ក្រសួងព្រមានចាត់វិធានក្រុមហ៊ុនទាមទារអត្តសញ្ញាណ​ប័ណ្ណ​ពីអ​តីត​ពលករ​ខ្មែរ​ដាក់​ពាក្យ​ធ្វើ​ការ

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និយាយ​ថា ខ្លួន​ធ្វើ​ការ​ផាក​ពិន័យ​ចំពោះ​សហ​គ្រាស ក្រុម​ហ៊ុន​ រោង​ចក្រ ដែល​តម្រូវ​ឱ្យ​អតីត​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ត្រូវ​តែ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើ​ការ ដោយ​ចាត់​ទុក​ថា ការ​តម្រូវ​បែប​នេះ ផ្ទុយ​ទៅ​នឹង​សេច​ក្តី​ជូន​ដំណឹង​កន្លង​មក។

ក្រសួង និយាយ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថ្មីមួ​យ​ចុះ​ថ្ងៃទី​២​៥ ខែ​មករា ឆ្នាំ​២០២៦​នេះ​ថា ខ្លួន​នឹង​ចាត់​វិធាន​ការ​ផាក​ពិន័យ​ចំពោះ​ម្ចាស់ ឬ​នាយក​សហ​គ្រាស ក្រុម​ហ៊ុន រោង​ចក្រ ដែល​តម្រូវ​ឱ្យ​បង​ប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​ ត្រូវ​តែ​ផ្តល់​នូវ​អត្តស​ញ្ញាណ​ប័​ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ការ​ដាក់​ពាក្យ​ធ្វើកា​រ។

សម្រាប់ក្រសួង ការទាមទារនេះ ជាការអនុវត្តផ្ទុយនឹងខ្លឹមសារនៃសេចក្តីជូនដំណឹង ចុះថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៥ ហើយ​ត្រូវ​ចាត់​ទុក​ជា​ការ​បំពាន​លើ​ចំណាត់​ការ​របស់​អធិការ​ការ​ងារ ដោយ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ស្រប​តាម​ច្បាប់​ស្តី​ពី​ការ​ងារ។

ជុំវិញបញ្ហានេះ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា កាល​ពី​ថ្ងៃទី​​២៧ ខែ​សីហា ឆ្នាំ​២០២៥ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ រក​ឃើញ​ថា ពលក​រ​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលករ​ជាង​៩០​ម៉ឺន​នាក់ ដែល​ត្រលប់​ចូល​កម្ពុជា​វិញ អាច​ប្រឈម​នឹង​ភាព​គ្មាន​ការ​ងារ​ធ្វើ។​

យ៉ាងណា​ បើតាមក្រសួងការងារ នាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាច​ប្រើ​ប្រាស់​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវ​ភៅគ្រួ​សារ ឬ​លិខិត​ឆ្លង​ដែន ឬ​លិខិត​ធ្វើ​ដំណើរ​ពលករ​កម្ពុជា​ធ្វើ​ការ​នៅ​បរទេស ឬប័ណ្ណ​ព្រំ​ដែន​កម្ពុជា-ថៃ ឬ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ក្នុង​ការ​ស្នើ​សុំ​ធ្វើ​ សៀវ​ភៅ​ការ​ងារ។

លើសពីនេះ ក្រសួងថា ក្នុងករណី​សាធារណ​ជន​បាន​ដឹង​អំពី​ការ​ដាក់​លក្ខ​ខណ្ឌ​តម្រូវ​ឱ្យ​យក​តែ​អត្ត​សញ្ញាណ​​​ប័ណ្ណ​សញ្ជាតិ​​ខ្មែរ​ ក្នុងការដាក់​ពាក្យ​ធ្វើ​ការ​ចំពោះ​បង​ប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​ សូម​ប្តឹង​មក​​អធិការ​ការ​ងារ​តាម​រយៈ​ប្រព័ន្ធ​ទាន់​ហេតុ​ការណ៍​លេខ «១២៨៦ ឬ ១២៩៧» ឬ​ប្រអប់​បណ្តឹង​អនា​មិក​របស់​ក្រសួង ដើម្បី​ក្រសួង​ចាត់​វិធាន​ការ​តាម​ច្បាប់​ជា​ធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ