ជំងឺទឹកនោមផ្អែម កំពុងក្លាយជាប្រធានបទជជែកគ្នាយ៉ាងផុសផុលជាថ្មីម្ដងទៀត ក្រោយក្រសួងសុខាភិបាលបានបញ្ចេញរបាយការណ៍នៅដើមសប្ដាហ៍នេះ។ ត្រឹមរយៈពេលមួយឆ្នាំ២០២៥ ក្រសួងឱ្យដឹងថា អ្នកកើតជំងឺទឹកនោមផ្អែមថ្មីនៅកម្ពុជា បានហក់ឡើងដល់ជិត៣០ម៉ឺននាក់ កើនឡើង ២៦,៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤។
បើតាមអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ឡូ វាសនាគិរី មានអ្នកកើតជំងឺទឹកនោមផ្អែមចំនួនជាង ១៨ម៉ឺននាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កំណើនអ្នកកើតជំងឺទឹកនោមផ្អែម បានធ្វើឱ្យពលរដ្ឋមួយចំនួនភ្ញាក់ខ្លួនផ្លាស់ប្ដូររបបអាហារ និងការរស់នៅជាបណ្ដើរៗ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក គី សេងលីម ប្រាប់វីអូឌីឲ្យដឹងថា លោកចាប់ផ្ដើមកាត់បន្ថយការបន្ថែមស្ករក្នុងអាហារ និងផ្អាកទទួលទានភេសជ្ជៈកែច្នៃដែលមានជាតិស្ករខ្ពស់ មួយរយៈធំមកហើយ។ លោកសង្កេតឃើញថា ទម្លាប់រស់នៅគ្មានលំហាត់ប្រាណ និងទទួលទានអាហារមានជាតិស្ករខ្ពស់ គឺជាកត្តាចម្បងដែលធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ជាពិសេសទៅលើពលរដ្ឋដែលមានជីវភាពមិនសូវល្អ។
លោក គី សេងលីម និយាយថា៖ «មូលហេតុដែលជំងឺទឹកនោមផ្អែមកើនឡើងហ្នឹង គឺយើងឃើញភ្នែកហ្មង គឺប្រជាជនខ្មែរយើងមួយចំនួនមិនសូវជាមានការយល់ដឹង ក្នុងការរស់នៅថែទាំសុខភាពទេ។ ហើយបញ្ហាមួយទៀត គឺបញ្ហាជីវភាព ដោយសារតែពួកគាត់ខំប្រឹងប្រែងនឹងរកលុយចំណូលប្រចាំថ្ងៃផ្គត់ផ្គង់គ្រួសារពេក ហើយបូករួមនឹងបំណុលផងអីផង ក៏ធ្វើឱ្យពួកគាត់ខកខានមិនសូវជាមានការហាត់ប្រាណ ឬក៏មានការចំណាយពេលវេលា ទៅចំណាយលុយកាក់ទៅថែទាំសុខភាព ពិនិត្យសុខភាពប្រចាំឆ្នាំ»។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបានយកចិត្តទុកដាក់កាន់តែខ្លាំងលើជំងឺមិនឆ្លងមាន ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ចាប់តាំងពីឆ្នាំ២០២៤។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏ធ្លាប់បានណែនាំម្ដងហើយម្ដងទៀតឱ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ ទប់ស្កាត់ការលក់ចំណីអាហារ និងភេសជ្ជៈប៉ូវកម្លាំងទាំងនៅក្នុង និងជុំវិញបរិវេណសាលា ដើម្បីបង្ការកុមារពីជំងឺទឹកនោមផ្អែម។
ប៉ុន្តែនៅតាមរបងសាលារៀនខ្លះ គេសង្កេតឃើញនៅតែមានអ្នកលក់ភេសជ្ជៈកំប៉ុងកែច្នៃ តម្លៃថោក ដោយមានសិស្សសាលាទាំងកម្រិតបឋម រហូតដល់វិទ្យាល័យ បន្តផឹកជារៀងរាល់ថ្ងៃ។
ទាក់ទិនរឿងនេះ ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី លើកឡើងថា អត្រាអ្នកកើតជំងឺទឹកនោមផ្អែម ជាក់ស្ដែងអាចមានចំនួនលើសរបាយការណ៍ក្រសួង ខណៈអ្នកខ្លះមិនទាន់ដឹងថាខ្លួនមានជំងឺនេះនៅឡើយ។
លោកណែនាំឱ្យពលរដ្ឋចាប់ផ្ដើមគិតគូរលើរបបអាហារ និងបន្ថែមដោយការហាត់ប្រាណជាប្រចាំ ដើម្បីបង្ការជំងឺនេះ ខណៈក្រសួងពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយហានិភ័យជំងឺទឹកនោមផ្អែម ឱ្យបានទៅដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី និយាយថា៖ «អញ្ចឹងដើម្បីទប់ស្កាត់ ដើម្បីជៀសផុតឱ្យប្រជាពលរដ្ឋយើងបានសុខដុមរមនាទាំងអស់គ្នា គួរណាតែបុគ្គលរៀងៗខ្លួនចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ឱ្យមានរបបអាហារត្រឹមត្រូវ ការហាត់ប្រាណ កុំខ្ជិលច្រអូស ធ្វើនេះធ្វើនោះ បើមានស្ពឹកដៃស្ពឹកជើងអាចទៅរកគ្រូពេទ្យ បែរខ្លួនរកគ្រូពេទ្យនៅក្បែរផ្ទះ ដើម្បីពិគ្រោះយោបល់»។
ជំងឺទឹកនោមផ្អែម កើតឡើងបណ្តាលមកពីប្រព័ន្ធការពាររបស់មនុស្ស មានដំណើរការមិនប្រក្រតី ជាពិសេសគឺការឈប់ផលិតអ័រមូនអាំងស៊ុយលីន ដោយជាលិកាលំពែង ដែលជាសរីរៈដ៏ចាំបាច់បំផុតក្នុងការស្រូបជាតិស្ករ។
អាហារកែច្នៃ និងគ្រឿងកំប៉ុងប៉ូវកម្លាំង ដែលកំពុងដាក់លក់លើទីផ្សារកម្ពុជា ភាគច្រើនមានជាតិស្ករលើសលប់ និងជាស្ករគីមី ឬស្ករសំយោគ កំពុងបំផ្លាញសុខភាពពលរដ្ឋ ពិសេសក្មេងៗជារៀងរាល់ឆ្នាំ។
ក្នុងពេលដែលសារពាង្គកាយកុមារ និងយុវជន អាយុក្រោម១៨ឆ្នាំ ត្រូវការជាតិស្ករក្នុងបរិមាណតែ២៥ក្រាម ភេសជ្ជៈប៉ូវកម្លាំង ១កំប៉ុង ចំណុះ ៣២០មីលីលីត្រ អាចមានកម្រិតស្ករដល់ទៅ ៦២.៥ក្រាម។ ក្មេងខ្លះអះអាងថា ក្នុងមួយថ្ងៃពួកគេអាចផឹកភេសជ្ជៈនោះអស់ពីរកំប៉ុងក៏មាន។
ក្រសួងសុខាភិបាល ធ្លាប់បានណែនាំឱ្យកាត់បន្ថយការប្រើប្រាស់ស្ករឱ្យតិចជាង ៥០ក្រាម ឬ១២ស្លាបព្រាកាហ្វេ ហើយកាន់តែល្អប្រសិនជាកាត់បន្ថយឱ្យបានតិចជាង ២៥ក្រាម។ តាមរយៈការណែនាំនេះ ពលរដ្ឋអាចកាត់បន្ថយតាមរយៈការដាក់ស្ករបន្តិចទៅក្នុងសម្ល និងភេសជ្ជៈដែលធ្វើភ្លាមៗ ដូចជា កាហ្វេ ឬតែក្រូចឆ្មារជាដើម។ ក្រៅពីនោះ ការធ្វើលំហាត់ប្រាណ នឹងជួយដុតជាតិស្ករដែលនៅសេសសល់ក្នុងខ្លួន តាមរបៀបបម្លែងទៅជាថាមពល ដែលជាវិធីងាយស្រួលបំផុត ក្នុងការបញ្ចៀសខ្លួនពីជំងឺទឹកនោមផ្អែម៕









