ស្ថានភាពព្រំដែនក្លាយជាក្តីបារម្ភពីលទ្ធភាព​ផ្ទុះអា​វុធ​ខណៈ​​ថៃ​ប​ន្ត​​រុល​ចូល​ច្បាម​យក​ដី​ខ្មែរ​បន្ថែម

ក្រុម​អ្នក​តាម​ដាន និយាយ​ថា ស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ ហាក់​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ ខណៈ​ភាគី​ថៃ​នៅ​តែ​បន្ត​ចិញ្ចឹម​ចិត្ត​ព្យាយាម​ពង្រីក​ការ​ឈ្លាន​ពាន​យក​ដី​ខ្មែរ​បន្ថែម​ទៀត ក្រោយ​ថៃ​ឈ្លាន​ពាន​បាន​ជាង​៤០​ទីតាំង​ក្រោយ​សង្រ្គាម​​២១​ថ្ងៃ និង​ចំ​ពេល​ដែល​កិច្ច​ប្រជុំ​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ (RBC) ត្រូវ​បាន​បរា​ជ័យ។

ការណ៍នេះ ពួក​គេ​បារម្ភ​ថា បើ​គ្មាន​អ្វី​ប្រែ​ប្រួល ការ​ផ្ទុះ​អាវុធ​ទ្រង់​ទ្រាយ​ធំ​លើក​ទី៣ អាច​នឹង​កើត​ឡើង បើ​មេដឹក​នាំ​កម្ពុជា មាន​លទ្ធ​ភាព​ទប់​ស្កាត់​សត្រូវ​ឈ្លាន​ពាន។

នាយក​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​​​នៅ​​​​អូស្ត្រាលី លោក សេង វណ្ណលី ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ​ថា លោក​បារម្ភ​ខ្លាំង​ពី​ស្ថាន​ភាព​ព្រំដែន​កម្ពុជា-ថៃ នឹង​មាន​ការ​ផ្ទុះ​អាវុធ​ជា​លើក​ទី៣។

លោក​សំអាងថា ការបរាជ័យនៃកិច្ចប្រជុំ ថ្នាក់យោធភូមិភាគ​កម្ពុជា-ថៃ (RBC) រយៈ​ពេល​បី​ថ្ងៃ​នៅ​ក្រុង​ប៉ោយ​ប៉ែត​នេះ ឆ្លុះ​បញ្ចាំង​ថា ភាគី​ថៃ​ហាក់​មិន​បាន​ឱ្យ​តម្លៃ​កម្ពុជា​នោះ​ទេ ហើយ​ថៃ​ចង់​បង្ហាញ​ពី​មហិច្ចតា​មិន​ប្រគល់​ដី​ឱ្យ​ខ្មែរ​វិញ​ដែរ។

លោកថា៖ «ផ្អែកទៅលើស្ថានភាពចុងក្រោយ គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែ​មករា ឆ្នាំ​២០២៦​នេះ លទ្ធ​ភាព​នៃ​ការ​កើត​មាន​រលក​ទី​បី​នៃ​ជម្លោះ​ប្រដាប់​អាវុធ គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ខ្ពស់ ដោយ​មាន​ហេតុ​ផល​យុទ្ធ​សាស្ត្រ​នូវ​សញ្ញា​មួយ​ចំនួន​ដំបូង​បង្អស់ គឺ​ការ​បរាជ័យ​នៃ​កិច្ច​ចរចា​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្ម​ការ​ព្រំដែន​ភូមិ​ភាគ យើង​ហៅ​កាត់​ថា RBC នៅ​ក្រុង​ប៉ោយ​ប៉ែត ដែល​ទើប​តែ​បាន​បញ្ចប់​នៅ​ថ្ងៃ​នេះ​ដោយ​គ្មាន​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង ឬ​ដំណោះ​ស្រាយ​ណា​មួយ​ឡើយ»។

លើសពីនេះ លោក វណ្ណលី ក៏បានបង្ហោះសារនៅថ្ងៃទី២៩ ខែ​មករានេះ​ ដោយ​និយាយ​ថា ស្ថាន​ភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៦​នេះ បាន​ឈាន​ដល់​ដំណាក់​កាល​ដ៏​ស្រួច​ស្រាល់​បំផុត។

បន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) រយៈ​ពេល​បី​ថ្ងៃ​នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង ឬ​ដំណោះ​ស្រាយ​ណា​មួយ​ឡើយ។ ការបរាជ័យនៃកិច្ចចរចានេះ បានបង្កើតឱ្យមានភាពទទេស្អាតផ្នែកការទូត​ចំពេ​ល​ដែល​យោធា​ថៃ បាន​ប្រកាស​ដាក់​កង​កម្លាំង​ក្នុង​ស្ថាន​ភាព​ត្រៀម​លក្ខណៈ​ខ្ពស់​បំផុត ដើម្បី​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​រាល់​ការ​បាញ់​បោះណា​មួ​យ​ពី​ភាគី​កម្ពុជា។

ទោះបីជាលោក អនុធិន នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្យា​យាម​បន្ធូរ​បន្ថយ​ការ​ព្រួយ​បារម្ភ​ជា​សាធារណៈ ដោយ​អះ​អាង​ថា គ្មាន​សញ្ញា​នៃ​ការ​ផ្ទុះ​អាវុធ​រលក​ទីបី​ក៏​ដោយ ប៉ុន្តែ​សកម្មភាព​នៅ​លើ​សមរភូមិ​ជាក់​ស្តែង និង​ការ​កើន​ឡើង​នៃ​វោហា​រ​សាស្ត្រ​ជាតិ​និយម​មុ​ន​ថ្ងៃ​បោះ​ឆ្នោត ៨ កុម្ភៈ បាន​បង្ហាញ​ពី​សេណា​រីយ៉ូ​គ្រោះ​ថ្នាក់​មួយ​ចំនួន ដែល​ទាម​ទារ​ឱ្យ​មានកា​រ​តាម​ដាន​យ៉ាង​ដិត​ដល់​បំផុត។

លោក សេង វណ្ណលី ពន្យល់ថា សេណារីយ៉ូដែលទំនងជានឹងកើត​មានឡើង​មុន​គេ គឺ​ការ​ប្រើ​ប្រាស់ «យុទ្ធ​សាស្ត្រ​ការ​ពារ​ស្ថាប័ន​ព្រះ​មហា​ក្សត្រ» ដើម្បី​បើក​ប្រតិ​បត្តិ​ការ​យោធា​កម្រិត​ទាប​នៅ​តាម​តំបន់​ជម្លោះ​ ដូច​​ជា ប្រាសាទ​ព្រះ​វិហារ ឬ​តំបន់​ត្រីកោណ​មរកត​ជាដើម។

មូលហេតុចម្បងនៃសេណារីយ៉ូនេះ គឺផ្អែកលើប្រតិកម្មយ៉ាងខ្លាំងក្លារបស់​ក្រសួង​ការ​បរទេស​ថៃ​ចំពោះ «លិខិត​ចំហ» របស់​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា ដែល​បាន​ផ្ញើ​ថ្វាយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ថៃ​ឱ្យ​ជួយ​អន្តរា​គមន៍​ក្នុង​ជម្លោះព្រំ​ដែន ដែល​ថៃ​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ និង​ជាកា​រ​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង។

ក្នុងស្ថានភាពកិច្ចចរចា RBC នៅថ្ងៃទី២៩ ខែ​មករា គ្មា​នលទ្ធផល​ជា​វិជ្ជមាន យោធា​ថៃ​អាច​នឹង​ប្រើ​ប្រាស់​ «ការ​ការ​ពារ​ព្រះ​កិត្តិយស​របស់​ស្ថាប័ន​មហា​ក្សត្រ» ជា​លេស​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស ឬ​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​តូច ដើម្បី​បង្វែរ​អារម្មណ៍​អ្នក​បោះ​ឆ្នោត​ថៃ​ឱ្យ​ងាក​មក​គាំទ្រ​បក្ស​អភិរក្ស​និយម​របស់​លោក អនុធិន វិញ និង​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ដែល​ចង់​កែ​ទម្រង់​យោធា​ធ្លាក់​ក្នុង​ស្ថាន​ភាព​ពិបាក​ឆ្លើយ​តប។

លោកបន្តថា ក្នុងសេណារីយ៉ូមួយទៀត ការឈ្លានពានរលកទីបី អាច​នឹង​ត្រូវ​បាន​បក​ស្រាយ​ថា​ជា «ប្រតិ​បត្តិ​ការ​បង្ក្រាប​​ការ​ឆបោក​ឆ្លង​ដែន» ដើម្បី​កម្ទេច​មជ្ឈ​មណ្ឌល​ឆបោក​ក្នុង​ទឹក​ដី​កម្ពុជា ដែល​ថៃ​អះ​អាង​ថាឧស្សាហក​ម្ម​នេះ ត្រូវ​បាន​ការ​ពារ​ដោយ​កង​ទ័ព​កម្ពុជា។ ការ​ប្រើ​ប្រាស់​រូប​ភាព​នៃ «ការ​ការ​ពារ​ពលរដ្ឋ​ពីការ​ឆបោក» គឺ​ជា​ឧបករណ៍​នយោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​បក្ស ភូមិ​ចៃ​ថៃ ក្នុង​ការ​ដណ្តើម​សំឡេង​ឆ្នោត​ពី​អ្នក​រ​ស់នៅ​​ទីក្រុង​បាងកក។ ប្រសិន​បើ​សេណារី​យ៉ូនេះ​កើត​ឡើង យើង​នឹង​ឃើញ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ពិសេស និង​យន្ត​ហោះ​ដ្រូន ដើម្បី​វាយ​ប្រហារ​​លើ​ទីតាំង​មួយចំ​នួន​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ឬ​ខេត្ត​ឧត្តរ​មាន​ជ័យ ដោយ​អះ​អាង​ថា​ជាកា​រ​អនុវត្ត​ច្បាប់ ជាជាង​ការ​ធ្វើ​សង្គ្រាម​ដណ្តើម​ទឹក​ដី។

លោក​ថា សេណារីយ៉ូ​ចុង​ក្រោយ​ដែល​គួ​រ​ឱ្យ​បារម្ភ​បំផុត គឺការប៉ះទង្គិច​ដោយ​អចេតនា​ដែល​កើត​ចេញ​ពី​ការសា​ង​សង់​បន្ទាយ និង​លេណ​ដ្ឋាន​ថ្មីៗ​នៅ​តាម​ព្រំដែន។ អតីត​មេប​ញ្ជាកា​រ​រង​ភូមិ​ភាគ​ទី​២ រប​ស់​ថៃ បាន​ព្រមាន​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ដោយ​ចោទ​កម្ពុជា​ថា​កំពុង​ជីក​លេណ​ដ្ឋាន​មិន​ឆ្ងាយ​ពី​ខេត្ត​ត្រាត គឺ​ជា​សញ្ញា​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​​សង្គ្រាម​រលក​ទីបី​យ៉ាង​ពិត​ប្រាកដ។ ក្នុង​ស្ថាន​ភាព​ដែល​កង​ទ័ព​ទាំង​សង​ខាង​ស្ថិត​ក្នុង​ចម្ងាយ​ត្រឹម​តែ​រាប់​រយ​ម៉ែត្រ​ពី​គ្នា ភាព​មិន​ទុក​ចិត្ត​គ្នា និង​ការ​យល់​ច្រឡំ​លើ​សកម្ម​ភាព​សាង​សង់ អាច​នឹង​ក្លាយ​ជា​ផ្កា​ភ្លើង​ដុត​បញ្ឆេះ​សង្គ្រាម​ពេញ​ទំហឹង​ភ្លាមៗ។

សម្រា​ប់ លោក សេង វណ្ណលី ទោះបីជាកម្ពុជាបានពង្រឹងកម្លាំងការទូតដោយ​ចូលរួម​ក្នុង «ក្រុម​ប្រឹក្សាសន្តិ​ភាព» របស់លោក ត្រាំ និងផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS ដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិក៏ដោយ ប៉ុន្តែឥទ្ធិ​ពល​នៃនយោបាយផ្ទៃក្នុងថៃ និងតម្រូវការឈ្នះឆ្នោតរបស់ក្រុមអភិរក្សនិយមថៃ នៅ​តែ​ជាកត្តាជំរុញដ៏មានឥទ្ធិ​ពល​បំផុ​ត​ឱ្យមានការផ្ទុះអាវុធមុនថ្ងៃទី ៨ ខែកុម្ភៈ។ ដូច្នេះ ភាពស្ងប់ស្ងាត់នាពេល​បច្ចុប្បន្ន គ្រាន់តែជាភាពស្ងប់ស្ងាត់មុន​ពេលមាន​ព្យុះសង្ឃរាប៉ុណ្ណោះ ដរាបណាកិច្ចចរចាព្រំដែនកម្រិតខ្ពស់ (JBC) នៅតែត្រូវបានថៃពន្យារពេលដោយគ្មាន​កាលកំណត់។

ចំណែក តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន និយាយថា កាលពីថ្ងៃទី២៨ ខែ​មករានេះ យោធាថៃបន្ត​ចូលរាយ​លួស​បន្លា​ព័ទ្ធ​យកដី​ខ្មែរ​នៅច្រកតាថាវ និង​សម្រុកធ្វើផ្លូវចូល​គ្រប់គ្រង​ផ្ទះ​តាម៉ុក​ខេត្ត​ព្រះវិហារ។

សកម្មភាពយ៉ាងគឃ្លើនរបស់យោធាថៃបន្តឈ្លានពានទឹកដីខ្មែរនេះ លោកបារម្ភដែរថា សង្រ្គាម​លើក​​ទី៣ អាច​​នឹង​​ផ្ទុះ​​ឡើ​ង​​ម្តង​​ទៀត បើ​មេដឹក​នាំ​កម្ពុជា​អស់​ការ​អត់​ធ្មត់​នូវ​ទង្វើ​ឈ្លាន​ពាន​របស់​យោធា​ថៃ​នេះ។

លោកថា៖ «ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នៅ​តែ​ដឹង​នាំ​របៀប​ហ្នឹង ឱ្យ​ថៃ​ឈ្លាន​ពាន​ស្រេច​ចិត្ត​ អ៊ីចឹ​ង​វា​នឹង​ធ្វើ​ឲ្យ​ទឹក​ដី​របស់​យើង​ហ្នឹង​ចំនួន​៤១​ទីតាំង​ហ្នឹង បាត់​បង់​ជា​អចិន្ត្រៃយ៍​ទៅ​ខាង​ថៃ ហើយ​ប្រជា​ពលរដ្ឋ​ប្រាកដ​ជា​នឹង​បាត់​ដី​ស្រែច​ម្ការ​បាត់​ដី​ដូន​តារ​បស់គា​ត់ ផ្ទះស​ម្បែង​របស់​គាត់ ទ្រព្យ​សម្បត្តិ​របស់​គាត់ អ៊ីចឹ​ង​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ និង​បឹង​ត្រកួន ថ្មដា ច្រក​អាន​សេះ នឹង​ជួប​នូវ​ទុក្ខ​វេទនា​ជំពាក់​លុយ​ធនាគារ​​កាន់​តែ​ច្រើន»។

ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បង្ហោះសារនៅថ្ងៃទី២៩ ខែ​មករានេះ និយាយ​ថា កិច្ច​ប្រជុំ​ពិសេស RBC កម្ពុជា-ថៃ នៅ​ប៉ោយ​ប៉ែត រយៈ​ពេល​៣ថ្ងៃ បញ្ចប់​ដោយ​គ្មាន​ចំណុច​រួម​គ្នា​ណា​មួយ​នៅ​ឡើយ​។

ក្រសួង​និយាយ​ថា៖ «ភាគី​ទាំង​ពីរ កម្ពុជា-ថៃ មិន​ទាន់​រក​ឃើញ​នូវ​ចំណុច​កណ្តាល​រួម​គ្នា​មួយ​នៅ​ឡើយ​ ដូច្នេះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដក​ឃ្លា​វិល​ត្រលប់​ទៅ​ទី​បញ្ជាការ​រៀង​ខ្លួន​វិញ ហើយ​បន្ត​ផ្លាស់​ប្តូរ​ឯក​សារ និង​ពិភាក្សា​គ្នា​ឈាន​ដ​ល់​ការ​ឯកភាព​គ្នា​នា​ពេល​ខាង​មុខ»។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់​ថា ទោះ​បី​ចរចា ១០០​ឆ្នាំ​ទៀត​ ក៏​កម្ពុជា​មិន​ទទួល​បាន​ជោគ​ជ័យ ឬ​បាន​ទឹក​ដី​ត្រឡប់​មក​វិញ​ដែរ បើ​មេដឹ​ក​នាំ​កម្ពុជា​មិន​ប្តឹង​ថៃ​ទេ​នោះ។

ត្រង់ន័យនេះ លោកពន្យល់ថា ទោះកម្ពុជាព្យាយាមអង្វរថៃសុំចរចាទ្វេភាគីយ៉ា​ង​ណា​ក៏​ដោយ ក៏​ភាគី​ថៃ​ ឬ​យោធា​ថៃ មិន​ព្រម​ប្រគល់​ទឹក​ដី​ខ្មែរ​ដែល​គេ​បាន​ឈ្លាន​ពាន​នោះ ប្រគល់​ឱ្យ​មក​កម្ពុជា​វិញ​ដែរ។

សម្រាប់ លោក ម៉ែន ណាត នៅ​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ICJ និង​សហប្រធាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស​២៣​តុលា ទើប​អាច​ការ​ពារ និង​ទាម​ទារ​ទឹក​ដី​ខ្មែរ​ត្រឡប់​មក​វិញ​បាន​។

លោក​ថា៖ «ថៃគេបញ្ជាក់ជំហរតែអ៊ីចឹងរហូត ដូចជាខាង​ទាហាន​នៅ​ជួរ​មុខ​គេ ក៏​បញ្ជាក់​ជំហរ​អ៊ីចឹង​ហើយ​ខាង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​គេ ក៏​បញ្ជាក់​ជំហរ​អ៊ីចឹង​ នាយក​រដ្ឋ​មន្ត្រី​ក៏​បញ្ជាក់​ជំហរ​ដូច​គ្នា​អ៊ីចឹង អ៊ីចឹ​ង​វា​ទៅ​ជា​កញ្ចប់​ទៅ​ហើយ ហើយ​កម្ពុជា​គួរ​តែ​ដឹង​ខ្លួន​ថា​ ថៃ​គេ​គឺ​ធ្វើ​ហ្នឹង​ដូច​ថា​គេ​បាន​ត្រៀម​ទុក ហើយ​មុន​គេ​វ៉ៃ​ខ្មែរ​ហ្នឹង​គឺ​គេ​បាន​រៀប​ចំ​ប្រកាស​​អាសន្ន ដាក់​ខេត្ត​មួយ​ចំនួន​នៅជា​ប់​ព្រំដែន ក្បែរ​ជា​ខេត្ត​បណ្ដោះ​អាសន្ន និង​ដាក់​ឲ្យ​មាន​សង្គ្រាម ម្លោះ​ហើយ​កម្ពុជា​គួរ​តែ​ដឹង​ខ្លួន​ដែរ រឿង​ហ្នឹង ចរចា​ទ្វេភា​គី​វា​មិន​បាន​សម្រេច​អ្វី​ទេ»។

គួររំឮក​ថា កាល​ពីថ្ងៃ​ទី​​២៤-២៥ ខែ​​មករា ឆ្នាំ​​២០២៦​​​នេះ មាន​​ការ​​ចែក​​ចាយ​​​វីដេអូ​​​​​លើ​​បណ្តាញ​​សង្គម​​ថា យោធា​​​ថៃ​​​បាន​​​​ព្យាយាម​​​រាយ​​​បន្លា​​​​លួស​​​ព័ទ្ធ​​ចូល​​ដី​​​ខ្មែរ​​​នៅ​​តំបន់​​ចរ១ ខេត្ត​​ពោធិ៍​​សាត់ និង​​ច្រក​​ថ្មដូន ខេត្ត​ឧត្ត​រ​មាន​​ជ័យ រួម​​ទាំង​​​តំបន់​​ភ្នំ​​ខ្មោច តំប​ន់​​ជាំតែ ស្រុក​​ជាំ​ក្សាន្ត ខេត្ត​​​ព្រះ​វិហារ ជា​​ដើម។

ជុំវិញប​ញ្ហានេះ​ អ្នក​ឃ្លាំ​មើល​អះអា​ង​ថា គ្មាន​សម័យ​ណា​​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី ទៅ​ប្រទេស​ជិត​ខាង​ ច្រើន​សន្ធឹក​​សន្ធាប់ ដូ​ច​ការដឹក​នាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពេល​នេះ​ទេ។

ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​​៤៤០ ចែ​​ងថា «អំពើ​​ប្រគល់​​ឱ្យ​រដ្ឋ​​បរទេស ឬ​​ភ្នាក់​​ងារ​​​បរទេស នូវ​​ដែ​ន​​​ដី​​​ជាតិ​​​ទាំង​​ស្រុង ឬ​​មួយ​​ផ្នែក​​ជា​​​​អំពើ​ក្ប​ត់​​​ជាតិ ត្រូវ​​ផ្តន្ទា​​ទោស​​ដាក់​​ពន្ធនា​គារ​​អស់​​មួយ​​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ