នៅពេលថៃសម្រុកឈូសឆាយបំផ្លាញផ្ទះពលរដ្ឋ បំផ្លាញសំណង់ខ្មែរ នៅលើដីខ្មែរតាមអំពើចិត្ត និងថែមទាំងបន្តរុលចូលដីខ្មែរបន្ថែមទៀតនៅតាមតំបន់ជាច្រើន ថែមទាំងសាងសង់សំណង់ថ្មីធ្វើផ្លូវថ្មីនៅលើដីខ្មែរចាប់តាំងពីក្រោយបទឈប់បាញ់លើកទី២ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក រដ្ឋាភិបាលហាក់មិនបានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ក្នុងការទប់ទល់សកម្មភាពរំលោភបំពានរបស់ថៃនោះទេ ថែមទាំងមិនប្តឹងថៃទៅតុលាការអន្តរជាតិថែមទៀត ដោយហាក់នៅរំពឹងតែទៅលើការចរចាទ្វេភាគីជាមួយថៃ ដែលត្រូវបានគេចាត់ទុកថាថៃជាចោរ បើទោះបីជាថៃបានបដិសេធជួបចរចា យ៉ាងហោចណាស់ចំនួន៣លើករួចមកហើយក្តីដោយយកលេស។
នៅពេលរដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត បានបង្ហាញឱ្យឃើញពីជំហរហាក់ដូចខ្លាចរអារមិនហ៊ានតបតថៃ និងមិនប្តឹងថៃ រដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជានេះ បែរជាមិនបន្ធូរដៃ មិនលើកលែងក្នុងការបន្តធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្លួនឯង ដែលជាអ្នកនយោបាយប្រឆាំងសកម្មជនបរិស្ថាន និងសកម្មជនសង្គមដែលមានមតិផ្ទុយទៅវិញ។
រដ្ឋាភិបាល មិនត្រឹមតែមិនដោះលែងអ្នកជាប់ឃុំ ថែមទាំងបន្តចាប់ឃុំខ្លួនជាបន្តបន្ទាប់ទៀត ដោយសារតែពួកគេបញ្ចេញមតិសម្តែងការខ្វល់ខ្វាយពីការបាត់បង់ទឹកនៅតាមព្រំដែន។ បញ្ហាទាំងនេះ បង្កើតជាសំណួរថា តើវិធានចាប់ខ្លួនអ្នកនិយាយរឿងថៃឈ្លានពានជាការបិទបាំងកម្សោយការពារទឹកដីឬ?
មុននឹងធ្វើការវិភាគទៅលើសំណួរគន្លឹះនេះ វីអូឌី សូមរំលឹកថា ចាប់តាំងពីក្រោយមានបទឈប់បាញ់លើកទី២ កងទ័ពថៃមិនត្រឹមតែនៅបន្តឈរជើងលើទឹកដីខ្មែរ ដែលពួកគេដណ្តើមកាន់កាប់បានក្នុងកំឡុងពេលសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងបន្តរុលចូលមកដណ្តើមកាន់កាប់ទឹកដីខ្មែរជាច្រើនទីតាំងបន្ថែមទៀត ខណៈកងទ័ពកម្ពុជា បានប្រកាន់ខ្ជាប់នូវបទឈប់បាញ់តាមបញ្ជារបស់រដ្ឋាភិបាល។ បន្ថែមពីនេះ កងទ័ព និងជនស៊ីវិលថៃក្នុងចំនួនដ៏ច្រើន បានបន្តសម្រុកធ្វើសកម្មភាពឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែររាប់ពាន់ខ្នង និងសំណង់អគារ ព្រមទាំងវត្តអារាមជាច្រើនរបស់កម្ពុជា និងបានធ្វើផ្លូវថ្មីនិងសាងសង់សំណង់ថ្មីនៅលើទឹកដីខ្មែរតាមតំបន់ព្រំដែនទាំងនោះ។
ក្រសួងការបរទេសកម្ពុជា កាលពីដើមខែមករា បានចេញមកប្រកាសថា កងទ័ពថៃបានដណ្តើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ចំនួន ១៤ទីតាំង និងបានថ្កោលទោស ហើយទាមទារឱ្យថៃដកកងទ័ពចេញទៅវិញ។ ក៏ប៉ុន្តែបើតាមព័ត៌មានពីកងទ័ពជួរមុខដែលត្រូវបានបូកសរុបដោយ លោក អ៊ុំ សំអាន ប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន៍របស់រដ្ឋាភិបាល២៣តុលាក្រៅប្រទេស បានអះអាងថា ទាហានថៃបានដណ្តើមកាន់កាប់ទឹកដីខ្មែររហូតដល់ទៅ៤១ទីតាំង មិនមែន១៤ទីតាំងនោះទេ។
យ៉ាងណាក្តី សម្រាប់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងកាលពីថ្ងៃទី២៦ ខែមករាថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ទាំងថ្នាក់ដឹកនាំទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់រដ្ឋាភិបាល បានបំពេញការងារយ៉ាងសកម្មបំផុត ដោយក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ាសេចក្តីថ្លែងការណ៍ ញ្ញត្តិថ្កោលទោស លិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបរហូតដល់ជិត ៧០០លើក។
បន្ថែមពីនេះ លោកបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា ថៃដែលបន្សល់ទុកដោយគណៈកម្មការឥណ្ឌូចិន សៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនជាដើម ហើយកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
ក៏ប៉ុន្តែយ៉ាងណាក្តី ការថ្លែងរបស់អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ នៅពេលនេះ ក៏ដូចជាការថ្លែងក្នុងរយៈពេល៦ខែកន្លងមកដែរ គឺពុំបានបញ្ជាក់ពីការដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ឬក៏ស្ថាប័នអន្តរជាតិណានោះឡើយ។
ទាក់ទងទៅនឹងរឿងផ្ទៃក្នុងជាតិកម្ពុជាវិញ បើទោះបីជាមជ្ឈដ្ឋានប្រជាជាតិខ្មែរទូទៅ រួមទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ តែងតែអំពាវនាវឱ្យមានការបង្រួបបង្រួមជាតិ ឯកភាពជាតិឱ្យទៅជាសំឡេងខ្មែរតែមួយដើម្បីធ្វើឱ្យខ្មែរខ្លាំង ក្នុងស្ថានភាពដ៏លំបាកដែលថៃកំពុងឈ្លានពានកម្ពុជាក្តី ក៏រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៃបក្សប្រជាជនមិនត្រឹមតែមិនបានដោះលែង ឬបន្ធូរបន្ថយទោសអ្នកទោសមនសិការជិត១០០នាក់ដែលកំពុងជាប់ឃុំប៉ុណ្ណោះទេ ថែមទាំងនៅតែបន្តចាប់ខ្លួនអ្នកបញ្ចេញមតិពីបញ្ហាសង្គមបន្ថែមទៀត។
សកម្មជននយោបាយ និងអ្នកប្រើប្រាស់បណ្តាញសង្គម ដែលត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ មានលោករ័ត្ន សុធី ជំទប់ទី២ឃុំអន្លង់វិល និងជាប្រធានប្រតិបត្តិស្រុកនៃគណបក្សភ្លើងទៀនស្រុកសង្កែ លោក ហុក រ៉េន អាយុ ៥០ឆ្នាំ ជាជនពិការជើងម្ខាង អ្នកស្រីមុយ យូឡេង អាយុ ៥២ឆ្នាំជាដើម។ ពួកគេទាំងនេះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបទធ្វើឱ្យខូចទឹកចិត្តកងទ័ព ពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម។ គិតរហូតមកដល់ថ្ងៃទី២៧ខែមករានេះ មានអ្នកនយោបាយ សកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គម ចំនួន៩៤នាក់ កំពុងជាប់ឃុំ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីការដូ។
លីកាដូ លើកឡើងថា អាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់មួយចំនួន បន្តចាប់ឃាត់ និងឃុំខ្លួន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះ។ លីកាដូ និងអង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវឱ្យមានការដោះលែងអ្នកទាំងនោះជាបន្ទាន់ និងលើកចោលបទចោទប្រកាន់ ក៏ដូចជាអនុញ្ញាតឱ្យពួកគេបន្តភាពសកម្មនិយម ដើម្បីឱ្យកម្ពុជាកាន់តែប្រសើរឡើង ។
មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា៖ «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈនិងដល់សន្តិសុខជាតិឡើយ»។
ជាទូទៅ ការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនា ដោយនិយាយពីហេតុការណ៍ពិត រឿងពិត ដែលបានកើតឡើងនៅក្នុងសង្គមមិនថាជននោះជាពលរដ្ឋ ឬជាអ្នកនយោបាយប្រឆាំងនោះទេ គឺមិនបានបង្កឱ្យមានមហន្តរាយដល់សង្គមដល់ជាតិ ឬធ្វើឱ្យបាត់បង់ទឹកដី បាត់បង់ធនធានធម្មជាតិ ឬក៏ធ្វើឱ្យកម្ពុជាអន់ថយស្អុយឈ្មោះលើឆាកអន្តរជាតិ ដូចករណីអនុញ្ញាតិឱ្យក្រុមឧក្រិដ្ឋជនជនជាតិចិន មកបើករកស៊ីល្បែងអនឡាញចាប់ជម្រិតជាដើមនោះទេ ពីព្រោះអ្នកទាំងនេះគ្រាន់តែជាអ្នកបញ្ចេញមតិប៉ុណ្ណោះ មិនមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តអ្វីនោះឡើយ។
ក៏ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំរដ្ឋាភិបាលដែលជាអ្នកកាន់កិច្ចការងារប្រទេសជាតិ ស៊ីប្រាក់ខែរាស្ត្របង់ពន្ធ ជាអ្នកមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តលើបញ្ហាជាតិគ្រប់យ៉ាងទៅវិញទេ ទើបជាអ្នកទទួលខុសត្រូវពិតប្រាកដលើវាសនាប្រទេសជាតិ។ ការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យ បន្តចាប់ខ្លួនឃុំខ្លួនធ្វើការចោទប្រកាន់ពីបទគប់គិតជាមួយបរទេស ឬពីបទក្បត់ជាតិទៅលើអ្នកនយោបាយប្រឆាំង និងពលរដ្ឋដែលមិនមានសិទ្ធិធ្វើសេចក្តីសម្រេចចិត្តអ្វីសោះលើបញ្ហាជាតិ គឺជារឿងខុសឆ្គងធ្ងន់ធ្ងរទាំងខាងផ្លូវច្បាប់និងទាំងខាងផ្លូវសីលធម៌។
បើតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងអំពើក្បត់ជាតិត្រង់មាត្រា៤៤០ បានចែងថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។ ដូច្នេះបើផ្អែកលើមាត្រានេះ គ្មានអ្នកនយោបាយប្រឆាំង ឬពលរដ្ឋណាមានសិទ្ធិកាត់ទឹកដីឱ្យបរទេស ក្រៅពីមេដឹកនាំរដ្ឋាភិបាលដែលកំពុងកាន់អំណាចនោះទេ។ នេះបើយោងតាមអ្នកច្បាប់និងបញ្ញវ័ន្តខ្មែរមួយចំនួន។
វិលទៅរកសំណួរខាងដើមដែលថា តើវិធានចាប់ខ្លួនអ្នកនិយាយរឿងថៃឈ្លានពានជាការបិទបាំងកម្សោយការពារទឹកដីឬ?
វីអូឌី គ្មានចម្លើយជាក់លាក់លើសំណួរគន្លឹះនេះទេ ប៉ុន្តែបងប្អូនអាចធ្វើការពិចារណាដោយខ្លួនឯង តាមរយៈព័ត៌មានដែលវីអូឌីបានផ្តល់ជូនខាងលើ និងព័ត៌មានពីប្រភពផ្សេងទៀត ថាតើហេតុអ្វីរដ្ឋាភិបាលគ្រួសារហ៊ុននៃបក្សប្រជាជន មិនទាន់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC ព្រមទាំងស្ថាប័នអន្តរជាតិដទៃទៀត រួមទាំងប្រទេសបារាំងដែលជាអ្នកគូផែនទីកំណត់ព្រំដែនកម្ពុជា-ថៃ?
នៅពេលរដ្ឋាភិបាលឈាមថ្មី របស់គណបក្សប្រជាជន នៅតែបន្តរង់ចាំចរចាជាមួយថៃដែលជាភាគីចោរឈ្លានពានទឹកដីកម្ពុជា អ្នកឃ្លាំមើលព្រំដែន ក្នុងនោះមានទាំងអ្នកជំនាញកិច្ចការព្រំដែន អ្នកនយោបាយប្រឆាំង និងអ្នកច្បាប់បានផ្តល់ជាគំនិតថា ថៃនឹងមិនប្រគល់ទឹកដីកម្ពុជានៅតាមព្រំដែន ដែលពួកគេទើបដណ្តើមកាន់កាប់បានឱ្យកម្ពុជាវិញស្រួលៗនោះឡើយ ប្រសិនបើកម្ពុជាមិនព្រមប្តឹងថៃទៅតុការអន្តរជាតិ ឬស្ថាប័នអន្តរជាតិ ចំពោះការឈ្លានពានយ៉ាងកំរោលរបស់ទាហានថៃ មកលើទឹកដីកម្ពុជា។ លើសពីនេះ បើកម្ពុជាមិនអាចទាមទារទឹកដីខ្មែរ ដែលថៃដណ្តើមកាន់កាប់ចំនួន៤១ទីតាំង មានទំហំរាប់រយគីឡូម៉ែត្រការ៉េមកវិញបានទេ គឺមេដឹកនាំរដ្ឋាភិបាលគ្រួសារហ៊ុននៃបក្សប្រជាជនមាន លោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ជាប្រមុខ គឺជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ មិនមែនអ្នកនយោបាយប្រឆាំងឬពលរដ្ឋដែលបញ្ចេញមតិលើបណ្តាញសង្គមជាអ្នកទទួលខុសត្រូវនោះទេ៕









