ថៃសម្រុកឈូស​បំផ្លាញផ្ទះ​​​ខ្មែរនិ​ង​​ស​ង់​​សំណង់​​​ថ្មី​បំបាត់​ដាន​​ខណៈ​​កម្ពុជា​​​នៅ​​តែ​មិន​​ទាន់​​ប្តឹង​ថៃ

គិត​​ចាប់​​តាំង​ពីមា​ន​​បទ​​ឈប់​បាញ់​លើក​ទី២ កាល​ពី​ថ្ងៃ​ទី​​២៧​ខែ​ធ្នូ​​មក កង​ទ័ព​​ថៃ​​និង​​ជន​​ស៊ីវិ​ល​​ថៃ ​ក្នុង​​ចំនួន​​យ៉ាង​ច្រើនបា​ន​​សម្រុក​​ធ្វើ​ការ​​ឈូស​​បំផ្លាញ​ផ្ទះ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​​រាប់​ពាន់​ខ្នង ​និង​សំណង់​ថ្មី​លើ​ដី​​​ខ្មែរ​ដែល​ថៃ​​ឈ្លាន​ពាន​បាន​​ក្រោយ​​សង្គ្រាម​២១​ថ្ងៃ។

លើស​ពី​នេះ​ ថៃ​​បាន​ជីក​លេណដ្ឋានទ័ព ​ធ្វើផ្លូវចាក់បេតុង ធ្វើពុទ្ធរូប និង​រំលេចទង់ជាតិថៃ ​លើ​ដី​ខ្មែរ ខណៈ មេ​ដឹ​ក​នាំ​កម្ពុជា​មិន​ទាន់​​ប្តឹងថៃ​​ទៅតុលាការយុត្តិធម៌អន្តរជាតិ(​ICJ) និងទៅ​តុលាការឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​(ICC)​ ​​រួម​ទាំង​មិនប្រើសកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣​​តុលា​​​នៅ​ឡើយ ​ក្រៅ​ពីការ​ថ្កោល​ទោស​ថៃ ​​​ចេ​​ញ​កំណត់​ទូត និង​​ចេញ​លិខិត​​ផ្សេងៗ​​ជិត​៧០០​​លើក​។

​ជ្រុងមួយនៃបញ្ហានេះ នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ លោក ​អនុធីន ឆាន់វីរៈគុល កាល​ពី​ថ្ងៃទី​២៧​ខែ​ធ្នូ បានធ្វើដំណើរ​ទៅ​ភូ​មិ​​ជោគ​​ជ័យ ភូមិ​ព្រៃ​ចាន់ និង​ភូមិ​បឹង​ត្រកួន ក្នុង​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ ​របស់​​កម្ពុជា ​ដែល​​ថៃ​​ទើប​​ដណ្តើម​​កាន់​​កាប់។

ក្នុង​ថ្ងៃដដែល​នេះ ​កង​ទ័ព​ថៃ​បាន​សម្រុក​ឈូស​​កម្ទេច​ផ្ទះ​របស់ឧកញ៉ា ទ្រី ភាព នៅច្រកអានសេះ ខេត្ត​ព្រះវិហារ​ និង​​ក៏​សម្រុក​ធ្វើផ្លូវទៅកាន់ផ្ទះតាម៉ុក​នៅជាំតែ ខេត្តព្រះវិហារ បន្ទាប់​​ពី​ផ្ទះ​អតី​ត​មេខ្មែរ​ក្រហម​ដែល​ជា​កន្លែង​​ទាក់​​ទាញ​​ទេសចរណ៍​មួយ​​នេះ ​ត្រូវបានកងទ័ពថៃដុតបំផ្លាញ​និងឈូសកម្ទេចចោល​​។

បន្ថែមពីនេះ ​កងទ័ពនិង​ជន​ស៊ីវិល​ថៃ​ក្នុង​ចំនួន​ដ៏ច្រើន ​ក៏កំពុង​សម្រុក​ឈូស​ឆាយ​កម្ទេចផ្ទះ​​ប្រជាពល​រដ្ឋ​ខ្មែរ​និង​​​សំណង់​ផ្សេងៗ​របស់​ខ្មែរ​​រាប់​ពាន់​ខ្នង​ឱ្យ​រាប​ដល់​ដី​​ នៅភូមិជោគជ័យ ភូមិ​ព្រៃចាន់ ​តំបន់​បឹងត្រកួន ​ដែល​មាន​​៤ភូមិ​ និង​តំបន់​ផ្សេងៗ​ទៀត ហើយ​កងទ័ព​ថៃ​បាន​​ជីក​លេណដ្ឋាន​រឹង​មាំ​នៅ​តាម​តំបន់​ទាំង​នោះ ​រួម​ទាំង​​ធ្វើ​ផ្លូវ​ថ្មី ​​និង​សាង​សង់​​សំណង់​ផ្សេង​ៗ ដែល​បាន​​កែប្រែ​អត្តសញ្ញាណ​ទីតាំង​ភូមិសាស្ត្រ​​ទឹក​ដីខ្មែរ​នៅ​តាម​​តំ​បន់​​ទាំង​នោះ​ទាំង​ស្រុង។

​នេះ​បើ​យោង​តាម ​លោក ​អ៊ុំ សំអាន ប្រធាន​ស្ថាប័នកិច្ចការព្រំដែន​និង​អន្តោប្រវេស​ន៍​នៃ​រដ្ឋាភិបា​ល​២៣​តុលា​​ក្រៅ​ប្រ​ទេស ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពីកងទ័ព​កម្ពុជា​ជួរមុខ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ទាហាន​ថៃ​បាន​បើកការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់ ​ចូល​មក​ក្នុង​ដែន​អធិបតេយ្យ​ភាព​កម្ពុ​ជា​​​អស់​រយៈ​ពេល​​២១ថ្ងៃ​ ដោយ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់​ ដ្រូន​​អត្តឃាត បាញ់​​ផ្សែង​ពុល ​និង​កាំភ្លើង​យន្ត​​គ្រប់​​ប្រភេទ ​បាញ់​​ផ្លោង​​​ជញ្ជ្រុំ​ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​ និង​រងរបួស​ប្រជាពល​រដ្ឋ​ខ្មែរ​ជាង​ ១០០​នាក់​​ និង​​បាន​បំផ្លាញ​ផ្ទះ​ប្រជាពល​រដ្ឋ​​រាប់​​ពាន់​ខ្នង ​ព្រម​ទាំង​បំផ្លាញ​សំណង់​អគារ ​​វត្តអារាម និង​ផ្លូវ​​ស្ពាន​​ជាច្រើ​ន​​មក​ កម្ពុជា​​និង​ថៃ​បាន​ចុះកិច្ចព្រមព្រៀង​បទ​​ឈប់​បាញ់​ដែល​បាន​ចូលជាធរមាន កាល​ពី​វេលា​ម៉ោង​១២ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ​ឆ្នាំ​​២០២៥​។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​គឺនៅ​ថ្ងៃទី​២ ខែ​មករា ​ឆ្នាំ​២០២៦ ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ចេញមក​ប្រកាស​ថា កង​​ទ័​ព​ថៃ​បាន​ដណ្តើម​កាន់​​កាប់​ទឹក​ដីកម្ពុជា​នៅ​​១៤​ទីតាំង​​ ហើយ​បាន​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​ដក​កងទ័ព​រប​ស់​​ខ្លួន​ចេញ​ពី​ទឹក​​ដី​កម្ពុជា​។

យ៉ាងណាក្តី ​ទាក់ទងនឹងចំនួន​ទីតាំង​ទឹកដីខ្មែរ​ដែល​ទាហានថៃ​បាន​ដណ្តើម​កាន់​កាប់​ ​ទាំង​នៅ​ពេល​សង្គ្រាម​ និងនៅ​​ក្រោយ​ពី​មាន​បទឈប់​បាញ់​ លោក ​អ៊ុំ សំអាន បាន​ធ្វើការ​បូក​សរុប​​បញ្ជាក់​​ជាថ្មី​ទៀត ​ដោយ​ផ្អែក​​លើ​ព័ត៌​មាន​​ដែល​​លោក​បាន​ទទួល​ពីកងទ័ព​កម្ពុជា​​ជួរ​មុខ​ថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​មករា កង​ទ័ព​​ថៃ​​បាន​ដណ្តើម​​កាន់​​កាប់​ទឹក​ដីកម្ពុជា​ចំនួន​៤១​ទីតាំង ​និង​កំពុង​បន្ត​ចូល​មក​រាយ​បន្លា​លួស​ព័ទ្ធ​យក​ទឹក​ដីខ្មែរ​នៅ​តាម​​ទីតាំង​ផ្សេង​ទៀត ក្នុងនោះ​រួម​មាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តាក្របី ប្រាសាទខ្នារ ភ្នំទ្រព្យ ច្រកអានសេះ ភូមិ​ព្រៃចាន់ ភូមិជោគជ័យ បឹងត្រកួន តាថាវ ជាំតែ ​និង​អូរផ្កាស្នេហ៍​ជា​ដើម​។ល។ នៅ​ក្នុង​ថ្ងៃទី​២៧ខែ​មករានោះ​​ដែរ ​ទាហាន​កម្ពុជា​​បានហាម​ឃាត់យោធាថៃ មិនអោយរាយបន្លាលួស​រំលោភ​ចូលទឹកដីខ្មែរបន្ថែម​ទៀត ​នៅតំបន់ច្រកជាំស្រង៉ាំ ខណៈ​ក្នុង​ថ្ងៃ​ដដែល​នោះ ​​យោធាថៃបានដាក់ពង្រាយ​រថក្រោះជាច្រើនគ្រឿង នៅ​លើ​ទឹកដីខ្មែរនៅ​ឃុំថ្មដា ខេត្តពោធិ៍សាត់។

យោង​​តាមសារព័ត៌មាន​ខាវ​សត និងអមរិន្ទ​ញ៉ូ​របស់​ថៃ​ ចេញផ្សាយ​កាលពីថ្ងៃទី​២៧ខែ​មករា បាន​ឱ្យ​ដឹង​ថា​ នៅ​​​ពេល​ធ្វើ​ដំណើរមក​ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់​បឹងត្រកួន​​របស់​កម្ពុជា ​ដែល​ថៃ​ទើប​ដណ្តើម​កាន់​​កាប់​​បានកាល​ពីថ្ងៃទី​២៧​ខែ​មករា​ លោក ​អនុធីន ឆាន់​វីរៈគុល​ នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​​ថៃ​ បាន​បញ្ជាក់ប្រាប់​​ទា​​ហាន​ថៃ​ថា អនុស្សរណៈយោគយល់ឆ្នាំ២០០០(MOU 43) គ្មានប្រសិទ្ធ​ភាព​ទេ ហើយ​ភាគីថៃ​​ត្រូវ​បន្ត​​ប្រើ​ផែនទី​ខ្នាត​១លើ​៥០​ពាន់របស់​​ថៃ​​ ដើម្បី​គ្រប់​គ្រង​ទឹក​ដី​ដែល​ថៃទើប​ដណ្តើមបានពីកម្ពុជា​។

លោក ​អនុធីន ​ត្រូវ​​បាន​​ស្រង់​​សម្តី​​ថា ទឹក​ដី​នៅ​​ភូមិ​​​ព្រៃ​​ចាន់ ភូមិ​​ជោគ​​ជ័យ ​និង​​តំបន់​​បឹង​ត្រកួន ជាទឹ​ក​​ដី​​​របស់​ថៃ ផ្អែក​​តាម​​ផែន​ទី​​​ខ្នាត​​១លើ​​៥០​ពាន់​។

លោក ​អ៊ុំ សំអាន ​បាន​​ប្រាប់​​វីអូឌី​ថា សកម្មភាព​យ៉ាងគឃ្លើន​របស់​យោធាថៃ ​ដែល​នៅ​តែបន្ត​​រាយ​លួសបន្លា​ព័ទ្ធ​​​យក​ដី​ខ្មែរ ​និង​ឈូសបំផ្លាញផ្ទះ​ពល​រដ្ឋ​ខ្មែរ​ជារៀង​រាល់​ថ្ងៃនេះ គឺ​ភាគី​ថៃ​សំអាង​ទៅ​​លើ​ផែន​ទី​ដែល​ពួកគេ​បាន​​គូ​ជាឯកតោ​ភាគី​​ដោយ​ខ្លួនឯង​ខ្នាត​១លើ​៥០ពាន់ ​​ដើម្បី​វាទ​យក​ទឹកដីខ្មែរ​តាម​ព្រំដែន។ លោក​បារម្ភ​ថា បើ​ថៃ​នៅ​តែបន្តប្រើផែនទីខុសច្បាប់​នេះ នោះ​​ទឹកដីខ្មែរ​នឹង​ត្រូវបាត់​បង់​ជាច្រើន​បន្ថែម​ទៀត​ទៅ​​ថៃ ក្នុង​នោះ​មាន​​​តំបន់​ដែលថៃ​អត់​ទាន់​​យក​បាន មាន​​ដូច​ជា ​វាល​ឥន្ទ្រិយ៍​ ​ភ្នំខ្មោច ​៥មករា​ជាដើម ​តាម​រយៈការចូល​​មក​រាយ​​បន្លាលួសវាទ​​យក ​ឬក៏​អាច​​ច្បាំង​យក​តែម្តង ​ខណៈ​នៅ​ពេល​នេះ​កងទ័ព​ថៃ​កំពុង​ដេញទាហាន​​ខ្មែរ​​ចេញ​​ពីលើភ្នំ និង​ពី​ចង្កេះភ្នំ​តាម​ជួរ​ភ្នំដង​​រែក​​​ទាំង​អស់​ ចាប់​តាំងពីអូរស្មាច់​ទៅ​ដល់​ប្រាសាទខ្មារ។

លោកថា៖ «ទង្វើ​មិន​ទប់​ស្កាត់​ការឈ្លានពាន​របស់​ថៃនេះ បង្ហាញ​ថា ត្រកូល​ហ៊ុន​​អត់​ខ្វល់​ពីការបាត់បង់​ទឹក​ដី​​ទេ ​ធ្វើម៉េចឱ្យ​តែរក្សា​អំណាចត្រកូលហ៊ុន បានស្ថិតថេរអត់ខ្វល់​ពីការឈ្លានពាន​ពីសំណាក់​ប្រទេសថៃ​ លើ​​ទឹក​ដី​ខ្មែរ​​យើង​​បន្ថែម​​ទៀត​ ​ហើយ​​អត់​​ខ្វល់​​ដែល​​ទាហាន​​​ថៃ​​គេ​យក​​​ដី​ធ្លី​​ផ្ទះ​​សំបែង​​ប្រជាព​ល​រដ្ឋ​ ​ទោះ​​បីប្រ​ជា​​ពល​​រដ្ឋ​​មិន​​អាច​​ចូល​​ទៅ​​រ​ស់​​នៅ​​ផ្ទះ​​សំបែង​​របស់​​គាត់​​បាន ​នៅ​​ភូមិ​​ជោគ​​ជ័យ ​ភូមិ​​ព្រៃ​ចាន់ បឹង​ត្រកូន ​ថ្ម​ដា ឬក៏​​ច្រក​​អា​ន​​សេះ​ក៏​ដោយ​ ​គាត់​អត់​ខ្វល់។ អ៊ីចឹង​​ខ្ញុំ​យល់​ថា ត្រកូល​ហ៊ុន​គាត់​ខ្វល់​តែពីការ​ការពារ​អំណាច​»។

សម្រាប់ ​លោក​ មាជ សុវណ្ណា​រ៉ា ​ប្រធានគណបក្ស​ជំនាន់​ថ្មី ​ដែល​តែងតែ​ចុះទៅ​ជួប​​កងទ័ព​នៅ​​តាម​​​ព្រំដែន​និង​ជា​អ្នក​​ធ្លាប់​​​ធ្វើជាកងទ័ព​នៅ​ជំរំ​តាម​​ព្រំដែន​​ថៃ​ កាល​ពីស​ម័យ​​សង្គ្រាម​ ​បាន​​ប្រាប់​​វីអូឌី​​នៅ​​​ថ្ងៃ​​ទី​​២៨ ​ខែ​មករា​​ថា ក្នុង​​នាម​​ជា​ប្រជាព​លរដ្ឋ​​ខ្មែរ​ម្នាក់​ ​​លោក​​មាន​​ការ​ឈឺចាប់​​ក្តុក​ក្តួល​ក្នុង​​ចិត្ត​​យ៉ាង​ខ្លាំង ដូច​​ពល​រដ្ឋ​​ខ្មែរ​ដទៃ​ទៀត​​ផង​​​ដែរ​ ការ​ដែល​​ថៃ​​បាន​​ដណ្តើម​​កាន់​​កាប់​​ទឹក​​ដី​​កម្ពុជា​​​នៅ​​តាម​ព្រំដែន។

លើសពីនេះ ​ជន​ភៀ​ស​សឹក​រាប់​ពាន់គ្រួ​សារ ​​មាន​ការ​ឈឺចាប់​អស់​សង្ឃឹម ខណៈ​​​​​ផ្ទះ​សំបែង​និង​ដីធ្លីស្រែចម្ការ​របស់​​ពួក​គាត់​ ​ត្រូវ​បាន​ថៃ​វាទ​យក​និង​ឈូស​​កម្ទេច​​ចោល​។​

លោក ​សុវណ្ណារ៉ា​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​​ចាត់​វិធានការ​​​គ្រប់​យន្តការ​ច្បាប់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ការពារ​ទឹក​ដី​កម្ពុជា ​​កុំឱ្យ​ចោរសៀ​ម​អាចឈ្លានពាន​បាន។

លោកថា៖ «ចឹងគឺថា​ជំរុញហើយ​ជំរុញទៀត ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការណ៍​បែប​ណា​ ដើម្បី​ចៀស​វាង​ ​នូវ​ការ​​បាត់​​បង់​ទឹក​ដី​ដូន​តា​​យើង​ យើង​​បាត់​​បង់​នូវឯ​ករាជ្យ​ភាព​​​យើង ​ជា​​ប្រទេស​មួយ​​ដែល​​​ធ្វើ​ឱ្យ​​សត្រូវ​បរទេស​​ឈ្លាន​​ពាន​ ​មាន​​បំណង​ប៉ងឈ្លានពាន​ជាបន្តបន្ទាប់​​ទៀត​ យើង​​មិន​មាន​​វិធាន​​ការ​​ទប់​​ស្កាត់​។ បើ​យើង​​មិន​មាន​ភាព​រឹង​មាំ មិន​​មា​នទំ​នើប​កម្ម​យោធា​ទេ​ គឺ​​ថា នេះ​​​ជា​ការ​​​​គ្រោះ​ថ្នាក់​​ទៅ​ថ្ងៃ​មុខ​​៥០​​ឆ្នាំ​ទៀត​១០០​​ឆ្នាំ​ទៀត​ តើ​កម្ពុជា​​អាច​​បាត់​​ពី​ផែន​ទី​​ពិភព​​លោក​ ​ឬក៏យ៉ាងណា? នេះ​ជាការ​ដាក់​សំណួរ​ទៅ​វិញ​ហើយ​យើង​មិន​អាច​ថា រដ្ឋាភិបាល​មិន​ទាន់​ប្តឹងឬក៏បាន​ធ្វើនីតិវិធី​បែបណាៗ ​ទោះបីគាត់​នៅស្ងាត់​​ស្ងៀម​យ៉ាងណា​អាហ្នឹង​​វាសុទ្ធតែ​យើង​អត់​ដឹង​ទាំង​អស់គ្នា ​នៅ​ក្នុ​ង​កិច្ចការ​ការបរទេស ​កិច្ចការ​​​​​​​​​​​​​​​ការទូតនោះ​»។

វីអូឌី ​មិន​អាច​ទាក់​ទង ​អ្នកស្រី ម៉ាលី សុជាតា ​អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ ​ដើម្បីស្នើ​​សុំ​​ការ​ធ្វើ​អត្ថាធិ​ប្បាយ​​លើ​​​ស្ថាន​ការ​ណ៍​វិវត្ត​ន៍​​ចុងក្រោយ ​នៅ​តាម​តំបន់​ព្រំដែន​បាន​នោះទេ នៅ​ថ្ងៃទី​២៨​ខែមករា​។

ប៉ុន្តែ​លោក ​ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល ​បាន​ថ្លែងនៅ​ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​​នៅ​​​ថ្ងៃ​ទី​​​២៨ខែ​មករា​​ ដោយ​​លើក​ពីសា​រ​​របស់​​លោក​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​​​​​ថា ការ​​ជ្រើស​រើស​​យក​​បទ​​ឈប់​​បាញ់ ​មិន​​​មែន​មាន​​ន័យ​​ថា កម្ពុជា​​ចុះ​​ចាញ់ ​ឬ​សុខ​​ចិត្ត​​យក​​បូរណភា​ព​​ទឹក​ដី​​ទៅ​​ដូរ​យក​សន្តិភាព​ឡើយ ហើយ​​រិត​តែមិ​ន​មែន​​មាន​ន័យ​ថា កម្ពុជា​​អស់​​សមត្ថ​ភាព​​ ​ឬ​បោះ​​ប​ង់​​សិទ្ធិ​ស្វ័យ​ការ​ពារ​​ខ្លួន​នោះ​ដែរ។

លោក​ថា៖ «ក្នុង​អំឡុងពេលនេះដែរ ​រាជ​រដ្ឋាភិបា​ល​ ជាពិសេស​ថ្នាក់​​ដឹ​ក​នាំ​នៃ​យើង​​រួ​ម​ទាំង​ក្រសួង​​ស្ថាប័ន​នានា​ ​​ដែល​​​​ជា​សេនាធិការ​ទាំង​អស់ ​បាន​​បំពេញ​​ការ​ងារ​ការ​ទូត​​យ៉ាង​សកម្ម​ ក្នុងកា​រកា​រ​ពារ​​អធិ​ប​តេយ្យ​​ភាព​​ជាតិ​​ និង​​បូរណ​ភាព​​ទឹក​ដី​។ ក្រសួងស្ថាប័នពាក់​ព័ន្ធនានា​ដែលជាសេនាធិការ​របស់​រដ្ឋាភិបាល ​បាន​​តាម​​ដាន​​យ៉ាង​​យក​​ចិត្ត​ទុកដា​ក់បំ​ផុត ​និ​ង​​ដោយ​​ស្មារតី​​ទទួល​​ខុស​ត្រូវ​​ខ្ពស់​​បំផុត ​ចំពោះ​​បញ្ហា​​​នេះ​ ​ហើយ​​បាន​​តវ៉ា​គ្រប់​​ទម្រង់​​ប្រឆាំង​ទៅ​​នឹង​សកម្ម​ភាព​​ ដែល​​ធ្វើ​ឱ្យ​មា​នកា​រ​​​ប្រែ​ប្រួល​បរិយា​កាស​សន្តិ​សុខ​​នៅ​​ក្នុង ​ឬ​ជុំ​​វិញ​​តំបន់​​ជន​​ស៊ីវិល​​ ការព​ង្រឹង​ការ​គ្រប់​គ្រង​យោធា ​ឬ​បង្កើត​​ស្ថាន​ភាព​ថ្មី​នៅ​លើ​​ទីតាំង​​ជាក់​​ស្តែង»។

សម្រាប់ ​លោក ​អ៊ុំ សំអាន ក៏ដូច​ជាលោក ​ម៉ែន​ ណាត ប្រធានក្រុមប្រឹក្សា​ឃ្លាំ​មើល​​កម្ពុជា និង​​​មេធាវី​ចាស់​វស្សា​​ លោក ​​សុក សំអឿន ព្រម​​ទាំ​ង​បញ្ញ​វ័ន្ត​​ខ្មែរ​​ផ្សេង​ទៀត​ ​ជំរុ​ញ​ឱ្យ​​រដ្ឋាភិបាល​​​នៃ​​បក្ស​​ប្រជាជន​​ប្រញ៉ាប់​​ពន្លឿន​​សំណុំ​​រឿង​​ព្រំ​ដែន​​​​ដាក់​​ពាក្យ​​ប្តឹង​ថៃ​​ទៅ​​​​ICJ ​និង ICC រួម​​ទាំង​​​ស​ហ​​ប្រធានកិច្ច​​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុង​​ប៉ារីស​​២៣​​តុលា ​ដើម្បី​ទប់​​ស្កាត់​​មហិច្ឆតាថៃ​ឈ្លា​ន​ពាន​​ទឹក​ដី​ខ្មែរ ​ពីព្រោះ​​​បើ​កម្ពុជា​​មិន​​ប្តឹង​​ថៃ​​ទៅ​​កាន់​តុលាការ ​និង​ស្ថាប័ន​អន្តរជាតិ​ទេ ​កម្ពុជា​នឹង​បាត់​បង់​ទឹក​ដី​នៅ​តាម​ព្រំដែន​ជារៀង​​រហូត​​ ថែម​ទាំង​ថៃ​នៅ​តែ​បន្ត​រុល​​ចូល​​មក​ដណ្តើម​​កាន់​កាប់​ទឹក​ដីខ្មែរបន្ថែម​ទៀត ​នាពេល​បន្តបន្ទាប់​ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ