ខណៈថៃឈ្លានពានទឹកដីខ្មែរ​ឈ្មួញ​​បាន​សម្រុក​កាប់​​ឈើ​បន្ទាប់​​​ពី​​​សកម្ម​​ជន​​បរិស្ថាន​​ត្រូវ​ចាប់​​ឃុំ

នៅ​​ពេល​​​ប្រជាជាតិ​​ខ្មែរ​​កំពុង​ឈឺ​​ចាប់ ​​ហូរ​ឈាម​​ស្រក់​ទឹក​​ភ្នែក​​ដោយ​​សារ​ថៃ​​ប្រមាថ​​មើល​​ងាយ ​និង​​ឈ្លាន​​ពាន​​ទឹក​ដី​​ ឈ្មួញ​​រក​​​ស៊ី​​ឈើ​​​ដុះ​​ស្លែ គឺ​កាន់​​​តែស​ម្រុក​​កាប់​​បំផ្លាញ​​ព្រៃឈើ​​ និង​​ជីក​​យក​​រ៉ែ​​​ខ្មែរ​​កាន់​​តែ​​ខ្លាំង​ឡើង​​ថែម​ទៀត ​ខណៈ​​សកម្ម​​​ជន​​​ព្រៃ​ឈើ​​មួយ​​ចំនួន ​ត្រូវ​​បាន​​ចាប់​​ឃុំ​​ខ្លួន ​និង​​មួយ​​ចំនួន​​រត់​​ភៀស​​ខ្លួន​​ទៅ​​សុំ​​សិទ្ធិ​​ជ្រក​​កោ​ណ​​នៅ​​​ក្រៅ​​​ប្រទេស ​បន្ទាប់​​ពី​​ទទួល​​រង​ការ​​គំរាម​​សម្លាប់​​​មួយ​​ពូជ ​ដោយ​​សារ​​តែ​ភាព​​សកម្ម​​ក្នុង​ការ​ចេញ​​មុខ​ការ​ពារ​ធន​ធាន​​ធម្ម​ជាតិ។

​​​លោក​ ហេង ស្រស់ ​ជា​សកម្ម​ជន​បរិស្ថានដ៏លេចធ្លោមួយ​រូប ​ដែល​​ទើប​តែទទួល​បាន​​សិទ្ធិ​ជ្រក​​​កោណ​ទៅ​រស់​​​នៅ​​ប្រទេស​​​អូស្ត្រាលី កាល​ពីពេល​ថ្មីៗ​នេះ​ ក្រោយ​​ពីទទួល​រង​ការគំរាម​សម្លាប់​មួយ​គ្រួសារ ​ពី​ក្រុម​ហ៊ុន​របស់​​លោក​​ឧកញ៉ា លី យ៉ុង​ផាត់ នៃ​បក្ស​ប្រជាជន​កម្ពុជា​ បាន​​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​២៣ខែ​មករា​​នេះ​​​ថា ការ​ចាប់​​សកម្ម​ជន​​បរិស្ថាន​​ដាក់​ពន្ធនាគារ​​ និង​ការគំរាម​កំហែង​ធ្វើ​ទុក្ខ​បុកម្នេញ​គំរាម​សម្លាប់​លើ​សកម្ម​​ជន​បរិស្ថាន ​ដូច​ជារូប​លោក​ជាដើម វាមិន​មែនជារឿង​ចៃដន្យ​នោះ​ទេ។

លោក​បញ្ជាក់ថា ​ទាំង​រដ្ឋាភិបាលនៃ​បក្សប្រជាជន​​ទាំង​ឈ្មួញឈើ​គ្រាក់ៗ ​និង​ទាំង​មន្ត្រីក្រោម​ឱវាទ​ពួកគេ​​បាន​សហការ​គ្នា​​រៀបចំផែនការ​ដើម្បី​កម្ចាត់​សកម្ម​ជន​ព្រៃឈើ​ និង​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួនចេញ​ដើម្បី​ពួក​គេ​យកឱ​កាសបូម​​និងច្បាម​យក​ធនធាន​ធម្មជាតិ​​ទាំង​នៅ​លើ​ដី​ទាំង​នៅ​ក្រោម​ដី​ ដើម្បីធ្វើ​មាន​ធ្វើ​បាន​​សម្រាប់​​ក្រុម​បក្ខ​​ពួកគ្នា​គេ។

លោកថា៖ «​ហើយ​​ការ​​យក​​​ទៅ​ធ្វើ​មាន​​ធ្វើ​បាន​​នេះ ដោយ​​សា​រ​​តែយ​ក​​​ទៅព​ង្រឹង​​អំណាច​​របស់​​ខ្លួន​ហ្នឹង​ឯង​វាអត់​​មាន​​​អី​ទៅ​​​វែ​ង​​ឆ្ងាយ​​ទេ ​ហើយ​ព្រៃឈើ​ក៏ដូច​ជាទ្រព្យ​សម្បត្តិជាតិ ​ដូចជារ៉ែ ​ដូច​ជាព្រៃឈើ​ហ្នឹង ​វា​នឹង​​បាត់​​បង់​​​កាន់​តែច្រើន​​ថែម​បន្តទៅ​ទៀត ​ដោយ​សារតែក្រោម​ស្នាដៃ​​ការដឹកនាំ​ដែល​បណ្តែត​​បណ្តោយ​​ឱ្យ​តែ​ក្រុម​​បក្ខ​​ពួក​ពួក​គាត់​​រ​កស៊ី​ជួ​ញ​ដូរ​​ទាំង​​អស់​ហ្នឹង។ ជាក់​​ស្តែង​​ដូច​​យើង​ឃើញ​​ហើយ ​ដូចក្រុម​ហ៊ុន​ទ្រី​ភាព​ ក្រុម​​ហ៊ុន​​អង្គរប្លាយវូត ក្រុមហ៊ុនធំៗ​ដែល​កំពុង​រក​ស៊ីកាប់​បំផ្លាញ​ព្រៃ​ឈើ ​និង​រកស៊ីអាជីវកម្ម​រ៉ែហ្នឹង កំពុង​តែ​សម្រុក​​ច្បាម​យក​ធន​ធាន​ក្រោម​ដី​និងធនធាន​លើ​ដីទាំងអស់»

សកម្ម​ជន​បរិស្ថានរស់នៅ​ខេត្ត​ស្ទឹងត្រែង​​ ដែល​តែង​តែមាន​ភាពសកម្ម​យ៉ាងខ្លាំង​​ក្នុង​ការ​ដឹកនាំ​ប្រជា​សហគមន៍​​ចុះ​​ល្បាត​​ព្រៃ ដើម្បី​​ចូល​​រួម​​ទប់​​ស្កាត់​​ការ​​បំផ្លាញ​​​ធន​ធាន​ធម្ម​ជាតិ​រូបនេះ ​ធ្លាប់​ត្រូវ​បានក្រុម​ហ៊ុន​អ្នក​​មាន​​អំណាច​គំរាម​បាញ់​សម្លាប់​​មួយ​គ្រួសារ ​បន្ទាប់​ពីលោក​បានចុះទៅ​ថត​រូប​​សកម្ម​ភាព​បូម​ខ្សាច់​ខុស​ច្បាប់​​មួយ​កន្លែង​ នៅ​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង​ របស់​ក្រុម​ហ៊ុន​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ​សមាជិក​ព្រឹទ្ធ​សភា​​គណបក្ស​ប្រជាជន​កម្ពុជា​ និង​​​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​។​

លោក ហេង ស្រស់ ​​និយាយ​​ថា កាល​ពីថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អាខោន​ហ្វេសប៊ុក​​ឈ្មោះ​ សាន់ ហា ​​ដែល​​លោក​អះ​អាង​​ថា ជាកូន​ចៅ​របស់​​លោក ​លី យ៉ុង​​ផាត់ ​បាន​ផ្ញើ​សារគំរាម​សម្លាប់​​លោក​ទាំងគ្រួសារ​។ ក្នុង​សារ​នោះ​គេគំរាម​ថា នឹងមិន​ទុក​ជីវិតឱ្យ​លោក​និងគ្រួសារ​ទេបើ​លោក​ហ៊ានទៅ​ជាន់​ទឹកដីខេត្ត​កោះ​កុង​និង​​ខេត្ត​ចំនួន​៦ទៀត មាន​ កំពង់​ធំ ព្រះវិហារ ​ក្រចេះ​ ស្ទឹង​ត្រែង រតនគិរី និង​មណ្ឌលគិរី ដោយ​​​គេប្រាប់​ថា ការ​​ធ្វើអាជីវកម្ម​របស់​ពួកគេ ​គឺបាន​បង់​ប្រាក់​ឱ្យ​មន្ត្រី​និង​អាជ្ញាធរ​ពាក់​ព័ន្ធ​រួច​អស់ហើយ។

យ៉ាងណាក្តី​ ក្រោយ​ការគំរាម​សម្លាប់​មួយ​គ្រួសារ​នេះ​ លោក​​ ស្រស់ ​​នៅ​តែសកម្មក្នុងការ​ចេញ​មុខការពារ​ធន​ធាន​​ធម្ម​ជាតិ​​រហូត​ដល់​ថ្ងៃទី​២៣​ ខែ​វិច្ឆិកា ​ឆ្នាំ២០២៤ លោក​ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​​នៅ​ខេត្ត​ស្ទឹងត្រែង​។ ​ក្រៅពីនេះ ​លោក​តែង​ទទួល​រងការ​ធ្វើទុក្ខបុកម្នេញ​​ជាបន្តបន្ទាប់ ​ដូច​ជា មាន​អ្នក​​ជិះ​ឡាន​ ​ជិះ​ម៉ូតូ​​តាម​បុក​លោក​​ជា​ដើម។

​ប្រជាសហគមន៍​​ព្រៃឡង់ ​កាលពី​ពេល​ថ្មីៗ​នេះ​​​ បាន​នាំគ្នា​ចុះ​ល្បាតព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះ​វិហារ ដោយ​​​រក​​ឃើញ​​ថា បទល្មើស​ព្រៃឈើ​នៅ​តែកើតមាន​ពេញ​​បន្ទុក។​ ពួកគេ​​ថា ​មន្ត្រី​ប​រិស្ថាន​ដែលឈរ​ជើង​យា​ម​ក្នុងតំ​ប​ន់​​ព្រៃ​ឡង់ នៅ​តែបើក​ដៃ​ឱ្យ​ក្រុម​ជន​ល្មើស​ចូល​កាប់បំ​ផ្លាញព្រៃ​ឈើ ​ក្នុង​​ដែន​​ជម្រក​សត្វ​ព្រៃ ព្រៃឡង់ ​កាន់​​តែខ្លាំង​ក្នុង​​ពេល​ដែល​ថៃឈ្លា​ន​ពាន​កម្ពុ​ជា​។

តំបន់​ព្រៃឡង់​ដែល​ជាតំបន់​ព្រៃស្រោង ​និង​ពាក់​កណ្តាល​ស្រោង ​​ចាប់​ពីចំណុច​ភ្នំ​ក្រៀល​ក្នុង​ស្រុកជ័យ​សែន​ខេត្ត​​ព្រះ​វិហារ​ រហូត​ដល់​ស្រុកថាឡាបរិវ៉ាត់ ​ខេត្ត​ស្ទឹងត្រែង គឺ​ជា​តំបន់​​ដែល​​សត្វព្រៃរស់នៅបាន​ក្លាយ​ទៅ​ជា​កន្លែង​​កាប់​បំផ្លាញ​​ព្រៃឈើ​​ពេញ​បន្ទុក​ក្នុង​រយៈ​ពេល​ជាង​២ខែម​កនេះ។

តំបន់​ដែល​មាន​ដើម​ឈើ​ធំៗ​ ត្រូវបាន​គេកាប់​ដឹកជញ្ជូន​ចេញ​ជារៀង​រាល់​ថ្ងៃ ​​ខណៈ​តំបន់​ដែល​មាន​ដើម​ឈើ​​តូច​ៗ ​ត្រូវ​បាន​គេកាប់​ឈូស​ឆាយ​ដុតរាន​យក​ដី ដោយ​ពុំ​ឃើញ​មន្ត្រី​បរិស្ថាន​ចុះ​ទប់​ស្កាត់​ឡើយ​។ ​នេះ​បើ​តាម​​ប្រជា​សហគមន៍​​ព្រៃ​ឡង់។

លោក ​អ៊ុក ម៉ៅ​ សកម្ម​ជន​បរិស្ថាន​ម្នាក់​​ក្នុង​ចំណោម​ប្រជាសហគមន៍ ​​ដែល​ចុះ​ល្បាតព្រៃ​ទាំង​នោះ​​ បាន​ប្រាប់​​វីអូឌីថា ពួក​លោក​បាន​ប្រទះ​ឃើញ​បទល្មើសព្រៃឈើ​កើតឡើង​ពេញ​បន្ទុក​ ហើយ​បាន​ផ្តល់​ព័ត៌មាន​ទៅ​​ដល់​​មន្ត្រីបរិស្ថាន​នៅ​ក្នុង​តំបន់​នោះ ​ប៉ុន្តែ​មន្ត្រី​ទាំង​នោះ ​មិន​បាន​ចុះ​ទប់​ស្កាត់​ឡើយ​ ដោយ​រុញដាក់​គ្នា​ទៅ​​វិញ​​ទៅ​​មក​ ខណៈ​​ជារៀង​រាល់​ថ្ងៃ​មាន​គោយន្ត​ជាច្រើន​គ្រឿង ​​ដឹក​ឈើ​ចេញ​ពីតំបន់​នោះ ដោយ​ពុំ​ឃើញ​មាន​​ការ​​ទប់​​ស្កាត់​។

លោកថា៖ «ទី១គាត់​កាប់​អាឈើ​ល្អៗ​​យកទៅលក់ ដល់​អស់​ឈើ​ល្អ​​ចេញ​ទៅ​ជាចម្ការទៅ​​ដាំដំឡូង​ ​ដាំចន្ទី​ជាពិសេស​​​ដាំកៅស៊ូ។ បរិស្ថានការពារព្រៃ​ត្រូវហើយ ប៉ុន្តែ​ដល់​បទល្មើស​អារឈើ​រំលំ​ឈើ គាត់​​អត់​ទប់​ស្កាត់​ផង។ អាហ្នឹង​គាត់​គ្រាន់​​តែ​យក​លេស​ថា​ជាមន្ត្រីការពារ​ព្រៃ ប៉ុន្តែការពារ​ព្រៃអស់​ព្រៃ​ ​យើង​ឃើញ​ហើយ​កន្លែង​​ណា​​ដូច​កន្លែងណាដែរ ឱ្យ​តែមាន​​បរិស្ថាន​អីហ្នឹង ​ព្រៃឈើ​រិល​តែទាំងអស់ហ្នឹង»។

វីអូឌី ​មិន​អាច​ទាក់​ទង​ លោក មឿន សុភេទ ប្រធាន​មន្ទីរ​បរិស្ថានខេត្តព្រះវិហារ ​និង​​លោក ​ខ្វៃ អាទិត្យា ​អ្នក​នាំពាក្យ​​ក្រសួង​បរិស្ថាន ​ដើម្បី​ស្នើ​សុំ​ធ្វើ​ត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៣​ខែមករានេះ។

ប៉ុន្តែ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្រសួង​បរិស្ថាន​​ កាលពី​ខែ​​ឧសភា ​ឆ្នាំ​​២០២៥​​ថា បុគ្គលដែលចូលទៅកាន់កាប់ដីនៅក្នុងតំបន់ការពារធនធាន​ធម្មជាតិ អ្នកទាំងនោះគឺជា​ជនល្មើសកាប់​បំផ្លាញ​​ឈូសឆាយព្រៃឈើដោយខុសច្បាប់។ ដូច្នេះ​មន្ទីរ​បរិស្ថាន​ទាំង​២៥​​រាជធានី​ខេត្ត និង​ក្រសួងបរិស្ថាន ត្រូវ​ចាត់វិធានការដោយ​ដាក់​ពាក្យ​ប្តឹង​បុគ្គល​ល្មើស​ទាំងនោះ​ទៅ​តុលាការ។

លោកថា៖ «ការពិតការងារ​ការការពារធន​ធានធម្មជាតិ​ យើង​​បាន​ផ្ទេរទៅ​​​ជូន​​ថ្នាក់​​ក្រោម​​ជាតិ​​ហើយ​។​តួនាទី​​សំខាន់​​ក្នុង​ការ​​គ្រប់​​គ្រង​ការពា​រ​​ធន​ធាន​ធម្មជា​តិនេះ​ ​​អាជ្ញាធរ​ដែន​ដី​ គឺ​មន្ទីរ​បរិស្ថាន​​យើង​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ក្រសួង​​​​បរិស្ថាន​​មិន​​ព្រងើយ​​កន្តើយ​​ទេ ក្នុង​នាម​ជាអា​ណាព្យា​បាល​​យើង​​បាន​​កំពុង​​តែ​ធ្វើ​ការងា​រ​​ដូច​​​ខ្ញុំបា​នលើ​កឡើង​​​មួយ​​ជំហ៊ាន​ម្តងៗ ​ឈា​ន​​ឆ្ពោះ​​​ទៅ​​​មុខ​​ក្នុងកា​រ​​គ្រប់​គ្រង​​ធន​ធាន​ធម្ម​ជាតិ​​របស់​​យើង​​ឱ្យ​​​ទៅ​​ជា​ប្រព័ន្ធ​​ដ៏​លែង​ឈឺ​ក្បា​ល​​​តទៅ​ទៀត»។

ជាមួយគ្នានេះ ​កាលពីថ្ងៃទី​១៧​ខែមករា អង្គការ​មាតាធម្មជាតិ ​​បានបង្ហោះ​លើ​បណ្តាញ​​សង្គម​​ថា ខណៈពលរដ្ឋ​ខ្មែរកំពុង​រវល់ជាមួយជម្លោះ​ព្រំដែនកម្ពុជា ថៃ ការបំផ្លាញធន​ធានធម្មជាតិដ៏ធ្ងន់ធ្ងរ កំពុងកើតឡើងដោយ​ស្ងៀមស្ងាត់​ នៅភាគខាងជើងនៃខេត្តរតនគិរី។ អង្គការនេះ​ចង្អុល​​ថា ក្រុមហ៊ុនដែលកាន់កាប់ដោយកូនៗ​របស់លោក​ទ្រី ភាព បុរសខ្លាំង​ដែល​ល្បីល្បាញខាងជីក​យករ៉ែ​ និង​បំផ្លាញធនធានធម្មជាតិខ្មែរ កំពុងអនុវត្តសកម្មភាពជីកយករ៉ែមាសនៅ​ក្នុងឧទ្យានជាតិដ៏ចំណាស់មួយ បំពុលប្រភពទឹកសំខាន់ និងគំរាមកំហែងដល់​ជីវិតសហគមន៍មូលដ្ឋាន ជាពិសេស​ជនជាតិដើមភាគតិចព្រៅ ក្នុងភូមិតាបូក ស្រុកតាវែង ឃុំតាវែងលើ ខេត្តរតនគិរី។

​អង្គការនេះ ​កត់​សម្គាល់​ថា ​មកដល់ថ្ងៃទី​២៣ខែ​មករា​នេះ ​មាន​រយៈពេល ៥៧០ថ្ងៃ​ហើយ ដែលសកម្ម​ជនចលនា​មាតាធម្មជាតិ​ចំនួន៥នាក់​ ​ត្រូវបាន​រដ្ឋាភិបាល​ចាប់​ឃុំខ្លួនដោយអយុត្តិធម៌ ខណៈអ្នកទោសមនសិការ​ជាង​៩០​នាក់​ទៀត កំពុងជាប់​ឃុំ​ព្រាត់ប្រាស់ពីគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ មាតា​ធម្មជាតិ ​លើកឡើង​ទៀតថា ពួកគេទាំង​​នេះ ​មិនមែនជាឧក្រិដ្ឋជនឡើយ ពួកគេមិនបានគំរាមកំហែងដល់​សន្តិសុខ​ជាតិទេ។ “ឧក្រិដ្ឋកម្ម” តែមួយគត់របស់ពួកគេ គឺការនិយាយការពិត ការការពារធនធានធម្មជាតិរបស់កម្ពុជា និងការធ្វើសកម្មភាពដើម្បីផលប្រយោជន៍​សាធារណៈ។

នៅពេល​​មាន​ការ​ចុះផ្សាយ​ពីការ​នៅ​តែមានការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ខណៈ​ថៃ​កំពុង​ឈ្លាន​ពាន​កម្ពុជា ​លោក ​ផន ផល្លា ​ប្រធាន​អង្គការមែឃឈើ​​ដែល​ធ្លាប់​ធ្វើការ​រិះគន់​យ៉ាងខ្លាំង ​តាម​រយៈ​វិដេ​អូ​​ដែល​លោក​បាន​ចុះ​ទៅ​ថត​​ផ្ទាល់នៅ​​​ទីតាំង​ដីព្រៃ​កប់​សព​​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ នៅ​ស្រុកពេជ្រាដា​ ខេត្ត​មណ្ឌលគិរី កាល​ពី​ខែ​តុលា​​ឆ្នាំ​​២០២៥ ​ដែល​ត្រូវ​បាន​មន្ត្រី​ចេញ​ប្លង់​ទៅ​ឱ្យ​បុគ្គល​ឯក​ជន​​កាន់​កាប់ ​​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​​របស់​លោក​ នៅ​ថ្ងៃទី​២២ខែ​មករា​ថា«បំផ្លាញព្រៃ បំផ្លាញទឹក បំផ្លាញដី គឺស្មើនឹងបំផ្លាញជាតិឯង»។

លោក ​សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ ​ក៏បាន​សរសេរលើ​បណ្តាញ​សង្គម​របស់​លោក​នៅ​ថ្ងៃទី​២៣ខែ​មក​​រា​នេះ​ថា​ ខណៈពេលដែលពលរដ្ឋខ្មែរ​កំពុងតាមដានយ៉ាងជិតដិត​លើបញ្ហាព្រំដែន ការបំផ្លាញ​ធនធានធម្មជាតិ​ដ៏ស្ងប់ស្ងាត់ កំពុងតែកើតឡើងយ៉ាងធ្ងន់ធ្ងរនៅទឹកដីខេត្តរតនគិរី។ ក្រុមហ៊ុនរបស់គ្រួសារ​លោកឧកញ៉ា ទ្រី ភាព ដែល​មានឥទ្ធិពល​កំពុងធ្វើសកម្មភាពជីកយករ៉ែមាស​ នៅក្នុងតំបន់ឧទ្យានជាតិ ដែល​ជាបេះដូងនៃធម្មជាតិខ្មែរ។

ដោយ​​សារ​តែកន្លងមក ​មន្ត្រីជំនាញ​របស់​រដ្ឋាភិបាល​​តែង​តែបដិសេធ​ចំពោះ​ព័ត៌មាន​ ដែល​ចុះ​ផ្សាយ​ទាក់​ទង​​នឹង​បទ​ល្មើស​ធនធាន​ធម្មជាតិ​ថា​ ជាព័ត៌មានក្លែងក្លាយ​ លោក​ សេង វណ្ណលី​ សូមឱ្យ​មន្ត្រីមាន​សមត្ថកិច្ច​ឈប់​ប្រើ​ពាក្យ​«ព័ត៌មានក្លែងក្លាយ» ដើម្បីបិទបាំងភាពមិនប្រក្រតី ប៉ុន្តែសូមចុះទៅពិនិត្យការពិតបង្ហាញតម្លាភាព និងផ្ដល់​សេច​ក្ដីសុខ​ជូនពលរដ្ឋម្ចាស់ស្រុកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ