ទោះបីជាតួលេខនៃអ្នកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ត្រូវបានរដ្ឋាភិបាលលើកតម្កើងជាសមិទ្ធផលដ៏ធំធេងក៏ដោយ ប៉ុន្តែនៅពីក្រោយភាពជោគជ័យនៃអត្រាជាប់ ៨៤.៥៦% នេះ ការវិភាគស៊ីជម្រៅបានបង្ហាញពីភាពប្រហោងក្នុងនៃប្រព័ន្ធអប់រំដែលកំពុងស្ថិតក្នុងសភាព «គ្រវីក្បាលឱ្យតែរួចពីស្មា»។
ការផ្ដោតខ្លាំងពេកលើលទ្ធផលប្រឡងបណ្តោះអាសន្ន បានធ្វើឱ្យរាជរដ្ឋាភិបាលមើលរំលងគុណភាពអប់រំពិតប្រាកដ និងការវិនិយោគរយៈពេលវែងលើធនធានមនុស្ស។
របាយការណ៍វាយតម្លៃពីធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភថា ទោះបីជាបរិមាណសិស្សជាប់មានការកើនឡើង ប៉ុន្តែក្រោយរៀនចប់គ្មានការងារធ្វើ នៅតែជាបញ្ហាស្នូល ដោយសិស្សជាច្រើនជាប់សញ្ញាបត្រមែន ប៉ុន្តែខ្វះសមត្ថភាពមូលដ្ឋានក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ និងការគិតបែបវិភាគ។
បញ្ហាប្រឈមដែលគួរឱ្យបារម្ភបំផុតគឺ វិបត្តិជីវភាពគ្រូបង្រៀនដែលរដ្ឋាភិបាលហាក់មិនទាន់មានដំណោះស្រាយជាដុំកំភួនលើសពីការសន្យាតាមគោលនយោបាយ។
អង្គការ UNESCO បានកត់សម្គាល់ក្នុងរបាយការណ៍តាមដានការអប់រំសកលថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសដែលមានការវិនិយោគលើសុខុមាលភាពគ្រូបង្រៀនទាបនៅឡើយ បើធៀបនឹងតម្រូវការជីវភាពជាក់ស្តែង។
ទោះបីជាមានការដំឡើងប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ប៉ុន្តែល្បឿននៃការដំឡើងនេះ មិនអាចដេញទាន់អត្រាអតិផរណា និងការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារឡើយ។
ស្ថានភាពនេះ បានបង្ខំឱ្យគ្រូបង្រៀនបឋមសិក្សា និងមធ្យមសិក្សាជាច្រើនត្រូវបន្ត «រត់តុ រត់តាក់ស៊ី ឬធ្វើការងារក្រៅម៉ោង ដែលមិនពាក់ព័ន្ធនឹងវិជ្ជាជីវៈ ដែលជាហេតុនាំឱ្យពួកគេខ្វះពេលវេលាក្នុងការរៀបចំកិច្ចតែងការបង្រៀនឱ្យមានគុណភាព។ ការខ្វះការយកចិត្តទុកដាក់លើសុខុមាលភាពគ្រូបង្រៀននេះ គឺជាការខាតបង់ដ៏ធំធេងសម្រាប់គុណភាពសិក្សារបស់កុមារកម្ពុជា ព្រោះគ្រូបង្រៀនដែលខ្វះកម្លាំងចិត្ត មិនអាចបង្កើតសិស្សដែលប្រកបដោយការច្នៃប្រឌិតបានឡើយ។
បន្ថែមលើនេះ គម្លាតរវាងសាលារៀនក្នុងក្រុង និងសាលារៀននៅតំបន់ដាច់ស្រយាល កាន់តែរីកធំឡើងដោយសារការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមានលក្ខណៈលំអៀង។ ការវាយតម្លៃពីស្ថាប័ន PISA (Programme for International Student Assessment) បានបង្ហាញឱ្យឃើញនូវគម្លាតពិន្ទុយ៉ាងខ្លាំងរវាងសិស្សានុសិស្សនៅទីក្រុងភ្នំពេញ និងសិស្សនៅតាមខេត្តដាច់ស្រយាល ដែលឆ្លុះបញ្ចាំងពីវិសមភាពនៃការបែងចែកធនធាន។
ខណៈដែលសាលារៀនក្នុងរាជធានី ទទួលបានការយកចិត្តទុកដាក់លើការបំពាក់ឧបករណ៍ឌីជីថល សាលារៀនតាមបណ្តាខេត្តឆ្ងាយៗ នៅតែប្រឈមនឹងការខ្វះខាតបន្ទប់រៀន សម្ភារឧបទេសសិក្សាមូលដ្ឋាន និងសូម្បីតែបង្គន់អនាម័យត្រឹមត្រូវ។
ការដែលសិស្សានុសិស្សត្រូវរៀនក្នុងថ្នាក់ដែលចង្អៀតណែន និងគ្មានសម្ភារពិសោធន៍វិទ្យាសាស្ត្រជាក់ស្តែង ធ្វើឱ្យការសិក្សា STEM ក្លាយជាការរៀនតាមបែប «ទន្ទិញមេរៀន» ជាជាងការអនុវត្ត។
ម្យ៉ាងវិញទៀត ការអួតអាងអំពីបដិវត្តន៍ឌីជីថល និងការដាក់ឱ្យប្រើប្រាស់ AI ក្នុងវិស័យអប់រំឆ្នាំ២០២៥ ត្រូវបានអ្នកវិភាគអន្តរជាតិចាត់ទុកថាជាការ «សង់ប្រាសាទលើខ្សាច់»។
របាយការណ៍ពីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានបង្ហាញថា កម្ពុជានៅមានកម្រិតទាបខ្លាំងក្នុងការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿននៅតាមសាលារៀនជនបទ។ ក្នុងខណៈដែលរដ្ឋាភិបាលរៀបចំសន្និបាត EdTech យ៉ាងអធិកអធម ប៉ុន្តែការពិតជាក់ស្តែងគឺសិស្សានុសិស្ស និងគ្រូបង្រៀនភាគច្រើននៅតំបន់ដាច់ស្រយាល សូម្បីតែចំណេះដឹងឌីជីថលមូលដ្ឋានក៏នៅមានកម្រិត។
ការខ្វះការវិនិយោគលើ «ឆ្អឹងខ្នងបច្ចេកវិទ្យា» បានធ្វើឱ្យកម្មវិធីកែទម្រង់ឌីជីថលទាំងឡាយគ្រាន់តែជារូបភាពសម្រាប់បង្អួតភ្នែកដៃគូអភិវឌ្ឍន៍ ជាជាងការផ្តល់ផលប្រយោជន៍ដល់អ្នកសិក្សាពិតប្រាកដ។
លើសពីនេះទៅទៀត ភាពបរាជ័យក្នុងការផ្សារភ្ជាប់ប្រព័ន្ធអប់រំទៅនឹងទីផ្សារការងារ បានបង្កើតឱ្យមានបាតុភូត «អតិផរណាសញ្ញាបត្រ»។
អង្គការពលកម្មអន្តរជាតិ (ILO) បានសង្កត់ធ្ងន់ថា យុវជនកម្ពុជាជាច្រើនដែលបញ្ចប់បរិញ្ញាបត្រ នៅតែជួបការលំបាកក្នុងការរកការងារដែលសមស្របនឹងជំនាញ ដោយសារការបណ្តុះបណ្តាលនៅតាមសាកលវិទ្យាល័យភាគច្រើន មិនទាន់ឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម។
ការចុះឈ្មោះចូលរៀននៅមធ្យមសិក្សាទុតិយភូមិដែលមានត្រឹមតែ ៤៤.៣% គឺជាសញ្ញាព្រមានថា ប្រព័ន្ធអប់រំបច្ចុប្បន្នមិនអាចរក្សាសិស្សឱ្យនៅសិក្សាបានឡើយ ដោយសារកត្តាក្រីក្រ និងការដែលពួកគេមើលមិនឃើញពីគុណតម្លៃនៃចំណេះដឹងដែលទទួលបានក្នុងសាលា ធៀបនឹងការចេញទៅធ្វើការងារដែលគ្មានជំនាញដើម្បីចិញ្ចឹមជីវិតភ្លាមៗ។
ជារួមមក វិស័យអប់រំកម្ពុជាក្នុងឆ្នាំ២០២៥ កំពុងស្ថិតក្នុងចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយ រវាង «រូបភាពជោគជ័យខាងក្រៅ» និង «វិបត្តិគុណភាពខាងក្នុង»។
ការដែលរដ្ឋាភិបាលផ្តោតខ្លាំងលើតួលេខនៃអ្នកប្រឡងជាប់ និងការរៀបចំព្រឹត្តិការណ៍បង្ហាញមុខមាត់អន្តរជាតិ មិនអាចបិទបាំងនូវការវាយតម្លៃអវិជ្ជមានពីស្ថាប័នអន្តរជាតិលើបញ្ហាជីវភាពគ្រូបង្រៀន ហេដ្ឋារចនាសម្ព័ន្ធជនបទ និងសមធម៌ឌីជីថលបានឡើយ។
ប្រសិនបើរបៀបវារៈនៃកំណែទម្រង់នៅតែបន្តធ្វើឡើងតាមបែប «បំណះ» និងពឹងផ្អែកខ្លាំងពេកលើកម្ចី ឬជំនួយពីបរទេស ដោយគ្មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនកញ្ចប់ថវិកាជាតិសម្រាប់វិស័យនេះ ឱ្យចំគោលដៅទេនោះ វិស័យអប់រំនឹងនៅតែជាឆ្អឹងទទឹងក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
កម្ពុជាមិនអាចឈានទៅរកសេដ្ឋកិច្ចចំណេះដឹងបានឡើយ ប្រសិនបើមូលធនមនុស្សនៅតែត្រូវបានចិញ្ចឹមបីបាច់ក្នុងប្រព័ន្ធដែលខ្វះការយកចិត្តទុកដាក់ និងខ្វះការវិនិយោគប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ពីសំណាក់អ្នកដឹកនាំរដ្ឋ៕









