ប្រធានាធិបតី Donald Trump បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោក “នឹងកាត់បន្ថយភាពតានតឹងបន្តិច” នៅក្នុងរដ្ឋ Minnesota បន្ទាប់ពីមានករណីមន្ត្រីអន្តោប្រវេសន៍សហព័ន្ធ បាញ់សម្លាប់ពលរដ្ឋអាមេរិកជាលើកទីពីរ នៅទីនោះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃទី២៧ខែមករា លោក Trump បានលើកឡើងថា៖ «ចំណុចសំខាន់គឺថា វាជារឿងដ៏អាក្រក់បំផុត។ ករណីទាំងពីរនេះ សុទ្ធតែជារឿងដ៏អាក្រក់»។
កាលពីដើមខែនេះ អ្នកស្រី Renee Good ត្រូវបានមន្ត្រីអន្តោប្រវេសន៍ម្នាក់បាញ់សម្លាប់ ហើយបន្ទាប់មក គឺលោក Alex Pretti ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី២៤ខែមករា បន្ទាប់ពីត្រូវបានភ្នាក់ងារព្រំដែនឃាត់ខ្លួន។
មរណភាពរបស់លោក Pretti បានធ្វើឱ្យមានការផ្ទុះឡើងវិញនូវការតវ៉ាក្នុងតំបន់ និងការរិះគន់ជាសាធារណៈនៅទូទាំងប្រទេស រួមទាំងការរិះគន់ពីសំណាក់សមាជិកសភាមកពីគណបក្សទាំងពីរផងដែរ។ សម្តីរបស់លោក Trump គឺជាសញ្ញាចុងក្រោយដែលបង្ហាញថា រដ្ឋបាលរបស់លោកកំពុងដកថយមួយជំហាន ចំពោះប្រតិបត្តិការរបស់ខ្លួននៅក្នុងរដ្ឋ Minnesota។
នៅក្នុងការថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានផ្សេងទៀត មុនពេលការជួបជុំគ្នានៅរដ្ឋ Iowa កាលពីយប់ថ្ងៃទី២៧ខែមករា លោក Trump បានលើកឡើងថា លោកចាត់ទុកការសម្លាប់លោក Pretti ដែលជាគិលានុបដ្ឋានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអតីតយុទ្ធជនថាជា “ព្រឹត្តិការណ៍ដ៏អកុសលបំផុតមួយ”។
នៅពេលអ្នកយកព័ត៌មានសួរថា តើលោកយល់ស្របនឹងការចាត់ទុកលោក Pretti ថាជា “ភេរវករក្នុងស្រុក” ដែរឬទេ លោក Trump បានឆ្លើយថា៖ “ខ្ញុំមិនទាន់បានឮរឿងហ្នឹងទេ”។ បន្ទាប់មក លោក Trump បានបន្ថែមថា៖ “គាត់មិនគួរកាន់កាំភ្លើងជាប់ខ្លួនឡើយ”។
រដ្ឋលេខាធិការក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានថ្លែងភ្លាមៗបន្ទាប់ពីការបាញ់ប្រហារថា លោក Pretti “មិនមែននៅទីនោះ ដើម្បីតវ៉ាដោយសន្តិវិធីទេ គឺគាត់នៅទីនោះដើម្បីបង្កហិង្សា” ហើយលោកស្រីបានចោទប្រកាន់រូបលោកពីបទ “ភេរវកម្មក្នុងស្រុក”។
ក្រសួងសន្តិសុខមាតុភូមិ (DHS) ក៏បានបញ្ជាក់ផងដែរថា ភ្នាក់ងារបានបាញ់ដើម្បីការពារខ្លួន បន្ទាប់ពីលោក Pretti បានតតាំងនឹងការព្យាយាមដកហូតអាវុធពីរូបលោក។ លោកស្រី Noem បាននិយាយថា លោក Pretti ត្រូវបានបាញ់សម្លាប់ដោយសារតែលោកបាន “គ្រវី” កាំភ្លើងក្នុងអំឡុងពេលប្រឈមមុខដាក់គ្នា។ ទោះជាយ៉ាងណាក៏ដោយ សាក្សីដែលបានឃើញផ្ទាល់ភ្នែក និងមន្ត្រីមូលដ្ឋានបានច្រានចោលការលើកឡើងនោះ ដោយនិយាយថា លោកមានទូរសព្ទនៅក្នុងដៃ មិនមែនអាវុធនោះទេ។
យោងតាមការវិភាគវីដេអូដែលមានដោយ BBC Verify គឺមិនមានសញ្ញានៃការកាន់កាំភ្លើងនៅក្នុងដៃរបស់លោក Pretti ឡើយ។ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា កាំភ្លើងនោះ ត្រូវបានចុះបញ្ជីស្របច្បាប់ ហើយលោក Pretti ត្រូវបានបាញ់សម្លាប់បន្ទាប់ពីអាវុធនោះ ត្រូវបានដកហូតចេញពីខ្លួនបាត់ទៅហើយ។
របាយការណ៍បឋមដែលតាក់តែងដោយទីភ្នាក់ងារគយ និងការពារព្រំដែន ក៏ហាក់ដូចជាមានភាពផ្ទុយគ្នាទៅនឹងការលើកឡើងដំបូងរបស់ក្រសួង DHS ផងដែរ។ របាយការណ៍នោះ បានបញ្ជាក់ថា ភ្នាក់ងាររបស់ខ្លួនពីររូបបានបាញ់អាវុធទៅលើលោក Pretti។ យោងតាមច្បាប់ចម្លងនៃរបាយការណ៍ដែល CBS News ដែលជាដៃគូរបស់ BBC ប្រចាំសហរដ្ឋអាមេរិកបានឃើញ គឺមិនមានការលើកឡើងថា លោក Pretti បានព្យាយាមលូកយកអាវុធរបស់លោកឡើយ។
កាលពីថ្ងៃទី២៦ខែមករា ក្រសួងសន្តិសុខមាតុភូមិ (DHS) បានដកមេដឹកនាំ និងជាតំណាងបេសកកម្មប្រចាំរដ្ឋ Minnesota គឺមន្ត្រីល្បាតព្រំដែន លោក Gregory Bovino ចេញពីសមរភូមិក្នុងរដ្ឋនេះ។ ក្រសួងបានបញ្ជាក់ថា ខ្លួនកំពុងបញ្ជូន “មេបញ្ជាការព្រំដែន” របស់សេតវិមាន គឺលោក Tom Homan ឱ្យទៅកាន់កាប់ការងារនៅទីនោះជំនួសវិញ។
មរណភាពរបស់លោក Pretti ដែលបានកើតឡើងត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការបាញ់សម្លាប់អ្នកស្រី Renee Good វ័យ ៣៧ឆ្នាំ បានធ្វើឱ្យអ្នកស្រុកក្នុងតំបន់ផ្ទុះកំហឹងយ៉ាងខ្លាំង និងបង្កឱ្យមានការអំពាវនាវជាថ្មីពីមន្ត្រីរដ្ឋ និងមន្ត្រីក្រុង ឱ្យរដ្ឋបាលលោក Trump ដកភ្នាក់ងារ និងមន្ត្រីអន្តោប្រវេសន៍ចំនួន ៣ ០០០នាក់ ចេញពីតំបន់នោះ៕









