សហគមន៍កោះមាស​រក​លោក ហ៊ុន សែន ជួយ​ដោះ​ស្រាយ​ជុំវិញ​វិធាន​ជួល​កោះ​នេះ​ឱ្យ​ឧកញ៉ា ឃុន សៀ

តំណាង​​ប្រជាពលរដ្ឋ​​ជិត​​១៧០​​គ្រួសារ រស់​នៅ​​តំបន់​​កោះ​មាស ក្នុង​​ខណ្ឌ​​ច្បារ​​អំពៅ រាជ​ធានី​ភ្នំពេញ និង​​ស្រុក​កៀន​​ស្វាយ និង​​​ស្រុក​​ល្វាឯម ខេត្ត​​កណ្តាល​ នៅ​​​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​​​នាំ​គ្នា​​បន្ត​​ដាក់​ញត្តិ​​នៅ​​ព្រឹទ្ធ​សភា ស្នើ​សុំ​ឱ្យ​មាន​ការ​​អន្តរា​គមន៍​​រឿង​​វិវាទ​ដីធ្លី ក្រោយ​រដ្ឋាភិបាលបាន​ធ្វើ​ប្លង់​ជាន់ដី​របស់​ពួកគាត់​ ប្រគល់​ទៅ​​ឱ្យ​​ក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ ធ្វើការ​អភិវឌ្ឍ ហើយ​​ផ្តល់គោលនយោបាយ​តិចតួច ជា​ថ្នូរ​ឱ្យពលរដ្ឋ​​​ចាក​​ចេញ​ពីភូមិករ​របស់ពួកគាត់។

លោក ថូ សម្បត្តិ អះអាងជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះមាស ក្នុង​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល បាន​ឱ្យ​​ដឹង​ថា ការ​​ដែលពួកគាត់​នាំគ្នា​ទៅដាក់ញត្តិ​នៅ​ព្រឹទ្ធសភានេះ ក្នុង​គោល​បំណង​ស្នើ​ឱ្យ​ព្រឹទ្ធ​សភាជួយ​អន្តរា​គមន៍​​លុប​ សជណ របស់រដ្ឋាភិបាល ដែល​ប្រគល់ដី​នៅ​តំបន់​កោះ​មាស ​ទៅឱ្យ​ក្រុម​ហ៊ុន ឃុន សៀ ធ្វើកា​រអភិវឌ្ឍ ខណៈដែល​ដីនៅ​តំបន់​​នោះប្រជាពលរដ្ឋ​បាន​រស់​នៅ និង​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិតរាប់​សិប​ឆ្នាំ​មក​ហើយ។

លោក​ថា៖ «រដ្ឋា​ភិបាល ឬមួយ​​ព្រឹទ្ធ​សភាព​ហ្នឹង​​ ជួយ​កែតម្រូវការ​ដូចថា​​ ដី​ខ្ញុំ​មាន​ប្លង់កាន់​កាប់​ត្រឹម​ត្រូវ កាន់​តាំង​ពី​រយៈពេល​១៩៧៩​មក តាំង​ពី​ក្រុម​សាមគ្គី​ រហូត​ដល់​ឥលូវ​នេះវា​រយៈពេល​​យូរ​ហើយ ហេតុ​អី​បាន​ជា​​ការ​​វាស់វែងឆ្នាំ​២០២០​របស់​​ថ្នាក់​ខណ្ឌ​ថ្នាក់​ស្រុក​ហ្នឹង​​​ ទៅ​ជាយក​​ទិន្នន័យ​របស់​ខ្ញុំ​ទៅធ្វើ​ប្លង់ឱ្យ​បុគ្គល​ផ្សេង ទៅជា​ធ្វើ​ប្លង់​ក្រប​លើ​ប្លង់​​ខ្ញុំ​ដែល​ខ្ញុំ​មាន​លិខិត​កាន់​កាប់​​ត្រឹម​ត្រូវ ខ្លះ​ដល់​​​មាន​​​​ប្លង់រឹង។ ចង់​ឱ្យ​រដ្ឋាភិបាលធ្វើអន្តរាគមន៍ ឬ​មួយព្រឹទ្ធ​សភា​ហ្នឹង ខ្ញុំ​មក​ហ្នឹងឱ្យ​​ជួយ​អន្តរាគមន៍​​​ឱ្យ​ថ្នាក់ខេត្តថ្នាក់​ស្រុក​ហ្នឹង គេ​មក​សម្រួល​ជាមួយ​ក្រុម​ហ៊ុន​ហ្នឹង​​ ខ្ញុំ​​​ចង់​បានប្លង់ៗ បើមិន​​បាន​​ប្លង់ក៏សុំជា​តម្លៃទីផ្សារ​ដែរ តម្លៃ​គោល​នយោបាយសុំ​តម្លៃ​ទីផ្សារ»។​

លោ​ក​បន្តថា ប្រសិន​បើ​រដ្ឋាភិបាល នៅមានភាពចាំបាច់​ក្នុងការ​អភិវឌ្ឍនោះ និង​តម្រូវ​ឱ្យ​ពលរដ្ឋ​​​​ចាកចេញ ក៏​ពលរដ្ឋ​ស្នើ​ដល់​​ព្រឹទ្ធ​សភា និង​រដ្ឋាភិបាល ផ្តល់​គោល​នយោបាយឱ្យ​បាន​​សម​រម្យ និង​តាមទីផ្សារ ដើម្បីឱ្យ​ពួក​គាត់​អាច​​រកទិញដី ទិញ​​ផ្ទះ​នៅ​តំបន់​ផ្សេង​បាន។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះមាសមួយ​រូបទៀត អ្នកស្រី វ៉ែន គន ក៏បានស្នើដល់​ព្រឹទ្ធសភា ដោះស្រាយ​បញ្ហា​​ដីធ្លី​របស់​​ពួកគាត់​ឱ្យ​បាន​ត្រឹម​ត្រូវ​ផងដែរ ដោយសារ​តែ​ដីនៅ​តំបន់​កោះ​មាស​នេះ ប្រជាពលរដ្ឋ​បានរស់​​នៅ និង​អាស្រ័យ​ផល​តាំង​ពីឆ្នាំ​១៩៧៩មក បែរ​ជា​រដ្ឋាភិបាល​ប្រគល់​ដី​នោះទៅឱ្យ​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​ទៅវិញ ហើយ​ផ្តល់គោល​នយោបាយ​ដោះដូរត្រឹម​ ៨ដុល្លារ​ក្នុ​ងមួយ​ម៉ែត្រ​ការ៉េ ដែលពួកគាត់​មិន​អាច​យក​ទៅ​ទិញដី ឬផ្ទះ​នៅ​តំបន់​ផ្សេង​បានឡើយ។​

អ្នកស្រីថា៖ «ដីពួក​ខ្ញុំ​ធ្វើ​[ស្រែ​ចម្ការ​​]តាំង​ពី​៧៩ ហើយ​មក​យក​ដី​ពួក​ខ្ញុំ​យក​ទៅ​ដោះដូរ​ទៅឱ្យ​ឈ្មោះ ឃុន សៀ ហើយ​ដល់​ពេល​គេ​វៃ​ជា​តម្លៃឱ្យ​ពួក​ខ្ញុំ​ ៨រៀល​[៨ដុល្លារ​] ហើយ​​ពួក​ខ្ញុំទទួល​​​​​យកម៉េច​បាន​ យក​​​ទៅធ្វើ​ម៉េច​បានអី​​រស់ យក​ទៅទិញអី​បាន​ធ្វើអីបាន បើ​កូន​ចៅ​ខ្ញុំ​ម៉ា​គានរគ្នា​ចឹង​​ គ្រាន់តែ​លឺសូរ​ ៨​រៀល​ អ្នក​ខ្លះ​ទឹក​ភ្នែក​​ហើយ គេ​ថា​​ម៉ែចេញ​ពី​ហ្នឹង​ទៅ​ យើ​ងមានតែ​ងាប់ មានតែ​ផ្លូវ​ងាប់ ហើយ​យក​ចែកគ្នា​ម៉េច​បាន​ យកទៅ​រក​ស៊ី​ធ្វើ​អី​កើត[…] បើ​គេ​យក​អភិវឌ្ឍន៍​ក៏​អភិវឌ្ឍន៍​​ចុះ ប៉ុន្តែធ្វើ​ម៉េច​​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំឱ្យ​​បាន​ត្រឹម​ត្រូវសម​រម្យ ពួកខ្ញុំ​ចេញ​ពី​ហ្នឹង​ទៅ​ឱ្យ​បានកូន​ចៅ និង​​​ពួក​អ្នក​នៅ​លើ​កោះហ្នឹង​ ឱ្យ​បាន​​គ្នា​បានរស់ ឱ្យ​​មានមុខ​របរ​អី​ឱ្យ​បាន​​ចិញ្ចឹម​ខ្លួន​ ចិញ្ចឹម​ជីវិត​បាន​ស្រួល​​​ផង ព្រោះ​អាហារ​បី​ពេល​វា​ធ្ងន់​ណាស់»។​  

ក្រោយដាក់ញត្តិទៅ​កាន់ព្រឹទ្ធសភា តំណាង​ពលរដ្ឋ​តំបន់​កោះមាស លោក ជុំ សំអឿន ឱ្យ​ដឹងថា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រឹទ្ធសភា បានពិនិត្យញត្តិ​​​របស់​ពលរដ្ឋ ប៉ុន្តែ​តម្រូវ​ឱ្យ​ពួកគាត់​ដាក់​ឯកសារ​​បន្ថែមដើម្បី​ឱ្យ​បាន​ត្រឹម​ត្រូវ​ នោះព្រឹទ្ធ​សភា​​នឹ​ង​ពន្លឿន​នីតិវិធី​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​របស់ពលរដ្ឋ។

ជាមួយ​គ្នា​នេះ លោក សំអឿន រំពឹងថា ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន​ នឹង​ជួយ​អន្តរា​គមន៍​​​រក​ដំណោះស្រាយ​ឱ្យ​ពលរដ្ឋ ព្រោះពួកគាត់​ភាពច្រើន​ជា​កសិករ រស់​នៅពឹង​អាស្រ័យ​តែ​លើ​​ដី​នេះ​ទេ សម្រាប់​រស់នៅ និង​ដាំ​ដំណាំចិញ្ចឹម​ជីវិត។

លោកថា៖ «មានការ​ធ្វើ​ប្លង់​បំពាន​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​ ឃុន សៀ នេះ ហើយ​ចំណែក​ប្រជាជនទៅ​​​ជា​អត់បានទៅវិញ ចឹង​សូម​ឱ្យ​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា មេត្តាជួយៗ​​ធ្វើ​ម៉េចជួយ​​​ដោះ​​ស្រាយឱ្យ​កូន​ចៅ​ ធ្វើ​ម៉េច​​ឱ្យ​បាន​សេចក្តី​សុខ ហើយនិ​ង​​ឱ្យ​បាន​ដីហ្នឹងសម្រាប់​​​បង្ក​បង្កើន​ផល​ចិញ្ចឹមជីវិត ពីព្រោះកូន​ចៅមានតែ​ដី​ប៉ុណ្ណឹង​ទេ បើសិន​ជា​អត់​ដីហ្នឹង​​ យើង​អត់​ដឹង​បាន​អី​រស់​ទេ»

យោងតាម​លិខិត​មួយ​របស់​ទីស្តីកា​រគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ រដ្ឋាភិបាល​​បាន​​អនុញ្ញាត​​ឱ្យ​ក្រុមហ៊ុន ឃុន សៀ អ៊ីម​ផង អ៊ិច​ផត ទិញ​ផ្តាច់​​​ទីតាំង​​ដី​កោះមាសទំហំជាង ៣៤០ហិកតា (៣៤០ហិកតា ៣៨​អា ០៤​សង់​ទីអា) ស្ថិត​នៅ​ភូមិ​ជ្រោយ​អំពិល​១ សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ និ​ងនៅភូមិ​កោះប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល ក្នុង​តម្លៃជាង ១០លាន​ដុល្លារ (១០ ២១១ ៤១២​ដុល្លារ) ជា​ថ្នូរ​ក្នុងការ​កសាង​សមិទ្ធ​ផល​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និ​ងរដ្ឋបាល​​ខេត្ត​កណ្តាល។

លិខិតរបស់ទីស្តីការ​ បន្តថា រដ្ឋាភិបាល​អនុញ្ញាតឱ្យ​ប្រើ​ប្រាស់​ថវិកា​ដែល​បាន​ពីការ​លក់ផ្តាច់​ចំនួនជាង ៥លាន​ដុល្លារ (៥ ៤៤៥ ០៤២ដុល្លារ) ជាថ្នូរ​ក្នុងកា​រសាង​សង់​​អគារ​គណៈបញ្ជា​ការ​ឯក​ភាព​រដ្ឋបាល​រាជធានីភ្នំពេញ និ​ង​ថវិកា​ចំនួនជាង ៤លាន​ដុល្លារ (៤ ៧៦៦ ៣៧០ដុល្លារ) ជា​ថ្នូរ​ក្នុងការ​ស្ថាបនា​ច្រាំង​ទន្លេ និងការ​រៀបចំសួន​ច្បារ​​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល។ ហើយ​ក្រុម​ហ៊ុន​ត្រូវ​ធ្វើការ​ដោះស្រាយ​គោល​នយោ​បាយ​​ ជូន​ប្រជាពលរដ្ឋ​កាន់​កាប់​អាស្រ័យ​ផល​នៅ​លើ​ទីតាំង​​​ដី​ដោះមាស​ក្នុង​តម្លៃ​ចាប់​ពី​ ៥ ទៅ​ ៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ទីស្តីការ​គណៈរដ្ឋមន្ត្រី បានគូស​បញ្ជាក់​ទៀត​ថា អនុញ្ញាត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និ​ងរដ្ឋ​បាល​​ខេត្ត​កណ្តាល ចេញប្រកាស​រួច​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ​ ផ្ទេរ​កម្ម​សិទ្ធិកាន់​កាប់​ទីតាំ​ងកោះមាស ជូន​ក្រុមហ៊ុន​ឃុន សៀ អ៊ឹម​ផង អ៊ិច​ផត មុន​ពេល​ក្រុមហ៊ុន​អនុវត្ត​កាតព្វ​កិច្ច​ចំណុច​ទី១ ដោយពន្ធប្រថាប់ត្រា និង​ពន្ធ​ផ្សេង​ៗ​ជាប់ពាក់ព័ន្ធ​​នឹង​ការ​ផ្ទេរ​សិទ្ធិ​ជា​បន្ទុក​របស់​រដ្ឋ។

អ្នកនាំពាក្យ​ប្រធាន​ព្រឹទ្ធសភា លោក ជា ធីរិទ្ធិ មាន​ប្រសាសន៍យ៉ាង​ខ្លីថា៖«នៅពេល​ដែល​យើង​​ទទួលបាន​លិខិត​ យើ​ងនឹ​ងពិនិត្យ​មើល​ទៅ​តាម​ជាក់ស្តែង​ តើ​ស្ថាប័ន​មាន​សមត្ថកិច្ចក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ប្រជា​ពលរដ្ឋ​ ដោយ​​របៀបណា​»។

​នាយក​​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​​ លោក ​អំ សំអាត យល់ថា បើតាម​យន្ត​ការ នីតិវិធី និង​​ច្បាប់ គឺមានគ្រប់គ្រាន់ក្នុងការ​ដោះស្រាយបញ្ហា​ដីធ្លី ប៉ុន្តែ​លោក​សង្កេត​​​ឃើញ​ថា ​​កន្លងមក ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ថ្នាក់​ក្រោម​ជាតិ ហាក់​នៅ​មាន​កង្វះ​ខាត​​ផ្នែក​មធ្យោ​បាយ នីតិវិធី និង​ឆន្ទៈ​ក្នុងការ​ដោះស្រាយ ដែលធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ មិន​មាន​ទំនុក​​​​ចិត្ត ហើយ​បន្ត​ស្វែង​រក​ការ​អន្តរាគមន៍​ពី​ថ្នាក់ជាតិ ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ ឬ​ថ្នាក់​ដឹក​​នាំ​​កំពូលៗ ដើម្បី​ឱ្យជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់។

លោក​បន្តថា នៅពេល​ដែល​ពលរដ្ឋ​ប្រើ​យន្តការរក​អន្តរាគមន៍ពី​ថ្នាក់ជាតិ ឬថ្នាក់​ដឹកនាំ​កំពូល​ៗ វា​ធ្វើ​ឱ្យការ​រកដំណោះ​ស្រាយ​​មានការ​អូសបន្លាយពេល​យូរ ធ្វើ​ឱ្យ​គ្មាន​ទំនុក​​ចិត្ត​​លើ​​អាជ្ញាធរ​ថ្នាក់​ក្រោម​​ជាតិ និង​ប៉ះពាល់​ដល់ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ ដែលការណ៍នេះ រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​នីតិ​វិធី​ក្នុងការ​ដោះស្រាយ។  ​

លោកថា៖ «ចឹងចំពោះបញ្ហា​នេះ ខ្ញុំ​យល់ឃើញ​​ថា គួរតែ​មានការ​ពន្លឿន​នីតិវិធី​ក្នុងការ​ដោះស្រាយ​​​ទៅលើ​បញ្ហា​​ទាំង​អស់​នេះ​ ឱ្យ​បាន​​ចប់ ឱ្យ​បាន​ឆាប់​វា​កាន់តែ​ល្អ ដើម្បី​កុំ​ឱ្យ​មានផល​ប៉ះពាល់​​​ទៅ​ដល់​​ភាគី​​ទាំង​​សង្ខាង ហើយ​ការ​អភិវឌ្ឍ​ នណារ​ៗ​ក៏ចូលរួម​ដែរ​​ក្នុងការ​អភិវឌ្ឍ អ្នកណា​​មិន​ចង់​បាន​ការ​អភិវឌ្ឍ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា ការ​អភិវឌ្ឍហ្នឹងគឺ​​​ប្រកប​ដោយ​តម្លា​ភាព និង​យុត្តិ​ធម៌ ហើយ​ប្រសិន​បើ​ក្រុម​ហ៊ុន​ឯក​ជន​​​ទទួល​បាន​ការ​អភិវឌ្ឍ​នៅ​តំបន់​ហ្នឹង​ ប្រជាពលរដ្ឋ​ដែលគាត់​​​កាន់​កាន់​អាស្រ័យ​ផលកន្លងមក គួរតែត្រូវ​បានដោះស្រាយ​ជាមុន​ មុននឹង​​​ផ្តល់ជូន​​ក្រុម​ហ៊ុន​ឯកជន​កាន់​កាប់»។​

អ្នក​អភិវឌ្ឍន៍​ដីធ្លី​ដ៏​លេចធ្លោ​នៅ​កម្ពុជា លោក ឃុន សៀ បានទទួលងារ​​​ជា​អ្នកឧកញ៉ា​ កាលពី​ឆ្នាំ​​២០០៨ ហើយនៅឆ្នាំ២០២១ លោក ឃុន សៀ បានចាក់ដីលប់ច្រាំងទន្លេមេគ្គងដើម្បីសាងសង់ទីក្រុងរណប ទំហំ៧០ហិកតា នៅក្រុងអរិយក្សត្រ។ ពលរដ្ឋធ្លាប់លើកឡើងប្រាប់​សារព័ត៌មានក្នុង​ស្រុក​​ថា ក្រោមគម្រោង​អភិវឌ្ឍន៍នេះ ពួកគេមិនត្រូវបាន​​គេជូនដំណឹង​ជាមុនទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ