រដូវដាំដុះដើមឆ្នាំឈានមកដល់ ពលរដ្ឋនៅស្រុកចុងកាល់ កំពុងញាប់ដៃញាប់ជើងកាប់គាស់ដីចម្ការដំឡូង ចម្ការពោត ត្រៀមបង្កបង្កើនផលតាមទម្លាប់។
ខុសពីពលរដ្ឋនៅជ្រុងម្ខាងកំពុងធ្វើចម្ការ អ្នកស្រី ហៀប ឃា អង្គុយសម្លឹងមើលពីតង់ក្នុងជំរំដោយទឹកមុខស្រងូតស្រងាត់ ព្រោះដីចម្ការដែលអ្នកស្រីធ្លាប់ដាំដំណាំ ប្រែក្លាយជាចម្ការអំបែងគ្រាប់យុទ្ធភណ្ឌ ក្រោយការវាយប្រហាររបស់យោធាថៃ។
អ្នកស្រី ហៀប ឃា និយាយថា៖ «ឃើញគេដាំដំឡូងអញ្ចេះ [នឹកឃើញខ្ញុំ] ក៏មិនដែលនៅស្រណុក ធ្លាប់តែទៅដុបទៅព្រៃ ច្រូតស្បូវច្រូតអី មិនដែលទំនេរដៃ ដល់មកនៅអញ្ចេះ ក៏ដេកគិតមួយយប់ទល់មួយយប់ បានអីសងគេ […] ដីទុកចោល មិនហ៊ានទៅធ្វើទៅដាំអី បើគេមិនទាន់ចុះទៅរាវ [សំណល់គ្រាប់]។ ទោះជាឱ្យទៅនៅ ក៏ទៅនៅក្នុងលក្ខណៈធ្វើអីមិនកើតដដែលៗ នៅតែផ្ទះដដែលៗ។ យើងទៅដាំអីកើត ធ្វើស្រែក៏មិនទាន់កើត តាមស្រែខ្ញុំសុទ្ធតែគ្រាប់ធ្លាក់»។
អ្នកស្រី ហៀប ឃា ជាពលរដ្ឋមកពីឃុំគោកមន ស្រុកបន្ទាយអំពិល ដែលជាតំបន់សមរភូមិក្ដៅ។ អ្នកស្រីមិនទាន់អាចត្រឡប់ទៅផ្ទះវិញបានឡើយ ដោយបន្តស្នាក់នៅក្នុងជំរំភៀសសឹកចុងកាល់ ពឹងជីវភាពទាំងស្រុងលើជំនួយសប្បុរសធម៌។
អ្នកស្រី ហៀប ឃា ជំពាក់បំណុលធនាគារដែលខ្ចីយកមកធ្វើស្រែចម្ការ ប៉ុន្តែក្រោយមានការអន្តរាគមន៍ពីធនាគារជាតិនៃកម្ពុជា អ្នកស្រីខានបង់សងប្រាក់ពីរខែមកហើយ។ ប៉ុន្តែស្ត្រីវ័យជាង២០ឆ្នាំរូបនេះ បារម្ភថា អ្នកស្រីនឹងនៅតែគ្មានលទ្ធភាពបង់ប្រាក់ ក្រោយវិធានការបន្ធូរបន្ថយនេះ នឹងផុតទៅនៅខែមីនា ខាងមុខនេះ។
អ្នកស្រី ហៀប ឃា បន្តថា៖ «ស្រណោះតើបង! ជំពាក់គេផង យើងមកនៅដេកអញ្ចេះក៏មិនដឹងធ្វើអី បើគេពន្យារឱ្យយើងត្រឹមតែបីខែ ធ្មេចបើកធ្មេចបើក បីខែបាត់។ បើគេពន្យារឱ្យយើងទៅជាឆ្នាំទៅស្រួល»។
ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃទី១០ ខែធ្នូ បានចេញវិធានការបន្ធូរបន្ថយបន្ទុករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ធនាគារជាតិ បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យលើកលែងថ្លៃសេវា និងប្រាក់ពិន័យទាំងអស់ទាក់ទងនឹងឥណទាន សម្រាប់ជនស៊ីវិលដែលត្រូវបានចាកចេញពីលំនៅឋាន ចាប់ពីពេលប្រកាស រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងផ្អាកបង់ការប្រាក់ និងប្រាក់ដើមក្នុងអំឡុងពេលដូចគ្នា ដោយមិនគិតការប្រាក់ដើម។
ប៉ុន្តែលិខិតនេះ មិនបានបញ្ជាក់ពីការលើកលែងដល់អតិថិជន ដែលប្រើប្រាស់សេវាកម្មបង់រំលស់នោះឡើយ ដែលជាហេតុធ្វើឱ្យអ្នកស្រី ហ៊ុម សាវឿន ពលរដ្ឋភៀសសឹកនៅជំរំចុងកាល់ដដែល បារម្ភពីការរឹបអូសម៉ូតូដែលអ្នកស្រីបង់រំលស់សម្រាប់ឱ្យចៅជិះទៅសាលារៀន។
អ្នកស្រី ហ៊ុម សាវឿន និយាយថា៖ «ឆ្នាំ២០២៧ ខ្ញុំបង់ដាច់ហើយ តែដល់ឥឡូវមានអីបង់ឱ្យគេ ក៏នៅទៅ ពីរខែហើយ»។
អ្នកស្រីអំពាវនាវឱ្យរដ្ឋាភិបាលគិតគូរដល់ចំណុចនេះ ចៀសវាងម្ចាស់ម៉ូតូរឹបអូសយក ក្រោយត្រឡប់ទៅលំនៅដ្ឋានវិញ។ ក្រៅពីពលរដ្ឋទាំងពីររូប ពលរដ្ឋនៅតាមជំរំផ្សេងទៀត ក៏លើកលែងដូចគ្នា ដោយស្នើសុំឱ្យធនាគារជាតិបន្តវិធានពន្យារការបង់ប្រាក់សងបំណុល ក្នុងរយៈពេលវែង។
ការស្នើសុំនេះ ដោយហេតុថាផលប៉ះពាល់ពីសង្គ្រាមលើកនេះ បានបំផ្លាញលំនៅឋាន ជីវភាព និងផ្លូវចិត្ត ដោយពួកគាត់ត្រូវចាប់ផ្ដើមកសាងជីវិតឡើងវិញ ស្ទើរតែដូចទៅនឹងជំនាន់រួចពីរបបខ្មែរក្រហមដូច្នោះដែរ៕









