ក្នុងអំឡុងខែមករា ឆ្នាំ២០២៦នេះ អ្នកសង្កេតការណ៍អន្តរជាតិបានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា កំពុងស្ថិតក្នុងរបត់នៃវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃប្រព័ន្ធច្បាប់ ដែលការណ៍នេះរបាយការណ៍បន្តបន្ទាប់ ពីបណ្ដាអង្គការអន្តរជាតិធំៗ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃប្រទេសមួយដែលកំពុងញាំញីដោយផលវិបាកនៃជម្លោះព្រំដែនទ្រង់ទ្រាយធំ និងការដួលរលំនៃបណ្តាញឧក្រិដ្ឋកម្ម ដែលបានបន្សល់ទុកមនុស្សរាប់ពាន់នាក់ឱ្យរងគ្រោះយ៉ាងទម្ងន់។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបែរជាបានដាក់ចេញនូវវិធានការច្បាប់ថ្មីៗ ដែលក្រុមអ្នករិះគន់យល់ថា ជាការរឹតបន្តឹងអំណាចតាមបែបផ្តាច់ការ។
យោងតាម «របាយការណ៍ស្ថានភាពលេខ១៣៖ ស្ថានភាពព្រំដែនកម្ពុជា-ថៃ» ចេញផ្សាយដោយវេទិកាឆ្លើយតបមនុស្សធម៌ (HRF) កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានបង្ហាញពីទំហំដ៏គួរឱ្យបារម្ភនៃការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ បណ្ដាលមកពីជម្លោះដែលបានផ្ទុះឡើងខ្លាំងនៅចុងឆ្នាំ២០២៥។ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីចុងខែធ្នូក៏ដោយ ក៏តួលេខរបស់ HRF បង្ហាញថា មនុស្សប្រមាណ ជាង៤០ម៉ឺននាក់(៤០៩ ១៤៩នាក់) នៅតែបន្តបោះបង់ចោលលំនៅដ្ឋានគិតត្រឹមដើមឆ្នាំថ្មីនេះ។ របាយការណ៍បានរៀបរាប់ពីសភាពផុយស្រួយនៃតំបន់ជម្លោះ ដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមាន សាលារៀន មណ្ឌលសុខភាព និងស្ពាន ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ ដែលនេះជាការរំលោភបំពានដោយផ្ទាល់ដល់សិទ្ធិមូលដ្ឋានផ្នែកអប់រំ និងសុខភាពរបស់ពលរដ្ឋរាប់សែននាក់។
បន្ថែមលើនេះ អង្គការវើលវីសិនអន្តរជាតិ (World Vision International) បានចេញផ្សាយ «របាយការណ៍ស្ថានភាពលេខ២២» នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដោយបានផ្ដោតសំខាន់លើកិច្ចការពារកុមារ។ បើទោះជាចំនួនអ្នកផ្លាស់ទីលំនៅបានថយចុះមកត្រឹម ១៤១,៨៥០ នាក់ នាពាក់កណ្ដាលខែមករាក៏ដោយ ប៉ុន្តែអង្គការនេះបានព្រមានថា គ្រួសារជាច្រើនមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបានឡើយ ដោយសារការខូចខាតផ្ទះសម្បែង និងការគំរាមកំហែងពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO)។ របាយការណ៍សង្កត់ធ្ងន់ថា ប្រព័ន្ធរដ្ឋបាលមូលដ្ឋានកំពុងជួបការលំបាកក្នុងការស្ដារនីតិរដ្ឋ និងកិច្ចដំណើរការសេវាសាធារណៈឡើងវិញនៅក្នុងខេត្តជាប់ព្រំដែនទាំងនោះ។
ក្នុងពេលជាមួយគ្នា វិបត្តិផ្ទៃក្នុងមួយទៀតបានផ្ទុះឡើង ពាក់ព័ន្ធនឹងការរត់គេចខ្លួន និងការដោះលែងមនុស្សជាទ្រង់ទ្រាយធំ ចេញពីមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយចាប់ផ្ដើមពីរបាយការណ៍ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រោមចំណងជើងថា «កម្ពុជា៖ ជនរងគ្រោះត្រូវតែទទួលបានការការពារ ខណៈមនុស្សរាប់ពាន់នាក់ចាកចេញពីទីតាំងឆបោក»។ តាមរយៈការវិភាគលើវីដេអូភស្តុតាង អង្គការនេះបង្ហាញថា មានមនុស្សរាប់ពាន់នាក់ (ភាគច្រើនជាជនបរទេស) បានរត់គេចចេញពីទីតាំងឧក្រិដ្ឋកម្មយ៉ាងតិចចំនួន ១០កន្លែង។ អ្នកស្រាវជ្រាវបានសម្ដែងការព្រួយបារម្ភថា ជនរងគ្រោះនៃការជួញដូរមនុស្ស និងការធ្វើទារុណកម្មទាំងនេះ កំពុងត្រូវបានបោះបង់ចោលដោយគ្មានឯកសារផ្លូវការ និងការជួយសង្គ្រោះផ្នែកវេជ្ជសាស្ត្រ ដែលបង្កជាវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
ស្ថានភាពនេះកាន់តែអាក្រក់ទៅៗ ដូចដែលបានរៀបរាប់ក្នុងរបាយការណ៍របស់ Amnesty International កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដែលបានប្រមូលសក្ខីកម្មផ្ទាល់មាត់ពីអ្នករស់រានមានជីវិត អំពីអំពើហិង្សាជាប្រព័ន្ធ ការរំលោភសេពសន្ថវៈ និងការសម្លាប់នៅក្នុងទីតាំងឆបោក។ របាយការណ៍បានរិះគន់រដ្ឋាភិបាលកម្ពុជាយ៉ាងចាស់ដៃ ចំពោះភាពអសកម្មក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ និងបានលើកឡើងថា ឧស្សាហកម្មខុសច្បាប់នេះអាចរីកដុះដាលទៅបាន ក៏ដោយសារតែការធ្វេសប្រហែស ឬការសមគំនិតពីសំណាក់មន្ត្រីរដ្ឋ។
ក្រៅពីវិបត្តិមនុស្សធម៌ ផ្នែកប្រព័ន្ធច្បាប់ក៏មានការប្រែប្រួលគួរឱ្យកត់សម្គាល់ផងដែរ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch – HRW) បានចេញរបាយការណ៍រិះគន់លើអនុក្រឹត្យស្ដីពី «ការអនុវត្តច្បាប់សញ្ជាតិថ្មី» ដែលរដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃទី ២២ ខែមករា។ HRW វិភាគថា អនុក្រឹត្យនេះផ្ដល់អំណាចឱ្យរដ្ឋាភិបាលអាចដកហូតសញ្ជាតិពីបុគ្គលណាម្នាក់បានដោយអំពើចិត្ត ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការ។ ការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់ ដូចជា «ការសមគំនិតជាមួយបរទេស» ត្រូវបាន HRW ចាត់ទុកថាជាឧបករណ៍នយោបាយសម្រាប់កំណត់គោលដៅលើក្រុមប្រឆាំង ដែលអាចធ្វើឱ្យពួកគេក្លាយជាជនគ្មានសញ្ជាតិ និងបាត់បង់ការការពារតាមផ្លូវច្បាប់។
ជាចុងក្រោយ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានបង្ហាញក្ដីបារម្ភចំពោះស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។ តាមរយៈលិខិតផ្លូវការចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦ អង្គការសហប្រជាជាតិបានចាប់ផ្ដើមដំណើរការជ្រើសរើស អ្នករាយការណ៍ពិសេសថ្មី ដើម្បីតាមដានស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ការតែងតាំងនេះធ្វើឡើងចំពេលដែលមានការព្រមានជារឿយៗពីអ្នកជំនាញ UN អំពី «ការក្ដោបក្ដាប់អំណាចផ្ដាច់មុខ» និង «ការដួលរលំនៃលទ្ធិប្រជាធិបតេយ្យ» នៅក្នុងប្រទេស។
ជារួម របាយការណ៍ទាំងឡាយក្នុងដើមឆ្នាំ ២០២៦ បង្ហាញឱ្យឃើញថា កម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយដែលខ្វះការទទួលខុសត្រូវលើការរំលោភសិទ្ធិមនុស្ស និងមានការប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីរឹតត្បិតសិទ្ធិសេរីភាពបុគ្គលកាន់តែខ្លាំងឡើង៕









