កាសែត​ថៃ​ថាទាហាន​ខ្មែរ​​និង​​​​ថៃ​​​ប៉ះ​​​សម្តី​​​គ្នា​​នៅ​​ចក្រ​​អូរ​ស្មាច់​​​​ចំពេល​​​​ថៃ​​​​ព្យាយាម​រុល​​ចូល​​​រាយ​​​​លួស​​​​បន្លា

កាសែត​​ថៃ PPTHNews និង​​ផេក Army Military Force បាន​​រាយ​​ការណ៍​អម​​ដោយ​​វីដេអូ​​ថា នៅ​​ថ្ងៃអង្គារ​​នេះ​​ថា ទាហាន​​​​​​ខ្មែរ​​​​មួយ​​​​ក្រុម​​​​បាន​​​​ប៉ះ​​​​សម្តី​​​គ្នា ជាមួយ​​ទាហាន​​​ថៃ នៅ​ច្រក​​អូរស្មាច់ ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ថៃ​នៅថា​ចុង​ចម ចំពេល​មាន​ទាហាន​ថៃ​មួយ​ក្រុម​ព្យាយាម​រុល​ចូល​មក​រាយ​បន្លា​លួស​នៅ​ទីតាំង​នោះ។

ការណ៍​នេះ អ្នក​តាម​ដាន​ព្រមាន​ថា ដី​ខ្មែរ​ច្រើន​កន្លែង​ទៀត ត្រូវ​ថៃ​ទន្ទ្រាន​ចូល​កាន់​កាប់​ដូច​ក្រោយ​ការ​ដែល​ថៃ​ធ្វើ​សង្រ្គាម​ឈ្លាន​ពាន​ចំនួន​២១​ថ្ងៃ បើមេ​ដឹក​នាំ​កម្ពុជា​នៅ​តែ​មិន​ព្រម​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្ត​រជាតិ ដើម្បី​ទប់​ស្កាត់​ទេនោះ​។

ពួកគេ​សំអាង​ការ​ចល័ត​រុល​ចូល​រាយ​​បន្លា​លួស​ពី​សំណាក់​យោធា​ថៃ​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​​ទេ​ ព្រោះ​វា​បាន​កើត​ឡើង​ក្រោយ​ពី​នាយករ​ដ្ឋមន្រ្តី​ចាំ​ផ្ទះ​ថៃ លោក អនុធីន ជា​បន្ត​បន្ទាប់​បាន​ចុះ​ទៅដ​ល់​ទីតាំង​កងទ័​ពថៃ​ឈ​រ​ជើង​លើ​ដី​ខ្មែរ​ថៃ​ដណ្តើម​បាន​ថ្មីៗ​នេះ ហើយ​ប្រាប់​ទាហាន​របស់​ខ្លួន​ឱ្យ​បន្ត​ពង្រីក​ព្រំដែន​តាម​ផែន​ទី​ចោរ​ខ្នាត ១/៥០​ពាន់ ដែល​លោក ហ៊ុន សែន ធ្លាប់​ហៅ​ថៃ​ជា​ផែន​ទីចោរ។

កាលពីថ្ងៃ​ទី២​៧ ខែ​មក​រា​នេះ ផេក​យោធា​ថៃ Army Military Force បាន​ទម្លាយ​វីដេអូ​ថា​ ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​បាន​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នាមួ​យ​ប្រាវ ដោយ​ទាហាន​ខ្មែរ​បាន​ស្រែក​គំរាម​ឱ្យ​ទាហាន​ថៃ​ ឈប់​សកម្ម​ភាព​រាយ​លួស​បន្លា​រំលោភ​ព័ទ្ធ​ចូល​ដី​ខ្មែ​រនៅ​​ច្រក​អូរ​ស្មាច់។

លើសពីនេះ កាល​ពីថ្ងៃ​ទី​២៦ ខែ​មក​រា​នេះ នាយក​រដ្ឋ​មន្រ្តី​ចាំផ្ទះថៃ​ លោក អនុធីន ចាន់វីរៈ​គុល ធ្វើ​ដំណើរ​ទៅ​លើក​ទឹក​​ចិត្ត​​កង​​ទ័ព​​ថៃ​​នៅភូ​មិ​ជោគ​ជ័យ ភូមិ​ព្រៃចាន់ និង​ភូមិ​បឹង​​ត្រកួន ដែល​ថៃ​ទើប​ដណ្តើម​បាន។

ប្រភព​ពី​សារ​ព័ត៌​មាន​ថៃ​ជាច្រើន រួម​ទាំង ខាវ​សុត និង Amarin News បាន​ដក​ស្រង់​សម្តី​ លោក អនុធីន​ និយាយ​ថា ទឹក​ដី​នៅ​ភូមិ​ព្រៃ​ចាន់ ជោគ​ជ័យ និង​តំបន់​បឹង​ត្រកួន ជា​ទឹក​ដី​ថៃតា​ម​ផែន​ទី​ខ្នាត​១/៥០​ពាន់​។

លោក អនុធីន ប្រាប់កងទ័ពថៃ​ថា«អនុស្សរណៈយោ​គ​យល់​ឆ្នាំ​២០០០ (MOU 43) គ្មាន​ប្រសិទ្ធ​​ភាព​ទេ ភាគី​ថៃ​យើង​ត្រូវ​បន្ត​ប្រើ​ផែន​ទី​ខ្នាត​១/៥០​ពាន់ ដើម្បី​គ្រប់​គ្រង​ទឹក​ដី ដែល​ឈ្លាន​ពាន​បាន​ពី​ក​ម្ពុជា»។

ជុំវិញប​ញ្ហា តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៧ ខែ​មករា​នេះ​ថា សកម្ម​ភាព​​យ៉ាង​គឃ្លើន​​បន្ត​រាយ​លួស​បន្លា​រំលោភ​ចូល​ដី​ខ្មែរ​របស់​យោធា​ថៃ​នេះ គឺ​ច្បាស់​ណាស់​ពួក​គេ​សំអាង​លើ​ផែន​ទី​ខ្នាត ១/៥០​ពាន់ ដើម្បី​លេបទឹក​ដី​ខ្មែរ​តាម​ព្រំដែន។

លោក​បន្ត​ថា ការ​ឈ្លាន​ពាន​លើ​កម្ពុជា​កន្លង​មក ដោយ​​រាយ​​លួស​​បន្លា​​ព័ទ្ធ​​យក​​ប្រាសាទ​​​តាមាន់​​តូច តាមាន់​​ធំ ទ្រព្យ​​ភ្នំ ច្រក​​​​អា​ន​​សេះ ភូមិ​​ជោគ​​ជ័យ ភូមិ​​ព្រៃ​​ចាន់ គឺ​​ថៃ​​​អនុវត្ត​​តាម​​ផែន​​​ទី​​ចោរ​​ខ្នាត​​១/៥០​ពាន់។

លោក​បារម្ភ​ថា បើ​ថៃ​ប្រើផែ​ន​ទី​ខ្នាត​១/៥០​ពាន់ នឹង​​​ធ្វើ​​ឱ្យ​ទឹ​​ក​​​ដី​​ខ្មែរ​​ជា​ច្រើន​​បាត់​​​​​ទៅ​​​ប្រទេស​​​ថៃ ជាក់​​ស្តែង​​​ថ្មីៗ​នេះ យោធា​ថៃ​កំពុង​សកម្ម​ភាព​រាយ​លួស​បន្លា​ព័ទ្ធ​ចូល​ដី​ខ្មែរ​នៅ​តំបន់​ភ្នំ​ខ្មោច ជាំ​តែ ខេត្ត​ព្រះ​វិហារ។លោកថា៖ «ថៃនៅ​តែ​ប្រើផែនទីខ្នាត១/៥០​ពាន់​ ដែល​គូស​ដោយ​ឯក​តោភាគី​ថៃ​ហ្នឹង ទៅ​ដី​របស់​យើង​នឹង​បាត់​បង់​បន្ថែម​ទៀត​តំប​ន់​ដែល​​គេ​អត់​ទាន់​យក​បាន ដូច​ជា វាល​ឥន្ទ្រីយ៍ដូ​ច​ជា​នៅ​ភ្នំ​ខ្មោច ៥មក​រា​អី​ហ្នឹងថៃ​អាច​នឹង​ដណ្តើម​កាន់​កាប់​បន្ថែម​ទៀត តាម​រយៈ​ការ​ចូល​មក​រាយ​បន្លា​លួស​យក​តែ​ម្ដង ឬ​ក៏​អាច​ច្បាំង​យក​តែ​ម្ដង​ហ្នឹង អាច​នឹង​បាត់​បង់​តំបន់​ដទៃ​ទៀត​ដែល​គេ​ចង់ ឥឡូ​វ​នេះ​គេ​កំពុង​ដេញ​ទាហាន​យើង​ចេញ​ពីភ្នំ​និ​ងច​ង្កេះ​ភ្នំ​តាម​ជួរ​ភ្នំ​ដង​រែក​ទាំង​អស់»។

ម្យ៉ាងវិញ​ទៀត លោក សំអាន យល់​ថា សកម្មភាព​របស់​លោក អនុធីន ចុះ​លើក​ទឹក​ចិត្ត​ទាហាន​ខ្លួន​ បង្ហាញ​ឱ្យ​ឃើញ​ថា ថៃ​នឹ​ង​បន្ត​មហិច្ចតា​លេប​ទឹក​ដី​ខ្មែរ​បន្ថែម​ទៀត តាម​ផែន​ទី​ខ្នាត​១/៥០​ពាន់​របស់​ថៃ។

លោកសង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​ថៃ រួម​ទាំង​ លោក អនុធីន កំពុង​ប្រើ​យុទ្ធ​សាស្រ្តជំ​រុញ​​ឱ្យ​កង​ទ័ព​ថៃបន្ត​ប្រើ​ផែន​ទី​ខ្នាត​១/៥០​ពាន់ ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ ទាក់​ទាញ​សំឡេង​គាំទ្រ​ចរន្ត​ជាតិ​និយម​ថៃ។

ការណ៍​នេះ លោក សំអាន ជំរុញ​ឱ្យ​មេដឹក​នាំ​កម្ពុជា​ត្រូវ​ពន្លឿន​បញ្ជូន​សំណុំ​រឿង​ព្រំដែន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ICJ សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ដើម្បីទ​ប់​ស្កាត់​មហិច្ចតា​ថៃ​ឈ្លាន​ពាន។

លោកថា៖ «ទង្វើរកមិនទប់ស្កាត់ការឈ្លាន​ពាន​របស់​ថៃ បង្ហាញ​ថា ត្រកូល​ហ៊ុន​អត់​ខ្វល់​ពី​ការ​បាត់​បង់​ទឹក​ដីធ្វើ​ម៉េច​ឲ្យ​តែ​រក្សា​អំណាច​ត្រកូល​ហ៊ុន បាន​ឋិត​ថេរ​មិន​ខ្វល់​ពី​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ថៃ យក​ទឹក​ដី​ខ្មែរ​យើង​បន្ថែម​ទៀត​ហើយ ឲ្យ​ស្គាល់ទា​ហាន​ថៃ​គេ​យក​ដី​ធ្លី​ផ្ទះ​សម្បែង​របស់ជា​ក្រដាស​ ទោះ​បី​ប្រជា​ពលរដ្ឋ​មិន​អាច​ចូល​ទៅ​រស់​នៅ​ផ្ទះ​សម្បែង​របស់​គាត់ បាន​នៅ​ភូមិ​ជោគ​ជ័យ​ភូមិ​ព្រៃ​ចាន់ បឹង​ត្រកួន​ថ្មដា​ ច្រក​អាន​សេះ​ក៏​ដោយ​ក៏​គាត់​អត់​ខ្វល់​អី​អ៊ីចឹង​ខ្ញុំយល់​ថា ក្រុម​ហ៊ុន​គាត់​ខ្វល់​តែ​ពី​ការ​ការ​ពារ​អំណាច​»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងនាថ្ងៃទី​២៧ ខែ​មករា​នេះ បន្ត​បញ្ជាក់​ជំហ​រថា កម្ពុជា​មិន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង។ កម្ពុជា​ប្រកាន់​ជំហរ​​យ៉ាង​ម៉ឺង​ម៉ាត់​ ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរ​ជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូ​​ចិន-សៀម ដោយ​គោរព​គោល​ការ​ណ៍​ច្បាប់​អន្តរ​ជាតិ។

លោកថា៖ «កម្ពុជា​ប្រកាន់​​ជំហរ​​ម៉ឺង​​ម៉ាត់​ ​ក្នុង​​ការ​​ការ​ពារ​​ខ្សែព្រំ​​ដែន​​អន្តរ​​ជាតិ​​​​កម្ពុជា-ថៃ ដែល​​​បន្សល់​​​ទុក​​ដោយ​​​គណៈ​​​កម្ម​ការ​ព្រំដែន​​​ឥណ្ឌូ​​ចិន​-សៀម ដោយ​​​គោរព​​​គោល​​ការណ៍​​ច្បាប់​​អន្តរ​​ជាតិ​ ​គោល​​ការ​ណ៍​​ខ្សែ​ព្រំដែន​​មិន​​កែ​​​ប្រែ​​គោរព​​អនុ​​សញ្ញា​​សន្ធិ​​សញ្ញា​​បារាំង-សៀម​ ផែន​ទី​​ និ​ង​​កំណត់​​ហេតុ​​បោះ​​បង្គោល​​ព្រំដែន​រប​​ស់​​គណៈ​ក​ម្ម​ការ​​បោះ​​បង្គោល​​​​​ព្រំដែន​​ឥណ្ឌូ​ចិ​ន​​សៀម​ ព្រ​ម​ទាំ​ង​​កិច្ច​​ព្រម​​ព្រៀង​ និង​​ឯកសារ​ពាក់​ព័ន្ធ​នានា​​ដែល​​ភាគី​​ទាំង​ពីរ​ បាន​ឯកភាព​​​​នាពេល​កន្លង​មក កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែខ្សែ​ព្រំ​ដែនណា​មួយ​ ដែល​​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ»។

លើសពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលជាសេនាធីការរបស់រដ្ឋាភិបាលបាននិយាយលើបណ្តាញ​សង្គម​​របស់​លោក​នៅ​ថ្ងៃទី២៧​​ខែមករា​នេះ​​ថា តំណាង​អចិន្ត្រៃយ៍ក​ម្ពុជា​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ៖ «ការ​គំរាម​កំហែង ឬ​ការ​ប្រើប្រាស់​​​កម្លាំង​ប្រឆាំង​នឹងបូរណ​ភាព​ទឹក​ដី​របស់​រដ្ឋ​ណាមួ​យ​ គឺ​ជាកា​រ​រំ​លោភ​បំពាន​ចំពោះ​ច្បាប់​អន្តរ​ជាតិ»។

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការ​បន្ត​ធ្វើ​សកម្មភាព​រាយ​លួស​បន្លាព័ទ្ធ​ចូល​ដី​ខ្មែរ​​នេះ លោក​ធ្លាប់​រំឮក​ហើយ​ថា ថៃ​​​ព្យាយាម​សង្កត់​​កម្ពុជា​​​​​​ឱ្យទទួល​​យក​​ផែន​​ទី​​ចោរ​​ខ្នាត​​១/៥០​​ពាន់​​របស់​​គេ ដើម្បី​​លេប​​ទឹក​​ដី​​​ខ្មែរ​​​តាម​​ព្រំដែន។

លោកអះអាងថា សង្រ្គាមឈ្លានពានរបស់ថៃ មិនមែនជារឿងចៃដន្យ មិនមែន​ជា​សង្រ្គាម​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ជាស​ង្រ្គាម​ដែល​យោធា​ថៃ​ចិញ្ចឹម​ចិត្ត​លេប​ទឹ​ក​ដី​ខ្មែរ​តាម​ផែន​ទី​ចោរ​ខ្នាត​១/៥០​ពាន់​នេះ។

លោកបន្តថា ថៃនឹងបន្តប្រើផែនទីចោរនេះ ដើម្បីឈ្លានពានទឹកដីខ្មែរ​ គឺ​យោធា​ថៃ​នឹង​បន្ត​សកម្ម​ភាព​រាយ​លួស​បន្លា​​រំលោភ​​ចូល​​ដី​​ខ្មែរ​​រើយៗ បើ​មេដឹក​នាំ​កម្ពុជា​មិន​ព្រម​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ICJ ទេ​នោះ។

លោក​ថា៖ «ថៃកំពុងតែបន្តភាពរបស់ខ្លួនឈ្លានពាន ហើយ​រំកិល​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ជា​រៀង​រាល់​ថ្ងៃ​នេះ​​ វា​ជារឿ​ងដែ​ល​ហានិ​ភ័យ​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា​អាច​នឹង​ថៃប​ន្តគ្រ​ប់​គ្រង​កន្លែង​ផ្សេង​ដទៃ​ទៀត បើ​កម្ពុជា​នៅតែ​ស្ងាត់​ស្ងៀម​​តែ​ង​ច​លនា​អី​ខាង​ថៃគេ​ស្ងា​ត់​តែ​គេ មិន​ស្ងៀម​ស្ងាត់​មែន​ ប៉ុន្ដែ​គេមិ​ន​បាញ់​ទេ ប៉ុន្តែ​គេ​រំកិល​ចូល​ហើយ​ដែល​ខ្មែរ​យើង​ស្ងាត់​ហើយ​តែ​នៅ​ស្ងៀម​ទៀ​ត​ ស្ងៀម​ហើយ​ថែម​ស្ងាត់​ទៀត​​អ៊ីចឹង​ហើយ​ស្ងាត់​ឈឹង​មក​វិញ ម្ល៉ោះ​ហើយ​បញ្ហា​ការ​​ដែល​ ដែល​រដ្ឋាភិ​បាល​ធ្លាប់​អះ​អាង​ថា​ថៃ​កំពុង​តែ​ប្រើ​ផែន​ទី​ចោរផែន​ទី​ខ្នាត​មួយ​ហា​សិបពាន់​របស់​ខ្លួន ដើម្បី​រំលោភ​​ឈ្លាន​​ពាន​គ្រប់​គ្រង​តំបន់​មួយ​ចំនួន​នៅ​លើ​ឥដ្ឋ​នៅ​ក្នុង​ទឹ​ក​ដី​ប្រទេស​កម្ពុជា និង​ឲ្យ​អ៊ីចឹង​ដែរ​ អ៊ីចឹង​ហើយ​ហេតុ​អ្វី​បាន​វា​មិ​ន​ព្រម​ជូន​ដំណឹង​អំពី​ការ​ប្ដឹង​ថៃ​ហ្នឹង​ទៅ​កាន់​តុលាការ​យុត្តិ​ធម៌​អន្ដរ​ជាតិ»។

គួររំឮក​ថា កាល​ពីថ្ងៃ​ទី​​២៤-២៥ ខែ​​មករា ឆ្នាំ​​២០២៦​​នេះ មាន​​ការ​​ចែក​​ចាយ​​វីដេអូ​​លើ​​បណ្តាញ​​សង្គម​​ថា យោធា​​ថៃ​​​បាន​​​ព្យាយាម​​​រាយ​​​បន្លា​​​​លួស​​​ព័ទ្ធ​​ចូល​​ដី​​​ខ្មែរ​​​នៅ​​តំបន់​​ចរ១ ខេត្ត​​ពោធិ៍​​សាត់ និង​​ច្រក​​ថ្មដូន ខេត្ត​ឧត្ត​រ​មាន​​ជ័យ រួម​​ទាំង​​​តំបន់​​ភ្នំ​​ខ្មោច តំប​ន់​​ជាំតែ ស្រុក​​ជាំ​ក្សាន្ត ខេត្ត​​​ព្រះ​វិហារ ជា​​ដើម។

យ៉ាងណា ទោះថៃ​បើក​ការ​ឈ្លាន​ពាន​កម្ពុជា​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ក្តី និង​មាន​រយៈ​៦ខែ​កន្លង​មក​នេះ​ក្តី មេដឹក​នាំ​កម្ពុជា ត្រូវ​បាន​គេ​អះ​អាង​ថា បាន​ធ្វើ​នយោបា​យ​ប្រជា​ភិថុតិ ឬ​បំភ្លឺ​ការ​ពិត​ពី​បំណង​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​​អន្តរ​​ជាតិ​(ICJ) ដើម្បី​បង្ហាញ​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ទោះ​ពលរដ្ឋ​ខ្មែរ​ច្រើន​ម៉ឺននាក់​រង​គ្រោះពី​ទង្វើ​ថៃ​ឈ្លាន​ពាន​នេះ និង​កំពុង​ទន្ទឹង​រង់​ចាំយុ​ត្តិ​ធម៌ ពី​លទ្ធភាព​វិល​ទៅកា​ន់​ភូមិ​កំណើត​វិញ​។

ជុំវិញប​ញ្ហានេះ​ អ្នក​ឃ្លាំ​មើល​អះអា​ង​ថា គ្មាន​សម័យ​ណា​​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី ទៅ​ប្រទេស​ជិត​ខាង​ ច្រើន​សន្ធឹក​សន្ធាប់ ដូ​ច​ការដឹក​នាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពេល​នេះ​ទេ។

ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​​៤៤០ ចែ​​ងថា «អំពើ​​ប្រគល់​​ឱ្យ​រដ្ឋ​​បរទេស ឬ​​ភ្នាក់​​ងារ​​​បរទេស នូវ​​ដែ​ន​​​ដី​​​ជាតិ​​​ទាំង​​ស្រុង ឬ​​មួយ​​ផ្នែក​ជា​​​អំពើ​ក្ប​ត់​​​ជាតិ ត្រូវ​​ផ្តន្ទា​​ទោស​​ដាក់​​ពន្ធនា​គារ​​អស់​​មួយ​​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ