អ្នកឃ្លាំមើល​ខក​ចិត្ត​រដ្ឋាភិ​បាល​ដែល​បន្ត​ចាប់​ខ្លួន​អ្នក​និយាយ​រឿង​ថៃ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ

អ្នក​ឃ្លាំមើ​ល​ លើក​ឡើង​​ថា ការ​​បន្ត​ចាប់​ខ្លួន​​ពលរដ្ឋ​​ខ្មែរ​​ដែល​​បញ្ចេញ​​មតិ​​រិះ​គន់ រឿង​​ចំណាត់​ការ​​របស់​រដ្ឋាភិបាល​​ក្នុង​​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ និង​ការ​រិះគន់រឿង​បញ្ហា​សង្គម​ជា​ដើមនោះ ជាទង្វើ​ប្រាស់ចាក​ពីសម្តីមេដឹកនាំ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល ដែលតែង​តែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ «រួបរួម ​សាមគ្គី​គ្នា» ហើយ​ជា​ការបង្ក​ក្តីឈឺ​ចាប់​កាន់តែ​ខ្លាំង​ឡើង ​សម្រាប់​ប្រជាពលរដ្ឋ​​ដែល​កំពុង​មានក្តីឈឺចាប់ ដោយសារ​បរទេស​ឈ្លាន​​ពាន​​ទឹកដី។​

ការ​លើកឡើងនេះ ក្រោយពី​អ្នកប្រើ​ប្រាស់​​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​រូប និងជា​ជនមានពិកា​រភាព​ផងនោះ ឈ្មោះ​ ​ហុក រ៉េន អាយុ ៥១​ឆ្នាំ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ «ញុះញ​ង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ដល់​សន្តិ​សុខ​សង្គម» និង បទ«ធ្វើឱ្យ​ខូច​ទឹក​ចិត្ត​កង​ទ័ព» ក្រោយពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ពេល​កំពុង​​បើក​តុក​តុក​ក្នុង​រាជធានីភ្នំពេញ។ នេះ​បើតាម​​អត្ថបទខ្លី​ៗរបស់អង្គការ​សិទ្ធិមនុស្សលីកាដូ ចេញផ្សាយ​​នៅ​ថ្ងៃទី​២២ ខែ​មករា។

​លីកាដូ បន្តថា លោក រ៉េន ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិមបន្ទាប់​ពីកា​រ​ផ្តន្ទាទោ​ស​បទ​​មជ្ឈិម» តាម​បញ្ញត្តិ​មាត្រា​៨៨ ដែល​ការ​ចោទ​ប្រកាន់​នេះ​នាំ​ឱ្យ​លោក​នឹង​ត្រូវ​​ជាប់​ទោស​ពន្ធនាគារ​ទ្វេ​ដង ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទា​ទោស ។ លីកា​ដូ បន្តថា ​ការចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​​ទាំង​​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក រ៉េន បញ្ចេញ​មតិ​រិះគ​ន់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​​ប៊ុក ទៅ​លើ​ថ្នាក់​ដឹក​នាំរា​ជ​រដ្ឋាភិ​បាល​ ជុំវិញ​ចំណាត់​ការ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ។

ជនមានពិការភាពរូបនេះ​ ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​លើក​ដំបូង​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ចោទ​​ប្រកាន់​​​ពី​បទ «ញុះញ​ង់​បង្ក​ឱ្យមា​នភា​ពវឹ​កវ​រ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុ​ខស​ង្គម ដែល​ជាប់​​ទាក់​ទង​នឹង​ការ​បញ្ចេញ​មតិ​រិះគ​ន់​ថ្នាក់​ដឹក​នាំ​ នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ២០២៣ ។ លោក រ៉េន ត្រូវបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១៨ ខែ និងក្រោយមកលោក​ត្រូវ​បានដោះលែង​​នៅខែមករា ឆ្នាំ២០២៥ ។ លោក រ៉េន មានជំងឺប្រចាំ​កាយ និង​បាន​បាត់​​បង់​ជើ​ងម្ខាង​ដោយ​សារ​ជំងឺ ហើយ​បច្ចុ​ប្បន្ន​នេះ លោក​កំពុង​ឃុំខ្លួ​នប​ណ្តោះអា​សន្ន​នៅ​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

លោក ​ហុក រ៉េន ជាជនមានពិកា​រភាព​ទី២ហើយ ដែល​ត្រូវបាន​ចាប់ និង​ឃុំខ្លួននៅ​ពន្ធនាគារ​ ដោយ​សារ​កា​របញ្ចេញ​មតិ ខណៈ​កាលពីខែ​តុលា ឆ្នាំ​២០២៥ ​ជន​មានពិកា​រភាពម្នាក់​ទៀត​ ឈ្មោះ ភុន យុទ្ធ អាយុ​ ៤១​ឆ្នាំ ក៏​ត្រូវ​បានសាលា​ដំបូង​​ខេត្តតា​កែវ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ននៅពន្ធ​នាគារ ក្រោម​​​ការ​​​ចោទ​​​​ពី​​បទ «​ញុះញង់​​ឱ្យ​​ប្រព្រឹត្ត​​បទ​​ឧក្រិដ្ឋ​​​ជា​​អាទិ៍» ក្រោយ​លោក​បញ្ចេញមតិរិះគន់​ពីបញ្ហា​សង្គម នៅលើបណ្តាញ​សង្គមហ្វេសប៊ុក។​ 

អតីត​​តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ លោក សួន សូរីដា បង្ហាញការ​សោក​ស្តាយ​ជា​ពន់​ពេក នៅពេល​ដែល​ឃើញមានការ​ចាប់ខ្លួន​ជន​មានពិការ​ភាព លោក ហុក រ៉េន ជា​លើក​ទី​២ ក្រោយ​ពីលោក​សម្តែ​ងមតិជុំវិញ​ឧក្រិដ្ឋ​កម្ម​នៃ​សង្គ្រាម​​ឈ្លាន​ពាន​​​របស់​ថៃ មកលើ​ប្រទេស​កម្ពុជា ក្នុ​ងរយៈពេល​២១​ថ្ងៃកន្លងទៅនេះ។

លោក​យល់​​ថា ការ​បញ្ចេញមតិ​របស់​លោក ហុក​ រ៉េន ​ដោយ​​សារ​​តែ​គាត់​​ឈឺ​ឆ្អាល​រឿង​​​​ប្រទេស​ជាតិក្នុ​ងនាមជាពលរដ្ឋ​ម្នាក់ ឬក្នុងនាមជាម្ចាស់​ប្រទេស​ម្នាក់ ដែល​មិន​គួរ​ណាមានការ​ចាប់ខ្លួន និង​ចោទប្រកាន់គាត់​នោះទេ។ ​

លោកថា៖ «ខ្ញុំគិត​ថា ការលើកឡើង​គាត់[លោក ហុក រ៉េន]​មិន​បំផ្លើស​ទេ គាត់​មិន​មាន​ពាក្យ​ញុះ​ញង់ ឬក៏មិនមាន​ពាក្យ​ធ្វើ​ឱ្យបាក់ទឹក​ចិត្តទៅ​ដល់​កង​ទ័ពដែរ ពីព្រោះ​យើង​មើលកង​ទ័ព​ដែលប្រយុទ្ធ​​​ជាក់​​ស្តែង​ នៅ​លើ​​សមរភូមិ កង​ទ័ពខ្លះ​អត់មានមួក អត់មាន​ស្បែក​ជើង អត់មាន​ឯក​សណ្ឋាន ក្នុងការ​ការ​ពារ​គ្រប់គ្រាន់ សួរ​ថាប្រសិន​បើ​កង​ទ័ព​មិន​មាន​ស​ម្ភារៈ​ការពារ​គ្រប់​គ្រាន់​ តើ​​វា​​ជា​​កង្វះ​សមត្ថភាព​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល ឬក៏វា​​ជាការ​និយាយ​បំភ្លើស​​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​បំបាក់​ទឹក​ចិត្ត​កង​ទ័ព […] ​ក្នុងពេល​ដែល​សត្រូវ​ជិត​ខាង​កំពុង​តែ​ឈ្លាន​ពានកម្ពុជា ប្រមុខ​រដ្ឋាភិបាលកម្ពុជា ​លោក ហ៊ុន ម៉ាណែត​​​ ប្រកាស​ក្លែង​ៗ​ឱ្យ​មានការ​បង្រួប​បង្រួម​​ឯកភាព​ជាតិ សាមគ្គី​​ជាតិ ប៉ុន្តែ​បែរ​ជា​បន្ត​នូវ​ការ​ចាប់​ចង​នូវ​ប្រជាពលរដ្ឋ​ដែល​មាន​មតិ​ផ្ទុយ​ ដែល​មានការ​ឈឺ​ឆ្អាល​ចំពោះ​ប្រទេស​ជាតិ ក្នុងការ​សម្តែង​មតិ​ទៅ​លើ​ប្រព័ន្ធ​ហ្វេស​ប៊ុក​របស់​គាត់ ខ្ញុំគិត​ថា វា​ជា​ដំណើរ​មួយ​ដែល​ដើរ​ប្រាស់ចាក​ពីសម្តី ​ដែល​​គាត់​​កំពុង​តែ​អំពាវ​នាវ​ឱ្យ​​ប្រជា​​ពលរដ្ឋ​ខ្មែរ​​ទូទាំង​ប្រទេស​​រួប​រួមគ្នា សាមគ្គី​គ្នា»​។

ការណ៍នេះ លោក សួន សូរីដា ជំរុញ​ដល់រដ្ឋាភិបាល​បញ្ឈប់ការ​ចាប់ចង​ប្រជាពលរដ្ឋ​ដែល​មាន​មតិផ្ទុយ ឬ​អ្នក​ដែល​ហ៊ាន​សម្តែងមតិ​​បែបរិះគន់​ដើម្បី​ស្ថាបនា និង​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរី​ភាព​វិញ ដើម្បី​បង្កើន​ទំនុក​​ចិត្ត​ពីប្រជាពលរដ្ឋ និង​ឱ្យ​ស្រប​ទៅ​នឹង​កា​រ​អំពាវ​នាវ​របស់រដ្ឋាភិបាល ដែល​ឱ្យប្រជាពលរដ្ឋ រួបរួម​​សាមគ្គី​ជាតិ។

ស្រដៀង​គ្នា​នេះដែរ ​​អ្នក​នាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា ការ​ចាប់ខ្លួន​លោក ហុក រ៉េន ហាក់ផ្ទុយទៅ​នឹង​សារ​របស់​ប្រធាន​ព្រឹទ្ធសភា និង​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​ឱ្យ​ពលរដ្ឋរួប​រួមគ្នា​​ សាមគ្គី​គ្នា និងផ្សះផ្សាជាតិ។ លោកថា ការ​បញ្ចេញមតិរបស់​​​លោក ហុក រ៉េន គ្រាន់តែ​ជា​ការ​ឈឺ​ឆ្អាល​​​រឿង​​​ប្រទេស​ជាតិ​ប៉ុណ្ណោះ មិន​​មាន​ចេតនាណា​មួយ​​ញុះ​ញង់ឱ្យ​ពលរដ្ឋផ្សេង​ដើរ​តាមគាត់​ ឬ​បំបាក់​ស្មារតី​កង​ទ័ព​នោះទេ។ ហើយ​ករណី​នេះ គួរ​តែ​​មាន​ការ​អប់រំ និង​ពន្យល់ពលរដ្ឋ​នៅថ្នាក់​មូល​ដ្ឋាន​ ពីវិធាន​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​របស់​រដ្ឋាភិបាល ជាជាង​ការ​ចាប់​ខ្លួន​ និង​ចោទប្រកាន់​លើពួកគាត់ ព្រោះ​ការ​សម្តែង​មតិរបស់​ពលរដ្ឋ ក៏មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ។​

លោកបន្ត​ថា៖ «ប្រសិន​ណាបើ​មានការ​រឹតត្បិតក្នុង​​​កា​របញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម ក៏ដូចជា​តាម​បណ្តា​សារព័ត៌មាន​ផ្សេង​ៗ​ ខ្ញុំគិត​ថា រដ្ឋាភិបាលហាក់បី​​ដូចជា​​​បាត់ធាតុ​​សំខាន់​មួយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់​ធំៗ ដូច​ជា បញ្ហា​អំពើពុករលួយ បញ្ហាអយុត្តិធម៌​ក្នុង​សង្គម បញ្ហា​ការ​ពា​រ​ធនធាន​ធម្ម​ជាតិ ជាពិសេស​​គឺ​ពាក់​ព័ន្ធនឹង​​បញ្ហា​​​ការ​ឈ្លា​ន​ពានរបស់​ប្រទេស​ថៃ​មក​លើ​កម្ពុជា​​​​ ចឹង​ពួកគាត់មានចំណែក​ធំណាស់ មានចំណែកចូលរួម​​​ក្នុងការ​ផ្តល់​ព័ត៌មាន ដើម្បី​​​​​​កុំ​ឱ្យ​មន្ត្រី​ខិល​ខូច កុំ​ឱ្យមន្ត្រីស្ពឹក​ស្រពន់​ហ្នឹងអត់ធ្វើការ​ងារ[] ប្រសិនជាគាត់​បញ្ចេញ​មតិ​ទៅ​មាន​ការ​ភិត​ភ័យ មានការ​សួរ​នាំ មានការ​កោះ​ហៅ​បែបនេះ ខ្ញុំគិត​ថា វាជាការ​​​បាត់​ធាតុ​ផ្សំ​សំខាន់សម្រាប់​សង្គម​ប្រជាធិបតេយ្យ​​​​ ក៏ដូចជាគំនិត​ក្នុង​ការ​ចូលរួម​ការ​​អភិវឌ្ឍ​ជាតិ»។​

យោង​តាម​មាត្រា៤១​​នៃ​រដ្ឋធម្មនុញ្ញ ​ចែង​ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​​​ខាង​សារព័ត៌​មាន​ សេរីភាព​ខាងការបោះពុម្ពផ្សាយ​សេរីភាព​ខាង​ការ​ប្រជុំ។ ជនណា​ក៏ដោយ​មិន​​អាច​​​ឆ្លៀត​ប្រើសិទ្ធិនេះ ដោយ​រំលោភ​នាំឱ្យប៉ះពាល់​ដល់​កិត្តិយស​​អ្នកដទៃ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ ដល់​​សណ្តាប់​ធ្នាប់​​​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​។​

លោក ស៊ឹង សែនកុរណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ មាន​ប្រសាសន៍ថា ការ​ចាប់ខ្លួន ការ​​ចោទប្រកាន់​ទៅ​លើ​​អ្នក​​​បញ្ចេញ​មតិ ឬ​អ្នក​និយាយ​ការ​ពិត វា​មិន​មែន​ជា​ដំណោះស្រាយ​​ក្នុង​ការ​ការ​ពារ​​ប្រទេស​ជាតិ និងជាការ​លើកទឹក​ចិត្ត​ដល់កង​ទ័ព​នោះទេ ប៉ុន្តែ​វា​កា​របំបាក់ស្មារតី​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​និយាយ​​ការ​ពិត​​ទៅវិញទេ។

លោកថា៖ «ជាអ្នកដឹកនាំ ឬក៏ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹង គប្បីទទួលបាន​នូវ​​ព័ត៌មាននូវ​ការ​រិះគន់​ទាំង​អស់​ហ្នឹង​ ធ្វើការ​ស្រាវ​​ជ្រាវ​ព័ត៌មាន​មើល ថាតើ​វាការ​ពិត​ឬក៏​យ៉ាងណា បើសិនជាការពិត យើង​គួរ​​តែ​​​ទទួលយក​នូវ​អ្វីដែលជា​ព័ត៌​មាន ឬការ​បញ្ចេញ​មតិ​ទាំង​អស់​ហ្នឹង​​ ហើយ​ធ្វើការ​កែ​លម្អ​អ្វីដែលរក​​ឃើញ​ហ្នឹង​ទៅ​​ វា​ជា​រឿង​ដែល​ល្អប្រសើរ មិន​មែនទៅ​​ចាប់​ទៅ​ចង។​ ហើយ​វា​ជា​រឿង​​ដែល​គេហៅ​ថា ពេញ​និយម ដែល​គេ​​​តែង​តែ​រិះគន់ថា កម្ពុជាយើងមិនមែន​​ជា​កន្លែង​បញ្ចេញ​មតិ​កែ​លម្អ​ទេ ឱ្យ​តែ​ការ​រិះ​គន់​ទៅ​ដល់​ការ​ដឹក​នាំ​​របស់រដ្ឋាភិបាល​ ប៉ះពាល់ទៅដល់ស្ថាប័ន​ពាក់ព័ន្ធនានា គឺតែងតែ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​ហ្នឹង វា​ជារឿង​ពេញ​និយមសម្រាប់​ប្រើ​ប្រាស់​ប្រព័ន្ធ​​តុលាការ​ ធ្វើទុក្ខ​​បុក​ម្នេញ​ទៅលើ​សកម្ម​ជន​សង្គម ឬក៏​ប្រ​ជា​ពលរដ្ឋ​​ដែល​​លេង​​បណ្តាញ​​សង្គ​ម​​​នានា ​ឱ្យ​មាន​​ការ​​​​បាក់​ស្បាត​បាក់ស្មារតី មិន​ហ៊ាន​និយាយ​រិះគន់​នូវ​អ្វី​ការ​ពិត​ដែល​មើល​ឃើញ​ទាំង​អស់​ហ្នឹង​»។

ជាមួយគ្នានេះ​ដែរ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអង្គការ​កា​រ​ពារ​សិទ្ធិ​មនុស្ស​លីកា​ដូ លោក អំ សំអាត លើកឡើង​​ថា ការ​បន្តចាប់ខ្លួន​ទៅលើ​ពលរដ្ឋ ដោយសារតែ​ការ​​បញ្ចេញ​​ម​តិ​​តាម​​បណ្តាញ​​​សង្គម បាន​បង្ក​ឱ្យ​មានផល​ប៉ះពាល់ដល់​សេរីភាព​ក្នុងកា​របញ្ចេញមតិ និង​ធ្វើ​ឱ្យ​កម្ពុជា រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​ពីសហគមន៍ជាតិ​និង​អន្តរ​ជាតិ។

លោក​ថា៖ «ព្រោះសេរីភាពក្នុងកា​របញ្ចេញមតិ​នេះ វា​ជា​មូលដ្ឋាន​គ្រឹះមួយសម្រាប់លទ្ធិប្រជា​ធិបតេយ្យ​[…]​ បើសិនជា​បាត់​ភាព​នៅក្នុងកា​រចូលរួម​អំពីការ​បញ្ចេញមតិ រិះគន់​ ស្ថាបនា ​វាធ្វើឱ្យ​ដំណើរការលទ្ធិប្រជាធិបតេយ្យហ្នឹង​វា​ទៅ​មុខ​​យឺត ឬក៏មិនទៅ​មុខ​ផង​ដែរ[…] ក្នុងកាលៈទេសៈ​នេះ ដែល​តែង​តែ​លើកឡើង​​ថា ខ្មែរ​ត្រូវ​តែ​មាន​សាមគ្គី​ភាព ឯកភាព​ជាតិ ហើយ​ខ្មែរ​ត្រូវ​តែ​រួប​រួម​​គ្នា អីចឹង​អាជ្ញាធរ​គួរតែ​ពិនិត្យ​ ពិចារណា​ឡើង​វិញផង​ដែរ ទាក់​ទង​នឹង​បញ្ហា​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​និ​ងបទ​ល្មើស​ បើសិន​ជា​មិន​ចឹង​ទេ វា​អាច​នឹង​ប៉ះពាល់​សម្រាប់​សេរីភាព​ក្នុងការបញ្ចេញ​មតិ​»។

វីអូឌី មិនអាចសុំការ​ឆ្លើយតបជុំវិញ​ករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ​នៅរសៀល​ថ្ងៃ​ទី​២៣ ខែមករានេះ។​

យោង​តាម​គេហទំព័រអ្នក​​ជាប់ឃុំដោ​យ​ប្រើសិទិ្ធរបស់​អង្គការការពារ​សិទ្ធិមនុស្ស​​លីកាដូ​ ​ឱ្យ​ដឹង​ថា​ គិតចាប់​តាំងពី​​ខែកក្កដា ​ដល់​​​ថ្ងៃទី​​​២៧​​​​​ខែតុលា​ មាន​​​អ្នក​​នយោបាយ​ សកម្ម​ជន ​និង​អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​​​ចំនួន ​១៥​នាក់​បន្ថែម​​ទៀត​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​​ធ្វើឱ្យ​​ចំនួន​អ្នក​ជាប់​​ឃុំ​​ដោយ​ប្រើសិទ្ធិ​​បាន​កើនឡើង​​ដល់​​ ៨៦​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ