សាលាឧទ្ធរណ៍តម្កល់​ទោស លោក កើត សារ៉ាយ រង​ការ​រិះ​គន់​ថា​គ្មាន​បំណង​ផ្សះ​ផ្សា​​ជាតិ

ក្រុម​​អង្គ​ការ​​សង្គម​​ស៊ីវិល ​ថ្លែង​​បែប​​នេះ បន្ទាប់​​​ពី​​សាលា​​ឧទ្ធរណ៍​​ភ្នំពេញ​ បាន​​ប្រកាស​​សាល​ដីកា​ ដោយ​​តម្កល់​​សាល​​ក្រម​​ផ្ដន្ទា​ទោស​​របស់​​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ ​លើ​​សំណុំ​​រឿង លោក កើត សារ៉ាយ ប្រធាន​​សមាគម​​សម្ពន្ធ​​និសិ្សត​​បញ្ញវន្ត​​ខ្មែរ (KSILA) ដាក់​​ឱ្យ​​​ជាប់​​ពន្ធនា​គារ​​ចំនួន ៤ ឆ្នាំ និង​ពិន័យ​​ជា​​ប្រាក់​​ចំនួន ២ លាន​រៀល កាល​ពី​​ព្រឹ​ក​​ថ្ងៃ​​ទី​២៦ ខែ​មករា ​ឆ្នាំ​២០២៦។

គិត​មក​ទល់​ពេល​នេះ លោក កើត សារ៉ាយ បាន​ជាប់​ក្នុង​​ពន្ធនាគារ​អស់​ជិត ២ ឆ្នាំ​​មក​​ហើយ (ជាង ២០ ខែ )  ក្រោម​​បទ​​ចោទ ញុះ​ញង់ ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​​​អង្គការ​​លីកាដូ លោក អំ សំអាត ប្រាប់​​វីអូឌី​​នៅ​​ថ្ងៃ​​ទី២៦ ខែ​មករា​​ថា​ ​ក្នុង​​កាលៈ​ទេសៈ​​នេះ​ ​កម្ពុជា​កំពុង​មាន​បញ្ហា​ព្រំដែន ភាគី​ពាក់ព័ន្ធ​​ទាំងអស់ ​គួរ​តម្កល់​ប្រយោជន៍​ជាតិ​ជាតិ​​ធំ​ ​ឈរ​លើ​ស្មារតី​ឯកភាព​ជាតិ និង​សាមគ្គី​ជាតិ​ ដោយ​​ត្រូវ​ដោះលែង​សកម្ម​ជន​​សិទ្ធិ​មនុស្ស សកម្ម​ជន​​នយោបាយ សកម្ម​ជន​​សង្គម និង​​សកម្ម​ជន​​ការ​ពារ​​បរិស្ថាន ជាដើម។

លោក​ថា សំណុំ​រឿង​នេះ ​មេធាវី​នឹង​ពិភាក្សា​ជាមួយ ​លោក ​កើត សារ៉ាយ ​ប្តឹង​​សាទុក្ខ​​​ទៅ​​តុលាការ​​កំពូល ហើយ​​លោក​​រំពឹង​​ថា តុលាការ​​កំពូល​​នឹង​​ពិចារណា​​ទម្លាក់​​បទ​​ចោទ​​ប្រកាន់​​នេះ​។

លោក អំ សំអាត និយាយថា៖ «ផ្ដន្ទាទោស​លោក​កើត សារ៉ាយ​ នេះ​ ក៏​វា​ជា​​ការ​គំរាម​កំហែង​​បំភ័យ​សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ធ្វើការ​សង្គម​ ដែល​មាន​បំណង​ចូលរួម​ការពារ​សិទ្ធិ​មនុស្ស និង​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ»។

អាជ្ញាធរ​បាន​ចាប់​ខ្លួន លោក កើត សារ៉ាយ កាល​ពី​ខែ​មេសា ឆ្នាំ២០២៤ ក្រោយ​ពេល​ដែល​លោក​វិល​ត្រឡប់​​ពី​ជួប​ក្រុម​ពលរដ្ឋ​​មាន​ទំនាស់​ដី​ធ្លី​ ដែល​​​សម្ងំពួន​ក្នុង​ព្រៃ ​គេច​ពី​​ការ​តាម​ចាប់​​​របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ កាល​ពី​អំឡុង​ខែ​មីនា​ ឆ្នាំ​២០២៤។

លោក កើត សារ៉ាយ បាន​លើក​ឡើង​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​រត់​គេច​ខ្លួន ពួក​ក្នុង​ព្រៃ​ហើយ​លោក​​ទទូច​​​រដ្ឋាភិបាល​បញ្ឈប់​​ចាប់​ខ្លួន​ពលរដ្ឋ​ទាំងនោះ ​ហើយ​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពួកគាត់​ដោយ​សន្តិវិធី។

នៅ​មុន​ការ​ស្នើសុំ​របស់​លោក កើត សារ៉ាយ អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ បាន​ចាប់​ខ្លួន​ពលរដ្ឋ​​ជាង ២០នាក់ និង​​ដុះ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​​​ខ្នង ក្រោម​ហេតុ​ផល​ថា ពួកគាត់​រស់​នៅ​លើ​ដី​ក្រុមហ៊ុន​ឯកជន​របស់​ក្រុម​អ្នក​មាន​​អំណាច។

នេះ​ជា​លើក​ទី២ ហើយ​ដែល​លោក កើត សារ៉ាយ ជាប់​ពន្ធនា​គាត់​​ជិត ២ ឆ្នាំ ហើយ​កាល​ពីឆ្នាំ​២០២១ ​លោក​​ត្រូវ​បាន​ឃុំ​​ខ្លួន ​និង​ផ្ដន្ទាទោស​ម្តង​រួច​មក​​ហើយ ពីបទ ញុះញង់ ពាក់​ព័ន្ធ​​នឹង​​ការ​​តវ៉ា​​អហិ​ង្សា​ ស្នើ​​សុំ​​ឱ្យ​​​ដោះ​លែង​អតីត​មេ​ដឹកនាំ​សហជីព​​​ដែល​ធ្លាប់​បាន​ជាប់​ពន្ធនាគារ គឺ​លោក រ៉ុង ឈុន ។

វីអូឌី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​​ភ្នំពេញ លោក​ឃុន លាង​ម៉េង បាន​​នៅ​​ឡើយ​ទេ​​គិត​ត្រឹម​​ម៉ោង​ផ្សាយនេះ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក យី សុខសាន្ត ស្នើ​ឱ្យ​តុលាការ​​កំពូល​ដោះ​លែង​លោក កើត សារ៉ាយ ប្រសើរ​​ជាង​ឃុំខ្លួន​គាត់ ​នាំឱ្យខាត​ប្រយោជន៍​​ជាតិ និង​ជា​រឿង​​អយុត្តិធម៌​ ខណៈ​ដែល​​យុវជន​រូប​នេះ​ តែងតែធ្វើ​កិច្ច​ការ​​ជួយ​​សង្គម​ជាតិ។

លោក​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្ពុជា​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ។

លោកថា៖ «បើ​សិន​ជា​រដ្ឋាភិបាល​ចាត់​ទុក​ថា​ កម្ពុជា​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​​ សេរី​ពហុបក្ស ត្រូវ​​លើក​ស្ទួយ​ដល់​សេរីភាព​​បញ្ចេញ​មតិ ព្រោះ​សេរីភាព​បញ្ចេញ​មតិ​ ជា​កញ្ចក់​ដឹកនាំ​រដ្ឋាភិបាល ដើម្បី​​ធ្វើ​ការ​កែ​ប្រែ។ យើង​ស្នើ​ឱ្យ​តុលាការ​កំពូល​ដោះលែង​ឱ្យ​គាត់​​មាន​សេរីភាព ល្អ​ជាង​ឃុំ​គាត់​ទុក ដែល​​គាត់​ធ្វើការ​ងារ​សង្គម វា​អយុត្តិធម៌​ណាស់»។

ម្តាយ​បង្កើត ​លោក ​កើត សារ៉ាយ រស់​នៅ​​ខេត្ត​​សៀមរាប គឺ​អ្នក​ស្រី ចាប យ៉ែម អាយុ ៨៤ ឆ្នាំ ទទូច​ឱ្យ​តុលាការ​កំពូល​ ដោះលែង​កូន​ឱ្យ​មាន​​សេរីភាព ព្រោះ​កូន​គាត់​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​​ឡើយ។

អ្នកស្រី​ថា សព្វ​ថ្ងៃ​អ្នកស្រី​ដេក​មិន​លក់ និង​មាន​ជំងឺ​ប្រចាំ​កាយ ​ព្រោះ​បារម្ភ​ពី​សុខ​ទុក្ខ​របស់​កូនដែល​ជាប់​​ឃុំ​ក្នុង​ពន្ធនា​គារ​ជិតឆ្នាំ២ មក​ហើយ​។

អ្នកស្រីនិយាយ​ថា៖ «ពេល​ជាប់​ឃុំ​នេះ កូន​ខ្ញុំ​អត់​បាន​ធ្វើ​អំពើ​អ្វី​មួយ​អាក្រក់​ទេ កូន​ខ្ញុំ​ធ្វើ​នេះ​ ដើម្បី​យុត្តិ​ធម៌​​​ដែរ។ កូន​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​កាប់​សម្លាប់​គេ ជក់​ថ្មាំ អត់​ទេ កូន​ខ្ញុំ​ល្អ​តាំង​ពី​ដូន​ដល់​ធំ។ ជា​រឿង​អយុត្តិ​​ធម៌»។

កាល​ពី​ចុង​ឆ្នាំ​២០២៥ អង្គការ​សារព័ត៌មាន​គ្មាន​​ព្រំដែន  (Freedom House) បាន​​ចាត់​​ថ្នាក់​​កម្ពុជា​​ថា «មិន​​មាន​​សេរី​​ភាព» ដោយ​​​សារ​​​កា​រ​​ចាប់​​ខ្លួន និង​​ការ​​យាយី​ បង្ក​ជា​បរិយាកាស​ភ័យ​ខ្លាច។

អង្គការ​នេះ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ទម្រង់​រដ្ឋ ដោយ​​ត្រូវ​​បង្ហាញ​​ពី​​ភាព​​ស្មោះ​ត្រង់​​​តាម​​របៀប​​វារៈ​​នីតិ​រដ្ឋ ​រួមមាន​ ការ​​កែ​​សម្រួល​​ច្បាប់​​ព្រហ្ម​ទណ្ឌ​​​ពាក់​ព័ន្ធ​​នឹង​​ការ​​និយាយ ឬ​បញ្ចេញមតិ និង​បញ្ឈប់​ការ​ប្រើ​​បទ​​ញុះញង់​ជា​​អាវុធ បង្កើត​​ឯករាជ្យ​​ភាព​​នៃ​​ប្រព័ន្ធ​​តុលាការ​ ដើម្បី​​កុំ​​​ឱ្យ​​​តុលាការ​​ក្លាយ​​ជា​ឧបករណ៍​​របស់​អ្នក​​នយោបាយ​ ធានា​តម្លាភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​​បង្កើត​​យន្តការ​ការពារ​សុវត្ថិ​ភាព​អ្នកសារព័ត៌មាន។

របាយ​ការណ៍​អង្គការ​លីកាដូ រក​ឃើញ​ថា លោក កើត សារ៉ាយ ស្ថិត​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៩១នាក់ ដែល​​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ