ជន​ភៀស​សឹក​មក​​​​ពីភូមិ​​​ព្រៃ​ចាន់ និង​​ភូមិ​​​ជោគ​​ជ័យ​​​ជាង​​១​ពាន់​​គ្រួសារ​​មិន​​​ទាន់​​​ទទួល​​ដំណឹង​​ពី​​រដ្ឋាភិ​បាល​​ដោះ​ស្រាយ​​​បញ្ហា​​ផ្ទះ​​​ថៃ​​ព័ទ្ធ​​យក

អា​កាស​​ធាតុ​​ចុះ​​ត្រជាក់​​នា​​រដូវ​​រំហើយ​ ​បន្ត​​អូស​​បន្លាយ​​ពេលដល់​ចុង​​ខែ​​មករា​​នេះ​ ពលរដ្ឋ​​ភៀស​​សឹក​​រស់​​នៅ​​ក្នុង​​ភូមិ​​ព្រៃ​​ចាន់ និង​​ភូមិ​ជោគ​ជ័យ ១ពាន់ ២រយ​គ្រួសារ (១ ២០០គ្រួសារ) បន្ត​​ស្នាក់​​នៅ​​ក្នុង​​តង់​​ផ្តុំ​​គ្នា​ ស្ទើរ​​​តែ​​គ្រប់​​ច្រក​​ល្ហក​​ទាំង​​​អស់ ពាស​​ពេញ​​បរិវេណ​​វត្ត​​ចាន់​​ស៊ី (វត្ត​​ចាន់​ស៊ី​រ​តនា​រាម) ក្នុង​​ស្រុក​​អូរជ្រៅ ខេត្ត​​បន្ទាយ​​មាន​​ជ័យ។ 

បរិយាកាស​ស្នាក់​នៅ​ក្នុង​​ជំរំ​ភៀស​សឹក​ជាង ១​ខែ​​កន្លង​​ម​ក​​នេះ ​ពលរដ្ឋ​កំពុង​រង់​ចាំ​ដំណោះស្រាយ​បញ្ហា​​ផ្ទះ​ ដី​​ស្រែ​​កេរ​ដូន​តា និង​​ទ្រព្យ​សម្បត្តិ​របស់​ពួកគាត់ ដែល​យោធា​សៀម​ព័ទ្ធ​យក​។

ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃចាន់ លោក យឿន ទាវ អាយុ ៨៤ ឆ្នាំ ពិការ​​ភ្នែក​​សង​​ខាង​ ប្រាប់​​​វីអូឌី​​នៅ​ថ្ងៃ​​ទី ២៨ ខែ​មករា​​ថា ពួក​​លោក​​ផ្តល់​​ក្តី​​​សង្ឃឹម​ទាំង​​​ស្រុង​​លើ​​រដ្ឋាភិ​បាល​ដោះ​ស្រាយ​​បញ្ហា​​នេះ។

លោក​​ថា ជីវភាព​​រស់​​នៅ​​ក្នុង​​ជំរំ​​ភៀស​​សឹក​​ជួប​​ការ​​លំបាក​​ច្រើន ខ្វះ​​ទឹក​​​ប្រើ​ប្រាស់ អគ្គិសនី និង​​អាហារ​​ហូប​​ចុក​​លំបាក មិន​​ដូច​​នៅ​​​ផ្ទះ​​ខ្លួន​ឯង​​ឡើយ។

លោក យឿន ទាវ និយាយថា៖ «យ៉ាប់​​ទៅ​ៗ​​កូន​​អើយ​​ដឹង​​ធ្វើ​​យ៉ាង​ណា​ គេច​វេះ​ចេះ​នេះ..មិន​ដឹង​ទៅ​ណា បាន​ចៅ​ទៅ..​បត់​​ជើង​​បទ​​ដៃ..បើ​អត់​ចៅ​ពិបាក​លូន​វារ​តែ​ឯង»។

ស្ថានភាព​ស្នាក់​នៅ​ក្នុង​វត្ត​ចាន់​ស៊ី របស់​អ្នកភូមិ​​ព្រៃចាន់ និង​​ភូមិ​ជោគជ័យ មាន​ការ​​ឃ្លាំ​មើល​ និង​​តាមដាន​​យ៉ាង​​យក​​ចិត្ត​​ទុក​ដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយ​មាន​រថយន្ត​សង្គ្រោះ​បន្ទាន់ ក្រុម​​គ្រូពេទ្យ កន្លែង​​ផ្តល់​​អំណោយ​​មនុស្ស​ធម៌ សាលា​រៀន​បណ្ដោះ​អាសន្ន និង​​តូប​​លក់​​ដូរ​​ជុំ​វិញ​វត្ត។ ជា​រឿយៗ​គេ​ឃើញ​មាន​​សប្បុរស​​ជន​​ទាំង​​ក្នុង និង​​ក្រៅ​​​ប្រទេស បាន​​ចុះ​​ដល់​​ទីនោះ​ ចែក​​អំណោយ​​មនុស្សធម៌​​ដល់​​ពលរដ្ឋ​​ភៀស​​សឹក​​ទាំង​​នោះ។

ពលរដ្ឋ​ម្នាក់​ទៀត ​រស់​នៅ​ក្នុង​ភូមិ​ព្រៃ​ចាន់ ​អ្នកស្រី ប៉ុច សំបូរ ទទូច​ឱ្យ​រដ្ឋាភិបាល​​ពន្លឿន​​រក​​ដំណោះស្រាយ​​ធ្វើ​​យ៉ាង​​ណា​​ឱ្យ​​ពួក​គាត់​​មាន​​ជម្រក​​រស់​​នៅ និង​​ដី​​ស្រែ​​ចម្ការ ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ព្រោះ​ជីវភាព​​ស្នាក់​នៅ​ក្នុង​ជំរំ​ជួប​ការ​​លំបាក​​​ច្រើន ​គ្មាន​ឱកាស​ធ្វើ​ការងារ​ចិញ្ចឹមជីវិត និងដោះ​បំណុល។

អ្នកស្រី ប៉ុច សំបូរ និយាយថា៖ «ដី​ខ្មែរ​ហ្នឹង​ថៃ​វា​ព័ទ្ធ​យក​អស់ មិន​បាន​ចូល​ទៅ​នៅ​វិញ​​ផង​ នៅ​វត្ត​នេះ​មិន​​អាច​នៅ​យូរ​បាន​ទៀត​ទេ។ ចង់​សំណូមពរ​ដល់​រដ្ឋាភិបាល​ជួយ​ដល់​កូនចៅ មាន​ផ្ទះ​សម្បែង​នៅ ​និង​មាន​ដី​នៅ»។

ចាប់​តាំង​ពី​សង្គ្រាម ២១ថ្ងៃ ចុង​ខែ​ធ្នូ ឆ្នាំ២០២៥ មក​ទល់​ពេល​នេះ ពលរដ្ឋ​​រស់​នៅ​ភូមិ​ជោគជ័យ​ ៨៨២​គ្រួសារ និង​ភូមិ​ព្រៃ​ចាន់ ៣១៨ គ្រួសារ សរុប ១ ពាន់ ២រយគ្រួសារ (១ ២០០គ្រួសារ) នៅតែ​មិន​ទាន់​អាច​​ត្រឡប់​ទៅ​​កាន់​លំនៅឋាន​របស់​​ពួកគេ​វិញ​​នៅ​ឡើយ​ទេ ដោយសារ​យោធា​ថៃ​ព័ទ្ធ​បន្លា​លួស​ និង​ដាក់​​ទូ​កុងតឺន័រ​កាន់កាប់​ដោយ​​ខុសច្បាប់។

ពលរដ្ឋ​ម្នាក់​ទៀត ​រស់​នៅ​ក្នុង​ភូមិ​ជោគជ័យ លោក សំ ណាង វ័យ ៦០ប្លាយ​ ប្រាប់​​វីអូឌី​​ថា ​អ្ន​ក​ភូមិ​អន្ទះ​សា​រ​ក្នុង​​ចិត្ត និង​​​ទន្ទឹង​​រង់​ចាំ​​ដំណោះស្រា​យ​​ពី​​​រដ្ឋាភិ​បាល ព្រោះ​​ជីវិត​​ពួក​គាត់​​បច្ចុប្បន្ន​​ប្រៀប​​ដូច​​ជា​ចក​រសាត់​​អណ្ដែត..។

លោក​ស្ដាយ​ស្រណោះ​ភូមិ​កំណើត ​ដែល​ធ្លាប់​រស់​នៅ​យ៉ាង​សុខសាន្ត​ តាំង​ពី​ដូនតា​មក ត្រូវ​យោធា​សៀម​​ព័ទ្ធ​​យក ហើយ​ពួកគាត់​មិន​អាច​វិល​ទៅ​ផ្ទះ​បាន​ឡើយ​។

លោក សំ ណាង និយាយថា៖ «បារម្ភ​ចេះ​តែ​បារម្ភ តែ​យើង​មិន​ដឹង​ថា គិត​យ៉ាង​​ណា​ បើ​​​គេ​​នៅ​​តែ​បាញ់​​យើង​​រហូត​​អ៊ីចឹង បើ​​យើង​​មិន​​គេច​មិន​រត់​ទេ ប៉ះពាល់​ដល់​ពលរដ្ឋ​យើង»។

ឆ្លើយ​​តប​រឿង​នេះ មេភូមិ​ព្រៃចាន់ លោក ពៅ បឿន មាន​ប្រសាសន៍​ថា ការ​សំណូមពរ​របស់​​ពលរដ្ឋ គឺ​ថ្នាក់​​លើ​​បាន​​ពិនិត្យ​ ​និង​​កំពុង​​រ​ក​​ដំណោះ​ស្រាយ ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​កន្លែង​រស់​នៅ​សមរម្យ។

លោក​ថា ជីវភាព​រស់​នៅ​ក្នុង​ជំរំ​ភៀស​សឹក​មាន​បញ្ហា​ប្រឈម​ខ្លះៗ ​រួមមាន ខ្វះ​ទឹក អគ្គិសនី និង​សេវា​អ៊ិន​ធើណែត ដោយ​សារ​មនុស្ស​រស់​​នៅ​ច្រើន​ផ្តុំ​គ្នា ហើយ​លោក​បាន​រាយការណ៍​​ជូន​ថ្នាក់​លើ​រួច​ហើយ​ដែរ។

លោក ពៅ បឿន និយាយថា​៖ «ភ្លើង​​ក៏​រ​អាក់​​រអួល សេវា​​ក៏​​​ពិបាក វា​នៅ​ជុំ​គ្នា​អ៊ីចឹង ស្អី​ក៏​ខ្វះ​ដែរ​ ភ្លើង​ក៏​យើង​ប្រើ​មិន​គ្រប់»។

កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី និង​សមាគម​​អតីត​​យុទ្ធជន បាន​​ប្រជុំ​​ពិភាក្សា​ ស្វែង​​រក​​ទីតាំង​​រៀប​ចំ​​សាង​សង់​​ផ្ទះ​​ជូន​​ពលរដ្ឋ​​ភៀស​​សឹក ​ដែ​ល​​រស់​​នៅ​​តាម​​បណ្ដោយ​​ព្រំដែន។ អាជ្ញាធរ​​ថា គម្រោង​នេះ នឹង​ផ្ដល់​ជម្រក​​ស្នាក់​​នៅ​​សមរម្យ​ មាន​សុវត្ថិភាព​ស្រប​តាម​ផែនការ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​របស់​រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ ប្រធាន​ការិយាល័យ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេត​​ឃើញ​​ថា ទុក្ខ​កង្វល់​រួម​របស់​ពលរដ្ឋ​ភៀស​សឹក​ធំធេង​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ដាក់​​ជា​អាទិភាព ​រក​មធ្យោបាយ​ដោះ​ស្រាយ​ជូន​ពួកគាត់​ឱ្យ​បាន​លឿន ដើម្បី​ឱ្យ​ពលរដ្ឋ​កក់ក្ដៅ​ក្នុង​ចិត្ត និង​ជឿ​ជាក់​លើ​រដ្ឋាភិបាល។

លោក អ៊ិន គង់ជិត ថ្លែង​ថា៖ «អាជ្ញាធរ​ស្រុក​បាន​ជួយ​សម្រាល​បន្ទុក​គាត់​ខ្លះ​ ​តែ​អារម្មណ៍​គាត់​គិត​ថា បាត​​ដៃ​ទទេ​វិញ ហើយ​​កំពុង​តែ​ដូច​ចក​នៅ​កណ្ដាល​ទន្លេ​។ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​លួង​លោម​គាត់ ពង្រឹង​ស្មារតី​គាត់ គាត់​រឹង​មាំ និង​ជួយ​ឧបត្ថម្ភ ហើយ​ជំរំ​ភៀស​សឹក​គាត់​ខ្វះ​បង្គន់​អនាម័យ​ ទឹក​ប្រើ​ប្រាស់»។

កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ ​បាន​ផ្សាយ​របាយការណ៍​មួយ​បង្ហាញ​​ថា​ គិត​ចាប់​​តាំង​​ពី​​ថ្ងៃ​​​​ទី​៧ ខែ​​ធ្នូ ឆ្នាំ​​២០២៥ ជា​ថ្ងៃ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​​កម្ពុជា-ថៃ​​ជា​ថ្មី​ កម្ពុជា​ទទួល​រង​ការ​ខូច​ខាត​ផ្ទះ​ជិត១ពាន់ខ្នង ( ៩៨០​ខ្នង) និង​​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ​រួមមាន សាលារៀន មន្ទីរពេទ្យ វត្ត​​អារាម និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំណង់​ជាច្រើន។

របាយ​ការណ៍ ​បាន​បញ្ជាក់​ថា​ ជន​ភៀស​សឹក​​ជាង ​៥៣ម៉ឺន​នាក់ ​ក្នុង​ចំណោម​ជន​ភៀស​សឹក​ជាង ​៦៤ម៉ឺន​​នាក់ ​ឬ​ស្មើ​នឹង ៨២% បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ។ នៅសល់​ជន​ភៀស​សឹក​ជាង ១សែន ១ម៉ឺន ៥​ពាន់​​នាក់ (១១៥ ០០០​នាក់​) ទៀត​​​ដែល​បន្ត​រស់​នៅ​ក្នុង​ជំរំ​ភៀស​សឹក រហូត​ដល់​បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ