លោក ត្រាំ ប្រកាសថា​មាន​«ក្រប​ខណ្ឌ​នៃកិ​ច្ច​ព្រម​ព្រៀង​នាពេ​ល​អនាគត»​លើ​កោះ Greenland

ប្រធានាធិបតីអាមេរិក លោក Donald Trump បាន​ប្រកាស​ថា មាន «ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នាពេល​អនាគត​​ទាក់​ទង​នឹង​កោះ Greenland»។ ការ​ប្រកាស​របស់​ លោក ត្រាំ នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​ភាព​តាន​​តឹង​​បាន​កើន​ឡើង​ជា​ច្រើន​ថ្ងៃ ដែលឈា​ន​ដល់​ការ​គំរាម​កំហែង​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ លើស​ម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​អាមេរិក​ចំនួន ៨ ដែល​បាន​ប្រឆាំង​នឹង​ផែន​ការ​របស់​លោក​ ក្នុង​ការ​ដណ្តើម​យក​ទឹក​ដី​ស្វយ័ត​ពាក់​កណ្តាល​របស់​ប្រទេស​ដាណឺម៉ាក​មួយ​នេះ។

ប្រធានាធិបតី Trump បានធ្វើការប្រកាសនេះ នៅ​លើប​ណ្តាញ​សង្គម Truth Social របស់​លោក​កាល​ពី​ថ្ងៃទី​២១ខែ​មករា បន្ទាប់​ពីកិ​ច្ច​ពិភាក្សា​នៅក្នុ​ងវេ​ទិកា​សេដ្ឋ​កិច្ច​ពិភព​លោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វីស។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ដោយ​ផ្អែក​លើជំ​នួប​ដ៏​មាន​ផ្លែផ្កា​បំផុត​ដែល​ខ្ញុំបា​ន​ធ្វើ​ជាមួ​យ​អគ្គ​លេខា​ធិការ​អង្គ​ការ​ NATO លោក Mark Rutte យើង​បាន​បង្កើត​នូវ​ក្រប​ខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​នាពេល​អនាគត ទាក់​ទង​នឹង​កោះ​ Greenland»

លោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ប៉ុន្តែបានមានប្រសាសន៍ថា ការចរចានឹងបន្តដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងនេះ។

ចំណែកលោក Rutte វិញ បានមានប្រសាសន៍ថា លោកមិនបានពិភាក្សាអំពីបញ្ហាសំខាន់នៃអធិបតេយ្យភាពរបស់ដាណឺម៉ាក លើកោះ Greenland នៅក្នុងជំនួបរបស់លោកជាមួយ លោក Trump នោះទេ។ ទស្សនៈនៅក្នុងប្រទេស​ដាណឺម៉ាកគឺថា បញ្ហានេះនៅឆ្ងាយពីការបញ្ចប់ ហើយរាល់កិច្ចព្រមព្រៀងណាមួយត្រូវតែ​សម្រេចរួមគ្នា រវាងកោះ Greenland ប្រទេស​ដាណឺម៉ាក និងសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានមានប្រសាសន៍ថា ជនជាតិដាណឺម៉ាកអាចចរចា «លើ​គ្រប់បញ្ហានយោបាយ រួមមាន សន្តិសុខ ការវិនិយោគ និងសេដ្ឋកិច្ច»។

លោកស្រីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍​មួយកាលពីថ្ងៃទី​២២ខែ​មករា​ថា៖ «ប៉ុន្តែយើងមិនអាចចរចាលើអធិប​តេយ្យ​​ភាព​របស់យើងបានទេ។ ខ្ញុំទទួលបានព័ត៌មានថា រឿងនេះក៏មិនមែនជាករណី (ដែលត្រូវបានចរចា) នោះដែរ»

លោកស្រី Aaja Chemnitz ដែលជាសមាជិកសភា Greenland មួយរូបក្នុងចំណោមពីររូបនៅក្នុងសភាដាណឺម៉ាក បាន​មាន​ប្រសាសន៍ថា៖ «ក្នុងករណីណាក៏ដោយ Nato គ្មានសិទ្ធិចរចាលើអ្វីទាំងអស់​ដោយគ្មានយើង ដែលជា Greenland នោះទេ។ គ្មានអ្វីដែលពាក់ព័ន្ធនឹងយើង អាចសម្រេចបានដោយគ្មានយើងឡើយ»

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោកស្រី Yvette Cooper បានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថាចំណុចនេះ​មានន័យថា នឹងមាន «ការពិភាក្សាដោយផ្ទាល់ដែលដាណឺម៉ាកបានស្នើសុំ សម្រាប់ដាណឺម៉ាក Greenland និងសហរដ្ឋអាមេរិក លើផ្លូវឆ្ពោះទៅមុខជុំវិញកោះ Greenland និងការការពារអធិបតេយ្យភាពរបស់ Greenland»។

ការបញ្ជាក់សារជាថ្មីរបស់ដាណឺម៉ាក និង Greenland ថាអធិបតេយ្យភាពមិនមែនជាបញ្ហាសម្រាប់ចរចានោះ ហាក់បីដូចជាមានគោលបំណងបដិសេធរបាយការណ៍នៅក្នុងកាសែត New York Times ដែលមន្ត្រីមិនបញ្ចេញឈ្មោះបាន​និយាយថា គំនិតមួយដែលកំពុងត្រូវបានពិភាក្សា គឺការឱ្យដាណឺម៉ាកប្រគល់អធិបតេយ្យភាពលើតំបន់តូចៗនៃ​កោះ Greenland ដែល​សហរដ្ឋអាមេរិក​នឹងសាងសង់មូលដ្ឋានទ័ព។ ការរៀបចំនោះនឹងមានលក្ខណៈប្រហាក់ប្រហែល​ទៅនឹងស្ថានភាពនៃមូលដ្ឋានទ័ពពីរនៅក្នុងប្រទេសស៊ីប (Cyprus) ដែលត្រូវបានគ្រប់គ្រងដោយចក្រភពអង់គ្លេស។

តំបន់ Akrotiri និង Dhekelia ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ចក្រភពអង់គ្លេស ចាប់តាំងពីប្រទេសស៊ីបបាន​ទទួល​ឯករាជ្យក្នុងឆ្នាំ ១៩៦០។ សន្ធិសញ្ញានោះ ត្រូវបានធ្វើវិសោធនកម្មតាំងពីពេលនោះមក ប៉ុន្តែជាមូលដ្ឋាន វាត្រូវ​បានចា​ត់ទុ​ក​ថា​ជាទឹ​ក​ដី​របស់អង់គ្លេស។

លោកស្រី Yvette Cooper មិនបានបញ្ជាក់ថាតើលោកស្រីបានដឹងពីខ្លឹមសារនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនោះទេ ប៉ុន្តែលោកស្រីបានលើកឡើងពី «ការពិភាក្សាជាក់ស្តែងមួយចំនួនអំពីសន្តិសុខរបស់កោះ Greenland ខណៈពេលដែលត្រូវបញ្ជាក់ឱ្យបានច្បាស់បំផុតថា អធិបតេយ្យភាពរបស់ Greenland មិនមែនជាប្រធានបទសម្រាប់ការចរចានោះទេ»។

ក្នុងការជជែកវែកញែកដើម្បីគាំទ្រដល់ការដណ្តើមយកកោះ Greenland លោក Trump បានលើកឡើងពីការគំរាមកំហែងនៃនាវាចិន និងរុស្ស៊ីនៅជុំវិញកោះនេះ បើទោះបីជាដាណឺម៉ាកនិយាយថា គ្មានការគំរាមកំហែងណាមួយនៅ «ថ្ងៃនេះ» ក៏ដោយ។

ចំពោះចំណុចនេះ សម្ព័ន្ធមិត្ត Nato បានព្យាយាមផ្ដល់ទំនុកចិត្តដល់សហរដ្ឋអាមេរិកថា ពួកគេនឹងបង្កើនសន្តិសុខនៅតំបន់អាក់ទិក ហើយលោក Mark Rutte បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃ២២មករាថា កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះក៏នឹងតម្រូវឱ្យមានការរួម​ចំណែកនេះផងដែរ។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា៖ «ខ្ញុំគ្មានការសង្ស័យទេថា យើងអាចធ្វើកិច្ចការនេះ​បាន​យ៉ាង​ឆាប់​រហ័ស​។ ពិត​ណាស់ ខ្ញុំ​សង្ឃឹម​ថា នឹង​សម្រេច​បាន​ក្នុ​ង​ឆ្នាំ​២០២៦ ឬ​សូម្បី​តែ​នៅដើ​ម​ឆ្នាំ​២០២៦ ទៀត​ផង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ