ការស៊ើបអង្កេតមួយរបស់វីអូឌី រកឃើញថា លោក ចេន ហ្ស៊ី (Chen Zhi) ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានបង្កើតក្រុមហ៊ុនប្រមាណ៥០ក្នុងប្រទេសកម្ពុជា ហើយមានបណ្តាញជាមួយបុគ្គលមួយចំនួនដែលជាដៃគូរកស៊ីរបស់លោក។ អ្នកតាមដានមើលឃើញថាការចាប់ខ្លួនលោក ចេន ហ្ស៊ី បញ្ជូនទៅឱ្យអាជ្ញាធរចិនមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយជំរុញឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតមុខជំនួញរបស់លោក ហើយស្វែងរកអ្នកពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី។
លោក ចេន ហ្ស៊ី ដែលជាជនជាតិចិន មានសញ្ជាតិខ្មែរ ហើយបានរងទណ្ឌកម្មសហរដ្ឋអាមេរិក និងអង់គ្លេស មុនពេលរងការចាប់ខ្លួន បានបង្កើតក្រុមហ៊ុនយ៉ាងតិច៤៩ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមកំណត់ត្រារបស់ក្រសួងពាណិជ្ជកម្មដែលត្រូវបានផ្ទៀងផ្ទាត់ដោយវីអូឌី។ ក្រុមហ៊ុនដែលមានបណ្តាញនឹងលោក ចេន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប(Prince Group) ត្រូវបានប្រទេសមហាអំណាចដាក់ទណ្ឌកម្មក្នុងបទល្មើសឆបោកតាមអនឡាញ និងលាងលុយកខ្វក់។
បើតាមរបាយការណ៍របស់ធនាគារព្រីនស៍ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនរបស់លោក ចេន ហ្ស៊ី លោកមានប្រភេទអាជីវកម្ម ដូចជាការវិនិយោគលើវិស័យអចលនទ្រព្យ សេវាតុបតែងសំណង់អគារ អគារសណ្ឋាគារ ការអភិវឌ្ឍអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។ ចំពោះអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយវិញ លោក ចេន ហ្ស៊ី បានវិនិយោគទៅលើក្រុមហ៊ុនផ្គត់ផ្គង់ទីផ្សារនិងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។ លោកក៏មានអាជីវកម្មផ្តល់សេវាកម្មដល់ការគ្រប់គ្រងសេវាកម្សាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិយោគមូលធនឯកជនជាដើម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារព្រីនស៍ ចេញផ្សាយកាលពីកន្លងទៅ។
លោក ចេន ហ្ស៊ី ដែលជាអ្នកមានឥទ្ធិពលក្នុងវិស័យអាជីវកម្ម និងជាទីប្រឹក្សារបស់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន បានបង្កើតក្រុមហ៊ុនជាច្រើន ក្រោយលោកទទួលបានសញ្ជាតិខ្មែរ កាលពីឆ្នាំ២០១៤។
ក្នុងមុខជំនួញល្បែងវិញ លោក ចេន ហ្ស៊ី បានបង្កើតកាស៊ីណូក្នុងខេត្តព្រះសីហនុ ឈ្មោះJin Bei។ ដៃគូពាណិជ្ជកម្មដ៏លេចធ្លោមួយរបស់លោក ចេន ហ្ស៊ី គឺលោក ហ្គុយ ឆាយ (Guy Chhay)ក៏រងទណ្ឌកម្មរបស់អាមេរិក។ បើតាមរបាយការណ៍របស់ធនាគារព្រីនស៍ លោក ហ្គុយ ឆាយ ជាម្ចាស់ភាគហ៊ុន និងជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារមួយនេះ។ របាយការណ៍បញ្ជាក់ថា លោក ហ្គុយ ឆាយ មានអាជីវកម្មផ្សេងទៀតក្នុងវិស័យទីផ្សារ សេវាកម្មបោះពុម្ព សេវាអ៊ីនធឺណិត ការចែកចាយទំនិញប្រើប្រាស់រហ័ស អចលនទ្រព្យ និងការវិនិយោគ។
លោក ហ្គុយ ឆាយ ក៏មានងារជាទីប្រឹក្សារបស់លោក ហេង សំរិន កាលលោកនៅធ្វើជាប្រធានរដ្ឋសភា។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ចំណែកកាលពីឆ្នាំ២០២៤ ស្នងការនគរបាលរាជធានីភ្នំពេញបានផ្សព្វផ្សាយការចែកអំណោយមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយហៅលោក ហ្គុយ ឆាយ ជា«ឧកញ៉ា» និង«ទីប្រឹក្សា»របស់លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
គេមិនទាន់ដឹងនៅឡើយទេថាតើអាជ្ញាធរកម្ពុជានឹងស៊ើបអង្កេតលើបុគ្គល ហ្គុយ ឆាយ ឬយ៉ាងណា។
ចំណែកបុគ្គលម្នាក់ទៀតដែលជាបណ្តាញនឹងលោក ចេន ហ្ស៊ី ឈ្មោះ អ៊ឹង ដារ៉ា ដែលល្បីឈ្មោះរកស៊ីកាស៊ីណូក្នុងប្រទេសកម្ពុជា ក៏រងទណ្ឌកម្មរបស់ប្រទេសមហាអំណាចមួយនេះផងដែរ។ លោកបានចុះបញ្ជីកាស៊ីណូចំនួនពីរក្នុងខេត្តព្រះសីហនុ ក្រោមឈ្មោះJin Bei Group និងJin Bei។ នេះបើយោងតាមបញ្ជីឈ្មោះកាស៊ីណូចេញផ្សាយដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលវីអូឌីទទួលបាន។
លោក អ៊ឹង ដារ៉ា ក៏ជាដៃគូពាណិជ្ជកម្មជាមួយអ្នកស្រី មាស សុភារី ដែលជាកូនស្រីរបស់លោក មាស សុភា អតីតនាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ។
គេក៏មិនទាន់ដឹងនៅឡើយទេថាតើអាជ្ញាធរកម្ពុជានឹងមានចំណាត់ការបែបណាលើបុគ្គលឈ្មោះអ៊ឹង ដារ៉ា ដែរ។
ចំណែកលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់ជាដៃគូរកស៊ីជាមួយលោក ចេន ហ្ស៊ី ផងដែរ ដោយបង្កើតក្រុមហ៊ុនJin Bei មុនពេលលោកឡើងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសឪពុករបស់លោក គឺលោក ស ខេង។ ប៉ុន្តែក្រោយមក ឈ្មោះរបស់លោក ស សុខា ត្រូវបានប្តូរមកជាអតីតម្ចាស់ក្រុមហ៊ុនវិញ។ នេះបើយោងតាមកំណត់ត្រារបស់ក្រសួងពាណិជ្ជកម្ម។
កាលពីខែតុលា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានបដិសេធថាលោក ស សុខា មិនជាប់ពាក់ព័ន្ធជាមួយនឹងកាស៊ីណូអនឡាញឡើយ។
លោក ចេន ហ្ស៊ី ក៏ធ្លាប់ជាទីប្រឹក្សារបស់លោក ស ខេង ផងដែរ។
កាលពីដើមខែមករា ២០២៦ អ្នកសារព័ត៌មានវីអូឌីបានចុះទៅពិនិត្យមើលអគារJin Bei ក្នុងខេត្តព្រះសីហនុ។ អគារនេះត្រូវបានលុបឈ្មោះJin Beiចេញវិញ។ ប៉ុន្តែកាស៊ីណូផ្សេងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនJin BeiឬហៅថាJin Bei 2 នៅបន្តបើកដំណើរការធម្មតា ដោយគ្រាន់តែលុបឈ្មោះJin Beiចេញ។
ក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រោមឈ្មោះលោក ចេន ហ្ស៊ី និងដៃគូរបស់លោក មានចំនួន ៤៩ រួមមាន PRINCE BANK PLC., PRINCE GROUP PLC , PRINCE HAPPINESS PLAZA, PRINCE REAL ESTATE CAMBODIA GROUP និង ៤៥ក្រុមហ៊ុនផ្សេងទៀត។
ខាងក្រោមនេះជាក្រុមហ៊ុនដែលត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រោមឈ្មោះលោក ចេន ហ្ស៊ី និងដៃគូរបស់លោក៖
| No. | ឈ្មោះក្រុមហ៊ុន | ប្រភេទមុខជំនួញ |
| 1 | PRINCE BANK PLC. | Banking / Finance |
| 2 | PRINCE GROUP PLC | Conglomerate / Holding |
| 3 | PRINCE DESIGN ENGINEERING | Construction / Engineering |
| 4 | PRINCE CLUB MANAGEMENT CAMBODIA | Hospitality / Entertainment |
| 5 | PRINCE CULTURE AND MEDIA | Media / Culture |
| 6 | PRINCE HAPPINESS PLAZA | Real Estate / Commercial |
| 7 | PRINCE HORTICULTURE DEVELOPMENT | Agriculture / Real Estate |
| 8 | PRINCE HOSPITALITY MANAGEMENT | Hospitality / Tourism |
| 9 | PRINCE KOH TA KIEV | Tourism / Resort |
| 10 | PRINCE PLAZA INVESTMENT | Real Estate / Investment |
| 11 | PRINCE MARKETING PLANNING AGENCY CAMBODIA | Marketing / Services |
| 12 | PRINCE REAL ESTATE CAMBODIA GROUP | Real Estate / Investment |
| 13 | PRINCE PROPERTY CAMBODIA MANAGEMENT | Property Management |
| 14 | PRINCE TIAN XI WAN | Real Estate / Resort |
| 15 | PRINCE SEASHORE NO. 1 | Real Estate / Resort |
| 16 | PRINCE SUPER MARKET CAMBODIA | Retail / Supermarket |
| 17 | PRINCE REAL ESTATE DECORATION ENGINEERING | Construction / Real Estate |
| 18 | PRINCE SMART GARDEN | Real Estate / Landscaping |
| 19 | PRINCE YACHT CLUB CAMBODIA | Hospitality / Recreation |
| 20 | PRINCE VANGUARD DEVELOPMENT | Real Estate / Development |
| 21 | PRINCE TIMES PLAZA | Real Estate / Commercial |
| 22 | PRINCE TIMES HOTEL MANAGEMENT | Hospitality / Tourism |
| 23 | PRINCE BUSINESS OPERATING MANAGEMENT | Services / Management |
| 24 | PRINCE HOLDING PLC | Holding / Conglomerate |
| 25 | PRINCE CULTURE AND TOURISM DEVELOPMENT | Tourism / Culture |
| 26 | PRINCE WORLD RESORT SERVICE MANAGEMENT | Hospitality / Resort |
| 27 | PRINCE SUPREME ENTERTAINMENT | Entertainment / Events |
| 28 | AWESOME GLOBAL INVESTMENT GROUP | Investment / Finance |
| 29 | AWESOME SOFTWARE TECHNOLOGIES | IT / Software Development |
| 30 | AWESOME CONSTRUCTION DESIGN ENGINEERING | Construction / Engineering |
| 31 | BAY OF LIGHTS GOLD DEVELOPMENT | Mining / Investment |
| 32 | BAY OF LIGHTS RESORTS DEVELOPMENT | Hospitality / Resort |
| 33 | BAY OF LIGHTS COURSE MANAGEMENT | Recreation / Golf Course |
| 34 | BAY OF LIGHTS ENTERTAINMENT | Entertainment / Events |
| 35 | ZHI XIN INVESTMENT | Investment / Finance |
| 36 | ZHI XU INVESTMENT | Investment / Finance |
| 37 | ZHI HU HOLDINGS | Holding / Conglomerate |
| 38 | XIN TIAN JIAN CAMBODIA REAL ESTATE DEVELOPMENT | Real Estate / Development |
| 39 | XIN HAO INTERNATIONAL CAMBODIA | Investment / International Trade |
| 40 | JINBEI CAMBODIA INVESTMENT | Investment / Finance |
| 41 | MONAGRO CROPSCIENCE | Agriculture / Agritech |
| 42 | CAMBODIAN HENG XIN REAL ESTATE INVESTMENT | Real Estate / Investment |
| 43 | CANOPY SANDS DEVELOPMENT | Real Estate / Development |
| 44 | CITYLINK | Technology / Services |
| 45 | CK ID | Technology / Services |
| 46 | HIGH VIEW SKYLINE INVESTMENT | Real Estate / Investment |
| 47 | ZHI XU RATANAK HOTEL | Hospitality / Hotel |
| 48 | AQUA BRAVO ONE DEVELOPMENT | Real Estate / Development |
| 49 | CAMBODIAN MING YU CONSTRUCTION ENGINEERING GROUP | Construction / Engineering |
ក្រុមហ៊ុនមេដែលគេស្គាល់ច្រើនក្នុងប្រទេសកម្ពុជា គឺPrince Holding / Prince Group និងធនាគារព្រីនស៍ តែម្តង។ នៅក្នុងការបង្កើតក្រុមហ៊ុន Prince Group លោក ចេន ហ្ស៊ី ក៏មានបណ្តាញនឹងបុគ្គលម្នាក់ទៀតជាជនជាតិខ្មែរ គឺលោក ហ៊ន់ សុរចនា ផងដែរ។
វីអូឌី បានព្យាយាមទាក់ទងសុំការបកស្រាយពីលោក ហ៊ន់ សុរចនា តាមទូរសព្ទជាច្រើនដងកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះ ដោយទូរសព្ទចូល តែមិនមានអ្នកទទួល។
ក្រៅពីនោះ លោក ចេន ហ្ស៊ី ក៏មានដៃគូពាណិជ្ជកម្មម្នាក់ទៀត ឈ្មោះ បូ ឈិន ដែលជាអតីតម្ចាស់ក្រុមហ៊ុន Cambodia Airways ហើយលោកមានមុខជំនួញជាច្រើនក្នុងប្រទេសកម្ពុជា។
នៅក្នុងផ្នែកផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតវិញ លោក ចេន ហ្ស៊ី ក៏បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា CITYLINK ហើយដៃគូរកស៊ីរបស់លោក មានឈ្មោះកែវ ចរិយា និង កែវ ប្រាថ្នា។ នេះបើយោងតាមកំណត់ត្រារបស់ក្រសួងពាណិជ្ជកម្ម។
វីអូឌីក៏បានព្យាយាមទាក់ទងឈ្មោះ កែវ ចរិយា និង កែវ ប្រាថ្នា ជាច្រើនដងតាមរយៈលេខទូរសព្ទដែលត្រូវបានចុះបញ្ជីនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មផងដែរកាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ដើម្បីសុំការឆ្លើយតបអំពីរឿងនេះ ក៏ប៉ុន្តែលេខទូរសព្ទទាំងនោះសុទ្ធតែមិនអាចទាក់ទងបាន។
នៅក្នុងផ្នែកផ្តល់សេវាកម្សាន្ត និងទេសចរណ៍វិញ លោក ចេន ហ្ស៊ី បានបង្កើតក្រុមហ៊ុនឈ្មោះBay of Lights Entertainment ដែលស្ថិតនៅតំបន់រាម ក្នុងខេត្តព្រះសីហនុ។
Bay of Lights របស់លោក ចេន ហ្ស៊ី ត្រូវបានប្តូរឈ្មោះមកជាFlame Resortវិញ ក្រោយមានទណ្ឌកម្មលើក្រុមហ៊ុនព្រីនស៍ គិតមកត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ។
មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថាតើអាជ្ញាធរកម្ពុជានឹងស៊ើបអង្កេតលើបុគ្គលដែលពាក់ព័ន្ធនឹងមុខជំនួញរបស់លោក ចេន ហ្ស៊ី ឬយ៉ាងណា។
វីអូឌី បានទាក់ទងលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធតេលេក្រាម កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដើម្បីសុំការអត្ថាធិប្បាយអំពីការដែលលោក ចេន ហ្ស៊ី មានក្រុមហ៊ុនចុះបញ្ជីរហូតដល់ ៤៩ក្រុមហ៊ុន និងថាតើអាចនឹងមានការស៊ើបអង្កេតទៅលើក្រុមហ៊ុនជំនួញរបស់លោក ចេន ហ្ស៊ី និងអ្នកពាក់ព័ន្ធ ឬទេ? យ៉ាងណា ពុំមានការឆ្លើយតបណាមួយឡើយរហូតមកដល់ម៉ោងផ្សាយនេះ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក ចេន ហ្ស៊ី ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាការចាប់ខ្លួននេះ ធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា។ ក្រសួងបន្ថែមថាអាជ្ញាធរកម្ពុជាបានដកសញ្ជាតិលោក ចេន ហ្ស៊ី ដោយសាររកឃើញថា ការទទួលបានសញ្ជាតិនោះមានការក្លែងបន្លំ ឬដោយការផ្តល់ព័ត៌មានមិនពិត។
លោក ស៊ឹង សែនករុណា អ្នកតាមដានសិទ្ធិមនុស្សមួយរូបដែលកំពុងស្នាក់នៅប្រទេសអូស្រ្តាលី ជំរុញឱ្យមានការស៊ើបអង្កេតលើការចុះបញ្ជីរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី និងស្វែងរកថាតើបុគ្គលណាខ្លះពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី។
លោកបញ្ជាក់ថា៖ «មិនមែនគ្រាន់តែចាប់បញ្ជូនខ្លួនត្រឹមប៉ុណ្ណឹងទេ។ ដូច្នេះអ្វីដែលជាបញ្ហាបន្ទាប់នោះគឺត្រូវមានការស្វែងរកបក្ខពួកបន្តបន្ទាប់ទៀត ហើយនិងមន្រ្តីដែលពាក់ព័ន្ធជាច្រើនរូប ឧកញ៉ាជាច្រើនរូបផ្សេងទៀតដែលរកស៊ីរបរជាមួយ លោក ចេន ហ្ស៊ី ហើយប្រព្រឹត្តបទល្មើសដូចគ្នា»។
លោកបង្ហាញការសង្ស័យថាការណ៍ដែល លោក ចេន ហ្ស៊ី បង្កើតក្រុមហ៊ុនច្រើនបែបនេះ គឺដើម្បីលាងលុយកខ្វក់។
អ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ លោក Jacob Sims ប្រាប់វីអូឌីតាមសារអ៊ីម៉ែលកាលពីថ្ងៃទី ១២ ខែមករាឆ្នាំ២០២៦ ថា ហេតុផលនៃការចាប់ខ្លួនលោក ចេន ហ្ស៊ី អាចមកពីការចោទប្រកាន់របស់តុលាការអាមេរិក កាលពីខែតុលា ២០២៥ និងការចង់បានរបស់ចិនដែលមិនចង់ឃើញរឿងអាស្រូវលាងលុយកខ្វក់របស់ក្រុមហ៊ុនព្រីនស៍ ត្រូវបានលាតត្រដាងនៅតុលាការអាមេរិក។
លោកបន្ថែមថា៖ «លោក ហ៊ុន សែន និងបណ្តាញគាំទ្រអំណាចរបស់គណបក្សប្រជាជនកម្ពុជាទាំងមូលដែលលោក ចេន ហ្ស៊ី បានជួយពង្រឹងតាមរយៈប្រាក់ចំណេញខុសច្បាប់របស់ខ្លួន, ត្រូវបង្ខំចិត្តជ្រើសរើសរវាងជម្រើសអាក្រក់ៗ ហើយការបញ្ជូនលោក ចេន ហ្ស៊ី ទៅកាន់ទីក្រុងប៉េកាំង គឺជាជម្រើសងាយស្រួលបំផុត»។
អ្នកជំនាញរូបនោះបន្ថែមថាអាជ្ញាធរកម្ពុជាត្រូវចោទប្រកាន់ និងចាប់ខ្លួនភ្លាមៗអ្នកប្រព្រឹត្តអំពើខុសច្បាប់ ផ្សេងទៀត ដែលលោកបានលើកឡើង ដូចជាលោក កុក អាន លោក លី យ៉ុងផាត់ លោក ទ្រី ភាព លោក ស សុខា លោក ហ៊ុន តូ និងលោក ហ៊ុន សែន ខ្លួនឯង។ លោកបញ្ជាក់ថាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការដាក់សម្ពាធលើក្រុមឧក្រិដ្ឋជនដែលមានអំណាច គឺការបន្តដាក់សម្ពាធជាប់លាប់ពីសហគមន៍អន្តរជាតិ៕









