លេណ​ដ្ឋាន​ដោយ​ប្រើប្រា​ស់​គ្រឿង​ចក្រ​ធុន​ធ្ងន់ នៅ​តំបន់​បឹង​ត្រកួន។

ជុំវិញបញ្ហានេះ កម្ពុជាអំពាវនាវឱ្យប្រទេសថៃអនវុត្តឱ្យបាន​ពេញ​លេញ និង​ស្មោះ​ត្រង់​នូវ​ប្រការ​ទាំង​អស់​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ របស់​គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ ឆ្នាំ​២០២៥ និង​កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង កសាង​ទំនុក​ចិត្ត​និ​ងការ​ជឿជា​ក់​ ព្រម​ទាំង​ស្តារ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

សម្រាប់ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ចាត់​ទុក​លិខិត​តវ៉ា​របស់​ក្រសួង​ការ​បរទេស​នេះ គ្រាន់​ជា​ល្បិច​នយោបា​យ ដើម្បីស្អំ​ចិ​ត្ត​មហាជន​កុំ​ឱ្យ​ខឹង​សម្បារ​រដ្ឋាភិ​បាល​ដែល​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី។

លោកប​ន្តថា ទោះរដ្ឋាភិបាលគ្រួសារហ៊ុន ចេញ​លិខិត​តវ៉ា​ច្រើន​លើស​លុប​យ៉ាង​ណាក៏​ដោ​យ ក៏​មិន​អាច​ជំរុញ​ឱ្យ​ថៃ​ប្រគល់​ទឹក​ដី​ខ្មែរ​ត្រឡប់​មក​វិញ​បាន​ទេ​ បើ​មិន​ព្រមដាក់ពាក្យប្តឹងថៃទៅតុលាការអន្តរជាតិ។

លោកថា ការព្យាយាមចេញលិខិតតវ៉ាប្រឆាំងថៃជាហូរហែរនេះ ច្បាស់​ណាស់​ជា​ល្បែង​នយោ​បាយ​លួង​ចិត្ត​មហា​ជន ដើម្បី​ឱ្យព​លរដ្ឋ​ឃើញ​មើល​ថា ខ្លួនមិ​ន​បាន​នៅ​ស្ងៀម​រឿងការបាត់បង់បូរណភាពទឹកដីទេ។

ម្យ៉ាងវិញទៀត គឺដើម្បីបិទបាំងនូវកម្សោយរដ្ឋាភិបាលគ្រួសារ​ហ៊ុន ដែល​អសមត្ថ​ភាព​ការ​ពារ​ទឹក​ដី​ បណ្តោយ​ឱ្យ​ថៃ​គឃ្លើន​ឈ្លាន​ពាន បំផ្លាញ​ប្រាសាទ​បុរាណ ហេដ្ឋារ​ចនា​សម្ព័ន្ធ និងផ្ទះសម្បែពលរដ្ឋខ្មែរ។

លោកថា៖ «គ្រាន់តែថ្លែងការណ៍សុំរបស់ពីចោរ ឬ​ក៏​គ្រាន់​តែចេ​ញលិ​ខិត​អំពាវ​នាវ​ទៅ​ចោរ​ឲ្យ​ប្រគល់​ម៉ូតូ​មក​យើង​វិញ​នោះ ចោរ​មិន​ឱ្យទេ​ ដូច្នេះ​អំពាវ​នាវ ឬ​ក៏កំណត់​ទូត​ហ្នឹង​ អត់​បាន​ការ​នោះ​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្ងប់​ចិត្ត អូរ! រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គេ​អត់​នៅ​ស្ញៀម គេ​តវ៉ា​ដែរ គេ​ប្រឹង​ប្រែង​ស្វះ​ស្វែង​ដែរ ប៉ុន្តែ​ប្រឹ​ងប្រែ​ង​ស្វះ​ស្វែង​ហ្នឹង វា​អត់​ត្រូវ​តាម​ផ្លូវ​ច្បាប់ ហើយ​អត់​សង្ឃឹម​ថា​នឹង​បាន​មក​វិញ ព្រោះ​អាហ្នឹង​គ្រប់​គ្រាន់​តែ​ធ្វើ​ឲ្យ​ឮ​តវ៉ា​ដែរ​ហ្នឹង តែ​មិន​ព្រម​ប្ដឹង​ហ្នឹង គឺ​គ្រា​ន់តែ​ត​​វ៉ាគ្រាន់​តែ​ថ្លែង​ការណ៍ តែ​មិន​ព្រម​ប្តឹង គឺ​វា​អត់​បាន​ការ​នោះ​ទេ»។

ប្រហែលគ្នានេះដែរ អ្នកច្បាប់និងជាអ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត និយាយ​ថា ការ​ចេញ​លិខិត​តវ៉ា​ប្រឆាំង​ថៃ​​នេះ អាច​ជា​យុទ្ធ​សាស្រ្តស្អំ​ចិត្ត​មហា​ជន កុំ​ឱ្យ​ខឹង​សម្បារ​រដ្ឋាភិ​បាល រឿង​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី។ លោក​ថា រដ្ឋាភិ​បាល លោក ហ៊ុន​ ម៉ាណែត មិន​អាច​ទាម​ទារ​ទឹក​ដី​ខ្មែរ​ត្រឡប់​មក​វិញ​ទេ បើ​មិន​ប្តឹ​ងថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ICJ និង​ដៃគូ​រ​ពាក់​ព័ន្ធ​នោះ។

លោកថា៖ «ការចេញលិខិតបដិសេធហើយ​និង​ប្រឆាំង​ទៅ​នឹង​សកម្ម​ភាព​របស់​ភាគី​ថៃ ចំពោះ​ការ​កសាង​ហេដ្ឋារចនា​​សម្ព័ន្ធ ឬ​ក៏​លេណ​ដ្ឋាន​ផ្សេងៗ​នោះ ទំនង​ក្នុង​ចេតនា​ធំ​បំផុត​នោះ​គឺកា​រ​ស្អំ​ចិត្ត​ប្រជា​ពលរដ្ឋ​ដើម្បី​កុំ​ឲ្យមា​ន​ការ​ខឹង​សម្បា​ខ្លាំង​ចំពោះ​រដ្ឋាភិ​បាល ដោយ​ឡែក​ចំពោះភា​ព​បរាជ័យ​របស់​ លោក ហ៊ុន ម៉ាណែត នៅ​ក្នុ​ងកិច្ច​ការ​ពារ​ដែន​​អធិប​តេយ្យ និង​បូរណ​ភាព​របស់​ជាតិ​ យើង​ឃើញ​ជាក់​ស្ដែង​ក្នុង​ប្រវ​ត្តិ​សាស្ត្រ​ជាង​៥០០​ឆ្នាំ​មក​នេះ នៅ​ពេល​ដែល​​ប្រទេស​ជិត​ខាង​គ្រប់​គ្រង​លើ​ទឹក​ដី​របស់​កម្ពុជា ហើយ​គឺ​ក​ម្ពុជា​មិន​ដែល​យក​ទឹក​ដី​អស់​នោះ​ម​កវិញ​បា​ន​ម្តង​ណា​ឡើយ គឺ​គេនឹ​ងត្រូ​វ​បាត់ប​ង់​រហូត​តែ​ម្ដង»។

ការណ៍នេះ លោក ចាន់ឡូត ផ្តល់ជាយោបល់ថា ជម្រើសល្អបំផុតរបស់មេដឹកនាំ​កម្ពុជា​លោក ហ៊ុន ម៉ាណែត គួរ​តែ​ចុះ​ចេញ​តំណែង ដើម្បី​ដាក់​អ្នក​ថ្មី​មក​ជំនួស ក្នុង​ការ​ការ​ពារ និង​ទាម​ទារ​ទឹក​ដី​ខ្មែរ​មក​វិញ។

លោកថា៖ «វាមិនពិបាកនោះទេ ដោយគ្រាន់តែ​លោ​ក ហ៊ុន ម៉ាណែត លាលែង​ចេញ​ពី​តំណែង ហើយ​ប្រគល់​ឲ្យអ្ន​ក​ដែល​មាន​សមត្ថ​ភាព​ពិត​ប្រាកដ មក​ដឹក​នាំ​កិច្ច​ការ​ក្នុង​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី ប្រសិន​បើ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ហើយ ចំណុច​នេះ​ទេ ទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត នៅ​បន្ត​កាន់​តំណែង​ក៏ដោ​យ​ក៏​នឹង​មិនទ​ទួល​បាន​នូវ​ការ​សាទរ​ ការ​ឲ្យ​តម្លៃ និង​ការ​ជឿទុ​ក​ចិត្ត​ពី​សំណាក់​ប្រជាព​លរដ្ឋ​ខ្មែរ​ដែរ ហើយ​នៅ​ក្នុង​ផ្នត់គំ​និត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ចាត់​ទុក​លោក ហ៊ុន ម៉ាណែត គឺ​​ជា​នាយក​រដ្ឋ​មន្ត្រី​តែអ​ន់​បំផុត»។

ចំណែក អ្នក​​​ធ្វើ​អត្ថាធិប្បាយ​​​​​​លើ​​បណ្តាញ​​​សង្គម​​​​​នៅ​​​ទីក្រុង​​​​​ឡង់​​​ប៊ិច​​ សហរដ្ឋ​​​​អាមេ​រិក ​លោក មួង ណារ៉េត យល់​ដូច​គ្នា​ថា​ បើ​កម្ពុជា​មិន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​ទេ ដី​ខ្មែរ​រាប់​សិប​កន្លែង​ដែល​ថៃ​ដណើ្តម​បាន​ក្រោយ​សង្គ្រាម​​២១​ថ្ងៃ គ្មាន​​ថ្ងៃ​បាន​មក​វិញ​ទេ ។

លោកថា៖ «ខ្ញុំបាន​ថា ខ្ញុំស្ទើរតែហ៊ានភ្នាល់ដាក់​ជីវិត​ថា ថៃនឹ​ងមិ​ន​ឲ្យ​ដី​ខ្មែរ​ដែល​ថៃ​វាយ​យក​បាន​ទេ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ស្ទើរ​តែហ៊ា​ន​ភ្នាល់​ដាក់​ជីវិត ជា​ការ​ពិត​ហើយ​ វា​ការ​ភ្នាល់​នេះ​ វា​ធ្ងន់​ខ្លាំង​ណាស់ យក​ជីវិត​ទៅដា​ក់​នៅក្នុ​ង​ការ​ភ្នាល់​ថា​ថៃ​មិន​ឲ្យ​ដី​យើង​ទេ ខ្ញុំនិ​យាយ​នេះ​ណា កុំ​យក​មក​វ៉ៃប្រ​ហារ​ខ្ញុំ​ក្នុង​ន័យ​ថា ខ្ញុំ​ហ្នឹង​ក្បត់​ជាតិ ឬ​ក៏​កាន់​ជើង​ថៃ​ ខ្ញុំ​និយាយ​នេះ ដោយ​សារ​ខ្ញុំស្រ​ឡាញ់​កម្ពុជា​អស់​ពី​បេះដូង​ ខ្ញុំ​និយាយ​នេះ​ចង់​ប្រាប់​ទៅ​រដ្ឋាភិ​បាល​កម្ពុជា​ថា បើ​អស់​​លោក​ធ្វើ​ដូច​អស់​លោក​នេះ​ណាស់ សុំ​ភ្លើង​យក្ស​ហើយ​ចរចា​តវ៉ា​ចរចា​ថ្កោល​ទោស​តវ៉ា​សុំ​អង្វរ​ហើយ​ គេ​អត់​ទៅមើល​​យើង​ផង​ តើ​យើង​ទៅ​ចរចា​ជាមួយ​ចោរ​យ៉ាង​ម៉េច»។

អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក ជា ធារិទ្ធិ សុំមិនបក​ស្រាយ ដោយ​ថា លើស​ដែន​សមត្ថ​កិច្ច​របស់​លោក ។

លោកថា៖ «សម្បត្តិឯង​សួរខាងក្រសួងការបរទេស ឬក្រសួង​ការ​ពារ​ជាតិ ខ្ញុំ​ឆ្លើយ​វាអ​ត់​ត្រូវ​នឹង​សាច់​រឿង​ហ្នឹង​ទេ»។

យាំងណា​ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ធ្លាប់អំពាវនា​វឱ្យ​ព​លរដ្ឋ​ជឿជា​ក់លើ​រដ្ឋាភិ​បាល ជុំ​វិញ​ការ​ដោះស្រា​យ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​នេះ។

លោកថា៖ «សូមបងប្អូនយើងជឿជាក់លើរាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត​ ជា​នាយក​រដ្ឋ​មន្ត្រី និង​មាន​ថ្នាក់​ដឹក​នាំស្ថា​ប័ន​កំពូលៗ​របស់​ជាតិ ជាពិសេស​គឺ​សម្ដេច​តេជោ​ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធ​សភា ទាំ​ងថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ដោយ​មាន​វីរៈ​កង​ទ័ព​ វីរៈ​កង​កម្លាំង​ប្រដាប់​អាវុធ​ដ៏អង់​អាច​ក្លាហាន​របស់​យើង ក្នុង​ការ​ចាត់​ចែង​ការ​ងារ​គ្រប់​យ៉ាង ដើម្បី​ថែរ​ក្សា​សុខ​សន្តិភា​ព​ការ​ពារ​បូរណ​ភាព​ទឹក​ដី​បាន​គង់​វង្ស​ដោយ​សន្តិ​វិធី​នោះ ក្នុង​ក្រប​ខ័ណ្ឌច្បា​ប់អ​ន្តរជាតិ និង​ក្នុង​ស្មារតី​ពហុ​ភាគី»។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុ​ន មិន​ព្រម​បញ្ជាក់​ជំហរ​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ លោ​កអះ​​អាង​ថា កុំ​សង្ឃឹ​មបា​ន​ដី​ខ្មែរ​ត្រឡប់​មក​វិញ។

ក្នុងត្រង់​ន័យ​នេះ លោក​ទាញជាឧទាហរណ៍ថា គ្មានចោរប្លន់​ឯណា ព្រម​ប្រគល់​របស់​របរ​ឱ្យ​យើង​មក​វិញ​ងាយ​ៗ​នោះទេ​ បើយើ​ង​មិន​ព្រម​ដាក់​ពាក្យ​ប្តឹង​ប៉ូលីស​តាម​ផ្លូវ​ច្បាប់ ដើម្បីទាមទាររបស់ដែលបាត់នោះ។

លោកថា ថៃវាមិនព្រមប្រគល់ទឹកដីខ្មែរ ដែលវាខំប្រឹងវាយ​ប្រហារ​លួច​ប្លន់​ពី​ខ្មែរ​យើង​យ៉ាង​លំបាក ហើយ​ប្រគល់​ឱ្យ​ខ្មែរ​វិញ​ងាយៗ​ទេ បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ។

លោកថា៖ «បើសកម្មភាពដូចលោក ហ៊ុន ម៉ាណែត លោក ប្រាក់ សុខុន ធ្វើ​រាល់​ថ្ងៃហ្នឹ​ង បើ​ធ្វើ​តែអ៊ី​ចឹង​ហ្នឹង​គ្មាន​សៀម​​ណា​​គេឲ្យ​ដី​ម​ក​វិញ​ទេ ព្រោះ​សៀម​ជា​ចោរ​ប្លន់ ចោរ​ប្លន់​គេ​បើ​ក​មុខ​គេ​ជំហរ​មុខ​មក​ប្លន់​យក​ទ្រព្យ​សម្បត្តិ​យើង ហើយ​យើង​អត់​ប្ដឹង​ចោរ ធ្វើ​ម៉េ​ចចោរ​ឲ្យ​ទ្រព្យ​សម្បត្តិ​នោះយើ​ង​វិញ ចោរ​ប្លន់​គេ​ប្លន់​ហើយ​គេ​ថា ​អត់​ប្លន់​ទៀត គេ​យក​​ទ្រព្យ​សម្បត្តិ​យើង​ទទេ ហើយ​គេ​ថា​គេអ​ត់​ប្លន់​ទេ អាហ្នឹង​ជាល្បិ​ចក​ល​របស់​ចោរ​ប្លន់​ អ៊ីចឹង​ហើយ​សៀម​នេះ​ចូល​មក​ឈ្លាន​ពាន​ប្ល​ន់​យក​ទ្រព្យ​សម្បត្តិ​យើង​ ហើយ​ដោះ​សាថា​គ្មាន​ប្លន់​ទេ ម្ល៉ោះហើ​យយើ​ង​ជាជ​ន​រង​គ្រោះ​ ហើយ​យើង​ក៏​នៅ​ចាំ​ដល់​ថ្ងៃណា​ ទៅ​សុំចោ​រ​ចរចា​ហើយ​បាន​ទ្រព្យ​សម្បត្តិ​វិញ តើ​វាស​ម​ទំនង​ថា​ចោរ​នឹង​​ប្រគ​ល់ទ្រ​ព្យ​សម្បត្តិ​ឱ្យ​យើង​ មិន​ទេ គឺទេ»។

បើតាម លោក អ៊ុំ សំអាន បានធ្វើបច្ចុប្បន្នភាពថ្មីថា ក្រោយ​សង្រ្គាម ២១​ថ្ងៃក​ន្លង​​ម​ក​​នេះ ខ្មែរ​​បាត់​ទឹក​​ដី​​​ចំនួន ៤១ ​​ទីតាំង ដូច​​ជា ប្រាសាទ​​តាមាន់​ធំ ប្រាសាទ​​តាមាន់​តូច ប្រាសាទ​​​តាក្របី ប្រាសាទ​​​ខ្នារ ច្រក​អាន​​សេះ ភ្នំ​​៣៥០ ភូមិ​ជោគ​​​ជ័យ ភូ​មិ​​ព្រៃ​ចាន់ ផ្ទះ​បីខ្នង អូរភ្លុក​ដំរី ថ្មដា ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ បឹងត្រកួនចំនួន ៤ភូមិ ផ្ទះតាម៉ុក (ជាំតែ​-បុស្បូវ ) អូរផ្កា​ស្នេហ៍ តាថាវ និងជប់អង្គុញ ជាដើម។

បើតាម​មាត្រា​៥​២​​​​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​​ឯករាជ្យ អធិប​​​តេយ្យ​ បូរ​ណ​​​​ភាព​​​ទឹក​​​ដី អនុ​​​វ​​​​​ត្ត​​​​នយោបាយ​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ