កម្មករ-កម្មការិនីជាច្រើនពាន់នាក់ ធ្វើការនៅរោងចក្រស្បែកជើង ត្រាយអាំហ្វិន ដ្រេហ្គន (Triumphant Dragon) ចំនួន ២ទីតាំងដែលនៅជិតគ្នា ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាតវ៉ា និងបិទកំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃទី២៦ ខែ មករានេះ ទាមទារឱ្យថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំ។
កម្មការិនី ចាន់ កង្គា ធ្វើការនៅរោងចក្រត្រាយអាំហ្វិន ដ្រេហ្គន ដែលមានទីតាំងនៅខេត្តតាកែវ បានឱ្យដឹងថា ការដែលពួកគាត់នាំគ្នាតវ៉ានេះ ដោយសារតែខាងរោងចក្រកន្លងមក ធ្លាប់សន្យាថានឹងបើកប្រាក់បំណាច់ឆ្នាំឱ្យកម្មករ នៅអំឡុងសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២៦នេះ ប៉ុន្តែមកដល់ថ្ងៃទី២៦ ខែមករាហើយ ខាងរោងចក្រមិនបានបើកឱ្យកម្មករ និងបានពន្យាពេលបើកប្រាក់បំណាច់ឆ្នាំនេះទៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៦វិញ។
អ្នកស្រីថា៖ «ខាងរោងចក្រហ្នឹងថា បើកលុយ[ប្រាក់បំណាច់ឆ្នាំ]ឱ្យពួកខ្ញុំខែ១ ឆ្នាំ២០០៦ ថ្ងៃទី១០ហ្នឹង ហើយលូវក្នុងខែ១ ថ្ងៃទីម្ភៃជាងហើយ មិនទាន់ឃើញបានផលប្រយោជន៍ឱ្យកម្មករទេ ចឹងកម្មករមកគឺចង់តវ៉ាប្រាក់បំណាច់ឆ្នាំឱ្យកម្មករទាំងអស់គ្នា ២០០០នាក់ជាង ហើយពួកខ្ញុំមកអត់ចង់បានអី ចង់តវ៉ាអីទេ តែសំខាន់ឱ្យតែខាងសហជីពហើយនិងខាងរោងចក្រហ្នឹង គឺដោះស្រាយឱ្យកម្មករឱ្យបានទៀងទាត់ផង កុំនិយាយបាតដៃខ្នងពូថៅ អត់មានទៅចង់តវ៉ាអីឱ្យរោងចក្របិទទេ តែសំខាន់ឱ្យរោងចក្រហ្នឹងច្បាស់លាស់ជាមួយកម្មករផង»។
កម្មការិនី ដា រះសា អះអាងធ្វើការនៅរោងចក្រត្រាយអាំហ្វិន ដ្រេហ្គន បានឱ្យដឹងដែរថា ចាប់តាំងពីចូលធ្វើការរយៈពេល៤ឆ្នាំមក អ្នកស្រីនៅមិនទាន់ទទួលបានប្រាក់បំណាច់ឆ្នាំនៅឡើយទេ ខណៈកម្មករខ្លះទៀត ចូលធ្វើការរយៈពេលជាង២ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះទៀតចូលធ្វើការយូរឆ្នាំជាងអ្នកស្រី ក៏នៅតែមិនទាន់បានទទួលប្រាក់បំណាច់ឆ្នាំនៅឡើយដែរ។
អ្នកស្រីបន្តថា នៅពេលដែលកម្មករតវ៉ាទាមទារបើកលុយបំណាច់ឆ្នាំ ខាងរោងចក្របានសន្យាថានឹងបើកឱ្យនៅថ្ងៃទី៣០ ខែមេសា ប៉ុន្តែកម្មករមិនព្រម និងសុំឱ្យខាងរោងចក្របើកឱ្យកម្មករនៅខែកុម្ភៈខាងមុខនេះ បើពុំនោះទេ ពួកគាត់នឹងបន្តការតវ៉ាបន្តទៀតរហូតដល់មានដំណោះស្រាយ។
បើតាមកម្មកររូបនេះ គិតមកដល់ម៉ោងជាង១រសៀលនេះ ការចរចារកដំណោះស្រាយនៅពុំទាន់មានភាពច្បាស់លាស់នៅឡើយ ដោយកម្មករនៅតែបន្តទាមទារឱ្យខាងរោងចក្រដោះស្រាយបើកប្រាក់បំណាច់ឆ្នាំឱ្យកម្មករនៅថ្ងៃទី១០ ខែកុម្ភៈ ខណៈភាគីខាងរោងចក្រថា នឹងបើកឱ្យនៅថ្ងៃទី២៨ ខែកុម្ភៈ។
អ្នកស្រីថា៖ «កម្មករចង់ទាមទារឱ្យបើកបំណាច់ឆ្នាំហ្នឹងខែ២[កុម្ភៈ] ថ្ងៃទី១០ហ្នឹង តែរោងចក្រគេបើកឱ្យថ្ងៃ២៨។ ខែ២ ថ្ងៃទី២៨ ចឹងបងឯងគិតមើលទៅបើកខែ២ ថ្ងៃទី២៨ ក្នុងខែ២ហ្នឹងកម្មករគេឈប់មួយអាទិត្យហើយ ចឹងបានន័យថា គេយកបំណាច់ឆ្នាំយើងយកទៅកាត់ខែ២ទៀត ចឹងឈប់មួយអាទិត្យហ្នឹង គេស្នើឱ្យយើងស៊ី៥០ភាគរយ[…] សំណូមពរឱ្យខាងរដ្ឋាភិបាលដោះស្រាយថាឱ្យបើកបំណាច់ឆ្នាំឱ្យក្នុងខែ២ ថ្ងៃទី១០ហ្នឹងមក បើសិនជាខែ២ថ្ងៃចូលឆ្នាំចិនហ្នឹង គេឱ្យឈប់មួយអាទិត្យ អាហ្នឹងយើងស៊ី ៥០ភាគរយ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីតំណាងភាគីរោងចក្រស្បែកជើង ត្រាយអាំហ្វិន ដ្រេហ្គន បានទេនៅរសៀលថ្ងៃចន្ទនេះ ដោយអ្នកលើកទូរស័ព្ទ និយាយជាភាសាចិន។
តែយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងក្នុងទំព័រហ្វេសប៊ុករបស់លោកថា បញ្ហាវិវាទការងារនៅរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ទាំង២ទីតាំង ក្នុងស្រុកគងពិសី និងខេត្តកំពង់ស្ពឺ និងក្នុងស្រុកបាទី ខេត្តតាកែវ ត្រូវបានមន្ត្រីក្រសួងការងារសម្របសម្រួលដោះស្រាយបញ្ចប់សព្វគ្រប់ហើយ ដោយកម្មករនឹងចូលធ្វើការវិញ នៅថ្ងៃទី២៧ ខែមករា ស្អែកនេះ។
លោកបានបញ្ជាក់ក្នុងសំណេរដើមថា៖ «ការដោះស្រាយដ៏លឿនរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនី គឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិតដោយផ្អែកលើការយោគយល់ អធ្យាស្រ័យ និងលិខិតបទដ្ឋានគតិយុត្ត»។
តំណាងសហជីព លោក អាត់ ធន់ មានប្រសាសន៍ថា តាមច្បាប់ការងារ បំណាច់ឆ្នាំមិនមានការទូទាត់ជាថវិកានោះទេ ប៉ុន្តែកម្មករនិយោជិត មានសិទ្ធិឈប់សម្រាករយៈពេល ១៨ថ្ងៃ ឬ១៩ថ្ងៃ ឬ២០ថ្ងៃក្នុងមួយឆ្នាំ ដើម្បីស្តារសម្បទាឡើងវិញ ហើយនៅពេលដែលកម្មករនិយោជិតណាម្នាក់ លាឈប់ពីការងារ នោះថៅកែនឹងទូទាត់បំណាច់ឆ្នាំដែលនៅសល់ ជាសាច់ប្រាក់បើកឱ្យកម្មករនិយោជិតរូបនោះ។
យ៉ាងណា លោកថា ប៉ុន្មានឆ្នាំមុននេះ រដ្ឋាភិបាលបានវិសោធនកម្មមាត្រា៨៩ ពីប្រាក់បណ្តេញចេញទៅជាប្រាក់អតីតភាពការងារ ៥% ហើយក៏មានបូកបញ្ចូលប្រាក់បំណាច់ឆ្នាំជាមួយគ្នា សម្រាប់បើកឱ្យកម្មករជារៀងរាល់ឆ្នាំ។
សម្រាប់លោក អាត់ ធន់ យល់ថា ការទាមទាររបស់កម្មករជារឿងត្រឹមត្រូវ ដោយសារតែពួកគាត់បារម្ភខ្លាចខាងរោងចក្រជំពាក់យូរឆ្នាំទៅ អាចនឹងមិនបើកឱ្យពួកគាត់ ដែលធ្វើឱ្យគាត់បាត់បង់អត្ថប្រយោជន៍។
លោកបញ្ជាក់ថា៖ «បើសិនជាយើងឈប់បំណាច់ឆ្នាំហ្នឹងអស់ហើយ ចឹងអាហ្នឹងវាមិនមែនជាលុយទៀតទេ បើកាលណាឈប់អស់ហើយ មានន័យថាអត់បានលុយទៀតទេ ហ្នឹងតាមច្បាប់។ ចឹងប្រាក់នេះ បើខ្ញុំមើលទៅវាបានចូលរួមមួយចំណែកនៃការលំបាករបស់គាត់ ព្រោះកម្មករឥលូវហ្នឹង គឺថាឱ្យតែមានស្អីក៏ដោយឱ្យតែមាន គាត់ប្រមូលយកមកសង ឬបង្គ្រប់ឱ្យរួចមួយពេលៗទេ ហើយបើគាត់ថែមម៉ោងបានចឹងទៅ ក៏បន្តធ្វើ ចឹងទេគាត់ទៅរកកន្លែងផ្សេងហើយ វាពិបាក គាត់ជំពាក់បំណុលច្រើនមែនទែន ហើយប្រាក់ខែវាឡើងយឺត ឡើងយឺតជាងអតិផរណា ហើយយឺតជាងតម្រូវការ ចឹងមានការលំបាកមែនទែន»៕









