អ្នកឃ្លាំមើលថា​ថៃ​ព្យាយាម​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​បន្ថែម​​ទៀត​​ខណៈ​​កម្ពុជា​​រង់​​ចាំ​​ចរចា​​ទ្វេ​ភាគី

ក្រុម​អ្នក​ឃ្លាំ​មើល និយាយ​ថា ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មក​នេះ យោធា​ថៃ​បាន​ព្យាយាម​រាយ​បន្លា​លួស​ព័ទ្ធ​យក​ដី​ខ្មែរ​ច្រើន​ទីតាំង​បន្ថែម​ទៀត ក្រោយ​ឈ្លាន​ពាន​បាន​ជាង​៤០​កន្លែង​ក្នុង​សង្គ្រាម​២១​ថ្ងៃ ខណៈ​កម្ពុជា​រង់​ចាំ​ចរចា​ជាមួយ​ថៃ តាម​យន្ត​ការ​ចរចា​ទ្វេ​ភាគី​ក្រោម​បទ​ឈប់​បា​ញ់​ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

ការណ៍​នេះ ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ដី​ខ្មែរ​ជា​ច្រើន​នឹង​បន្ត​បាត់​បង់​ទៅ​ប្រទេស​ថៃ បើ​រដ្ឋាភិ​បាល​កម្ពុជា​មិន​បង្ហាញ​ជំហរ​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ។

កាលពីថ្ងៃទី​២៤-២៥ ខែ​មករា ឆ្នាំ​២០២៦​នេះ មាន​ការ​ចែក​ចាយ​វីដេអូ​លើ​បណ្តាញ​សង្គម​ថា យោធា​ថៃ​បាន​ព្យាយាម​រាយ​បន្លា​​លួស​ព័ទ្ធ​ចូល​ដី​ខ្មែរ​នៅ​តំបន់​ចរ១ ខេត្ត​ពោធិ៍​សាត់ និង​ច្រក​ថ្មដូន ខេត្ត​ឧត្តរ​មាន​ជ័យ រួម​ទាំង​តំបន់​ភ្នំ​ខ្មោច តំបន់​ជាំតែ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជា​ដើម។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន​ ប្រាប់​VO​D​នៅ​ថ្ងៃ​ទី​២៦ ខែម​ករា​នេះ​ថា​ យោធា​ពិត​ជា​បាន​​ធ្វើ​សកម្ម​ភាព​រាយ​លួស​បន្លា​ព័ទ្ធ​ចូល​ដី​ខ្មែរ​ នៅ​តំបន់​ភ្នំ​ខ្មោច ខេត្ត​ព្រះ​វិហារ និង​តំបន់​ចរ​១​ ខេត្ត​ពោធិ៍​សាត់​ជា​ដើម។

លោកបញ្ជាក់ថា កាលពីថ្ងៃសៅរ៍-អាទិត្យ ជាពេលឈប់​សម្រាក យោធា​ថៃ​បាន​លួច​ធ្វើ​សកម្ម​ភាព​ប្រើ​គ្រឿង​ចក្រ​កាយ​​ផ្តាច់​​ផ្លូវ​​ថ្នល់ រំលោភ​យក​ដី​ខ្មែរ​នៅ​តំបន់​ច្រក​ជាំ​តែ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ។

លោកបន្តថា យោធាថៃបានចូលមកឈ្លានពានទឹក​ដី​ខ្មែរ ដោយ​សម្រុក​បង្កើន​ការ​រាយ​លួស​បន្លា​ហួស​លេណ​ដ្ឋាន​របស់​​ខ្លួន​​យ៉ាង​ឆ្ងាយ​បន្ថែម​ទៀត នៅ​តំបន់​ច១ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់។

លោក​ថា៖ «ក្រោមការដឹកនាំរបស់ត្រកូលហ៊ុនជាង​៤​០​ឆ្នាំ​មក​នេះ កម្ពុជា​យើង​ខ្សោយ​រហូត​ដល់​ថៃ​ប្រមាថ​មើល​ងាយ​ម្តង​ជា​ពីរ​ដង​ ហើយ​ធ្វើ​សង្គ្រាម​ចាញ់​ថៃ​ហ្នឹង ដោយ​សារ​តែ​គេយ​ល់​ថា ត្រកូល​ហ៊ុន​នេះ ដឹក​នាំ​ប្រទេស​និង​មិន​តាម​បែប​ប្រជា​ធិប​តេយ្យ ហើយ​ដឹក​នាំ​បង្ក្រាប​តែ​ខ្មែរ​គ្នា​ឯង ហើយ​ដឹក​នាំ​ហ្នឹង គឺ​ដោយ​សារ​ការ​កាន់​អំណាច​ផ្ដាច់​ការ​មាន​អំពើ​ពុក​រលួយ​បក្ខ​ពួក​និយម​ ហើយអ៊ី​ចឹង​ក៏យ​ល់​ថា​កម្សោយ​ខាង​ផ្នែក​យោធា​ ហើយ​​ព្រោះគិ​ត​តែ​ពង្រឹង​អំណាច​​ខ្លួន​ឯ​ង​ អត់​បាន​ពង្រឹង​វិស័យ​យោធា​ ហើយ​អ៊ីចឹង​គេ​មើល​ឃើញ​ចំណុច​ខ្សោយ​ទាំង​នោះ ហើយ​ត្រូវ​គេ​មើល​ងាយ​ខ្មែរ​យើង​មើល​ងាយ​មេដឹក​​នាំ​ខ្មែរ​យើង»។

សម្រាប់ លោក សំអាន បារម្ភថា ក្រោមការដឹកនាំផ្តាច់ការ​មេដឹកនាំ​គ្រួសារ​ហ៊ុន​នេះ ដី​ខ្មែរ​ជា​ច្រើន​បន្ថែម​ទៀត​នឹង​ប្រឈម​បាត់​ទៅ​ថៃ ខណៈ​សង្រ្គាម​ឈ្លាន​ពាន​២១​ថ្ងៃ​កន្ល​ង​មក ​ខ្មែ​របា​ត់​ដី ៤១​ទីតាំង​ហើយ។

ម្យ៉ាងទៀត លោកបារម្ភថា សង្រ្គាមលើក​ទី៣ អាច​នឹង​ផ្ទុះ​ឡើង​ម្តង​ទៀត ខណៈ​មាន​ការ​បែក​ធ្លាយ​ថា​យោធា​ថៃ​បាន​គំរា​ម​ឱ្យ​កង​ទ័ព និង​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចាក​ចេញ​ពី​តំបន់​ជួរ​ភ្នំ​ដង​រែក ដែល​ជា​ទឹក​ដី​កម្ពុជា។

លោកថា៖ «ថៃគេគំរាមថាបើសិនជាកម្ពុជា​យើង​មិន​ព្រម​ចុះ​ពី​លើ​ខ្នង​ភ្នំ​ដង​រែក លើកំ​ពូល​ភ្នំដ​ង​រែក ដែល​កម្ពុជា​យើង​​មួយ​ចំនួន​បាន​ឈរ​ជើង​នៅ​ទី​នោះ ដូច្នេះ​នៅ​ពេល​ដែល​គំរាម​ខ្មែរ​យើង​ចុះ​ពី​ខ្នង​ភ្នំ​ដង​រែក​ទាំង​អស់​អ៊ីចឹង អាច​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ហ្នឹង​ខ្លាច​អាច​បញ្ជា​ឲ្យ​ទាហានហ្នឹង​ដក​ថយ​ទៅ ​កុំ​​ឲ្យ​​ប៉ះ​ទង្គិ​ច​ ឬ​​​ក៏​ផ្ទុះស​ង្រ្គាម​ម្តង​ទៀត អាច​ឈាន​ទៅ​ដល់​ការ​ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច ហើយ​វា​អាច​ធ្វើ​ឲ្យ​ខ្មែរ​យើង​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត ព្រោះ​គេ​ដាក់​កម្រិត​ត្រឹម​តែ​ថ្ងៃ​ទី​២៨​ហ្នឹង»។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា ថ្លែង​នា​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ ដោយ​មិន​បាន​លើក​ឡើង​ពី​សកម្ម​ភាព​ដែល​យោធា​ថៃ​រាយ​លួស​បន្លា​ព័​ទ្ធ​យក​ដី​ខ្មែ​រ​នោះ​ទេ។ ដោយ​លោក​គ្រាន់​តែ​បង្ហាញ​ពី​ការ​សរុប​របាយ​ការណ៍​ថា រយៈ​ពេល ៦ខែ ចុង​ក្រោយ​នេះ ក្រសួង​និង​ស្ថាប័ន​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន កំណត់​​ទូត​តវ៉ា សេច​ក្តី​ថ្លែង​ការណ៍ ញត្តិ​ថ្កោល​ទោស និង​លិខិត​បក​ស្រាយ ឬ​លិខិត​បំភ្លឺ​ឆ្លើយ​តប​ផ្សេងៗ គ្រប់​ទម្រង់​សរុប​ចំនួន​ជិត ៧០០​លើក។

លោកថា៖ «កម្ពុ​ជាប្រ​កាន់​ជំហរ​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរ​ជាតិ​​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដល់​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូ​ចិន​-សៀម គោរព​គោល​ការ​ណ៍​ច្បាប់​អន្តរ​ជាតិ​ គោរព​គោល​ការណ៍ខ្សែ​ព្រំដែន​មិន​កែ​ប្រែ​ […] កម្ពុជា​មិន​ទទួល​ស្គាល់​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ»។

ដោយ​ឡែក ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើ​ល​កម្ពុជា លោក ម៉ែន ណាត ចាត់​ទុក​ទង្វើ​​យ៉ា​ង​​គឃ្លើន​​របស់​​យោធា​​​ថៃប​ន្ត​រាយ​លួស​បន្លា​រំលោភ​យក​ដី​ខ្មែ​រ​​នេះ គឺ​​ឆ្លុះ​​បញ្ចាំង​​​ពី​​កម្សោយ អសមត្ថភាព​​របស់​​មេដឹក​នាំ​គ្រួសារ​​ហ៊ុន ដែល​​បណ្តោយ​​ឱ្យ​​​បរទេស​​​ជិត​​ខាង​បន្ត​​ប្រមាថ មើល​​ងាយ​​ជាតិ​​សាសន៍​​កម្ពុជា។

លោកបន្តថា ការ​បណ្តែត​បណ្តោយ​ឱ្យ​សត្រូវសៀមបន្តគឃ្លើន​​ឈ្លាន​​ពាន​ទឹក​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត​បែប​នេះ បង្ហាញ​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​កម្ពុជា​កំ​សាក គ្មាន​សមត្ថ​ភាព​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន​ទេ។

ការណ៍នេះ លោក ម៉ែន ណាត ក្រើនរំឮកមេដឹកនាំ​កម្ពុជា​ថា បើ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្តី​បន្ទោស រិះ​គន់​ ត្រូវ​បង្ហាញ​ជំហរ​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ និង​សហ​ប្រធា​នកិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ២៣​តុលា។

លោកថា៖ «គេចូល គេ​ធ្វើ​សកម្មភាព​ឈ្លាន​ពាន​យើង​អត់​ខ្វល់​រឿង​កិច្ច​ព្រម​ព្រៀង​អី​ជាមួយ​កម្ពុជា​ទេ អាហ្នឹង​ហើយ​គឺ​ជា​ការ​ប្រមាទ​មើល​ស្រាល​ទៅ​ដល់​រដ្ឋាភិ​បាល​កម្ពុជា និង​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ហ្នឹង ហើយ​ការ​ប្រមាថ​ដល់​រដ្ឋាភិ​បាល​កម្ពុជា​ វា​ជាកា​រ​ប្រមាថ​ប្រទេស​កម្ពុជា ហើយ​ជា​ការ​មើល​ស្រាល​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា ហើយ​ជា​ការ​ឈ្លាន​ពាន​យ៉ាង​គឃ្លើន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា នេះ​គឺ​ជា​ការ​ប្រមាថ​ធំ​ណាស់ ហើយ​កម្ពុជា​បណ្ដោយ​ឲ្យ​​គេ​​ប្រមាថ​តាម​អ៊ីចឹង​ទៅ​​ទៀត ឬ​យ៉ាង​ម៉េច​ អ៊ីចឹ​ង​អ្វី​ដែល​កម្ពុជា​យើង​គួរ​តែ​ធ្វើ​ឲ្យ​លឿន​បន្ថែម​លើ​ខ្លាំង​ហ្នឹង​ គឺ​ត្រូវ​តែ​ប្ដឹង»។

សម្រាប់ លោក ម៉ែន ណាត បញ្ជាក់​ថា កម្ពុជា​យើងគ្មានជម្រើសអ្វី ក្រៅ​តែ​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ និង​សហ​ប្រធា​នកិ​ច្ច​ព្រម​ព្រៀង​ទីក្រុង​បារី​ស​ទេ ទើ​ប​អាច​ការ​ពារ​ឬ​ទាម​ទារ​ទឹក​ដី​ខ្មែរ​វិញ​បាន។

លោកថា៖ «គឺកម្ពុជាគួរតែរៀបចំឯកសារ និង​ប្ដឹង​ប្រទេស​ថៃ ទៅ​​តុលាការ​អន្តរ​ជាតិ​ឲ្យបា​ន​លឿន​ ដូច​ដែល​យើង​ធ្លាប់​​និយាយ​កន្ល​ង​ទៅ​ហ្នឹង​ តែ​ឥឡូវ​ស្អី​ក៏មិ​ន​ប្ដឹង ឃើញ​ថា​មាន​ការ​និយាយ​គ្នា ឬ​ការ​ជជែក​រឿង​សម្ពាធ​ការ​ទូត​បន្តិច​បន្តួ​ច​អី​ទៅ ហើយ​ក្រៅ​ពីកា​រ​ងារ​ការ​ទូត គឺ​ដូច​ជា​អត់​មាន​អី​ទេ រហូត​កាល​ពី​ចន្លោះ​ខែ​កក្កដា​មក​ខែ​ធ្នូ​អ៊ីចឹង»។

បើតាម លោក អ៊ុំ សំអាន ក្រោយ​សង្រ្គាម ២១​ថ្ងៃក​ន្លង​​ម​ក​​​នេះ ខ្មែរ​​​បាត់​​ទឹ​ក​​​​ដី​​​ចំនួន ៤១​​​ទីតាំង ដូច​​​ជា ប្រាសាទ​​​តាមាន់​​ធំ ប្រាសាទ​​តាមាន់​តូច ប្រាសាទ​​​តាក្របី ប្រាសាទ​​​ខ្នារ ច្រក​អាន​​សេះ ភ្នំ​​៣៥០ ភូមិ​ជោគ​​​ជ័យ ភូ​មិ​​ព្រៃ​ចាន់ ផ្ទះ​បីខ្នង អូរភ្លុក​ដំរី ថ្មដា ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ បឹងត្រកួនចំនួន ៤ភូមិ ផ្ទះតាម៉ុក (ជាំតែ​-បុស្បូវ ) អូរផ្កា​ស្នេហ៍ តាថាវ និងជប់អង្គុញ ជាដើម។

ការ​​​ឈ្លានពាន​របស់​យោធា​ថៃក្នុង​រយៈពេល២១​ថ្ងៃ​នេះ ចាប់ពីថ្ងៃទី​៧ ខែធ្នូ បាន​​សម្លាប់​​​ពលរដ្ឋ​​​ស្លូ​ត​​ត្រង់​កម្ពុជា ៣៣​​​នាក់ និង​​រ​ង​​របួស​​ជិត​១០០​​នាក់។ រីឯជន​ស៊ីវិល​ខ្មែរ ​ភៀ​សសឹ​ក​ជិត ៧០​​​​ម៉ឺន​​នាក់ ព្រម​ទាំង​​បាន​​​​បំផ្លាញ​​​​ហេដ្ឋារចនា​សម្ព័ន្ធ​​​​​ស៊ីវិល​​​​ជាច្រើន មាន​​ផ្ទះ វត្ត​អារាម សាលារៀ​ន ស្ពាន​​ថ្នល់ និង​​ប្រាសាទ​​​បុរាណ ជាដើម។ យ៉ាងណា ​តាម​ការ​ធ្វើបច្ចុបន្ន​​ភាព​របស់​ក្រសួង​មហា​ផ្ទៃ គិត​ត្រឹម​ថ្ងៃ​ទី​២៣​ខែ​មករា​នេះ ​ជន​ភៀស​សឹក ជាង​១១​ម៉ឺន​នាក់​ទៀត​ (១១៣ ៩៧៦​នាក់​) នៅ​​បន្ត​​ស្នាក់​​នៅ​​ក្នុង​​ជំរំ​នៅ​ឡើយ។

បើតាម​មាត្រា​​៥​២​​​​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​​ឯករាជ្យ អធិប​​​តេយ្យ​ បូរ​ណ​​​​ភាព​​​ទឹក​​​​ដី អនុ​​​វ​​​​​ត្ត​​​​នយោបាយ​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ