អ្នកតាមដាន ព្រមានថា អ្នកនយោបាយចាស់វស្សាពីបក្សប្រឆាំង គឺលោកស្រី មូរ សុខហួរ នឹងបរាជ័យជាថ្មីទៀត ក្នុងការព្យាយាមចង់វិលត្រឡប់មកកម្ពុជាវិញ បើគ្មានការបើកភ្លើងខៀវពីលោក ហ៊ុន សែន ទេនោះ ទោះបីស្ត្រីជាអ្នកនយោបាយជើងចាស់ អាយុ៧២ឆ្នាំរូបនេះ អះអាងថា បំណងនៃការវិលត្រឡប់មកកម្ពុជា ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងការផ្សះផ្សាជាតិក្តី។
ប្រកាសពីបំណងវិលចូលកម្ពុជាវិញរបស់លោកស្រី មូរ សុខហួរ ក្រោយពីរដ្ឋាភិបាល តាមរយៈអ្នកនាំពាក្យអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ ក្នុងនិងក្រៅប្រទេសរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ក្លាយជាកម្លាំងដ៏រឹងមាំ ក្រោយថៃបើកការវាយលុក ឈ្លានពានដណ្តើមយកទីតាំងជាង៤០កន្លែងនៅតាមបន្ទាត់ព្រំដែន។
លោកថា៖ «ខ្ញុំសុំឱ្យតែបងប្អូនប្រជាពលរដ្ឋយើងជឿជាក់លើរាជរដ្ឋាភិបាលរបស់យើង ហើយដូចជាបងប្អូនកំពុងធ្វើពេលនេះ ត្រូវហើយឈរជាធ្លុងមួយរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិមួយ នៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ពរបស់យើង ដើម្បីការពារបូរណភាពទឹកដីរបស់យើង នេះជាចំណុចខ្លាំងធំណាស់របស់កម្ពុជាយើង»។
លោកស្រី មូរ សុខហួរ ប្រាប់VODនៅថ្ងៃទី២៣ ខែមករានេះថា គោលបំណងគម្រោងវិលចូលស្រុកខ្មែរម្តងនេះ ដោយសារលោកស្រីចង់ចូលរួមផ្សះផ្សាជាតិ ស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ស្របនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាអួតថា«ខ្មែរត្រូវសាមគ្គីគ្នា»។ ហើយថា លោកស្រីនឹងរៀបចំឯកសារពាក់ព័ន្ធនៅសប្តាហ៍ក្រោយនេះ ដើម្បីវិលត្រឡប់ទៅកម្ពុជាម្តងទៀត។
លោកស្រីថា៖ «អីចឹងចុងក្រោយនេះ គឺមីងមានប៉ាស្ព័រអាមេរិកាំង អីចឹងមីងនឹងខិតខំនៅពេលឆាប់ៗនេះដើម្បីសុំយកវីសាខេ ព្រោះវីសាខេនេះ សម្រាប់ជនជាតិខ្មែរដែលនៅក្រៅប្រទេសអាចទទួលបានវីសាខេហើយមីងនឹងសុំតាមអនឡាញពីស្ថានទូតខ្មែរនៅទីក្រុងវាស៊ីនតោននេះ មីងនឹងរៀបចំនៅសប្ដាហ៍នេះហើយពេលមីងរៀបចំអីមីងនឹងថតវីដេអូឲ្យឃើញទាំងអស់គ្នា ឃើញទាំងអស់គ្នា ដើម្បីកុំបន្ទោសមីងថា មីងចេះតែនិយាយចោល មីងបោក ភាសាបោកនេះឲ្យដឹងថាអ្នកណាជាអ្នកបោកពិតប្រាកដ»។
សម្រាប់ លោកស្រី មូរ សុខហួរ សង្ឃឹមថា រដ្ឋាភិបាលនិងគោរពនូវភាពសច្ចៈ ទៀងត្រង់របស់ខ្លួន ដែលចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រឆាំងនឹងបរទេសឈ្លានពាន។
លោកស្រីបន្តថា បើរដ្ឋាភិបាលបន្តរារាំង ហាមឃាត់ បិទផ្លូវលោកស្រីមិនឱ្យចូលស្រុកខ្មែរ មហាជនខ្មែរនឹងមើលឃើញថា រដ្ឋាភិបាលកម្ពុជាបានតែនិយាយ មិនហ៊ានធ្វើ គឺមិនគោរពស្មារតីសាមគ្គីខ្មែរតែមួយទេ។
លោកស្រីថា៖ «ទោះបីជាខ្ញុំដឹងថាដើម្បីត្រឡប់ទៅមាតុភូមិវិញ មាននូវឧបសគ្គធំយ៉ាងម៉េចក៏ដោយ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ពលរដ្ឋខ្មែរយើងយល់ថាការដែលត្រូវត្រឡប់ទៅវិញ ទៅរួមកម្លាំងគ្នា ធ្វើកិច្ចការដោះស្រាយបញ្ហាជាតិជាមួយគ្នាពលរដ្ឋយើងទាំងអស់គ្នា ខ្ញុំយល់ចិត្តថា ចង់ឃើញអីចឹង អីចឹងយើងជានៅប្រទេសក្រៅ យើងធ្វើដំណើរចូលប្រទេសជាតិយើងវិញ នេះគឺជាការពិត ហើយចុងក្រោយទៅទោះបីយ៉ាងម៉េចក៏ដោយ ជាតិយើងជាឈាមខ្មែរ ហើយមួយជីវិតរបស់ខ្ញុំនេះ គឺថាខ្ញុំគ្មានភ័ស្តុតាងអ្វីដែលខ្ញុំបានក្បត់និងប្រទេសជាតិ មិនដែលក្បត់នឹងប្រទេសជាតិទេ»។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារិទ្ធិ ប្រាប់VODយ៉ាងខ្លី ប្រទេសខ្មែរ ជាប្រទេសរបស់ខ្មែរគ្រប់រូប ចង់អ្នកនយោបាយណាមក ជារឿងរបស់គាត់ ព្រោះប្រទេសគាត់ដែរ។
លោកថា៖ «ខ្ញុំសូមឆ្លើយដោយខ្លីថា ចង់មកឬមិនមកជារឿងរបស់គាត់ គ្មានអ្នកណាទៅឈឺក្បាលទេ ព្រោះកម្ពុជាជាប្រទេសរបស់គាត់តើ អ៊ីចឹងគាត់ចង់បានមិនក៏បានជាសិទ្ធិរបស់គាត់»។
ដោយឡែក អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត យល់ថា គម្រោងមាតុភូមិនិវត្តន៍របស់អ្នកនយោបាយចាស់វស្សារូបនេះ និងមេដឹកនាំបក្សប្រឆាំងដទៃទៀត នឹងបរាជ័យជាថ្មីម្តងទៀត។
លោកថា៖ «ប្រាកដណាស់នឹងបរាជ័យ ហើយនឹងនៅតែបរាជ័យដដែលជាដដែល នៅពេលថាមេដឹកនាំនយោបាយក្រៅប្រទេស នៅតែទន្ទឹងរង់ចាំការបើកផ្លូវការអនុញ្ញាតពីក្រុមអ្នកកាន់អំណាច នៅកម្ពុជា កិច្ចការនេះទំនងត្រូវការនូវឆន្ទៈ ហើយនិងភាពប្រាកដនិយម មួយនៃមេដឹកនាំនយោបាយក្រៅប្រទេសក្នុងករណីដែលពួកគេមានគម្រោងវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ គួរតែធ្វើឡើងដោយភាពច្បាស់លាស់ហើយនិងភាពប្រាកដនិយម»។
យ៉ាងណា ចាន់ឡូត ផ្តល់ជាយោបល់ថា ដើម្បីមានឱកាសអាចវិលត្រឡប់ចូលស្រុកវិញបាន អ្នកនយោបាយបក្សប្រឆាំងគួរតែបង្ហាញឆន្ទៈពិត ឈរលើគោលការណ៍ប្រាកដនិយម មិនបោះបង់ពលរដ្ឋ។
ត្រង់ន័យនេះ លោកពន្យល់ថា គោលការណ៍ប្រាដកនិយម គឺកុំប្រើទ្រឹស្តីនយោបាយឱ្យច្រើនជាងធ្វើ ត្រូវហ៊ានធ្វើឱ្យច្រើនជាងនិយាយ ហ៊ានលះបង់គ្រប់យ៉ាងឱ្យពលរដ្ឋឃើញថា អ្នកនយោបាយខ្មែរតស៊ូប្រឈមគ្រោះថ្នាក់មិនរត់ចោលពលរដ្ឋទេ។
លោកថា៖ «ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ប្រសិនបើចង់ឃើញពន្លឺនៃការជឿជាក់ត្រឡប់មកវិញពីសំណាក់ប្រជាពលរដ្ឋ លុះត្រាតែឈរលើភាពប្រាកដនិយមឲ្យបានច្រើនបំផុត ភាពប្រាកដនិយមនោះ គឺចាំបាច់ត្រូវតែប្រែក្លាយពីទ្រឹស្ដីពីការប្រើវោហារស័ព្ទនយោបាយ ឲ្យទៅជាសកម្មភាពជាក់ស្ដែង ហើយជាអ្នកដែលដើរតួអនុវត្តឲ្យបានច្រើនជាង ដើម្បីផ្ដល់ជាគំរូភាពទៅដល់ប្រជាពលរដ្ឋទៅដល់មហាជន ជាពិសេសទៅដល់អ្នកដែលគាំទ្រសកម្មភាពនយោបាយរបស់ខ្លួន»។
ចំណែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ និយាយថា វាជារឿងល្អ ដែលអ្នកនយោបាយខ្មែរ មានឆន្ទៈចង់ចូលរួមដោយផ្ទាល់ដើម្បីជួយប្រទេសជាតិពិតប្រាកដ។ប៉ុន្តែលោកថា វាជាឧបសគ្គធំ បើមេដឹកនាំបក្សកាន់អំណាច មិនបើកផ្លូវឱ្យមានការផ្សះផ្សាជាតិ។
យ៉ាងណា លោកថា អ្នកនយោបាយខ្មែរគ្រប់និន្នការ គួរតែដល់ពេលវេលាដែលត្រូវសាមគ្គីគ្នា បង្រួបបង្រួមគ្នា ដើម្បីស្តារប្រជាធិបតេយ្យ និងដើម្បីរួមគ្នាទប់ទល់នឹងសត្រូវឈ្លានពាន។
លោកថា៖ «ការពិតទៅយើងពិតជាមានភាពរំភើបហើយសប្បាយ នៅពេលដែលឮអ្នកនយោបាយទាំងខាងក្នុងនិងខាងក្រៅប្រទេស ពួកគាត់មានចេតនាបង្រួបបង្រួម និងផ្សះផ្សាជាតិ តាមរយៈការផ្ញើសារទៅវិញទៅមក ក៏ប៉ុន្តែបើសិនជាក្នុងករណីពួកគាត់អាចប្រែក្លាយជាសារនយោបាយរបស់ពួកគាត់ ឲ្យក្លាយទៅជាការពិតនោះ គឺជាសំណាងរបស់ប្រទេសកម្ពុជាហើយ ប្រជាពលរដ្ឋយើងពិតជាអបអរសាទរចំពោះការបង្រួបបង្រួម និងការផ្សះផ្សាជាតិ ដើម្បីផលប្រយោជន៍ធំរបស់យើងទាំងអស់គ្នា»។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ធ្លាប់ប្រកាសនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃបុណ្យខួបឯករាជ្យលើកទី៦៦នៅកម្ពុជា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យ។
លោកស្រី មូរ សុខហួរ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងចំណោម០៩នាក់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជាចោទប្រកាន់ពីបទ «ឧបឃាត» ឬប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្រោមផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា៕









