នាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន (Greenland) បានថ្លែងកាលពីថ្ងៃទី២៧ខែមករាថា ពួកគេទៅបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង និងទីក្រុងប៉ារីស ដើម្បីស្វែងរកការគាំទ្រជុំវិញការប៉ុនប៉ងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដណ្ដើមយកកោះនៅតំបន់អាកទិកមួយនេះ ដែលជាទឹកដីរបស់ដាណឺម៉ាកអស់រយៈពេលរាប់សតវត្សរ៍មកហើយ។
ការទាមទាររបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែន បានធ្វើឱ្យទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកមានការរង្គោះរង្គើ និងបានជំរុញឱ្យអឺរ៉ុបពន្លឿនកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក ទោះបីជាកាលពីសប្តាហ៍មុន លោក Trump បានដកការគំរាមកំហែងផ្នែកពន្ធគយ និងបានច្រានចោលការប្រើកម្លាំងយោធាដើម្បីដណ្ដើមយកកោះហ្គ្រីនឡែនក៏ដោយ។
កាលវិភាគផ្លូវការ បានបង្ហាញថា លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក និងលោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីកោះហ្គ្រីនឡែន បានជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃទី២៧ខែមករា និងជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃពុធ។
ការិយាល័យនាយករដ្ឋមន្ត្រីដាណឺម៉ាក បានបញ្ជាក់ថា លោកស្រី Frederiksen និងលោក Nielsen នឹងពិភាក្សាអំពី “ស្ថានភាពគោលនយោបាយការបរទេសបច្ចុប្បន្ន និងតម្រូវការក្នុងការពង្រឹងអឺរ៉ុបឱ្យកាន់តែរឹងមាំ” នៅក្នុងជំនួបរបស់ពួកគេ។
ភាពរកាំរកូសផ្នែកការទូតរវាងប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក ដែលសុទ្ធសឹងជាសមាជិកស្ថាបនិកនៃអង្គការ NATO ហាក់ដូចជាបានគំរាមកំហែងដល់អនាគតនៃសម្ព័ន្ធភាពយោធាមួយនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាជម្លោះនេះត្រូវបានបង្វែរមកតាមផ្លូវការទូតវិញក៏ដោយ។
ការិយាល័យប្រធានាធិបតីបារាំង បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Macron គ្រោងនឹងបញ្ជាក់ជាថ្មីនូវសាមគ្គីភាពរបស់អឺរ៉ុប និងការគាំទ្ររបស់ប្រទេសបារាំងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ដាណឺម៉ាក និងកោះហ្គ្រីនឡែន។
សេចក្តីថ្លែងការណ៍ពីវិមាន Elysee បានបន្តថា៖ «មេដឹកនាំទាំងបី នឹងពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់អាកទិក ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កោះហ្គ្រីនឡែន ដែលប្រទេសបារាំង និងសហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ»។
កាលពីសប្តាហ៍មុន លោក Trump បានមានប្រសាសន៍ថា លោកបានសម្រេចនូវកិច្ចព្រមព្រៀងមួយជាមួយអង្គការ NATO ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចចូលទៅកាន់កោះហ្គ្រីនឡែនបានទាំងស្រុង និងជាអចិន្ត្រៃយ៍ ខណៈដែលប្រមុខអង្គការនេះ បានលើកឡើងថា សម្ព័ន្ធមិត្តនឹងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិសុខនៅតំបន់អាកទិក ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសរុស្ស៊ី និងចិន។
ប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែន បានបញ្ជាក់ថា ពួកគេអាចពិភាក្សាលើប្រធានបទយ៉ាងទូលំទូលាយជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេទាមទារឱ្យមានការគោរពចំពោះ “បន្ទាត់ក្រហម” របស់ពួកគេលើផ្នែកអធិបតេយ្យភាព និងបូរណភាពទឹកដី៕









