កសិករ​ដាំ​ស្វាយ​កែវ​រមៀត​​នៅ​​ខេត្ត​​កំពត​ប្រឈម​បញ្ហា​ជីវភាព​​ដោយ​សារ​ឈ្មួញ​ទម្លាក់​តម្លៃ​ខ្លាំង

ដំណាំ​​ស្វាយ​​កែវ​​រមៀត ​បាន​​ក្លាយ​​ជា​​មុខ​របរ​​ស្នូល​​មួយ​របស់​​​កសិករ​​ខេត្ត​​កំពត​​មួយ​​ចំនួន ដែល​​មាន​​ដី​​ទុក​​ចោល​ ហើយ​​ខ្វះ​​លទ្ធភាព​​​ធ្វើ​​​ដំណាំ​​ទុរេន ឬ​​ម្រេច ​ដែល​​ជា​​ដំណាំ​​ដ៏​​ល្បី​ល្បាញ និង​​មាន​​ទីផ្សារ​​ខ្ពស់ តែ​វិបត្តិ​​ទីផ្សា​រ ធ្វើ​ឱ្យ​​តម្លៃ​​​ស្វាយ​​នៅ​​ខេត្ត​​កំពត​​នេះ​ចុះថោ​ក​ខ្លាំង ​ដូច​បណ្ដា​​ខេត្ត​​ផ្សេងៗ​ដែរ។

កសិករ​​តែង​ជួប​​បញ្ហា​ដោយសារ​តម្លៃ​ចុះ​ថោក​ខ្លាំង បើ​ប្រៀបធៀប​នឹង​តម្លៃ​​ទុរេន និង​ម្រេច​ដែល​មាន​ទីផ្សារ​ខ្ពស់​​ទាំង​​ក្នុង​ស្រុក​នៅ​ក្រៅ​ប្រទេស។

ស្រុក​ដងទង់ នៃ​ខេត្ត​កំពត និង​ស្រុក​ដំណាក់ចង្អើរ​​នៃ​ខេត្ត​កែប នា​ពេល​បច្ចុប្បន្ន មាន​​ដំណាំ​ស្វាយ​កែវ​រមៀត រាប់​​រយ​ហិកតា។ កសិករ​រើស​យក​ដំណាំ​នេះ ​បាន​អះអាង​ដូចៗគ្នា​ថា ពួកគេ​​​ភាគច្រើន​ជា​អ្នក​មាន​ជីវភាព​​ខ្វះខាត និង​ក្រោម​​មធ្យម ហើយ​ខ្លះ​ថា ដំណាំ​ស្វាយ​នេះ​ ជា​​​មុខរបរ​ស្នូល​របស់​ពួកគេ ខ្លះ​ថា មុខ​របរ​ស្វាយ​​នេះ​ជា ដំណាំ​រួម​ផ្សំ​ដើម្បី​ទ្រទ្រង់​ជីវភាព ក្រៅ​ពីធ្វើ​ស្រែ ដាំ​ពោត ចិញ្ចឹម​គោ មាន់​ទា​ជាដើម។

កសិករ​ដាំ​ស្វាយ​មួយ​រូប​នៅ​ស្រុក​ដងទង់ ខេត្ត​កំពត លោក អ៊ូច ភា អះអាង​ថា លោក​បាន​ដាំ​ស្វាយ​កែវរមៀត​​​ជិត ១០​ឆ្នាំ​​ហើយ លើ​ទំហំ​ដី​ប្រមាណ ២​ហិកតា។ លោក​ថា លោក​និង​គ្រួសារ​បាន​ប្ដូរ​មក​រស់នៅ​ក្បែ​រ​​តំ​បន់​ភ្នំ​វល្លិ រួច​បាន​ដាំ​ស្វាយ​កែវរមៀត​មក​រហូត និង​បាន​ប្រមូល​ផល​ជាង ៥​ឆ្នាំ​ហើយ។

កាល​ពី​លោក​មិន​ទាន់​បាន​ប្រមូល​ផល​ស្វាយ ពេល​នោះ​ស្វាយ​បាន​តម្លៃ​ថ្លៃព្រោះ​មាន​អ្នក​ដាំ​មួយៗ។ តែថា​ចាប់​តាំង​ពី​លោក​ចេះ​ធ្វើ​​ស្វាយ និង​ទទួល​ផល​​ពី​ការ​លក់​លើ​ទីផ្សារ តម្លៃ​ស្វាយ​ពុំ​ដែល​បាន​លើស ១​ពាន់​រៀល​​ក្នុង​មួយ​គីឡូក្រាម ​ដូច​ជំនាន់​កាល​ស្វាយ​នៅ​តិច​ទេ លោកថា ពេល​ខ្លះ​តម្លៃ​ស្វាយ​ធ្លាក់​ដល់ ១០០​រៀល​​ក្នុង​​១​គីឡូ​ក្រាម​​ក៏​មាន។

ប៉ុន្តែ​ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​​នេះ លោក​​និង​​អ្នក​​ភូមិ​​បាន​​ស្រោប​​ស្វាយ​​នោះ​​ខ្លះៗ ​ដើម្បី​​បំពេញ​​តម្រូវ​ការ​​ទីផ្សារ​​ទៅ​​ក្រៅ​ប្រទេស​តាម​​ឈ្មួញ​​កណ្ដា​​ល​​ណែនាំ។

ប៉ុន្តែ​លោក​រៀបរាប់​ថា ពេល​ប្រមូល​ផល តម្លៃ​ស្វាយ​ទាំង​នោះ ពុំ​ខុស​គ្នា​ពី​តម្លៃ​ស្វាយ​ខៀវ​ធម្មតា​ប៉ុន្មាន​ទេ ខណៈ​ការ​ចំណាយ​ស្រោប និង​បេះ​លក់​វិញ អស់​ច្រើន​ជាង​ស្វាយ​ធម្មតា ៤-៥​ដង។

លោក​រៀបរាប់​ថា ​តម្លៃ​ស្វាយ​ដែល​ឈ្មួញ​​អះ​អាង​​ថា ឡើង​​ថ្លៃ​នៅ​​​ពេល​​ណា​​ដែល​​កសិករ​ មិន​​ទាន់​ប្រ​មូ​ល​​ផល ​ប៉ុណ្ណោះ។

លោកថា៖ «ពេល​អត់​ស្វាយ ថ្លៃ! ដល់​មាន​ស្វាយ​ថោក វា​អត់​មាន​ទីផ្សារ​ពិត​ប្រាកដ​ផង។ ចំពោះ​ស្វាយ​ខៀវ ១​គីឡូ​ក្រាម​​បាន​តែ ៦០០​រៀល​​ក៏​បាន ឱ្យ​តែ ៦០០​រៀល​នៅ​ថេរ​អ៊ីចឹង​ទៅ ដឹង​តែ​បាន​ហើយ ដោយ​មិនចាំ​បាច់​​ថ្លៃ​ជាង​ហ្នឹង​ទេ។ តែ​ដល់​ពេល​មាន​ស្វាយ ១​គីឡូក្រាម ២០០-៣០០​រៀល។ មួយ​ទៀត​លឺ​តែ​ថា បាន​ថ្លៃៗ ប៉ុន្តែ​ដល់​សួរ​អ្នក​លក់​​មិន​បាន​ថ្លៃ​ដូចគ្នា ហើយ​តម្លៃ​ពិត​ប្រាកដ​ជាក់ស្ដែង​អត់​មាន​ផង»

កសិករ​ម្នាក់​ទៀត​​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ​រៀបរាប់​ថា លោក​និង​គ្រួសារ​មាន​ដំណាំ​ស្វាយ​ជិត ២០​ហិកតា។ លោក​​ធ្វើ​ស្វាយ​នេះ​ជាង១០​ឆ្នាំ​ហើយ។ លោកដកដង្ហើមធំ ហើយ​រៀបរាប់​​​ថា លោក​ស្ទើរ​តែ​កាប់​ដើម​ស្វាយ​​​ទាំង​នោះ​ចោល ពេល​ខឹង​នឹង​តម្លៃ​ស្វាយ​ធ្លាក់​ចុះ​ម្ដងៗ។

 លោក​ថ្លែង​ដូចគ្នា​នឹង​លោក អ៊ូច ភា ដែរ។ លោក​ថា តម្លៃ​ស្វាយ​បាន​ធ្លាក់​ចុះ​ខ្លាំង​មែនទែន​​តាំង​ឆ្នាំ​២០២១​មក។ លោក​​បញ្ជាក់​​ថា តម្លៃ​ស្វាយ​គួរ​បាន​តម្លៃ​យ៉ាង​ហោច​ណាស់ ៥០០ ទៅ​៦០០​រៀល​ក្នុង​១គីឡូក្រាម សម្រាប់​​ការ​ចុះ​ទិញ​ដល់​ចម្ការ។

នៅ​ពេល​សួរ​ថា តើ​លោក​និង​កសិករ​ដាំ​ស្វាយ​ផ្សេង​ទៀត ដែល​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​​តម្លៃ​ស្វាយ​នេះ​ទេ? លោក​អះអាង​ថា ធ្លាប់​មាន​សមាគម​ស្វាយកែវរមៀត​​ខេត្ត​កំពង់ស្ពឺ ក្រោម​ការ​សម្រប​សម្រួល​របស់​​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​មក​សាលាស្រុក​ដងទង់​ម្ដង កាល​ពី​ចុង​ឆ្នាំ​២០២៤។

លោក​ថា ពេល​នោះ​សមាគម​ស្វាយ​បាន​តម្រូវ​ឱ្យ​កសិករ​ចុះ​កុងត្រា​ជាមុន ​ជាមួយ​ខាង​សមាគម​មួយ​ឆ្នាំ​ម្ដង មុន​​នឹង​អាច​លក់​បាន​​តម្លៃ​ថ្លៃ​លើស​ឈ្មួញ​​ចុះ​ទិញ។ ប៉ុន្តែ​​លោក​អះអាង​ថា ជំនួប​ពេល​នោះ​មិន​បាន​ផល​ទេ ព្រោះ​​ខាង​សមាគម​​ព្រម​ចុះ​កុងត្រា​ទិញ ក្នុង​តម្លៃ ៦០០​រៀល​ក្នុង​១​គីឡូក្រាម តែលុះត្រាតែ​ម្ចាស់ចម្ការ ត្រូវ​ចំណាយ​លើការដឹក​ជញ្ជូន​ដោយ​ខ្លួនឯង ទៅ​ដល់​រោងចក្រ​កែច្នៃ​ស្វាយ​របស់ក្រុមហ៊ុន ដែលមានទីតាំង​នៅ​ទី​រួម​​ខេត្ត​​កំពង់ស្ពឺ។

លោក​រំលឹក​ថា ពេល​នោះ​​ លោក​និង​កសិករ​ផ្សេងៗ​ទៀត​បាន​បដិសេធ​ដូចៗគ្នា​ថា បើ​ចុះ​កុង​ត្រា​លើ​តម្លៃ​ស្វាយ​​ដូច​នេះ​មែន ពួក​លោក​សុខ​ចិត្ត​កាប់​ដើម​ស្វាយ​នោះ​ចោល​វិញ។

ក្រឡេក​មក​មើល​ទិដ្ឋភាព​ចម្ការ​ស្វាយ​កែវរមៀត នៅ​ស្រុក​ដងទង់ និង​ស្រុក​ដំណាក់ចង្អើរ មាន​រាប់​រយ​ហិកតា។ តំបន់​នេះ​​គេ​ស្គាល់​ថា ជា​អតីត​តំបន់​ខ្មែរ​ក្រហម​ដ៏​ស្រួចស្រាល់។ ពេល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ យើ​ង​​ត្រូវ​ជិះ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣ រហូត​ដល់​គីឡូម៉ែត្រ​លេខ​១១៩ បត់​ឆ្វេង​នៅ​ចំណុច​ក្រាំងលាវ ឬ​ផ្សារ​​ដងទង់ថ្មី ឆ្ពោះ​ទៅ​ឆ្នេរ​អង្កោល ខេត្ត​កែប។

ពេល​ធ្វើ​ដំណើរ​កាត់​តំបន់​នោះ គេ​នឹង​ឃើញ​ចម្ការ​ស្វាយ​យ៉ាង​ច្រើន ​ដែល​គេ​ពុំ​ធ្លាប់​នឹក​ស្មាន​ដល់​ថា ខេត្ត​កំ​ពត ដែល​​​ល្បី​ដំណាំ​ទុរេន និង​ម្រេច បែរ​ជា​សម្បូរ​ស្វាយ​យ៉ាង​នេះ​ទៅ​វិញ។

នៅ​តាម​ចម្ការ​ស្វាយ កសិករ​​ខ្លះ​ទៀត ​កំពុង​បរ​គោយន្ត​មាន​ធុង​ទឹក​ចំណុះ ១​ពាន់​លីត្រ និង​ទុយោ​យ៉ាង​វែង សំ​ពីងសំពោង សំដៅ​ទៅ​បាញ់​ថ្នាំ​ការពារ​ក្ដឹប​ស្វាយ​ពី​ដង្កូវ​ស៊ី​បំផ្លាញ។ លោក សែម ណន គឺ​ជា​​កសិករ​ដាំ​ស្វា​យ​​កែវ​រមៀត​នៅ​ស្រុក​ដង​ទង់ ក្បែរ​ជួរ​ភ្នំ​វល្លិ ជាង ១០​ឆ្នាំ​ហើយ។

 ថ្លែង​ទាំង​ទឹកមុខ​​មិន​សូវ​រីករាយ​ព្រោះ​សំពាយ​​គ្រួសារ ខណៈ​ផល​ស្វាយ​កែវរមៀត​របស់​លោក​មិន​​សម​ប្រ​កប​​​ទាល់​តែ​សោះ។ លោក​អះអាង​ថា បច្ចុប្បន្ន​តម្លៃ​ស្វាយ​នៅ​ខាង​លោក​មិន​សូវ​បាន​ថ្លៃ​នោះ​ទេ ពិសេស​នៅ​ពេ​ល​​ប្រមូល​ផល​ម្ដងៗ ហើយ​ពេល​ខ្លះ​តម្លៃ​ចុះ​ថោក​រក​អ្វី​ប្រៀប​ផ្ទឹម​គ្មាន ឬ​ត្រូវ​ឈ្មួញ​​បោះចោល​ទៅ​ទៀត ពេល​​ស្វាយ​ចាល់​មែនទែន។

ទោះ​យ៉ាងណា ក្នុង​នាម​ជា​កសិករ​ខំ​ត្រដរ​នឹង​ជីវភាព​ដោយ​ត្រូវ​ធ្វើ​កសិកម្ម​​រួមផ្សំ​ផ្សេង​ទៀត ​ទាំង​គ្មាន​ជំរើស ហើយ​ត្រូវ​​​បន្ត​ធ្វើ​ស្វាយ​នោះ​បន្ត​ជានិច្ច ទោះ​បាន​ថ្លៃ ឬ​ថោក​តាម​យថាកម្ម។

លោកថា៖ «យើង​អ្នក​ចម្ការ​ធ្វើ​តែ​ចម្ការ​ស្វាយ ព្រោះ​ថា ធ្វើ​អី​ផ្សេង​ទៀត មិន​ដឹង​ធ្វើ​អី»

វីអូឌី​ ពុំ​អាច​សុំ​ការ​ពន្យល់​បន្ថែម ក៏​ដូចជា​វិធានការ​អន្តរាគមន៍​របស់​ក្រសួង​កសិកម្ម​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែមករា បើ​​ទោះបីជា VOD ​បាន​ផ្ញើ​សំណួរ​ទៅ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​​កសិកម្ម ​លោក ងិន ឆាយ តាម​​តេឡេក្រាម ហើយ​​លោក​បាន​ឃើញ តែ​លោក​មិន​តប​សារ​វិញ​នោះ​​ទេ។

ប៉ុន្តែ​លោក ងិន ឆាយ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ចុង​ឆ្នាំ​២០២៥​ថា ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​បាន​ថយ​​ចុះ​ ដោយ​សារ​រោងចក្រ​ដំណាប់ស្វាយ​ក្នុងស្រុក​​បាន​ប្រមូល​ទិញ​ផ្លែស្វាយ​ស្រស់ ​មក​កែ​ច្នៃ​ជា​ដំ​ណាប់​​ស្វាយ ដើម្បី​​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​ បញ្ជាក់​ថា កម្ពុជា​​បាន​ចំណូល​ពី​ការ​លក់​ស្វាយ​ស្រស់​ជាង ១២៣​លាន​ដុល្លារ​​អាមេរិក ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​​២០២៥ ដែល​ធ្លាក់​ចុះ​ជិត ១២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​​កាល​ពី​ឆ្នាំ​២០២៤ ដោយ​ទំហំ​ទឹក​ប្រាក់ ​១៤០​លាន​ដុល្លារ។

ចំណែក លោក ច័ន្ទ សុផល ដែល​អ្នក​ជា​អ្នក​សិក្សា​គោល​នយោបាយ​សេដ្ឋកិច្ច​​ តែង​ពន្យល់​ថា ស្វាយ​កែវរមៀ​ត​​កម្ពុជា​​បាន​លើស​​តម្រូវការ​ទីផ្សារ​ពិភពលោក​រហូត ១០​ដង។

លោក​អះអាង​ថា ព្រោះ​កសិករ​ខ្មែរ​ដែល​មាន​ដី​ធំៗ​មិន​ដឹង​ធ្វើ​អ្វី បាន​នាំគ្នា​ដាំ​ដំណាំ​ស្វាយ ដែល​ជា​ដំណាំ​ងាយ​​ស្រួល​ថែទាំ​​ជាង​​ដំណាំ​ផ្សេង។

ចំពោះ​បញ្ហា​តម្លៃ​ទីផ្សារ​វិញ ប្រធាន​សមាគម​ស្វាយ​កែវរមៀត​ខេត្ត​កំពង់ស្ពឺ អ្នកស្រី ឈិន ចំរើន ដែល​ជា​ម្ចាស់​​អាជីវកម្ម​កែច្នៃ​ស្វាយ​មួយ​រូប​​នៅ​ខេត្ត​កំពង់ស្ពឺ​​ផង បាន​ពន្យល់​​ថា អ្នកស្រី​តែង​ជំរុញ​ឱ្យ​កសិករ​ធ្វើ​កុងត្រា មុន​នឹង​ធ្វើ​ស្វាយ​​កែវរមៀត​ដើម្បី​លក់​លើ​ទីផ្សារ។ អ្នកស្រី​អះអាង​ថា តម្លៃ​ស្វាយ​កែវរមៀត​បច្ចុប្បន្ន​ដែល​អ្នក​ស្រី​ចុះ​ទិញ​ក្នុង​កុងត្រា​ថ្មី​២០២៦ លើស​ពី ១​ពាន់​រៀល​ក្នុង​១​គីឡូ​ក្រាម។

ទោះ​យ៉ាងណា កាល​ពី​ចុង​ឆ្នាំ​២០២៤ កសិករ​ដាំ​ស្វាយ​ខេត្ត​កំពត​​ដែល​បាន​ជួប​អ្នកស្រី​ផ្ទាល់​​នៅ​សាលាស្រុក​​ដងទង់ ដែល​ចង់​ចុះ​កុងត្រា​លក់​ស្វាយ​មក​សមាគម​បាន​ត្រឹម ៦០០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម និង​​​ត្រូវ​ដឹក​ដល់​រោងចក្រ​ខេត្ត​កំពង់​ស្ពឺ​ទៅ​ទៀត។

ត្រង់​ចំណុច​នេះ អ្នកស្រី ឈិន ចំរើន អះអាង​ថា តម្លៃ​ស្វាយ​វា​ស្ថិត​លើ​ទីផ្សារ​បច្ចុប្បន្ន ហើយ​អ្នកស្រី​ពន្យល់​ថា ការ​ចុះ​កុងត្រា​ទិញ​ក៏​ប្រែប្រួល​តម្លៃ​តាម​ជាក់ស្ដែង​ដែរ។ អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​តម្លៃ​កុងត្រា​របស់​ស​មាគម​​​អ្នកស្រី​បាន​ថ្លៃ​ជាង​ពេល​នោះ ខណៈ​ទីផ្សារ​លើ​ពិភពលោក​មាន​តម្រូវការ។

អ្នកស្រី​​ថា៖ «ពាក់ព័ន្ធ​នឹង​ទីផ្សារ​ដំណាប់ស្វាយ បើ​ទីផ្សារ​ដំណាប់​ស្វាយ​លើ​ពិភពលោក អត់​សូវ​មាន​តម្រូវ​ការ អ៊ីចឹង​ទីផ្សារ​ស្វាយ​ស្រស់​ក៏​ធ្លាក់​តាម​នឹង​ដែរ។ ចំណែក​ស្វាយ​ស្រោប ខ្ញុំ​ចង់​ពន្យល់​ថា បើ​យើង​អត់​មាន​កុងត្រា​ជាមួយ​គេ យើង​​ពុំ​អាច​ស្រោប​បាន​ទេ ពីព្រោះ​អី ពេល​កុង​ត្រា​ជាមួយ​គេ (ឈ្មួញ)ៗ​នឹង​មក​បេះ​យក ហើយ​​តម្លៃ​គេ​ស្ដង់ដារ ១​គីឡូ​ក្រាម ១​ពាន់​១០០​រៀល ទៅ​១ពាន់ ៥០០​រៀល ១​គីឡូក្រាម តាម​ស្វាយ​យើង​ល្អ ឬ​មិន​ល្អ។ បើ​យើង​ស្រោប​ចិត្ត​ឯង គ្មាន​កុងត្រា​អី​ទេ គឺ​មាន​តែ​ទីផ្សារ​នាគ​មាស​អ៊ីចឹង​ឯង»។

បើ​តាម​កសិករ​ដាំ​ស្វាយ​នៅ​ខេត្ត​កំពត​ដែល​មាន​បទពិសោធន៍​នេះ​រាប់​ឆ្នាំ ​បាន​អះអាង​ថា ដំណាំ​ស្វាយ​ងាយ​ស្រួល​​ដាំ​ជាង​ដំណាំ​ផ្សេង​ទៀត​មែន​។ ប៉ុន្តែពួកគេ​អះអាង​ថា ដើម្បី​អាច​បាន​ផល​​លក់​លើ​ទីផ្សារ​បាន វា​ត្រូវ​ការ​​​ការ​ថែទាំ​ត្រឹមត្រូវ​​ជា​ច្រើន​ដំណាក់កាល ដូចជា ការ​ប្រើ​អ័រម៉ូន​ជំរុញ​​ត្រួយ និង​ផ្កា ការ​បាញ់​ថ្នាំ​បញ្ចេញ​ផ្កា និង​​ថែ​លំអង និង​ក្ដឹប ព្រម​​ទាំង​ប្រើ​ថ្នាំ​ការពារ​ដង្កូវ​វ៉ូង​ថែម​ទៀត។

ពេល​ខ្លះ​បើ​មាន​ភ្លៀង​ធ្លាក់​ជា​ប្រចាំ ឬ​សន្សើម​ខ្លាំង​នៅ​ពេល​យប់ ឬ​រដូវ​រំហើយ ផ្កា​ស្វាយ​ត្រូវ​រលួយ​ចោល​ទទេ​តែ​​ម្ដង។ ពួក​គេ​​ស្នើ​ដូចៗគ្នា​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចាត់​វិធានការ​ជាក់ស្ដែង​ទាំង​ការ​រក​ទីផ្សារ និង​ជំនួយ​បច្ចេក​​ទេស ដើម្បី​បញ្ចៀស​ការ​ខាត​បង់​របស់​កសិករ ដែល​ជា​ហេតុ​នាំ​ឱ្យ​ពួកគេ​បោះបង់​របរ​ស្នូល​នៅ​មូលដ្ឋាន ឈាន​​ទៅ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​តំបន់​ឆ្ងាយ ឬ​អន្តោប្រវេសន៍​ទាំង​ប្រថុយប្រថាន។

លើស​ពី​នេះ បើ​តម្លៃ​ស្វាយ​នៅ​បន្ត​ធ្លាក់​ចុះ​ដដែល នឹង​បណ្ដាល​ឱ្យ​ជីវភាព​គ្រួសារ​ពួកគេ​កាន់តែ​យ៉ាប់យ៉ឺន ហើយ​​កូនៗ​របស់​ពួកគេ​នឹង​ត្រូវ​បោះបង់​ចោល​ការ​សិក្សា​ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ