ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បន្តបង្ហាញការឈឺចាប់រឿងកូនរបស់លោកម្នាក់បានស្លាប់ ក្នុងសម័យខ្មែរក្រហមដោយផ្ញើសារបែបក្រើនរំឭកទៅដល់បុគ្គលមួយចំនួន ដែលលោកមិនបានអត្ថាធិប្បាយឈ្មោះថា សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់លោក កាលពី៥០ឆ្នាំមុន មកបោកប្រាស់លោកតទៅទៀត។
ការទម្លាយសារលើបណ្តាញសង្គមរបស់ លោក ហ៊ុន សែន នេះ ក៏ចំពេលដែលការដឹកនាំរបស់គ្រួសារលោក រងការរិះគន់ថា បានរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ប្រើប្រាស់ប្រព័ន្ធតុលាការចាប់ចងមនុស្សតាមទំនើងចិត្ត ដើម្បីបង្ក្រាបសំឡេងជំទាស់ បន្សល់ទុកករណីឃាតកម្មច្រើនករណី រួមទាំងជនភៀសសឹក រាប់ម៉ឺននាក់កំពុងរងទុក្ខដោយការឈ្លានពានរបស់ថៃ។
លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុករបស់លោកថ្ងៃទី២៣ ខែមករា រៀបរាប់យ៉ាងអន្លង់អន្លោច ដែលជាការឆ្លើយតបនឹងអ្នកដែលលោកហៅថា អ្នកបន្លំធ្វើជាកូនលោកចាប់ជាតិ។
លោកថា៖ «សូមបញ្ឈប់ប្រើប្រាស់ការឈឺចាប់របស់ខ្ញុំ កាលពី៥០ឆ្នាំមុន មកបោកប្រាស់ខ្ញុំតទៅទៀតទៅ។ ក្រោយរំដោះចេញពីរបបប៉ុល ពត ឆ្នាំ១៩៧៩ ពិសេសក្រោយពេលដែលខ្ញុំនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាន និងភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីមក មានមនុស្សមិនតិចជាង ២០នាក់ទេ ដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសខ្ញុំដែលបានស្លាប់ទៅនោះមកចាប់ជាតិ»។
លោកបន្តថា មនុស្សទាំងនោះខ្លះសរសេរជាសំបុត្របញ្ជូនឱ្យលោក ខ្លះចុះតាមទស្សនាវដី្ត និងចុងក្រោយបង្ហោះតាមបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក ជាដើម។ លើសពីនេះ លោកថា ករណីចុងក្រោយហាក់ដូចធ្ងន់បន្តិចមានទាំងអត្ថបទ មានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់តេឡេក្រាម របស់លោក។
លើសពីនេះ កន្លងមក លោកក៏ធ្លាប់និយាយដោយស្រក់ទឹកភ្នែកលើវេទិកាសាធារណៈផងដែរ ជុំវិញរឿងកូនរបស់លោកស្លាប់ក្នុងសម័យប៉ុលពតនេះ។
ប៉ុន្តែការដឹកនំាំរបស់លោកជាង៤០ឆ្នាំមកនេះ បានបន្សល់ទុកជនរងគ្រោះរាប់ម៉ឺននាន់ ក្នុងនោះ អំពើឃាតកម្មច្រើនករណីផងដែរ។ តួយ៉ាងដូចជាករណីបាញ់សម្លាប់ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ បាញ់សម្លាប់លោក ឈុត វុទ្ធី អ្នកការពារព្រៃឈើ ព្រះតេជព្រះគុណ សំ ប៊ុនធឿន និងបាញ់សម្លាប់លោក បណ្ឌិត កែម ឡី ជាដើម។
លើសពីនេះ ពលរដ្ឋខ្លះស្លាប់ និងរាប់ម៉ឺននាក់ទៀត កំពុងរងគ្រោះ ដោយចាញ់បោកក្រុមឧកញ៉ា ដែលឧកញ៉ាទាំងនោះ ជ្រកក្រោមអំណាចមេដឹកនាំ ធ្វើឱ្យយុត្តិធម៌ពួកគេត្រូវបានកប់ចោលច្រើនឆ្នាំ។
មួយវិញទៀត ករណីពលរដ្ឋភៀសសឹកនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួនរាប់ពាន់គ្រួសារ កំពុងរស់នៅក្រោមតង់កៅស៊ូ ឆ្ងាយពីផ្ទះស្រែចម្ការ ដោយសារថៃឈ្លានពាន ដែលពួកគេកំពុងដង្ហើយហៅរកកិច្ចអន្តរាគមន៍ ដើម្បីបានត្រឡប់ទៅផ្ទះសម្បែងវិញ។
រីឯអ្នកដែលរិះគន់ពីទង្វើថៃឈ្លានពាន ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលមិនទាន់បញ្ជាក់ប្រាប់ពលរដ្ឋខ្មែរថា នឹងប្តឹងថៃនៅថ្ងៃណា ដើម្បីទាមទារយកដីខ្មែរមកវិញនៅឡើយដែរ៕









