រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសបានបំភ្លឺថា ការចាប់បញ្ជូនមេឧក្រិដ្ឋជន ចេន ហ្ស៊ី ទៅប្រទេសចិនរួមទាំងវិធានការដកខ្មែរពីមេឧក្រិដ្ឋជនរូបនេះ បង្ហាញពីការប្តេជ្ញាចិត្តចំពោះនីតិរដ្ឋ ខណៈមានការរិះគន់ថាចំណាត់ការនេះ បង្ហាញពីភាពទន់ខ្សោយប្រព័ន្ធច្បាប់កម្ពុជា និងការពារអ្នកមានអំណាចនៅពីក្រោយបទឧក្រិដ្ឋឆ្លងដែនដ៏ល្បីល្បាញមួយនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនិយាយក្នុងលិខិតបំភ្លឺមួយ ចុះថ្ងៃទី២៦ ខែមករានេះថាការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបណ្តេញ លោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជា ប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់របស់កម្ពុជា អនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងពីរ។
មួយវិញទៀត ក្រសួងថា ការដកហូតសញ្ជាតិខ្មែរពីលោក ចេន ហ្ស៊ី គឺបានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងថា ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្តល់ព័ត៌មានមិនពិត ក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតិ។
ក្រសួងគូសបញ្ជាក់ថា៖ «ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនីតិរដ្ឋ។ ជាការពិត វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាននោះឡើយ»។
មេឧក្រិដ្ឋជន ចេន ហ្ស៊ី ដែលមានតួនាទីជាទីប្រឹក្សាមេដឹកនាំកំពូលរបស់កម្ពុជាផងនោះ ត្រូវបានក្រសួងមហាផ្ទៃ ទម្លាយឱ្យដឹងថា បានចាប់ខ្លួនបាន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦នេះ ក្រោយសហការស៊ើបអង្កេតពីភាគីចិន អស់ពេលច្រើនខែ។
មុនការទម្លាយពីការចាប់ខ្លួន លោក ចេន ហ្ស៊ី ពីភាគីកម្ពុជា អាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានរួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍របស់ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយរកឃើញថា បុគ្គលរូបនេះ ជាបណ្តាញឧក្រិដ្ឋកម្មឆបោកខ្នាតអន្តរជាតិ លួចលុយរាប់ពាន់លានដុល្លារ ពីជនរងគ្រោះជុំវិញពិភពលោក។
ជុំវិញបញ្ហានេះ ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានវិភាគផ្លូវច្បាប់រកឃើញថា ការចាប់ការបញ្ជូនលោក ចេន ហ្ស៊ី ទៅចិន និងសហការី២នាក់ទៀត ទៅឱ្យអាជ្ញាធរចិនភ្លាមៗ គឹបង្ហាញពីភាពទន់ខ្សោយប្រព័ន្ធច្បាប់កម្ពុជា និងការពារអ្នកមានអំណាចនៅពីក្រោយបទឧក្រិដ្ឋឆ្លងដែនដ៏ល្បីល្បាញនេះ។
លើសពីនេះ ពួកគេជំរុញឱ្យរដ្ឋាភិបាល បញ្ចេញភស្តុតាង និងនីតិវិធីច្បាប់ ដែលប្រើប្រាស់ក្នុងការដកសញ្ជាតិ និងការបញ្ជូនខ្លួនឱ្យបានច្បាស់លាស់ តាមយន្តការរដ្ឋសភា និងចំពោះមុខប្រជាជាតិជាផ្លូវការ បង្ហាញពីស្ថានភាពទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី នៅកម្ពុជា និងចាត់វិធានការដកហូតទ្រព្យសម្បត្តិទាំងនោះមកជាសម្បត្តិរដ្ឋ ប្រសិនបើរកឃើញថាជាលុយកខ្វក់ ព្រមទាំងយកទៅសងជនរងគ្រោះ និងបញ្ឈប់ការប្រើប្រាស់តួនាទី “ទីប្រឹក្សា” ឬ “ឧកញ៉ា” ដើម្បីផ្ដល់ភាពស៊ាំដល់ឧក្រិដ្ឋជនឆ្លងដែន។
លោក ចេន ហ្ស៊ី ទទួលបានសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយបានទទួលគោរមងារជា ឧកញ៉ា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មុននឹងត្រូវបានដំឡើងគោរមងារជាអ្នកឧកញ៉ា នៅឆ្នាំ២០២០។
បន្ទាប់មកមេឧក្រិដ្ឋជនរូបនោះ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាមេដឹកនាំកំពូលៗនៅកម្ពុជា ក្នុងក៏ជាទីប្រឹក្សា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ផងដែរ៕









