ក្រុមជនរងគ្រោះទិញផ្ទះពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដោយបង់លុយផ្តាច់ខ្លះជិត៥ឆ្នាំ តែមិនបានផ្ទះ បានរំសាយការតវ៉ានៅថ្ងៃពុធនេះ ដោយសំអាងថា រដ្ឋមន្រ្តីក្រសួងដែនដី លោក សាយ សំអាល់ សន្យាលក់ឡៃឡុងទ្រព្យឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីពន្លឿនសង់ផ្ទះឡើងវិញមិនឱ្យលើសឆ្នាំ២០២៦។
ការសន្យានេះ ក្រោយអតិថិជនបានជួបជុំគ្នាជាថ្មីទៀតនៅមុខក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែមករានេះ ដើម្បីរកដំណោះស្រាយរឿងឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពានកិច្ចសន្យាទិញលក់ផ្ទះធ្វើឱ្យពួកគេរងសម្ពាធបំណុល និងវិបត្តិផ្លូវចិត្តច្រើនឆ្នាំមកនេះ។
អតិថិជនម្នាក់ អ្នកស្រី ស្រ៊ី លីណា និយាយនៅថ្ងៃទី២៨ ខែមករានេះថា ក្នុងកិច្ចប្រជុំជាមួយក្រុមអតិថិជននៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងដែនដី លោក សាយ សំអាល់ សន្យាលក់លៃឡុងទ្រព្យឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីយកមកសង់ផ្ទះឱ្យអតិថិជនមិនឱ្យលើសឆ្នាំ២០២៦នេះទេ។
អ្នកស្រីថា គាត់បានទិញផ្ទះពីឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងឆ្នាំ២០២២ នៅគម្រោង៦អា ដោយបង់លុយផ្តាច់ជិត៣ម៉ឺនដុល្លារ តែមិនបានផ្ទះនៅឡើយទេ ហើយបច្ចុប្បន្នគាត់រស់នៅបន្ទប់ជួល ដោយចំណាយថ្លៃបន្ទប់ជិត ១០០ដុល្លារក្នុងមួយខែ។
អ្នកស្រីថា៖ «ឯកឧត្តមឧប សាយ សំអាល់ គាត់ថា គាត់នឹងចេញមុខដោះស្រាយ! នឹងចូលជំនួសឧកញ៉ាឡេង ណាវ៉ាត្រា។ គាត់ថា នឹងឡៃឡុងទ្រព្យសម្បត្តិអចលនទ្រព្យរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា យកមកសាងសង់ឲ្យរួចរាល់នៅក្នុងប្លុកបុរីឡេងណាវ៉ាត្រា នៅប្លុកលេខ៦អា និងជ្រៃ១០០។ អតិថិជនសួរទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ្នឹង គាត់និយាយថា មិនឲ្យលើសពីឆ្នាំ២០២៦ហ្នឹងទេ! អាចមុន២០២៦នឹងរួចរាល់»។
ជាមួយគ្នានេះ អតិថិជនម្នាក់ លោក សឿង ទូលាយ បង្ហាញក្តីសង្ឃឹមថា នឹងទទួលបានផ្ទះឆាប់ៗនេះដែរ ក្រោយក្រសួងចេញមុខដោះស្រាយរឿងឧកញ៉ា ឡេង ណាវ៉ាត្រា បំពានកិច្ចសន្យាលក់ផ្ទះនេះ ខណៈលោកទិញផ្ទះតាំងពីឆ្នាំ២០២១ តែជិត៥ឆ្នាំហើយមិនបានផ្ទះនោះទេ។
លោកថា៖ «ចំពោះខ្ញុំរៀងមានសង្ឃឹមបន្តិច ដោយសារឯកឧត្តមឧប គាត់មានប្រសាសន៍ថា គាត់នឹងចូលខ្លួនដោះស្រាយបញ្ហាដែលជាប់នៅក្នុងប្លុក៦អា និងជ្រៃមួយរយ គាត់មានប្រសាសន៍អ៊ីចឹង។ យើងចាំមើលលទ្ធផលបន្តទៀត ព្រោះអីនេះជាប្រសាសន៍របស់គាត់អញ្ចឹង។ គាត់មិនបានលម្អិតទេ គាត់ថា គាត់នឹងចូលខ្លួនទៅដោះស្រាយ ព្រោះអីគាត់មិនចង់ឱ្យពលរដ្ឋនៅរងទុក្ខបន្តទៀតទេ គាត់មិនចង់ឃើញ»។
អតិថិជនជាង ១០០នាក់ កាលពីថ្ងៃទី១៥ ខែមករា បានផ្ទុះការតវ៉ាបិទផ្លូវមុខក្រសួងរៀបចំដែនដី ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីឱ្យបុគ្គលរូបនេះ ទទួលខុសត្រូវចំពោះមុខច្បាប់។
VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សេង ឡូត បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
សម្រាប់ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា ជារឿងល្អ ដែលមានរដ្ឋមន្រ្តីចេញមុខមកដោះស្រាយកង្វល់របស់ពលរដ្ឋ ជាពិសេសបញ្ហាពលរដ្ឋបង់រំលស់ផ្ទះ ឬដី តែមិនបានដូចបំណង។
យ៉ាងណា លោកសង្កត់ធ្ងន់ថា ការសន្យាត្រូវតែមានដំណោះស្រាយពិតឱ្យពលរដ្ឋ តែបើគ្រាន់តែសន្យាដើម្បីតែរំលត់កំហឹងពលរដ្ឋ នោះជនរងគ្រោះនឹងបន្តតវ៉ាជាថ្មីទៀត ដែលនឹងធ្វើឱ្យពលរដ្ឋលែងជឿទុកចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។
លោកថា៖ «សរុបជារួមមកវិញ អ្វីដែលជាការប្រឈមរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធមួយចំនួននៅពេលដែលការសន្យាគ្មានប្រសិទ្ធភាព ការសន្យាដែលគ្មានដំណោះស្រាយពិតប្រាកដជាគិតថា វាជាការដែលធ្វើឲ្យពលរដ្ឋនឹងអស់ជំនឿ! ធ្វើឲ្យពលរដ្ឋនឹងបាត់បង់ការទុកចិត្តទៅលើភាគីពាក់ព័ន្ធ។ យើងដឹងហើយថាអ្វីដែលជាការបាត់បង់ ភាពទុកចិត្តភាគីពាក់ព័ន្ធក្នុងការដោះស្រាយជូនពួកគាត់ អ្វីដែលសំខាន់ហ្នឹង គឺជាបញ្ហាមួយ គឺជាជំងឺមួយដែលធ្វើឲ្យសង្គមយើងហ្នឹង លែងទុកចិត្តគ្នាធ្វើឲ្យសង្គមយើងលែងស្តាប់គ្នា! សង្គមយើងនឹងលែងស្ដាប់មេដឹកនាំ ធ្វើឱ្យសង្គមយើងនឹងលែងទទួលយកការដោះស្រាយពីភាគីពាក់ព័ន្ធទាំងអស់»។
ជុំវិញរឿងនេះដែរ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ធ្លាប់បញ្ចេញមតិថា អ្នកចាញ់បោកឧកញ៉ាលក់ផ្ទះខ្យល់មានជម្រើស២ ដើម្បីរកចក្រចេញ គឺទី១ តវ៉ាជាសាធារណៈរាល់ថ្ងៃឱ្យពួកគេទទួលខុសត្រូវ ព្រោះខ្លួនជាអ្នកចាញ់បោកពិតប្រាកដ ហើយគ្មាននរណារកយុត្តិធម៌ក្រៅពីខ្លួនឯងជាជនរងគ្រោះទេ។
ជម្រើសមួយទៀត លោកថា ត្រូវឈប់បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សនេះ មិនអាចការពារទ្រព្យសម្បត្តិ និងយុត្តិធម៌ឲ្យពលរដ្ឋបាន។
ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០២៤ ធ្លាប់ចេញការពារថា ភាពយឺតយ៉ាវសង់ផ្ទះនេះ ដោយសារតែក្រុមហ៊ុនកប់ដើមទុនទៅលើដីក្នុងចំនួនច្រើន និងធានាថាក្រុមហ៊ុននេះមិនទាន់ក្ស័យធនទេ។
ដោយឡែក កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន ក៏បានកាត់ដីគម្របព្រៃឈើចំនួន ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីផ្ដល់ជាកម្មសិទ្ធិទៅឱ្យលោក ឡេង ណាវ៉ាត្រា។ ក្រោយមក ក្រុមហ៊ុននេះធ្លាប់បានទទួលសិទ្ធិអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ និងបានកាប់បំផ្លាញព្រៃឈើនៅទីនោះ។
ក្រោយបែកធ្លាយរឿងបំផ្លាញធនធានធម្មជាតិនោះ ពលរដ្ឋទាមទារឱ្យ លោក ហ៊ុន សែន កាត់ទោសម្ចាស់ក្រុមហ៊ុន ដាក់ពន្ធនាគារ ប៉ុន្តែលោក ហ៊ុន សែន ច្រានចោលការទាមទារនេះ។
យ៉ាងណា អ្នកឃ្លាំមើល ធ្លាប់ព្រមានថា បើគ្មានវិធានច្បាប់លើឧកញ៉ាឆបោក រួមទាំងឧកញ៉ា ឡេង ណាវ៉ាត្រាទេ នោះពលរដ្ឋនឹងរស់នៅរងគ្រោះដោយសារវិបត្តិបំណុល លក់ស្រែ ផ្ទះសម្បែង ចំណាកស្រុក ធ្លាក់ខ្លួនក្រីក្រទៅៗ ដែលវិបត្តិនេះអាចក្លាយជាចលាចលសង្គមផ្ទុះឡើង បើក្រុមជនរងគ្រោះអស់ការអត់ធ្មត់នោះ៕









