ករណីយោធិនម្នាក់លើកដៃសំពះសុំជំនួយ ដើម្បីសម្រាលបន្ទុកព្យាបាលជំងឺនោះ ជំរុញការលើកឡើងពីភាពចំាបាច់ដែលរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់បន្ទាន់សង្រ្គោះជីវភាពកងទ័ពជួរមុខដែលប្រឈមការលំបាក ដើម្បីលើកទឹកចិត្តកងទ័ព ក្នុងបុព្វហេតុការពារជាតិ ទប់ទល់នឹងសត្រូវឈ្លានពាន។
ការជំរុញនេះ ក្រោយមានការចែករំលែកវីឌីអូក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ ដែលបង្ហាញពីព្រឹន្ទបាលឯក សូ ឌី កំពុងសម្រាកលើគ្រែពេទ្យ បានលើកដៃសំពះសុំជំនួយទិញអាហារ និងសម្រាលបន្ទុកព្យាបាលជំងឺ។
លោកថា៖ «ខ្ញុំបាទ ព្រឹន្ទបាលឯក សូ ឌី សព្វថ្ងៃមានជំងឺ សូមបងប្អូនមាន តិចតួចស្តួចស្តើងជួយយើងខ្ញុំផង ខ្ញុំខ្វះខាត ការទិញអីហូប ថ្លៃពេទ្យ ណាមួយមានជំងឺទៅណាអត់រួច »។
បើតាមហ្វេសប៊ុកឈ្មោះលោកមេឃុំចិត្តធម៌ ដែលបង្ហោះវីឌីអូនេះ បានសរសេរថា លោក សូ ឌី អាយុ៦៤ឆ្នាំ បានឈរជើងនៅជួរមុខ នៅប្រាសាទតាខ្នារ ទិសតាក្របី ដែលគាត់ខ្វះខាត ត្រូវសម្រាកព្យាបាល ក្រោយត្រូវផ្សែងពុលរបស់យោធាសៀម។
យ៉ាងណា ម្ចាស់ហ្វេសប៊ុកឈ្មោះ មេឃុំចិត្តធម៌ អះអាងប្រាប់VOD នៅថ្ងៃនេះថា ពិតជាមានករណីនេះពិតមែន ហើយក្រុមការងារលោកកំពុងនាំយកជំនួយទៅខេត្តសៀមរាប ទៅឱ្យ លោក សូ ឌី ដោយផ្ទាល់ផងដែរ។
លោកថា៖ «បាទ អរគុនច្រើនក្រុមការងារខ្ញុំ កំពុងតែចុះទៅថ្ងៃនេះ ទៅពេទ្យខេត្តសៀមរាប កំពុងទៅយកលេខទូរសព្ទគាត់ផ្ទាល់ បានលេខខ្ញុំនឹងផ្ញើរទៅឱ្យ។ ក្រុមការងារផ្ញើរវីឌីអូមកខ្ញុំ ខ្ញុំក៏លើកព័ត៌មានឡើង ហើយឥលូវនាំយកជំនួយទៅម៉ាសាពីរសារសិន»។
យ៉ាងណា កន្លងមក ក៏មានកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បង្ហោះសារជាមួយរូបថត និងវីដេអូ លើកដៃសំពះសុំជំនួយពីសប្បុរសជន ដើម្បីបានជាស្បៀងអាហារជាប្រាក់ព្យាបាលរបួស និងស្រោចស្រង់ជីវភាពដែលកំពុងខ្វះខាតយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលហាក់មិនទាន់បញ្ចេញថវិកាជាតិ ជួយដល់កងទ័ព និងគ្រួសារកងទ័ពដែលខ្វះខាតទាំងនោះឡើយ។
ជុំវិញរឿង នេះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានយកចិត្តទុកដាក់លើកងទ័ពជួរមុខទេ តែផ្ទុយទៅវិញ គឺគិតគូរតែបក្សពួកក្រុមគ្រួសារខ្លួនប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់ថា ការមិនយកចិត្តទុកដាក់លើជីវភាពកងទ័ព ធ្វើឱ្យកងទ័ពគ្មានទឹកចិត្តច្បាំងជាមួយសត្រូវ ដែលការណ៍នេះទាមទារឱ្យរដ្ឋត្រូវយកចិត្តទុកដាក់បន្ទាន់ ដើម្បីសង្រ្គោះជីវភាពពួកគេទើបធ្វើឱ្យវិស័យយោធាកម្ពុជាខ្លាំង អាចទប់ទល់សត្រូវឈ្លានពានបាន។
លោកថា៖ «យើងឃើញជាក់ស្ដែងធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរហូតដល់៤១ទីតាំង ដោយសារតែទីមួយ គឺសព្វាវុធខាងកម្ពុជាយើងអត់ទំនើបដូចថៃ ទីពីរដោយសារជីវភាពរបស់ទាហានយើងហ្នឹង ក្រីក្រខ្វះមុខខ្វះក្រោយ អ៊ីចឹងទៅគាត់អត់មានទឹកចិត្តក្នុងការច្បាំងទេ។ នៅពេលដែលរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនយកចិត្តទុកដាក់ចំពោះទាហានជួរមុខទៀត គិតតែក្រុមអង្គរក្សរបស់ លោក ហ៊ុន សែន ហើយអ៊ីចឹងច្បាប់ហ្នឹងក៏មិនអាចឈ្នះថៃមិនអាចការពារទឹកដីខ្មែរបានដែរ»។
ជាមួយគ្នានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា និយាយថា យោធាដែលពលីជីវីត និងមានខ្លះធ្លាក់ខ្លួនឈឺដោយសារបុព្វហេតុការពារទឹកដី គឺរដ្ឋត្រូវទទួលបន្ទុកថ្លៃចំណាយ និងគិតគូរដល់ជីវភាពរបស់ពួកគេ។
លោកបារម្ភថា បើរដ្ឋាភិបាលមិនជួយសម្រាកបន្ទុកពួកគេទេ ហាក់ធ្វើឱ្យបាក់ស្មារតីកងទ័ពដែលកំពុងការពារជាតិនៅជួរខាងមុខ ដែលជាគ្រោះថ្នាក់ដល់បូរណភាពទឹកដីផងដែរ។
លោកថា៖ «បើសិនជាឃើញរូបភាពបែបនេះទៅវិញ វាធ្វើឲ្យពួកគាត់ដែលជាអ្នកទាហានការពារជាតិអីទាំងអស់ហ្នឹង ឱ្យមានការធ្លាក់ទឹកចិត្ត ឬក៏ស្មារតីទៅវិញទេ អ៊ីចឹងដើម្បីលុបបំបាត់កុំឲ្យមានការអំពាវនាវបែបនេះ វាទាល់តែខាងរដ្ឋាភិបាលព្យាយាមក្នុងការធ្វើម៉េច ជួយជ្រោមជ្រែងឧបត្ថម្ភ ឬក៏ការពារព្យាបាលជំងឺពួកគាត់ហ្នឹង ឲ្យអស់ពីលទ្ធភាព ដោយយកចិត្តទុកដាក់ជាស្មារតីខ្ពស់ មិនមែនឲ្យពួកគាត់រងគ្រោះ ឬក៏មានជំងឺជួបការលំបាកក្នុងគ្រួសារ លើកដៃសំពះអំពាវនាវរកសប្បុរសជនឧបត្ថម្ភនោះទេ នេះគឺបង្ហាញថាស្ថាប័នឬក៏ប្រព័ន្ធនៃការដឹកនាំគ្រប់គ្រងក្នុងការជួយទៅដល់ក្រុមយោធា ឬក៏ទាហាន ដែលជាអ្នកចូលរួមកិច្ចការងារការពារជាតិហ្នឹង គឺនៅមានភាពកម្សោយខ្វះការទទួលខុសត្រូវ»។
ជុំវិញរឿងនេះ វីអូឌី មិនអាចទាក់ទងអ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ ។
នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់បញ្ជាក់នៅលើបណ្តាញសង្គមកាលពីខែកក្កដា អំឡុងពេលមានការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃថា រដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។
ហើយលោកបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។
យ៉ាងណា បើតាមមន្ត្រីយោធាកងទ័ពជើងគោក ដែលបដិសេធប្រាប់ឈ្មោះធ្លាប់ប្រាប់ VOD ថា បច្ចុប្បន្នពលទាហានទទួលបានប្រាក់ខែតិចបំផុតចាប់ពី ១លាន៣សែនរៀលឡើង ខណៈប្រពន្ធទាហានទទួលបាន១ម៉ឺនរៀល និងកូនម្នាក់ទទួលបាន ១៥០០០រៀល។
ប៉ុន្តែប្រាក់ខែទាំងនេះ មិនមែនបើកបានទាំងអស់នោះទេ គឺនៅតាមអង្គភាពខ្លះត្រូវគេកាត់ចូលគណបក្សប្រជាជនក្នុង១ខែ ៥ម៉ឺនរៀល កាត់ជួយដល់គ្រួសារទាហានដែលទទួលមរណភាព និងក៏មានការកាត់ផ្សេងៗទៀតផងដែរ។
មន្ត្រីយោធារូបនេះ ក៏ឱ្យដឹងដែរថា នៅពេលមានភាពតានតឹងនៅតាមព្រំដែនថៃ កងទ័ពជើងគោកបានប្រមូលកម្លាំងនៅគ្រប់អង្គភាព ដើម្បីត្រៀមបញ្ជូនទៅសមរភូមិ ប៉ុន្តែបាត់ទាហានជាង៦០០នាក់ មិនឃើញមកបង្ហាញខ្លួនទេ មានតែឈ្មោះបើកប្រាក់ខែ។
ប្រភពដដែល បានឱ្យដឹងទៀតថា ចំពោះរបបអាហារសម្រាប់កងទ័ព កាលពីពេលកន្លងមក ក្នុង១ថ្ងៃកងទ័ពម្នាក់ ទទួលបានតែ៤ពាន់រៀលប៉ុណ្ណោះ ទើបតែថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានបន្ថែមឱ្យ៣ពាន់រៀលទៀត។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានបង្ហោះលើបណ្តាញសង្គមថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា នាពេលនេះ បានប្រាប់ខ្មែរគ្រប់រូបទាំងរាស្ត្រទាំងរដ្ឋ ត្រូវរួមគ្នាគិតឲ្យបានច្រើនសម្រាប់រយៈពេលវែង។
លោកសរសេរក្នុងសំណេរដើមថា៖ «កងទ័ពត្រូវការឱ្យមានការថែទាំ ត្រឹមត្រូវ ទាំងសុខមាលភាព សមត្ថភាព និងជីវភាពរស់នៅសមរម្យ ទាំងយុទ្ធជន និងគ្រួសាររបស់ពួកគាត់។ អំពើពុករលួយ និងការប្រព្រឹត្តណាមួយដែលឈានដល់ការធ្វើស្រែលើខ្នងយុទ្ធជន ត្រូវតែមានការត្រួតពិនិត្យយ៉ាងតឹងរឺងបំផុត។ យើងត្រូវរឹងមាំទាំងអស់គ្នា ទើបគេមិនមើលងាយយើង»៕









