ឥណ្ឌា និងអឺរ៉ុប​ប្រកាស​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ចំពេល​​មាន​​ភាព​​តាន​តឹង​ជាមួយ​អាមេរិក

សហភាព​អឺរ៉ុប និង​ឥណ្ឌា បាន​ប្រកាស​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​ប្រវត្តិ​សាស្ត្រ​មួយ បន្ទាប់​ពី​ការ​ចរចា​ដែល​បាន​អូស​បន្លាយ​ពេល​ជិត​ពីរ​ទសវត្សរ៍ ខណៈ​ភាគី​ទាំង​ពីរ​មាន​គោល​បំណង​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ចំ​ពេល​​មាន​​ភាព​តាន​តឹង​ជាមួយ​សហរដ្ឋ​អាមេរិក។

ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី Ursula von der Leyen បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ទីក្រុង​ដេលី​ថា៖ «យើង​ធ្វើបា​ន​ហើយ យើង​បាន​សម្រេច​នូវ​រាល់​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយ»។ ចំណែក​ឯនាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​ហៅ​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ជា​ព្រឹត្តិ​ការណ៍ «ប្រវត្តិ​សាស្ត្រ»។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មដោយសេរីនូវទំនិញ​នានា រវាង​ប្លុក​នៃ​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​២៧ និង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​ពិភព​លោក ដែល​ភាគី​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា​មាន​ទំហំជិ​ត ២៥% នៃផ​លិត​ផល​ក្នុង​ស្រុក​សរុប (GDP) ពិភព​លោក និង​មាន​ទីផ្សារ​ដែល​រួម​មាន​ប្រជាជន​ចំនួន​ពីរ​ពាន់​លាន​នាក់។

តាមរយៈកិច្ចព្រមព្រៀងនេះ នឹងមានការកាត់បន្ថយពន្ធគយយ៉ាងច្រើនលើមុខទំនិញ និងសេវាកម្មជាច្រើន រួមទាំងការបង្កើតភាពជាដៃគូសន្តិសុខរួមគ្នាផងដែរ។

លោកស្រី von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa កំពុងស្ថិតក្នុងទីក្រុងដេលី ជាទីកន្លែង​ដែលពួកគេបានជួបជាមួយលោក Modi នៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគី។

គណៈកម្មការអឺរ៉ុប បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់​ពន្ធ​គយ​លើ​ការ​នាំ​ចេញ​ភាគ​ច្រើន​នៃ​ផលិត​ផល​គីមី គ្រឿង​ចក្រ និង​ឧបករណ៍​អគ្គិសនី ក៏​ដូច​ជា​យន្ត​ហោះ និង​យាន​អវកាស បន្ទាប់​ពី​មាន​ការ​កាត់​បន្ថយ​​ជា​ដំណាក់​កាល។ អ្វី​ដែល​សំខាន់​នោះ គឺ​ពន្ធ​លើ​យាន​យន្ត​ដែល​បច្ចុប្បន្ន​មាន​កម្រិត​ខ្ពស់​រហូត​ដល់ ១១០% នឹង​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម ១០% ក្រោម​កូតាចំ​នួន ២៥០ ០០០ គ្រឿង។ យោង​តាម​របាយ​ការណ៍​របស់ Bloomberg ចំនួន​នេះ គឺ​មាន​ទំហំ​ធំ​ជាង ៦​ដង នៃ​កូតា ៣៧ ០០០ គ្រឿង ដែល​ឥណ្ឌាបា​ន​ផ្ដល់​ឱ្យ​ចក្រ​ភព​អង់​គ្លេស ក្នុង​កិច្ច​ព្រម​​ព្រៀង​ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

ឥណ្ឌា ក៏នឹងកាត់បន្ថយពន្ធលើស្រាបៀរ និង​ប្រេង​អូលីវ​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។ ទីក្រុង​ព្រុច​សែល បាន​បញ្ជាក់​ថា​ កិច្ច​ព្រម​ព្រៀង​នេះ នឹ​ងគាំទ្រ​ដល់​លំហូរ​វិនិយោគ បង្កើន​លទ្ធ​ភាព​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​ពង្រឹង​ការ​ធ្វើ​សមាហរណ​​កម្ម​ខ្សែ​ចង្វាក់​​ផ្គត់​ផ្គង់​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ។

ទីក្រុងញូដេលី និយាយថា ការនាំចេញរបស់ខ្លួនស្ទើរតែទាំងអស់នឹង​ទទួល​បាន «ការ​អនុគ្រោះ» ក្នុង​ការ​ចូល​ទៅកាន់​​ទីផ្សារ​​សហភាព​អឺរ៉ុប ដោយ​ក្នុង​នោះ​មាន​ដូចជា វាយន​ភណ្ឌ ស្បែក ផលិត​ផល​សមុទ្រ សិប្បកម្ម ត្បូង និងគ្រឿង​អលង្ការ ដែល​នឹង​ត្រូវ​កាត់​បន្ថយ ឬ​លុប​បំបាត់​ពន្ធគយ។

លោក Modi បានមានប្រសាសន៍ថា៖ «នេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំ​បំផុត​របស់​ឥណ្ឌា។ វា​នឹង​ធ្វើ​​ឱ្យ​​កសិករ និង​អាជីវកម្ម​ខ្នាត​តូច​របស់​ឥណ្ឌា ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​កាន់​តែ​ងាយ​ស្រួល។ វា​ក៏​នឹង​ជំរុញ​វិស័យ​ផលិត​កម្ម និង​សេវា​កម្ម ក៏​ដូច​ជា​លើក​កម្ពស់​ភាព​ជា​ដៃគូ​ច្នៃ​ប្រឌិត​ផង​ដែរ»

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កើត​ឡើង​ក្នុង​ពេល​ដែល​ទាំង​ឥណ្ឌា និង​សហភាព​អឺរ៉ុប កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ​​សេដ្ឋ​​កិច្ច និង​ភូមិ​សាស្ត្រ​នយោបាយ​ពី​សហរដ្ឋ​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ