សង្គមខ្មែរបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា មានបញ្ហាច្រើនមិនចេះចប់ ថែមទាំងបញ្ហាខ្លះមិនត្រឹមតែមិនថយចុះនោះទេ តែបែរជារីករាលដាលកាន់តែធំ ដូចជា អំពើអយុត្តិធម៌សង្គម និងអំពើពុករលួយ បក្ខពួកនិយមជាដើម រហូតធ្វើឱ្យកម្ពុជាក្លាយជាឋានសួគ៌ពួកឧក្រិដ្ឋជន។
ការបន្សល់ទុកបញ្ហាទាំងនេះ ធ្វើឱ្យសង្គមខ្មែរមួយនេះ កើតមានវិបត្តិចាក់ស្រែះ គឺប្រៀបបីដូចជារាងកាយមនុស្សម្នាក់ ដែលកំពុងតែរួមរិតទៅដោយដំបៅ និងជំងឺផ្សេងៗពេញខ្លួន ហើយកំពុងតែវិវត្តឆ្លងរាលដាលទៅរកសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនឹងអាចស្លាប់នៅថ្ងៃណាមួយ បើសិនជាមិនចាត់វិធានការព្យាបាលឱ្យមានប្រសិទ្ធភាពដោយកាត់សាច់ស្អុយចោល និងសម្អាតប្រភពដែលបង្កើតមេរោគឱ្យបានទាន់ពេលវេលាទេនោះ។ បញ្ហាទាំងអស់នេះ ជាមូលដ្ឋានវិភាគថា តើបញ្ហាចម្បងអ្វីខ្លះជំរុញឱ្យកម្ពុជាមានវិបត្តិចាក់ស្រែះរហូតក្លាយជាជម្រកឧក្រិដ្ឋជន?
មុននឹងធ្វើការវិភាគទៅលើសំណួរគន្លឹះនេះ វីអូឌី សូមលើកយកបញ្ហាធំៗមួយចំនួន ក្នុងចំណោមបញ្ហាជាច្រើនដែលបាននិងកំពុងកើតឡើង និងបានក្លាយជាវិបត្តិចាក់ស្រែះនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន រាប់ចាប់តាំងពីការកាន់អំណាចតពូជ អំពើពុករលួយ អំពើអយុត្តិធម៌សង្គម រហូតដល់បញ្ហាកសិផលរបស់កសិករគ្មានទីផ្សារ។
បញ្ហាសង្គមខ្មែរដែលគេអាចមើលឃើញនៅនឹងភ្នែក គឺស្ទើរតែគ្រប់ស្ថាប័នរដ្ឋ ក្រសួងមន្ទីរ រាជធានី ខេត្តក្រុង ស្រុកខណ្ឌ គឺត្រូវបានដឹកនាំកាន់កាប់តពូជដោយកូនប្រពន្ធចៅ និងសាច់ញាត្តិរបស់អ្នកកាន់អំណាចនៃបក្សប្រជាជន។
ពួកគេត្រូវបានគេលើបន្តុបឱ្យឡើងកាន់អំណាចជាស្វ័យប្រវត្តិតពីឪពុក តពីជីតារបស់ពួកគេ ដូចជា លោកហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន លោក ស សុខា ឡើងកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃបន្តពីលោកស ខេង លោកទៀ សីហា ឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិតពីលោកទៀ បាញ់ អ្នកស្រីចម និម្មល់ ឡើងកាន់តំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្មតពីលោកចម ប្រសិទ្ធ និងលោកប៉េង ពោធិ៍នា កូនអ្នកស្រីម៉ែន សំអន ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាដើម។ល។
លើសពីនេះ នៅតាមស្ថាប័នរដ្ឋ ក្រសួងមន្ទីរទាំងនោះ គឺប្រៀបដូចជាស្ថាប័ន ក្រសួងមន្ទីរគ្រួសារពីព្រោះអ្នកកាន់តំណែងគន្លឹះនៅក្នុងស្ថាប័នរដ្ឋទាំងនោះ មួយចំនួនគឺជាប្រពន្ធកូនក្មួយចៅឬជាសាច់ញាតិរបស់មេដឹកនាំស្ថាប័ននោះ។
គេកត់សម្គាល់ឃើញថា នៅពេលដែលក្រសួងមន្ទីរ ស្ថាប័នរដ្ឋ និងអង្គភាពរដ្ឋនានា ក្លាយទៅជាស្ថាប័នដឹកនាំដោយគ្រួសារដែលសុទ្ធតែជាបក្ខពួកសាច់ឯង គ្នាឯង ពេលនោះគឺមានការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយពេញបន្ទុកជាប្រព័ន្ធ ដូចដែលបានឃើញមកហើយ ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ ពោលគឺចាប់តាំងពី លោក ហ៊ុន សែន បានប្រើតុលាការកំពូល ឱ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាការរំលាយប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យមក។ អង្គការតម្លាភាពអន្តរជាតិ បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅបាតតារាង ជាប្រទេសដែលកើតមានអំពើពុករលួយច្រើនជាងគេបំផុត នៅលើពិភពលោក ក្នុងរយៈពេលជិត១០ឆ្នាំមកនេះ។
ការរំលាយប្រព័ន្ធដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ ការរិតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ការបិទស្ថាប័នសារព័ត៌មានឯករាជ្យ និងការដាក់កំហិតអង្គការសង្គមស៊ីវិល និងសហជីពជាដើម គឺបានរុញច្រានកម្ពុជាឱ្យក្លាយទៅជាសង្គមមួយ ដែលពោរពេញទៅដោយអំពើអយុត្តិធម៌ខណៈការអនុវត្តច្បាប់ត្រូវបានគេមើលឃើញថា មានស្តង់ដា២។ យោងតាមរបាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាបន្តស្ថិតក្នុងចំណាត់ថ្នាក់ជិតបាតតារាងពាក់ព័ន្ធនឹងកម្រិតយុត្តិធម៌ក្នុងសង្គមកម្ពុជា ពោលគឺចំណាត់ថ្នាក់ទី១៤១ ក្នុងចំណោម១៤២ប្រទេស។
បញ្ហាធំមួយទៀតដែលមិនទាន់អាចដោះស្រាយបាន គឺការលើកទ័ពចូលមកដណ្តើមកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំង នៅតាមព្រំដែនពីសំណាក់កងទ័ពថៃ ដែលបានបណ្តាលឱ្យកងទ័ព និងប្រជាពលរដ្ឋខ្មែរជាច្រើនបានពលី និងរងរបួស ព្រមទាំងបាត់បង់ដីធ្លីផ្ទះសំបែងរាប់ពាន់ខ្នង ខណៈកងទ័ពកម្ពុជានិងប្រពន្ធកូន របស់ពួកគាត់ បានបង្ហាញឱ្យឃើញពីការខ្វះខាត និងភាពក្រីក្រតោកយ៉ាកយ៉ាងខ្លាំង។
ជាមួយគ្នានេះ ឧក្រិដ្ឋកម្មឆបោកចាប់ជម្រិតតាមអនឡាញ ដែលសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិបានរកឃើញជាច្រើនឆ្នាំមកហើយ ប៉ុន្តែកម្ពុជាតែងតែបដិសេធបានផ្ទុះឡើងយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៥ និងបន្តមកដល់ឆ្នាំ២០២៦នេះ ធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះស្អុយអាសោចនៅពាសពេញពិភពលោក បើទោះបីជានៅទីបំផុតនាពេលចុងក្រោយនេះ កម្ពុជាបានចាប់ផ្តើមចាប់ខ្លួនមេក្លោងធំជនជាតិចិនកាន់សញ្ជាតិខ្មែរឈ្មោះ ចេន ហ្ស៊ី ដែលជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយបានបញ្ជូនទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីដកសញ្ជាតិខ្មែរនិងដកតួនាទីជាទីប្រឹក្សាវិញក្តី។
ជាមួយគ្នានេះ ការបង្កើតក្រុមហ៊ុនរកស៊ីឆបោកជាប្រព័ន្ធ ដើម្បីបោកខ្មែរគ្នាឯង តាមរយៈការដាក់ប្រាក់វិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតមិនត្រឹមតែមិនទទួលបានការប្រាក់ ថែមទាំងដកប្រាក់ដើមវិញមិនបាន ការទិញដីឡូត៍ទិញផ្ទះបង់រំលស់ ប៉ុន្តែនៅពេលបង់លុយគ្រប់រាប់ឆ្នាំមកហើយ មិនបានផ្ទះមិនបានដី ធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ទទួលរងគ្រោះធ្លាក់ខ្លួនកាន់តែក្រីក្រជំពាក់បំណុលគេវ័ណ្ឌក ខណៈមេក្លោងជនឆបោកទាំងនោះ ត្រូវបានគេមើលឃើញថា ជាសកម្មជនរបស់គណបក្សប្រជាជន មានងារជាឧកញ៉ា និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត។
ក្រៅពីនេះ បញ្ហាគ្រឿងញៀន ក៏បាននិងកំពុងរីករាលដាលពេញបន្ទុក ចាប់តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល ក៏បានក្លាយជាបញ្ហាសង្គមធំមួយដែរ ខណៈមន្ត្រីប៉ូលីសនិងមន្ត្រីកងរាជអាវុធហត្ថមួយចំនួនត្រូវបានគេរកឃើញថា ជាអ្នករកស៊ីចែកចាយ ឬជាអ្នកកាងមុខរបរខុសច្បាប់ដែលបំពុលយុវជននេះ។
ទាក់ទងនឹងបទល្មើសព្រៃឈើ និងធនធានធម្មជាតិបច្ចុប្បន្ន ត្រូវបានបំផ្លាញស្ទើរតែវិនាសទាំងស្រុង។ បច្ចុប្បន្នបទល្មើសព្រៃឈើ និងធនធានធម្មជាតិ លែងមានកើតឡើងតែនៅតំបន់ដែលអស់ឈើ និងអស់ធនធានធម្មជាតិប៉ុណ្ណោះ ខណៈឧក្រិដ្ឋជនដែលបំផ្លាញព្រៃឈើ បំផ្លាញធនធានធម្មជាតិត្រូវបានគេលាតត្រដាងថា គឺជាមនុស្សជំនិតរបស់លោក ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា មានដូចជាអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមឧកញ៉ាកម្ពុជាជាដើម។
មានសេចក្តីរាយការណ៍ថា បច្ចុប្បន្នកូនប្រុសលោក ទ្រី ភាព ឈ្មោះទ្រី ដាលុច ដែលជាប្រធានគណៈពង្រឹងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន កំពុងសម្រុកជីកយករ៉ែមាសនៅក្នុងឧទ្យានជាតិដ៏ចំណាស់មួយ ក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ដោយបានបំពុលប្រភពទឹក និងគំរាមកំហែងដល់ជីវិតសហគមន៍មូលដ្ឋានជនជាតិដើមភាគតិចព្រៅនៅក្នុងតំបន់នោះ។
ទាក់ទងទៅនឹងវិបត្តិកសិផលរបស់កសិករគ្មានទីផ្សារ ដែលបន្តធ្លាក់ថៃ្លជារៀងរាល់ឆ្នាំ ដូចជា ស្រូវបានធ្លាក់ថ្លៃចាប់តាំងពីជាង ១០០០រៀល ឬជិត១០០០រៀល មកនៅត្រឹម៦០០រៀល ឬក្រោម៦០០រៀលក្នុង១គីឡូក្រាម នាពេលបច្ចុប្បន្ន ត្រូវបានសាធារណជនបន្ទោសថា ដោយសារមន្ត្រីអសមត្ថភាពក្នុងការរកទីផ្សារ និងបង្កើតរោងចក្រកែច្នៃនៅក្នុងស្រុក ក្រៅតែពីពឹងស្ទើរតែទាំងស្រុងទៅលើទីផ្សារវៀតណាម ខណៈមន្ត្រីបានបើកដៃឱ្យឈ្មួញនាំបន្លែ និងសាច់សត្វដែលមានសារធាតុគីមី និងខូចគុណភាពនាំចូលដោយសេរីមកកម្ពុជា ធ្វើឱ្យបន្លែនិងសាច់សត្វចិញ្ចឹមរបស់កសិករខ្មែរ ដូចជា ជ្រូក មាន់និងត្រីជាដើមចុះថោក។
បញ្ហាដូចដែលបានរៀបរាប់ខាងលើក្នុងចំណោមបញ្ហាជាច្រើនទៀត ដែលធ្វើឱ្យកើតមានវិបត្តិសង្គមចាក់ស្រែះ ដូចជា ការរីកកាន់តែធំនៃអំពើអយុត្តិធម៌សង្គម ខណៈសកម្មជននយោបាយប្រឆាំង និងសកម្មជនសង្គមជាច្រើន ក្នុងនោះមានទាំងសកម្មជនបរិស្ថាន ដែលចេញមុខការពារព្រៃឈើ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ដោយសារតែការបញ្ចេញមតិ និងការងារបម្រើសង្គមរបស់ពួកគេ។ ការរំលោភយកដីធ្លីផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្រីក្រ ពីសំណាក់អ្នកមានប្រាក់មានអំណាច និងអំពើឆបោកគ្រប់ទម្រង់ចាប់តាំងពីល្បែងអនឡាញ និងការទិញផ្ទះខ្យល់ រួមទាំងការឈ្លានពានដណ្តើមកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំងនៅតាមព្រំដែនពីកងទ័ពថៃជាដើម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ បាត់បង់ដីធ្លីផ្ទះសម្បែង ប្រជាពលរដ្ឋក្នុងចំនួនកាន់តែច្រើនឡើង បានទទួលរងគ្រោះធ្លាក់ខ្លួនកាន់តែក្រីក្រជំពាក់បំណុលគេវ័ណ្ឌក បូករួមទាំងសេដ្ឋកិច្ចធ្លាក់ចុះ ប្រាក់ឈ្នួលពីការធ្វើការងារផ្សេងៗ នៅតែថោក ខណៈទំនិញគ្រប់ប្រភេទសុទ្ធតែហក់ឡើងថ្លៃ គឺបានក្លាយជាបញ្ហាដែលធ្វើឱ្យសង្គមកម្ពុជា មានវិបត្តិចាក់ស្រែះនាពេលបច្ចុប្បន្ន។
វិលទៅសំណួរគន្លឹះខាងដើម ថាតើហេតុអ្វីបានជាសង្គមខ្មែរមានបញ្ហាច្រើនមិនចេះចប់ ធ្វើឱ្យកើតមានវិបត្តិចាក់ស្រែះ?
ចម្លើយនៃសំណួរនេះ គឺត្រូវបានអ្នកជំនាញនិងបញ្ញវ័នខ្មែរមួយចំនួន ចង្អុលបង្ហាញថា គឺមកពីប្រភពនៃបញ្ហាទាំងនោះមិនត្រូវបានកម្ចាត់។ បើដូច្នេះសួរទៀតថា តើនរណាជាប្រភពនៃបញ្ហានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន? ត្រង់ចំណុចនេះ អ្នកជំនាញ និងបញ្ញវ័ន្តខ្មែរ បានចាត់ទុកមន្ត្រីពុករលួយ និងក្រុមឈ្មួញទុច្ចរិត ថាជាមេរោគដែលបានរួមដៃគ្នាយ៉ាងសកម្ម ក្នុងការបំផ្លិចបំផ្លាញសង្គមជាតិដល់ឫសគល់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ក្រុមរបស់ពួកគេ ដោយមិនគិតពីមហន្តរាយជាតិឡើយ។
ក្នុងស្ថានភាពបែបនេះ ដើម្បីស្តារមុខមាត់កម្ពុជាឡើងវិញ និងដើម្បីទាញកម្ពុជាឱ្យមកដើរលើផ្លូវត្រូវវិញដើម្បីធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍមានការរីកចម្រើនឆាប់រហ័ស ធ្វើឱ្យកម្ពុជារឹងមាំអាចការពារខ្លួនឯងបានដោយខ្លួនឯង ពីការរំលោភឈ្លានពានទឹកដី ការប្រមាថមើលងាយមើលថោកពីប្រទេសជិតខាង អ្នកជំនាញ និងបញ្ញវ័ន្តខ្មែរ ជំរុញនិងលើកទឹកចិត្តឱ្យមេដឹកនាំខ្មែរនៃបក្សប្រជាជន ជាពិសេសលោក ហ៊ុន សែនប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវចាប់ផ្តើមលាងសម្អាតខ្លួន ដើម្បីលាងជម្រះការមន្ទិលសង្ស័យដែលថា មេដឹកនាំកម្ពុជា គឺជាអ្នកកាងធ្វើជាខ្នងបង្អែកឱ្យមន្ត្រី និងឧកញ៉ាខិលខូចមួយចំនួនធ្វើបាបរាស្ត្រ និងធ្វើជាខ្នងបង្អែកឱ្យមេឧក្រិដ្ឋជនអនឡាញ ដោយសារតែមេក្លោងឧក្រិដ្ឋកម្មអនឡាញទាំងនោះ មានដូចជា ចេន ហ្ស៊ី ត្រូវបានផ្តល់សញ្ជាត់ខ្មែរ និងតែងតាំងជាទីប្រឹក្សា លោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត និងមេឧក្រិដ្ឋជនម្នាក់ទៀត ឈ្មោះ បេន ស្មិត ដែលកាន់លិខិតឆ្លងដែនការទូតកម្ពុជាជាដើម។
បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ត្រូវបើកការស៊ើបអង្កេតដោយតម្លាភាព ទៅលើបុគ្គលពាក់ព័ន្ធ ដែលសហរដ្ឋអាមេរិកបានចង្អុលបង្ហាញ ដូចជា លោកទ្រី ភាព លោកលី យ៉ុងផាត់ លោកកុក អាន និងលោកហ៊ុន តូ ជាដើម។ លើសពីនេះ រដ្ឋាភិបាលនៃបក្សប្រជាជន ក៏ត្រូវតែដោះលែងអ្នកទោសនយោបាយ ដើម្បីបើកផ្លូវឱ្យមានការបង្រួបបង្រួមជាតិពិតប្រាកដ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងត្រូវដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ថែមទាំងត្រូវធ្វើកំណែទម្រង់ប្រព័ន្ធដឹកនាំរដ្ឋជាដើម ដើម្បីអាចឈានទៅដោះស្រាយបញ្ហាសង្គមជាច្រើន ដែលបាននិងកំពុងតែក្លាយទៅជាវិបត្តិចាក់ស្រែះ។
ចាប់ពីពេលនេះទៅ មេដឹកនាំត្រូវតែមានភាពជាគំរូ ហើយប្រើព្រហ្មវិហារធម៌ចំពោះតែពលរដ្ឋស្លូតត្រង់បានហើយ មិនត្រូវប្រើព្រហ្មវិហារធម៌ ឬក៏ការជាប់ពាក់ព័ន្ធជាមួយឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចនោះទេ៕









