ក្រុមហ៊ុនជម្រះបញ្ជី​ធនាគារ​ព្រីនស៍​​ប្រកាស​លក់​សិទ្ធិ​ប្រមូល​​បំណុល​​ឱ្យ​ទៅ​ធនាគារ​ផ្សេង

ក្រុម​ហ៊ុន ម៉ូរីសុន​កាក់ អឹម​ខេ​អេ អឌីត-អាក់​ខោន​ធីង (Morisonkak MKA Audit-Accounting Co., Ltd) បាន​ប្រកាស​​លក់​កញ្ចប់​ឥណទាន ឬ​សិទ្ធិ​ប្រមូល​បំណុល​របស់​ធនាគារ​ព្រីនស៍ ឱ្យ​ទៅ​​ធនា​គារ​ផ្សេង ដើម្បី​យកប្រា​ក់​គិត​គូរ​ឱ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ និង​ម្ចាស់​បំណុល​​ធនាគារ។ ការប្រកាស​នេះ គឺ​​ជា​​វិធានកា​រមួ​យប​ន្ថែម​ទៀត ក្រោយ​ម្ចាស់​ធនាគារ​​ព្រីនស៍ លោក ចេន ហ្ស៊ី កំពុង​ទទួ​ល​ការ​កា​​ត់​ទោ​ស​នៅ​ប្រ​ទេស​ចិន។

ក្រោយប្រកាសឱ្យអតិថិជនទៅបិទគណនីធនាគារ និង​ផ្អាក​ប្រតិបត្តិ​ការ​ថ្មី​ ពេល​នេះ​ក្រុម​ហ៊ុន ម៉ូរី​​សុ​ន​កាក់ អឹម​ខេអេ អឌីត-អាក់ខោនធីង (Morisonkak MKA Audit-Accounting Co., Ltd) ដែល​​ទទួ​ល​បានសិ​ទ្ធិជ​ម្រះ​បញ្ជី​ធនាគារ​ព្រីនស៍ បាន​ប្រកាស​លក់​កញ្ចប់​ឥណទាន​ ឱ្យ​ទៅ​ធនាគារ​ផ្សេង។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី២២ ខែមករា ក្រុមហ៊ុន ម៉ូរីសុន​កាក់ ឱ្យ​ដឹង​ថា នីតិវិធី​នៃ​​ការ​​លក់​​កញ្ចប់​ឥណទាន​​នេះ នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចរចា​លើល​ក្ខខណ្ឌ​វិជ្ជា​ជីវៈ​ និង​ការ​ដេញ​ថ្លៃ (Bidding) ប្រក​ប​ដោយត​ម្លា​ភាព។ ខ្លឹម​សារ​លិខិត​ដដែល​ បាន​អំពាវ​នាវ​ដល់​គ្រឹះ​ស្ថាន​ធនាគារ និង​​ហិ​រញ្ញ​វត្ថុ ដែល​មានចំ​ណាប់អា​រម្មណ៍​ ក្នុង​ការ​ចូល​រួម​ដេញ​ថ្លៃ​កញ្ចប់​ឥណទាន​​នេះ គឺ​ត្រូវ​ទំនាក់​ទំ​ន​ង​​ទៅ​កា​រិ​យា​ល័យ​អ្នក​ជម្រះ​បញ្ជី​ដែល​មាន​អាសយ​ដ្ឋាន​ស្ថិត​នៅ​ទីស្នាក់​ការ​កណ្តាល​នៃ​ធនាគារ​ព្រីនស៍។

ក្រុមហ៊ុន ម៉ូរីសុនកាក់ ឱ្យដឹងបន្ថែម​ថា ការ​ដាក់​លក់ក​ញ្ចប់​ឥណទាន​នេះ គឺ​ដើម្បី​រំលា​យ​ទ្រព្យ​ស​កម្ម​​របស់​ធនាគារ​ទៅ​ជាសា​ច់​ប្រាក់ ក្នុង​គោល​ដៅ​ធានា​ឱ្យ​បាន​​ជា​អតិបរមា​ដល់​ប្រយោជន៍​អ្នក​ដា​​ក់​ប្រា​ក់​ប​ញ្ញើ និង​ម្ចាស់​​បំណុល​ធនាគារ។

ការដាក់លក់កញ្ចប់ឥណទាន គឺមានន័យថាជាការ​លក់​សិទ្ធិប្រ​មូល​បំណុល​ ឱ្យ​ទៅ​ស្ថាប័ន​ហិរញ្ញ​វត្ថុ ឬ​ធនា​​គារ​ផ្សេង ដើម្បី​បំប្លែង​បំណុល​ដែល​អតិថិជន​បាន​ខ្ចី​ ឱ្យ​ទៅ​ជាសា​ច់​ប្រាក់​ដុំ​ភ្លាមៗ ដើម្បីយ​ក​ប្រា​​ក់​​នោះ​ទៅ​ជម្រះ​ឱ្យ​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើនៅ​ធនាគារ​ដែល​កំពុង​មាន​បញ្ហា​នោះ។

ករណីនេះ ក្រុមហ៊ុន មូរីសុនកាក់ បញ្ជាក់ដែរថា អតិថិជនដែលបាន​ខ្ចីប្រាក់ពី​ធ​នាគារ​ ព្រីនស៍ គឺ​ត្រូវ​បន្ត​​អនុ​វត្ត​កាតព្វ​​កិច្ច​បង់​ប្រាក់​កម្ចី​ស្រប​តាម​ច្បាប់ បទ​ប្បញ្ញត្តិ និង​ កិច្ច​សន្យា​ឥណទាន​ដដែល ហើយ​រាល់​​ទ្រ​​ព្យ​​បញ្ចាំ និង​ឯកសារ​ពា​ក់​ព័​ន្ធ​នឹង​កម្ចី​ទាំង​អស់​ នឹង​ត្រូវ​បាន​រក្សា​ទុកដោ​យសុ​វត្ថិ​ភាព ស្រប​តាម​ច្បាប់ និង​បទប្ប​ញ្ញត្តិ​ជាធរមាន។

គួរបញ្ជាក់ថា នេះគឺជាចំណាត់ការទី៤​ហើយ ដែល​ក្រុមហ៊ុ​ន​ជម្រះ​បញ្ជី មូរីសុន​កាក់ អនុវត្ត​ទៅ​លើ​​ធនាគារ​ព្រីនស៍ មុន​​ឈាន​ទៅ​រក​ការ​រំលាយ​ធនាគារ​តាម​នីតិវិធី។ ក្រុម​ហ៊ុន​នេះ បាន​ទទួល​​សិទ្ធិ​ពី​ធនា​គារ​​ជាតិ​ ​​កាល​ពី​ថ្ងៃទី​៨ ខែ​មករា ដោយ​ចាប់ផ្ដើ​មពី​កា​រផ្អា​ក​សេវាក​ម្ម​ថ្មីៗ ​ការ​ប្រកាស​ឱ្យ​ម្ចាស់​បំណុល និង​​អ្នក​ដាក់​ប្រាក់​បញ្ញើ​មក​ចុះ​ឈ្មោះ​មុន​ឈាន​ទៅ​ដល់​ការ​សង​ប្រាក់ ការ​រៀប​ចំ​បែប​បទ និងដ​ក​ប្រាក់​​ជា​​​បណ្ដើរៗ​សម្រាប់​អ្នក​ដាក់​ប្រាក់​បញ្ញើ ​និង​ចុង​ក្រោយ​​នេះ គឺ​ការប្រ​កាស​​លក់​កញ្ចប់ឥ​​ណទាន ឬកា​រ​​ប្រ​មូល​បំណុល។

វិធានការនេះ ធ្វើឡើងក្រោយម្ចាស់ភាគហ៊ុនធំនៃធនាគារ​ព្រីនស៍ គឺ​លោក ចេន ហ្ស៊ី ត្រូវ​បាន​ស​មត្ថ​កិ​ច្ច​ចាប់​ខ្លួន និង​​បញ្ជូន​ទៅកា​ត់​ទោស​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៦​ ខែ​មករា ជុំវិញ​ឧក្រិ​ដ្ឋ​កម្ម​អន​ឡាញ ការ​ជួញ​ដូរ​មនុស្ស លាង​លុយ​កខ្វក់ និង​បទ​ល្មើស​ផ្សេង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ