សៀវភៅ​«កម្ពុជា​ឈ្នះថៃ​សម័យ​តេជោ​ធិបតី»​រង​ការិះ​គន់​ថា​ជា​វប្បធម៌​ហៃ​អើ​នាំ​ជាតិ​បង្ក​ឱ្យ​ជាតិ​គ្រោះ​ថ្នាក់

សៀវ​ភៅ «កម្ពុជា​ឈ្នះ​ថៃ​សម័យ-តេជោ​ធិបតី» និពន្ធ​ដោយ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ដែល​ត្រូវ​គេ​ចែក​ចាយ​លើ​បណ្តាញ​សង្គម​នោះ រ​ង​ការ​រិះ​​គន់​ថា​សរសេរ​ខុស​ពី​ការ​ពិត​ដើម្បី​បោក​ប្រាស់​ពលរដ្ឋ និង​បណ្តុះ​វប្បធម៌​បញ្ជើច​បញ្ជើ​មេដឹក​នាំ​ដែល​នាំ​ជាតិ​ទៅ​រក​គ្រោះ​ថ្នាក់។

ការរិះគន់​នេះ ក្រោយ​មាន​ការ​ចែក​ចាយ​លើ​បណ្តាញ​សង្គម​ពី​សៀវ​ភៅដែល​មាន​ចំណង​ជើង​ថា «កម្ពុជា​ឈ្នះ​ថៃ​សម័យ-​តេជោ​​ធិបតី» និពន្ធ​ដោយ​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈ។

ជុំវិ​ញ​រឿង​នេះ តំណាង​រាស្រ្ត​គណបក្សស​ង្រ្គោះ​ជាតិ លោក អ៊ំ សំអាន ចាត់​ទុក​សៀវ​ភៅ​នេះ​ថា ជា​ការ​សរសេរ​ខុស​ពី​ការ​ពិត​ដើម្បី​បោក​ប្រាស់​ពលរដ្ឋ និង​លើក​សរសើរ​លោក ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ។

ក្នុង​ន័​យ​នេះ លោក​ថា បើ​ពិនិ​ត្យ​មើល​ជាក់​ស្តែង គ្មាន​ចំណុច​ណាដែ​ល​កម្ពុជា​ឈ្នះ​ថៃ​ទេ គឺ​មាន​តែ​ចាញ់​ថៃ​ ដោយ​លោក​​ថា ថៃ​បាន​កាន់​​កាប់​ដី​ខ្មែរ​៤០​ទីតាំង ក៏​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ឃាត់​ថៃ មិន​ឱ្យ​សង​សំណង​រឹង​លើ​ដី​ខ្មែរ​ដែរ។

លោកថា​«នៅពេលដែលសរសើរលើក​ជើង​មេដឹក​នាំ​របៀប​នេះ! ខ្ញុំ​គិត​ថា មិ​ន​អាច​កែ​លម្អ​ការ​ដឹក​នាំ​របស់​មេដឹក​នាំ​ដែល​បាន​ប្រព្រឹត្ត​នូ​វកំហុស​ឆ្គង​អី​ហ្នឹង​ទេ អ៊ីចឹង​ហើយ​ការ​ដឹក​នាំ​ហ្នឹង​មិន​អាច​រីក​ចំរើន​ទៅ​មុខ! មិន​អាច​លុប​បំបាត់​អំពើ​អយុត្តិ​ធម៌​ក្នុង​សង្គម​ហើយ​បើ​និយាយ​ពី​ទឹក​ដី​ហ្នឹង​អាច! មេដឹក​នាំ​យល់​ថា ប្រជា​ជនជឿ អ៊ីចឹង​មិន​បាច់​ខំ​ទាម​ទារ! ទឹក​ដី​ទាំង​អស់​ហ្នឹង​៤០​ទីតាំង​ហ្នឹង! កាត់​ទៅ​ឲ្យ​ថៃ​ដើម្បី​ដូរ យក​សន្តិភាព​ទៅ​ អាហ្នឹង​វាអា​ច​ទៅ​ធ្វើឲ្យ​បា​ត់​បង់​ដី​យើង នៅ​ពេល​ដែល​សរសេរ​ខុស​ពី​ការ​ពិត​អ៊ីចឹង»។

បន្ថែមលើនេះ​ គណនីហ្វេស​ប៊ុក​ឈ្មោះ Khmer Sovannaphumi បាន​​សរ​សេរ​​ក្នុ​ង​​ន័យ​ដើម​​ថា៖ «សៀវ​ភៅ​នេះ​លក់​​ដាច់​​ទេ? មាន​អ្នក​ណាខ្លះ​​​បា​ន​​ទិញ និង​​អាន? បើ​អា​​ច​យក​សៀវ​​ភៅ​ហ្នឹ​ង​​ទៅ​ដាក់​​តាំង​​បង្ហាញ​​តាម​​ព្រំដែន​​ទៅ ក្រែង​​ទ័ព​​​ថៃ​​​វា​ដ​ក បាន​​ទឹក​​ដី និង​​ប្រាសាទ​​មក​​វិញ»។

ជាមួយគ្នានេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ធិប​តេយ្យ​ជឿន​លឿន លោក ប៉ោ មករា ថា​​លោកមិន​ទាន់​បាន​អាន​ខ្លឹម​សារ​នៃ​សៀវ​ភៅ​នេះ​ទេ តែ​លោក​ថា បើ​តាម​ចំណង​ជើង​អាច​វាយ​តម្លៃ​ថាជាទូទៅ​ថា​ នៅ​កម្ពុជា​វប្បធម៌​បញ្ជើច​បញ្ជើ ទំយើរ ទៅ​លើ​បុគ្គល ឬ​មេដឹក​នាំ នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព។

បន្ថែម​លើនេះ​ លោក​ថា មេដឹកនាំ​ដែល​ចូលចិត្តវប្បធម៌បែបនេះ គឺមិ​នអា​ច​ដោះស្រា​យ​វិបត្តិ​ជាតិ​បាន​ទេ។

លោកថា​៖ «មួយវិញទៀត នៅពេលដែលមេដឹកនាំចូលចិត្តនូវ​ការ​បញ្ចើច​បញ្ចើរ! ទំយើលើក​ជើង! ខ្ញុំ​គិត​ថាមេ​ដឹកនាំ​មិន​អាច​ទទួល​នូវ​របាយ​ការណ៍​ពិត! សម្រាប់​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ដូច្នេះ​វប្បធម៌​នៃ​ការ​បញ្ចើច​បញ្ចើរ ទំយើ លើក​ជើង ហ្នឹង! វា​ក៏​ជាគេ​​ហៅ​ថា លេស​មួយ​នៃ​មន្ត្រីស្ពឹក​ស្រពន់ មន្ត្រី​ពុក​រលួយ​នៃ​មន្ត្រី​ដែល​ចូល​ចិត្ត រណែប​រណប លន់​តួ លូន​​ក្រាប​ហ្នឹង! យក​មក​ដើម្បី​ធ្វើ​អំពើ​ពុក​រលួយ​ក៏​ដូច​ជា​ធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់»

ជុំវិញ​រឿង​នេះ VOD មិន​អាច​សុំកា​រ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃ លោក ទូច សុខៈបាន​នៅឡើ​យ​ទេ​​គិត​​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ដោយ​ឡែក អ្នកតាមដានភូមិសាស្រ្តនយោបាយតំបន់អាស៊ី និងប៉ាស៊ី​ហ្វិក លោក សេង វណ្ណីលើក​ឡើង​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​លោក​ថា ការ​លើក​សរ​សើរ​អតីត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ពី​សំណាក់​មន្ត្រី​បក្ស គឺ​ជា​ការ​ឆ្លុះប​ញ្ចាំង​ពី​វប្បធម៌​នយោបាយ​ដែល​ផ្អែក​លើភ​ក្តី​ភាព និង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច​ ដើម្បី​រក្សា​ស្ថិរ​ភាព​នយោ​បាយ និង​បង្ហាញ​ទៅ​កាន់​មហា​ជន​នូវ​ភាព​ឯក​ភាព​គ្នាដែ​ល​មិន​អាច​បំបែក​បាន។

លោកបន្ត​ថា ទន្ទឹម​នឹង​នេះ ការ​លើក​តម្កើង​មេដឹក​នាំ ក៏​ជាយុ​ទ្ធសាស្ត្រទំ​នាក់ទំ​នង​សាធារណៈ ដើម្បី​កសាង​រូប​ភាព​វិជ្ជ​មាន និង​ទប់​ទល់​នឹង​រលក​នៃកា​រ​រិះគ​ន់​ពី​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ ខណៈ​ដែល​ក្នុង​រចនា​សម្ព័ន្ធ​អំណាច​បែប​នេះ ការ​បង្ហាញ​​ការ​គាំទ្រ​ដាច់​ខាត​គឺជា​វិធី​សាស្ត្រ​មួយ​ដែល​មន្ត្រី​ប្រើប្រា​ស់​ដើម្បី​រក្សា​តំណែង និង​ទំនុក​ចិត្ត​ពីថ្នាក់​ដឹក​នាំ​កំពូល។

បើតាម​ លោក វណ្ណី ទោះបីជាមានការមើលឃើញខុសគ្នាពីសំណាក់​ពលរដ្ឋ ជុំវិញ​បញ្ហា​អំពើ​ពុក​រលួយ ឬ​បក្ខ​ពួក​និយម​​ក៏ដោ​យ ក៏​រដ្ឋាភិបាល​តែង​តែ​បក​ស្រាយ​ថា បញ្ហា​​ទាំង​​នោះ​គឺ​ជាបញ្ហា​​ប្រឈម​​ដែល​​កំពុង​​ស្ថិត​​ក្នុង​​ដំណើរ​​ការ​​​កែ​​ទម្រង់​​​ជា​ជំហ៊ានៗ ជា​ជាង​ការ​ទទួល​ស្គាល់​​ថា​ វា​ជា​​ភា​ព​​បរាជ័យ​នៃ​​ប្រព័ន្ធ​ដឹក​នាំ​ទាំង​​មូល។ ការ​ណ៍​នេះ បង្កើ​ត​ឱ្យមា​ន​គម្លាត​នៃ​ការ​យល់​ឃើញ​​​រវាង​​​មន្ត្រី​​រដ្ឋាភិ​បាល​ដែល​​មើល​​ឃើញ​តែ​សមិទ្ធ​ផល និង​ពលរដ្ឋ​ដែល​ជួប​ប្រទះ​ផ្ទាល់​នូវ​បញ្ហា​សង្គ​ម​ប្រចាំ​ថ្ងៃ។

លោកគូស​បញ្ជាក់​ថា ក្នុង​បរិប​ទ​នេះ ការ​អែបអប​មិន​មែន​គ្រាន់​តែ​ជាច​រិត​លក្ខណៈបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយ​ជាយុទ្ធសាស្ត្ររស់រាន និងការស្វែងរកលាភ​សក្ការៈនៅក្នុងរចនាសម្ព័ន្ធ​រដ្ឋបាល។ នៅពេលដែលការតំឡើងបុណ្យ​​​ស័ក្តិ ឬ​​ការ​​ទទួល​​បាន​​តំណែង មិ​ន​​បាន​​ផ្អែក​លើ​​​សមត្ថ​​ភាព ឬ​ប្រព័ន្ធ​គុណាធិប​តេយ្យច្បា​ស់​លាស់ មន្ត្រី​មួយ​ចំនួន​ជ្រើស​​រើស​យក​ការ​លើក​ជើង និង​​​ការ​សរ​សើរ​មិន​ដាច់​ពី​មាត់ ដើម្បី​ធ្វើ​ឱ្យ​ថ្នាក់​​លើ​ពេញ​​ចិត្ត និង​​មាន​​អារម្មណ៍​​ថា​​ខ្លួន​​មាន​សុវត្ថិ​ភាព​ក្នុង​អំណាច។

ទម្លាប់បែបនេះ បង្កើត​ឱ្យមា​ន​បរិយា​កាស «ព័ត៌​មាន​តែ​ម្ខាង» ដែល​ធ្វើ​ឱ្យ​មេដឹក​នាំ​ពិបាក​នឹង​ទទួល​បាន​ការ​ពិត​អំពី​ទុក្ខ​សោក​របស់​ពលរដ្ឋ ឬ​ចំណុច​ខ្វះខា​ត​នៃ​គោល​នយោបា​យ​របស់​ខ្លួន​ ដោយ​សារ​តែម​ន្ត្រី​ជុំវិញ​ខ្លួន​រាយ​ការណ៍​តែ​រឿង​ល្អៗ និង​ការ​ជោគ​ជ័យ​ក្លែង​ក្លាយ។ ក្នុង​រយៈ​ពេល​វែង វប្បធម៌​អែប​អប​នេះ​ហើយ​ដែល​ជាឧ​បសគ្គ​ដ៏​ធំបំផុត​ដល់​ការ​កែទ​ម្រង់​ស្ថាប័ន ព្រោះ​វា​បំផ្លាញ​តម្លា​ភាព និង​ជំរុញ​ឱ្យ​អំពើ​ពុក​រលួយ​កាន់​តែ​រីក​ដុះដា​ល​​ក្រោម​រូប​ភាព​នៃ​ការ​ការ​​ពារ​​គ្នា​​​ទៅ​​វិញ​​ទៅ​​មក​​ក្នុង​បក្ខ​ពួក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ