ពលករ​មួយ​ចំនួនត្រឡប់​​​ពី​​ប្រទេស​ថៃ​​នៅ​​មិន​​ទាន់​​មាន​​ការ​ងារ​​ធ្វើ ស្រប​​ពេល​​សេដ្ឋ​កិច្ច​​កាន់​​​តែ​​លំបាក

ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ បាន​អះ​អាង​មក​ថា ពួក​គេ​ខ្លះ​មិន​ទាន់​មាន​ការ​ងារ​ធ្វើ​នៅ​ឡើយ​ទេ​ជិត​កន្លះ​ឆ្នាំ​មក​នេះ ដោយ​សារ​តែ​ទីផ្សារ​ការ​ងារ​នៅ​កម្ពុជា​ចង្អៀត​ ធ្វើ​ឱ្យ​ប្រឈម​នឹង​បញ្ហា​ជីវភាព​ ទោះ​ក្រសួង​​ការ​ងារ​ ធ្លា​ប់​អះ​អាង​ពី​​ភាព​​រីក​ចម្រើន​​លើ​​វិស័យ​​ការ​ងារ​​របស់​​កម្ពុជា​ក៏​ដោយ។

ការសិក្សានានា បង្ហាញ​ថា ពលករ​​ខ្មែរ​​ជិត ១​លាន​​នាក់ ​បាន​​វិល​​ចូល​​កម្ពុជា​​វិញ តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល ក្រោយ​​ជម្លោះ​​ព្រំដែន​​នៃ​​ប្រទេស​​ទាំង​​ពីរ ហើយ​​ពួក​គេ​​កំពុង​​ប្រឈម​​នឹង​ខ្វះ​ការងារ​ធ្វើ។

ការណ៍​នេះ​បណ្ដាល​ឱ្យ​ពលករ​មួយ​ចំនួន ​បន្ត​​ប្រថុយ​ប្រថាន​​ដោយ​​ខុស​​ច្បាប់​​ទៅ​​រក​​ការងារ​​​នៅ​​ស្រុក​​ថៃ​​វិញ ទោះ​​ត្រូវ​​តម្រួត​​​ថៃ​​ចាប់​​ខ្លួន​នៅ​​តាម​បណ្ដោយ​ព្រំដែន​បញ្ជូន​មក​វិញ​ក្ដី។ ពលករ​ខ្លះ ​ក៏​ត្រឡប់​​ទៅ​​ប្រទេស​​ថៃ​​វិញ​​​ដោយ​​ជោគ​ជ័យ តាម​​រយៈ​​មេខ្យល់ ទោះ​​ត្រូវ​ចំណាយ​ច្រើន​ជាង​ធម្មតា។

ពលករ​ម្នាក់​ដែល​បាន​ត្រឡប់​មក​ខ្មែរ​វិញ​​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ លោក​ស្រី រ៉ាន់ សំនៀង ថ្លែង​​ប្រាប់​​វីអូឌី​​ថា ក្រោយ​​​ត្រឡប់​មក​​ដល់​ខ្មែរ​​វិញ លោក​​ស្រី​និង​ស្វាមី​​មិន​ទាន់​​មាន​ការងារ​​​ជាក់​លាក់​​ទេ ក្រៅ​ពី​ធ្វើ​ការងារ​ផ្ទះ ស្រែ​​ចម្ការ និង​ស៊ី​ឈ្នួល​​ដក​ដំឡូង បេះ​​ពោត​ម្ដង​​ម្កាល​​ប៉ុណ្ណោះ។

លោកស្រី​អះអាង​ថា នៅ​ភូមិ​ដូងខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ មាន​ពលករ​អត់​ការងារ​ដូច​លោក​ស្រី​​ជា​ច្រើន​នាក់​ទៀត ព្រោះ​តំបន់​លោកស្រី​នៅ​ឆ្ងាយ​ពី​រោងចក្រ សហគ្រាស ហើយ​លោកស្រី​ទើប​បាន​​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​ភៀស​សឹក​ជាង ២០​ថ្ងៃ ដោយសារ​ថៃ​វាយ​ប្រហារ​ឈ្លានពាន។

មួយ​វិញ​ទៀត​ លោកស្រី​មិន​ហ៊ាន​ប្រថុយ​ទៅ​រក​ការងារ​តាម​រោងចក្រ​នៅ​ទីក្រុង ព្រោះ​​បារម្ភ​​គេ​​មិន​​ទទួល​ និង​​ឯកសារ​​ស្មុគ​ស្មាញ។ លោកស្រី​​ដឹង​ពី​មិត្តភក្ដិ​ថា ថៅកែ​មួយ​ចំនួន​រើសអើង​អាយុ​​ជាដើម ខណៈ​​ស្វាមី​លោក​ស្រី​​មាន​អាយុ​ជាង ៤០​ឆ្នាំ​ហើយ។ លោកស្រី​ថា បើ​ទៅ​ហើយ អត់​បាន​ការងារ​ធ្វើ នោះ​ពួកគាត់​នឹង​កាន់​​តែ​ជួប​ការ​លំបាក ព្រោះ​គ្រួសារ​ខ្វះខាត​ខ្លាំង។

លោកស្រី​ស្នើ​ដល់​រដ្ឋាភិបាល​ពិចារណា​ចុះ​ដល់​តាម​​ភូមិ​ឃុំ សម្រួល​​ដល់​ពួកគាត់​​ដើម្បី​​បាន​ការ​ងារ​​សមរម្យ​​ក្នុង​​ការ​​ចិញ្ចឹម​​​ជីវិត។

អ្នកស្រី រ៉ាន់ សំនៀង និយាយថា​៖«ដោយសារ​​យើង​អត់​សូវ​មាន​សោហ៊ុយ ខ្ញុំ​​ចង់​ឱ្យ​ក្រសួង​ចុះ​​មក​ដល់​​ស្រុក​ថ្ម​ពួក​​ផង កុំ​​ចុះ​​តែ​​ស្រុក​​អង្គរ​បុរី។ ម៉េចម៉ា​សូម​ក្រសួង​ចុះ​មក​ដល់​ផ្ទាល់»

ពលករ​ខ្មែរ​ផ្សេង​ទៀត​ដែល​កំពុង​រស់​នៅ​តំបន់​ភៀសសឹក បាន​ជួប​បញ្ហា​អត់​ការងារ និង​​អត់​​លុយ​​បង់​​ធនាគារ និង​​ចិញ្ចឹម​​កូន​​ក្នុង​​បន្ទុក​​ដល់​​៤​នាក់។ អ្នក​ស្រី សល សាវត្ត ប្រាប់​វីអូឌី​ថា ស្ថានភាព​គ្រួសារ​អ្នក​ស្រី​​ពិបាក​​ខ្លាំង​​ណាស់ តាំង​ពី​ព្រំដែន​កម្ពុជា​ថៃ​បាន​បិទ​មក។

អ្នកស្រី​ជា​អ្នក​ស្រុក​នៅ​តំបន់​ផ្លូវ​បំបែក នៃ​តំបន់​បឹង​ត្រកួន​​​ជាប់​ព្រំដែន​តែ​ម្ដង ហើយ​ផ្ទះ​លោកស្រី​ត្រូវ​យោធា​ថៃ​កំពុង​​​កាន់​កាប់។ កាល​ពី​មិន​ទាន់​ផ្ទុះ​​សង្គ្រាម លោកស្រី​និង​ស្វាមី​តែង​ទៅ​​ធ្វើ​ការ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ប្រទេស​​ថៃ ដោយ​ពេល​ព្រឹក​ចេញ​ទៅ ហើយ​ល្ងាច​ឡើង​ត្រឡប់​មក​វិញ ដើម្បី​មើល​ថែ​កូន និង​ម្ដាយ​ចាស់។ សម្រាប់​អ្នកស្រី​​ថា បច្ចុប្បន្ន​ស្វាមី​លោកស្រី​ គឺ​លោក ហុក ហុង បាន​ទៅ​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ប៉ៃលិន ដើម្បី​បាន​​ប្រាក់​​សង​ធនាគារ ខណៈ​លោកស្រី​និង​កូន​ទាំង​៤ និង​ម្ដាយ​ចាស់​បាន​សុំ​ផ្ទះ​អ្នក​ភូមិ​រស់​នៅ ក្នុង​ភូមិ​មួយ​​នៃ​ស្រុក​ថ្មពួក ក្បែរ​តំបន់​ភៀស​​សឹក។

លោកស្រី​រៀបរាប់​ទាំង​កូន​តូចៗ​យំ​ទ្រហឹង​អឺងកង ដោយ​ស្នើ​រដ្ឋាភិបាល​ជួយ​ពន្លឿន​​ការ​ដោះស្រាយ​ទាមទារ​ដី​​ផ្ទះ​​ពី​ថៃ​មក​វិញ និង​បើក​ដំណើរការ​ព្រំដែន​ឱ្យ​បាន​ឆាប់ ដើម្បី​ពួកគាត់​អាច​ទៅ​រស់​នៅ និង​​ចិញ្ចឹម​ជីវិត​វិញ​បាន។

អ្នកស្រី សល សាវត្ត និយាយ​ថា៖«តាំង​ពី​បិទ​ច្រក (ព្រំដែន) មក ខ្ញុំ​មិន​បាន​ធ្វើ​ការ​ទេ គឺ​នៅ​ផ្ទះ​មើល​កូន។ ឥឡូវ​​ធ្វើការ​មិន​បាន​ទាំង​ប្ដី​ទាំង​ប្រពន្ធ ពិបាក! ជំពាក់​​អង្គការ​​ឡើង​២-៣! ហើយ​កូន​បៅ​ទឹកដោះ​គោ​ទៀត​។ ចង់​បាន​ដី​បាន​​ផ្ទះ​វិញ​ដូច​មុន​ទៅ បាន​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពី​កូន។ បើ​អត់​ទាន់​បាន​ដី​បាន​ផ្ទះ​អ៊ីចឹង ទៅ​ធ្វើ​ការ​ចោល​​​កូន​មិន​បាន​ទេ»។

ពលករ​ខ្មែរ​ម្នាក់​ទៀត​​មាន​ស្រុក​កំណើត​នៅ​ភូមិ​​ស្រម៉ុក ឃុំ​ពន្លៃ ស្រុក​អង្គរ​បុរី ខេត្ត​តាកែវ លោក យិន សុខុម ប្រាប់​​វីអូឌី​ថា លោក​និង​គ្រួសារ​សម្រេច​បន្ត​នៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ពុំ​ត្រឡប់​ទៅ​ខ្មែរ​វិញ​នោះ​ឡើយ។ លោក​​បារម្ភ​ខ្លាច​គ្មាន​​ការងារ​ធ្វើ​ពេល​ត្រឡប់​ទៅ​វិញ។

ក្នុង​វ័យ ៤៥​ឆ្នាំ លោក​​ហាក់​គ្មាន​សង្ឃឹម​ថា បាន​ការងារ​រោងចក្រ​ធ្វើ​នោះ​ទេ។ មួយ​ទៀត ​លោក​ពុំ​អាច​ទ្រាំ​នឹង​​សម្ដី​មិន​សមរម្យ និង​​ការ​ជេរ​ប្រមាថ​របស់​ថៅកែ​​ចិន ចំពោះ​កម្មករ​ខ្មែរ ដែល​ជា​​មូលហេតុ​សម្រាប់​លោក​បន្ត​​​នៅ​ស្រុក​ថៃ។ លើស​​ពី​​នេះ ​លោក​ថា មាន​​ពលករ​ទើប​ត្រឡប់​​ពី​ខ្មែរ​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ ដោយ​សារ​​ហេតុផល​​​ដែល​​លោក​​បាន​រៀបរាប់។

ដោយឡែក​ ពលករ​​ដែល​បាន​ការងារ​ធ្វើ​ក្រោយ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ រៀបរាប់​​ផ្សេង​ពី​នេះ។ លោកស្រី ខន ស្រីមុំ ដែល​​​រស់​នៅ​ខេត្ត​ព្រៃវែង ហើយ​បច្ចុប្បន្ន​​កំពុង​ធ្វើ​ការងារ​​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ប្រាប់​វីអូឌី​ថា លោក​ស្រី​និង​សាច់​ញាតិ​បាន​ត្រឡប់​មក​ខ្មែរ​វិញ​ទាំងអស់។

ក្រោយ​មក​ដល់​ខ្មែរ​ភ្លាមៗ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ មេភូមិ​សំរោង ឃុំ​សំរោង ស្រុក​​ស្វាយ​អន្ទរ បាន​​ចុះ​​មក​​ណែនាំ​​ផ្ទាល់ និង​ស្រង់​​ឈ្មោះ​​ពួកគាត់​ភ្លាម​ៗ ដើម្បី​ជួយ​រក​ការងារ។

អ្នកស្រី​អះអាង​ថា ដោយសារ​ពួកគាត់​ធ្វើ​ផ្នែក​សំណង់​នៅ​ថៃ ហើយ​ត្រឡប់​មក​កម្ពុជា​វិញ ក៏​បន្ត​ធ្វើ​ការ​សំណង់​​​ដដែល​​​ភ្លាមៗ​​​នៅ​ពេល​នោះ។ អ្នកស្រី​បន្ត​ថា ឥឡូវ​លោកស្រី​និង​បងប្អូន​ស្រីៗ​បាន​​ប្ដូរ​មក​ធ្វើ​ការ​រោងចក្រ ប៉ុន្តែ​ស្វាមី​និង​បង​ប្អូន​ប្រុស​នៅ​ធ្វើ​ផ្នែក​សំណង់​ដដែល។

សម្រាប់​លោកស្រី ​ការងារ​នៅ​ខ្មែរ និង​ថៃ​ពុំ​ខុស​គ្នា​ប៉ុន្មាន​ទេ ទាំង​​ប្រាក់​​កម្រៃ និង​ជីវភាព​រស់​នៅ។ ទន្ទឹម​នឹង​នេះ​​លោក​ស្រី​​ប្ដេជ្ញា​ថា មិន​ត្រឡប់​ទៅ​ថៃ​វិញ​ទេ។ បន្ថែម​ពី​នេះ ​លោកស្រី​ក៏​ស្នើ​ដល់​ពលករ​ខ្មែរ​ផ្សេង​ទៀត បើ​​អាច​​​ត្រឡប់​មក​​កម្ពុជា​​វិញ ហើយ​​ខិតខំ​រក​ការងារ​ធ្វើ​ដូច​ពួក​គាត់។

អ្នកស្រី ខន ស្រីមុំ និយាយ​ថា៖«នៅ​ស្រុក​យើង (ខ្មែរ) ស្រួល​ជាង​ស្រុក​គេ (ថៃ) ទេ។ នៅ​ស្រុក​គេ​ភ័យ​ផង​អី​​​ផង យើង​នៅ​ស្រុក​យើង​វា​មិន​ភ័យ។ ចង់​ផ្ដាំ​ផ្ញើ​ថា ​ឱ្យ​មក​រក​ស៊ី​នៅ​ស្រុក​​យើង​វិញ​មក ការងារ​ស្រុក​យើង​​មិន​ខ្វះ​ទេ រក​បាន​ដូច​តែ​គ្នា»

កាល​ពី​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២៥ ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​​ពលករ​​ខ្មែរ​​ដែល​​កំពុង​ធ្វើ​​ការ​នៅ​ប្រទេស​ថៃ ត្រឡប់​មក​មាតុភូមិ​វិញ មុន​ពេល​អាជ្ញាធរ​ថៃ​បណ្តេញ​ចេញ ឬ​ប្រមាថ។ សារ​​អំពាវនាវ​នោះ ​ធ្វើ​ឡើង​​ក្រោយ​ទាហាន​ថៃ​លួច​បាញ់​ប្រហារ​​ទាហាន​ខ្មែរ​ម្នាក់​​ស្លាប់​ នៅ​ក្នុង​លេណដ្ឋាន តំបន់​​មុំ​បី ខេត្ត​ព្រះវិហារ។

ក្នុង​សារ​របស់ ​លោក ហ៊ុន សែន បាន​បញ្ជាក់​ថា រដ្ឋាភិបាល នឹង​ទទួល​ពលករ​ទាំងអស់​​ឱ្យ​តែ​​​ជា​ជនជាតិ​ខ្មែរ ទោះ​បី​​ជា​​​មាន ឬ​គ្មាន​ឯកសារ​គ្រប់គ្រាន់។

វីអូឌី ​មិន​អាច​សុំ​ការ​ពន្យល់​​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ ​លោក ស៊ុន មេសា ពី​​ចំនួន​​ពលករ​​ជាក់​ស្ដែង​​ដែល​​បាន​​ការ​ងារ​​ធ្វើ និង​​មិន​​ទាន់​​បាន​​ការ​ងារ ក្រោយ​​ត្រឡប់​​​ពី​​ប្រទេស​​ថៃ គិត​​ត្រឹម​​ថ្ងៃ​​ទី២៨ ខែ​មករា។ ប៉ុន្តែ លោក​​បាន​​ប្រាប់​​កាសែត​​ក្នុង​​ស្រុក ​កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ​២០២៦​ថា ពលករ​​ខ្មែរ​​មក​​​ពី​​ថៃ​ប្រមាណ ​៦២​ម៉ឺន​​នាក់ ​ទទួល​​បាន​​ការ​ងារ​​​​ធ្វើ​​ហើយ។

លើស​ពី​នេះ ​លោក ស៊ុន មេសា បាន​ផ្សព្វផ្សាយ​តាមរយៈ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២៥ ខែ​មករា ថា បច្ចុប្បន្ន​​មាន​ការ​ងារ​​ជិត ១០​ម៉ឺន (៨៩ ៥៣៩) កន្លែង​​ទៀត សម្រាប់​ពលករ​ដែល​ត្រឡប់​ពី​ថៃ។ រី​ឯ​ក្រសួង​ការងារ​បាន​រៀប​​ចំ​វេទិកា​ការងារ​តាម​បណ្ដា​ខេត្ត​នានា ដូចជា ស្រុក​មោងឫស្សី មាន​ការងារ​ជាង ៥ពាន់​កន្លែង ស្រុក​សេរីសោភ័ណ ជាង ២​ពាន់​កន្លែង ស្រុក​​បវេល ជាង ៤​ពាន់​កន្លែង និង​ខេត្ត​ស្វាយរៀង​ជាង ៥​ពាន់​កន្លែង រួម​នឹង​ខេត្ត​​មួយ​ចំនួន​ទៀត។

ក្រសួង​តម្រូវ​ឱ្យ​ពលករ​ត្រូវ​ទាក់ទង​ចុះឈ្មោះ​តាមរយៈ​​អេប ឬ​កម្មវិធី​ស្កេន​ទូរស័ព្ទ​ស្មាត​ហ្វូន ឬ​ហៅ​ទូរស័ព្ទ​ដោយ​​មិន​គិត​ថ្លៃ ២៤​​ម៉ោង លើ​២៤​ម៉ោង មក​លេខ ១២៨៦ សម្រាប់​ការងារ និង​សាកសួរ​ព័ត៌មាន​លម្អិត និង​​លេខ ១២៩៧ ​សម្រាប់​​បណ្ដឹង​ផ្សេងៗ។

កន្លង​ទៅ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ តែង​អះអាង​ពី​តួលេខ​ដែល​ពលរដ្ឋ​​កម្ពុជា​​មាន​ការងារ​ធ្វើ​ប្រមាណ ៩៩​ភាគរយ។ ប៉ុន្តែ តួលេខ​នេះ​​ពុំ​ឆ្លុះ​បញ្ចាំង​ពី​ការពារ​ពិត​ទេ ព្រោះ​ពលរដ្ឋ​ខ្មែរ​ជាង ២​លាននាក់ ​បាន​​ធ្វើ​​ការ​​នៅ​​​​ប្រទេស​​​ថៃ មាន​ន័យ​ថា ពលករ​ជាង​ពាក់​កណ្ដាល​ទៀត កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ពុំ​បាន​វិល​​មក​កម្ពុជា​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ឡើយ។

ចំណែក​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​អន្តោប្រវេសន៍ និង​សិទ្ធិ​ការងារ ​​មិន​ឯកភាព​នឹង​តួលេខ​​ដែល​​ក្រសួង​​ការ​ងារ​​បាន​​អះ​អាង​​ឡើយ។ មន្ត្រី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ផ្នែក​ពលករ​ចំណាក​​ស្រុក​​របស់​​អង្គ​ការ​​សង់​ត្រាល់ (Central) ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន ប្រាប់​​វីអូឌី​ដោយ​យោង​​តាម​របាយការណ៍​ស្ទង់មតិ។

តួលេខ​​នោះ គឺ​ពលករ​ខ្មែរ​ត្រឡប់​ពី​ថៃ មាន​តែ​ជាង ៣០​ភាគរយ​ប៉ុណ្ណោះ ឬ​ស្មើ​​ជិត ៣០​​ម៉ឺន​​នាក់ ក្នុង​ចំណោម​​ពលករ​​ជាង ៩០​​ម៉ឺន​​នាក់ ​ដែល​​ទទួល​​បាន​​ការ​ងារ។ លោក​បន្ត​ថា បច្ចុប្បន្ន​អ្នក​អត់​ការងារ​ធ្វើ​រាប់​ពាន់​​នាក់ បាន​ប្រថុយប្រថាន​ចូល​​ប្រទេស​ថៃ​វិញ តាម​​ផ្លូវ​គោក ផ្លូវ​ទឹក និង​​ជិះ​យន្តហោះ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​តាម​​រោងចក្រ​ដែល​ពួកគេ​ធ្លាប់​ធ្វើ ដោយ​មាន​ថៅកែ​ចាំ​ទទួល ទោះ​ត្រូវ​ចំណាយ​ច្រើន​ក្ដី។

ក្នុង​នោះ ពលករ​ខ្មែរ​មួយ​ចំនួន​​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួន​​ឃុំឃាំង និង​បញ្ជូន​​ត្រឡប់​មក​ខ្មែរ​​វិញ​​ជា​​ហូរ​ហែ ប៉ុន្តែ​ពលករ​​ខ្លះ នៅ​​បន្ត​​លួច​​ចូល​​ប្រទេស​​ថៃ។

លោក លឹង សុផុន ថ្លែង​ថា៖«តាំង​ពី​មាន​ជម្លោះ​ព្រំដែន ធ្វើ​​ឱ្យ​ពលករ​ខ្មែរ​ជិត​១​លាន​នាក់​វិល​ទៅ​ខ្មែរ​វិញ ដោយ​សារ​​ស្ថាន​ការណ៍​​មិន​ល្អ​នៅ​ក្នុង​ស្រុក​ថៃ។ ជា​ចុងក្រោយ ឃើញ​​រដ្ឋាភិបាល​ខ្មែរ​​បាន​បង្ហាញ​​ថា ពលករ​ជិត ១​លាន​​នាក់។ មើល​ឃើញ​ទិន្នន័យ​ដែល​ទទួល​បាន​ការងារ​ហាក់​​ដូច​ជា​តិច ប្រហែល​ជាង ៣០​ភាគរយ​បាន​​ការងារ។ អ៊ីចឹង​​ពលរដ្ឋ​នៅ​ខ្មែរ​យើង​អត់​មាន​ការងារ​​ធ្វើ​​ទេ។ ជាក់ស្ដែង​ពួកគាត់​លំបាក​រក​ការងារ​ធ្វើ»

ចំណែក​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ​យល់​ថា រដ្ឋាភិបាល​ត្រូវ​ទទួល​យក​របាយការណ៍​​ពិត និង​ឯករាជ្យ​ដើម្បី​អាច​​ដោះស្រាយ​​ចំ​បញ្ហា ជាជាង​​ការ​ស្មាន ហើយ​​ប្រើ​ក្រុម​មនុស្ស​របស់​​ខ្លួន​បំភ្លៃ​​បង្វែង​ដាន បង្កើត​ជា​វប្បធម៌​កាន់​​ជើង​ម្ខាងៗ ទាំង​បញ្ហា​នៅ​ដដែល។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត មាស នី ផ្ដល់​​យោបល់​​ថា រដ្ឋាភិបាល​​គួរ​​ជឿ​​លើ​​របាយ​ការណ៍​​របស់​​អង្គ​ការ​​សង់​ត្រាល់ តែ​​បើ​​មិន​​ជឿ​​គួរ​​សិក្សា​​ដោយ​​ខ្លួន​​ឯង​​តាម​​បែប​​វិទ្យា​សាស្ត្រ​ ដែល​​អាច​​ជឿ​​ទុក​ចិត្ត​​បាន និង​​តម្លា​ភាព។

លោកបណ្ឌិត មាស នី ថ្លែង​ថា៖«កុំ​ឱ្យ​យើង​លើក​ក្បាល​មេក្រូ​​ឡើង និយាយ​​ថា យើង​​មាន​​ការ​ងារ​​ធ្វើ​​៩៩​ភាគ​រយ។ តែ​សួរ​ថា​ទិន្នន័យ​បាន​ពី​ណា វា​អត់​មាន​ប្រភព​​ច្បាស់​លាស់​​អ៊ីចឹង​ទៅ ដល់​រាយ​ការណ៍​វិជ្ជមាន​ក៏​គេ​​រិះ​គន់ វិជ្ជមាន​ក៏​គេ​រិះគន់។ ដូច្នេះ​រដ្ឋាភិបាល​គួរ​រៀន​សូត្រ​​ផង​ទៅ។ ​អ៊ីចឹង​ទេ វា​ខ្វះ​នូវ​តម្លាភាព ខ្វះ​ទិន្ន​ន័យ​​ជាក់​ស្ដែង! ដូច្នេះ​អ្នក​ឈ្លោះ​គ្នា​នៅ​មាន​ឱកាស​ឈ្លោះ​គ្នា​អ៊ីចឹង​ត​ទៀត​ទៅ»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បរាជ័យ​ក្នុង​​ការធានា​នូវ​កម្រិត​​ជីវភាព​​សមរម្យ ការ​អប់រំ និង​​សេវា​​ថែទាំ​​សុខភាព ចំពោះ​​ពលករ និង​​ពលរដ្ឋ ដែល​​ធ្វើ​ឱ្យ​គ្រួសារ​របស់​​ពួកគេ រង​សម្ពាធ​ដោយ​សារ​​បំណុល​​ធនាគារ។ អង្គការ​នេះ​​ប៉ាន់​​​ប្រមាណ​​​ថា ពលករ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ដែល​ត្រឡប់​​ទៅ​កម្ពុជា តាម​​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល នៅ​មិនទាន់​​ទទួល​បាន​ការងារ​ធ្វើ និង​ការ​ជួយ​សម្រួល​ឥណទាន​ធនាគារ​ឡើយ។ រីឯ​ការងារ​ដែល​រដ្ឋាភិបាល​បាន​សន្យា​ផ្ដល់​ឱ្យ​នោះ មាន​ចំនួន​តិច​ជាង​ការ​ប្រកាស ហើយ​​នៅ​ឆ្ងាយ​ពី​​ផ្ទះ​​សម្បែង​ពលរដ្ឋ​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ